ពលរដ្ឋប្រមាណ ១០០នាក់ បានមកពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ វេជ្ជបណ្ឌិតផ្នែកចក្ខុរោគឲ្យដឹងថា អ្នកមកទទួលសេវាព្យាបាលភាគច្រើន គឺជាអ្នកដែលមានបញ្ហាភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក និងបញ្ហាកម្ទេចខ្ទាត់ប៉ះចំកញ្ចក់កែវភ្នែក។
បញ្ហានេះ បានធ្វើឲ្យក្រុមគ្រូពេទ្យខ្លះព្រួយបារម្ភ និងផ្ដល់អនុសាសន៍ដល់អ្នកដែលមានបញ្ហាភ្នែកបែបនេះ ត្រូវរួសរាន់រកសេវាពិគ្រោះ និងព្យាបាលបន្ទាន់ ដើម្បីបញ្ចៀសនូវបញ្ហាពិការភាព។
ប្រធានអគារជំងឺភ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង អំពាវនាវដល់ពលរដ្ឋទូទៅ ឲ្យយកចិត្តទុកដាក់ពីបញ្ហាជំងឺភ្នែក និងការប៉ះទង្គិចលើកញ្ចក់ភ្នែក ដែលទុកយូរទៅបណ្ដាលឲ្យដំបៅខូចភ្នែក។
ក្រុមគ្រូពេទ្យផ្នែកចក្ខុរោគដែលឧបត្ថម្ភដោយមូលនិធិ ឌឹ ហ្វ្រេត ហូឡូ អូស្ត្រាលី (The Fred Hollows Foundation) បានពិនិត្យ និងព្យាបាលជំងឺភ្នែកចំនួន ២ដងនៅមន្ទីរពេទ្យ និង ២ដងទៀតនៅមូលដ្ឋានក្នុង១ឆ្នាំ។
ប្រធានអគារចក្ខុរោគ លោកវេជ្ជបណ្ឌិត ឈុន ម៉េងជ្រា មានប្រសាសន៍ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែកលើកទី៣ក្នុងឆ្នាំ២០១៤ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ មានអ្នកមកទទួលសេវាចំនួន ៩៣នាក់ ក្នុងនោះមានអ្នកជំងឺវះកាត់ចំនួន ៨នាក់ ហើយអ្នកជំងឺអាចនឹងកើនដល់ជាង ១០០នាក់ រហូតដល់ថ្ងៃបញ្ចប់នៃការព្យាបាលដោយឥតបង់ថ្លៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។ លោកបន្តថា ចំនួនអ្នកមកពិនិត្យ និងព្យាបាលជំងឺភ្នែកតិចជាងកាលពីខែតុលា ឆ្នាំ២០១៤ ដែលមានចំនួន ២០០នាក់ ក្នុងនោះបានវះកាត់ចំនួន ៥០នាក់ ប៉ុន្តែលើកនេះមានអ្នកជួបបញ្ហាកម្ទេច ឬស្រូវប៉ះភ្នែកមានច្រើនករណី៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងទាំងអស់គ្នាដែលមានបញ្ហាភ្នែក ត្រូវស្រូតរូតមកមន្ទីរពេទ្យភ្នែក មិនមែនតែខេត្តកំពង់ឆ្នាំង ទេ ទូទាំងប្រទេស រដ្ឋាភិបាលបានខិតខំបង្កើតអគារចក្ខុរោគទាំងអស់ ដើម្បីលើកកម្ពស់សុខភាពភ្នែក»។
ប្រជាពលរដ្ឋមានបញ្ហាភ្នែកម្នាក់មកពីឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កញ្ញា វ៉ែន វិន ឲ្យដឹងថា ភ្នែកខាងឆ្វេងរបស់កញ្ញា ត្រូវដើមស្រូវជង់ចំ ពេលច្រូតស្រូវនៅវាលស្រែកាលពីជិត ២សប្ដាហ៍មុន។ បន្ទាប់ពីហេតុការណ៍នោះ ម្ដាយរបស់កញ្ញាបានហៅគ្រូខ្មែរឲ្យមកផ្លុំគ្រាន់បានធូរបន្តិច ប៉ុន្តែកញ្ចក់ភ្នែកបែរឡើងប៉ោងក្រហម ទើបនាងសម្រេចមករកគ្រូពេទ្យពិនិត្យ និងព្យាបាលវិញម្ដង។
លោកវេជ្ជបណ្ឌិត ឈុន ម៉េងជ្រា បញ្ជាក់ថា នៅពេលមានបញ្ហាវត្ថុរឹងជង់ ឬប៉ះទង្គិចភ្នែក ហើយទុកយូរមិនបានព្យាបាលត្រឹមត្រូវ អាចទៅជារលាកកញ្ចក់ភ្នែក ឬដំបៅខូចភ្នែកតែម្ដង។ លោករំឭកថា កាលពីឆ្នាំ១៩៩៩ ដែលអគារភ្នែកខេត្តកំពង់ឆ្នាំង ទើបបើកដំណើរការមានពលរដ្ឋចំនួន ៣៤នាក់ប៉ុណ្ណោះក្នុង១ឆ្នាំបានមកពិនិត្យ និងព្យាបាលភ្នែក ប៉ុន្តែការយល់ដឹង និងចំនួនអ្នកមកទទួលសេវាពិនិត្យ ឬព្យាបាលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចាប់ពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន ចំនួនអ្នកស្វែងរកសេវាពិនិត្យ និងព្យាបាលភ្នែកមានពី ៦ពាន់នាក់ ទៅ ៨ពាន់នាក់ក្នុង១ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។