អ្នកជំនាញ​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ កើន​ឡើង​សាជាថ្មី

0:00 / 0:00

អ្នកជំនាញ​ផ្នែក​សុខាភិបាល​លើកឡើង​ពី​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​ជំងឺ​កូវីដ១៩ ហក់​ឡើងវិញ​។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ កម្ពុជា​នឹង​ធ្លាក់​ចូល​វិបត្តិ​ធ្ងន់ធ្ងរ​ជាន់​លើ​វិបត្តិ​ចាស់​នៅក្នុង​សង្គម​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​អូមីក្រុង ជេអិនវ័ន (Omicron JN1) កើនឡើង ហើយ​កំពុង​មាន​វត្តមាន​នៅក្នុង​សហគមន៍ និង​អាច​មាន​ករណី​ឆ្លង​ជា​បន្តបន្ទាប់។

អ្នកជំនាញ​ផ្នែក​សុខាភិបាល​ព្រមាន​ថាបើ​សិន​អ្នក​ពាក់ព័ន្ធ​នៅតែ​ធ្វេស​ប្រហែល​នោះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នឹង​កើន​ដល់​ចំណុច​គ្រោះថ្នាក់ និង​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ សេដ្ឋកិច្ច និង​ប្រាក់ចំណូល​គ្រួសារ​របស់​ពលរដ្ឋ​ជាដើម។

អ្នកជំនាញ​ផ្នែក​ឱសថ​នៅ​ប្រទេស​អូស្ត្រាលី​លោក​ឱសថការី លឹម សួរ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល និង​ពលរដ្ឋ​ទូទៅ​ហាក់​ភ្លេច​កូវីដ​-១៩ ខណៈ​អ្នក​វេជ្ជសាស្ត្រ​នៅតែ​ព្រួយបារម្ភ​ដដែល ពីព្រោះ​មេរោគ​នេះ​អាច​បំប្លែង​ខ្លួន​លឿន​ពី​ប្រភេទ​មួយ​ទៅ​មួយ​ទៀត ដោយ​ពួកគេ​ព្យាករណ៍​ថា អ្នកជំងឺ​កូវីដ​អាច​មាន​ចំនួន​កើនឡើង​កាន់តែ​ច្រើន​ក្នុង​រយៈពេល ៤ ទៅ ៥​ខែ​ខាងមុខ បើសិន​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ម្យ៉ាងទៀត​លោក លឹម សួរ មើលឃើញ​ថា ស្ថានភាព​ជីវភាព​ក្រីក្រ គឺ​កម្ពុជា​ប្រឈម​វីរុស​កូវីដ១៩ និង​ជំងឺ​ផ្សេងទៀត​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនសូវ​យកចិត្ត​ដាក់​ការពារ​ខ្លួន​ពី​ជំងឺឆ្លង។

លោក​ឱសថការី លឹម សួរ៖ «កូវីដ​នេះ​បំប្លែង​ខ្លួន​លឿន​ណាស់ យើង​មើល​មិនដឹង​វា​ទៅជា​អ្វីមួយ​ទេ​។ សព្វថ្ងៃ​យើង​មាន​វ៉ាក់សាំង តែ​វ៉ាក់សាំង​ហ្នឹង​មិនមែន​ទប់​ទប់​ហ្នឹង​កូវីដ​មក​ថ្មីៗ​ទេ អង្គការ​សុខភាព​ពិភពលោក​ព្រួយបារម្ភ​មែនទែន ឧទាហរណ៍​យើង​មាន​កាំភ្លើង​ចាស់ អាវុធ​ចាស់ ចំពោះ​មេរោគ​ថ្មី​ជានិច្ច វា​ចេះ​បំប្លែង​ខ្លួន​ជានិច្ច ថ្ងៃ​ណាមួយ​វា​ខ្លាំង​មែនទែន​អាវុធ​(​វ៉ាក់សាំង​)​របស់​យើង​ទប់ទល់​លែង​ជាប់​ចប់​តែម្តង»។

ការ​លើកឡើង​របស់​អ្នកជំនាញ​ដូច្នេះ បន្ទាប់ពី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ បាន​ប្រកាស​ព័ត៌មាន​អំពី​ការ​រក​ឃើញ​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ជេអិនវ័ន (Omicron JN1) ចំនួន​១១​ករណី​បន្ថែម​ទៀត​។ ក្រសួង​អះអាង​ថា អ្នកជំងឺ​ទាំងនោះ​ពុំ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ និង​ពុំ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​នោះ​ទេ ប៉ុន្តែ​ករណី​ឆ្លង​កើនឡើង​បែបនេះ គឺ​បញ្ជាក់​ថា មេរោគ​កូវីដ​១៩ បំប្លែង​ថ្មី​នេះ​កំពុង​មាន​វត្តមាន​នៅក្នុង​សហគមន៍ និង​អាច​មាន​ករណី​ឆ្លង​ជា​បន្តបន្ទាប់។

ក្រសួង​សុខាភិបាល​បាន​អះអាង​ដោយ​ផ្អែក​តាម​អង្គការ​សុខភាព​ពិភពលោក​ថា ជំងឺ​កូវីដ១៩ ប្រភេទ​ថ្មី​នេះ​មិន​សូវ​មាន​សភាព​ធ្ងន់ធ្ងរ​ទេ ដោយសារតែ​ជា​មេរោគ ប្រភេទ​ចាប់អារម្មណ៍​(Variant of Interest) មិនមែន​ជា​មេរោគ​កូវីដ​១៩ បំប្លែង​ថ្មី​ដែល​ជា​ប្រភេទ​ព្រួយបារម្ភ​(Variant of Concern)​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ឈាង រ៉ា និង​ប្រធាន​យក​ដ្ឋា​ន​ប្រយុទ្ធ និង​ជំងឺឆ្លង​លោក លី សូវ៉ាន់ ដើម្បី​សាកសួរ​បន្ថែម​បានទេ​នៅ​ថ្ងៃទី​៣១ ខែធ្នូ​។​

លោក លឹម សួរ បញ្ជាក់​ថា លទ្ធផល​ធ្វើតេស្ត​វីរុស​កូវីដ១៩ ដោយ​ស៊ីភីអ (CPR) របស់​ក្រសួង​សុខាភិបាល​មិនទាន់​បង្ហាញ​តួលេខ​ពិតប្រាកដ ដែល​ឆ្លង​នៅ​សហគមន៍​នោះ​ទេ ដូច្នេះ​ក្រសួង​ត្រូវ​បង្ហាញ​លទ្ធផល​ធ្វើតេស្ត​ទាំង​ស៊ីភីអ (CPR) និង​តេស្ដ​រហ័ស​(Rapid Test) បន្ទាប់មក​ត្រូវ​រាយការណ៍ និង​កត់ត្រា​ចំនួន​អ្នកជំងឺ​ឆ្លង​ឱ្យ​ច្បាស់លាស់​ដើម្បី​ងាយស្រួល​តាមដាន​អន្តរាគមន៍​ឆ្លើយតប​ទាន់​ពេលវេលា។

អ្នកជំនាញ​លើក​ឡើង​ថា សារ​របស់​ក្រសួង​សុខាភិបាល​នេះ ជា​សារ​ក្រើន​រំឮក​ដល់​ពលរដ្ឋ​ត្រូវ​ការពារ​ខ្លួន​ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូវីដ១៩។ តែ​យ៉ាងណា​ពួកគេ​ថា ទោះបី​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ជេអិនវ័ន ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​សភាព​មិន​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​បញ្ហា​នេះ​បើសិន​ពលរដ្ឋ​ណា​ម្នាក់​មាន​ជំងឺ​ហើយនឹង​នាំ​ឱ្យ​ខាតបង់​ប្រាក់​កាក់ ពេលវេលា​ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​សេដ្ឋកិច្ច និង​ជីវភាព​នៅ​ពេល​សម្រាក​ព្យាបាល​ជំងឺ។ ដោយឡែក​មនុស្ស​វ័យចាស់ និង​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​ប្រឈម​ប៉ះពាល់​ដល់​អាយុជីវិត​ផង​ដែរ ដូច្នេះ​រដ្ឋាភិបាល​គួរ​ចាត់វិធានការ​ឱ្យ​បាន​ស្វាហាប់​បន្ថែម​ទៀត​ដើម្បី​បង្ការ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី លើកឡើង​ថា រដូវ​រងារ​គួបផ្សំ​នឹង​ការ​ធ្វេស​ប្រហែល​ក្នុង​ការ​ការពារ​ជា​មូលហេតុ​ងាយ​ឱ្យ​ពលរដ្ឋ​ឆ្លង​វីរុស​វីដ​-១៩​។ លោក​បន្ត​ថា វត្តមាន​វីរុស​បំប្លែង​ថ្មី​ដែល​ឆ្លង​ដល់​សហគមន៍​គឺ​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ហើយ​បើ​ករណី​មាន​រោគ​សញ្ញា​ក្អក​ក្តៅ​ខ្លួន ឬ​ពិបាក​ដកដង្ហើម​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

វេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «មេត្តា​បងប្អូន​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យ​បាន​គ្រប់គ្នា បើសិនជា​បងប្អូន​គ្មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ដោយ​វ៉ាក់សាំង​ទេ វា​អត់​មាន​ហានិភ័យ​ខ្លះ​ដែរ​បាទ បើសិន​បងប្អូន​មាន​ប្រព័ន្ធ​ការពារ​ហើយ កូ​វីដ​អូមីក្រុង​ជេអិនវ័ន មិនអាច​បំផ្លាញ​នូវ​ប្រព័ន្ធ​រាងកាយ​បងប្អូន​បានទេ​។ សូម​បងប្អូន​ប្រុងប្រយ័ត្ន​កុំឱ្យ​ឈឺ​ពីព្រោះ​នៅ​ពេល​បងប្អូន​ឈឺ​ខាតបង់​ថវិកា»។

ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ក៏បាន​កត់សម្គាល់​ដោយ​រកឃើញ​ថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស​នៅក្នុង​ចំណោម​អ្នកជំងឺ​ដែល​មក​ទទួល​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​មាន​ចំនួន​កើន​ឡើង​ដែរ។

ករណី​កូវីដ​បំប្លែង​ថ្មី​អូមីក្រុង ជេ​អន​វ័ន (Omicron JN1) កើនឡើង​នេះ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ដោយ​ត្រូវ​អនុវត្ត​គោល​ការណ៍​អនាម័យ ដូចជា​ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត​ពី​គ្នា បន្ត​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ដូស ហើយ​អ្នក​ដែល​មាន​ហានិភ័យ​ដូចជា​កុមារ ចាស់ជរា និង​បុគ្គល​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ចូលរួម​កម្មវិធី​ដែល​មាន​មនុស្ស​ច្រើន​ជាដើម។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ជាង ១៣​ម៉ឺន ៩​ពាន់​នាក់ (១៣៩.០១៤) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង ១៣​ម៉ឺន​នាក់ ៥​ពាន់​នាក់ (១៣៥.៩៣៥) និង​អ្នក​ស្លាប់​នៅ​ចំនួន ៣​ពាន់ ៥៦​នាក់ (៣.០៥៦)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។