សាច់ញាតិឱ្យដឹងថា សកម្មជននយោបាយ និងសកម្មជនសង្គមដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ភាគច្រើនបានឆ្លងជំងឺកូវីដ-១៩ ហើយខាងមន្ត្រីពន្ធនាគារ មិនសូវយកចិត្តទុកដាក់ព្យាបាលអ្នកជាប់ឃុំទាំងនោះឡើយ។ អាជ្ញាធរពន្ធនាគារ ទទួលស្គាល់ថា សកម្មជននយោបាយនិងសកម្មជនសង្គមមួយចំនួន ពិតជាបានឆ្លងជំងឺកូវីដ ប៉ុន្តែស្ថានភាពរបស់ពួកគាត់មិនធ្ងន់ធ្ងរឡើយ។ មន្ត្រីសិទ្ធិមនុស្សនៅតែជំរុញឲ្យអាជ្ញាធររដ្ឋាភិបាល ពន្លឿនវិធានការដោះលែងអ្នកជាប់ឃុំដែលងាយរងគ្រោះ និងបញ្ជូនពួកគាត់ទៅព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការស្តាយក្រោយនិងការស្តីបន្ទោសដាក់គ្នា។
ក្រុមគ្រួសារសាច់ញាតិរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ព្រួយបារម្ភជាខ្លាំង ក្រោយទទួលដំណឹងថា សកម្មជននយោបាយ និងសកម្មជនសង្គមភាគច្រើន បានឆ្លងជំងឺកូវីដ-១៩ និងមានករណីអ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ បានស្លាប់ជាបន្តបន្ទាប់។
កូនស្រីរបស់សកម្មជននយោបាយបក្សប្រឆាំង លោក ហេង ច័ន្ទសុទ្ធី គឺកញ្ញា ហេង បូរី រៀបរាប់ប្រាប់អាស៊ីសេរីថា កញ្ញា តក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងពីក្នុងពន្ធនាគារថា ឪពុករបស់នាង បានឆ្លងជំងឺកូវីដនៅក្នុងពន្ធនាគារព្រៃស។ កញ្ញា បន្តថា ក្រោយឆ្លងជំងឺកូវីដនេះ សុខភាពរបស់ឪពុក បានចុះខ្សោយកាន់តែខ្លាំង ដោយសារគាត់ មានវ័យចំណាស់អាយុជិត៦០ឆ្នាំ ហើយមានជំងឺលើសឈាមនិងឡើងជាតិខ្លាញ់៖ «គាត់ប្រាប់នាងខ្ញុំថា ក្នុងពន្ធនាគារឆ្លងរាលដាលខ្លាំង ហើយប៉ាខ្ញុំ គឺគាត់បានឆ្លងហើយឥឡូវគេយកគាត់ដាក់ដោយឡែក ប៉ុន្តែសុខភាពគាត់គឺចុះខ្សោយ គាត់មានជំងឺប្រចាំកាយផង ហើយឥឡូវ គាត់ក្តៅ និងថប់ដង្ហើម ហើយគាត់អត់សូវពិសារបាយបានដូចមុនទេ។គាត់ផ្តាំមកថា ខាងពន្ធនាគារយកគាត់ដាក់ដោយឡែកនេះ ក៏អត់មានយកចិត្តទុកដាក់លើសុខភាពនិងសុវត្ថិភាពគាត់ដែរ»។
កញ្ញា ហេង បូរី ឲ្យដឹងថា តាមព័ត៌មានដែលកញ្ញាទទួលបាន គឺនៅក្នុងពន្ធនាគារព្រៃសមានការឆ្លងរាលដាលជំងឺកូវីដកាន់តែខ្លាំង ហើយសកម្មជននយោបាយ និងសកម្មជនសង្គមភាគច្រើន បានឆ្លងជំងឺនេះ។ កូនស្រីរបស់សកម្មជនបក្សប្រឆាំងរូបនេះ ទាមទារឲ្យតុលាការនិងរដ្ឋាភិបាលដោះលែងឪពុកកញ្ញា និងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ ព្រោះបើមានបញ្ហាអ្វីមួយកើតឡើងចំពោះពួកគាត់ តុលាការ និងរដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះ។ ទន្ទឹមគ្នានេះ កញ្ញា ក៏អំពាវនាវដល់អង្គការជាតិនិងអន្តរជាតិទាំងអស់ជួយអន្តរាគមន៍ឲ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដកាន់តែខ្លាំង៖ «នាងខ្ញុំចង់ឲ្យដោះលែងគាត់ឲ្យមានសេរីភាពវិញ ព្រោះគាត់ជាអ្នកទោសមនសិការទាំងអស់គាត់អត់មានកំហុសសោះយកគាត់ទៅ ដាក់គុកយ៉ាងអយុត្តិធម៌ ក៏មិនមានការកាត់ទោសពីមួយថ្ងៃទៅមួយថ្ងៃ ដោយបន្តឃុំ ខ្លួនគាត់រហូតហើយឥឡូវកូវីដកំពុងរាតត្បាតនេះក៏អត់មានចំណាត់ការជួយគាត់ទេ»។
មកទល់ពេលនេះ ជំងឺកូវីដ-១៩ បានឆ្លងចូលដល់ក្នុងពន្ធនាគារនៅតាមរាជធានី-ខេត្តចំនួន៨ហើយ ប៉ុន្តែអាជ្ញាធរពន្ធនាគារ មិនបានបង្ហាញអំពីតួលេខជាក់លាក់នៃអ្នកជាប់ឃុំដែលឆ្លងជំងឺនេះនោះទេ។ អាជ្ញាធរពន្ធនាគារ បញ្ជាក់ត្រឹមថា ការឆ្លងនៅកន្លែងនីមួយៗមានប្រមាណពី១០ ទៅ ២០ភាគរយនៃអ្នកជាប់ឃុំសរុប។ ចំណែកអ្នកជាប់ឃុំដែលស្លាប់ដោយសារជំងឺកូវីដ បានកើនដល់ចំនួន៣នាក់ហើយ ដោយក្នុងនោះម្នាក់នៅពន្ធនាគារខេត្តកំពង់ស្ពឺ និងពីរនាក់ទៀតនៅពន្ធនាគារព្រៃស ផ្នែកបុរស (ម១)។
អ្នកទោសដែលស្លាប់នៅពន្ធនាគារព្រៃសចុងក្រោយនេះ គឺជាអតីតមេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជា(CFF) លោក រីឆាដ គិរី គីម អាយុ៧២ ឆ្នាំ។ លោកបានស្លាប់កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ខណៈពេលបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក រីឆាដ គិរី គីម ដែលជាពលរដ្ឋខ្មែរអាមេរិកាំង ត្រូវបានតុលាការរបបក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីចុងឆ្នាំ២០០០។
អតីតអ្នកទោសនយោបាយម្នាក់ គឺលោក ម៉ៃ ហុងស្រៀង ថ្លែងថា លោកសោកស្តាយចំពោះការស្លាប់របស់លោក រីឆាដ គិរី គីម ដែលធ្លាប់ជាប់ឃុំក្នុងបន្ទប់ជាមួយគ្នា និងតែងតែជជែកគ្នាពីរឿងសង្គម និងនយោបាយ។ លោកឲ្យដឹងថា កន្លងមក មន្ត្រីពន្ធនាគារបានដាក់ទណ្ឌិតរូបនេះ ឲ្យរស់នៅក្នុងបន្ទប់រួមគ្នាជាមួយសកម្មជននយោបាយ និងសកម្មជនសង្គម ដូច្នេះលោក ព្រួយបារម្ភពីការឆ្លងជំងឺកូវីដពីគ្នាទៅវិញទៅមកផងដែរ៖ «គាត់ស្លាប់ដោយកូវីដអ៊ីចឹង ខ្ញុំបារម្ភពីអ្នកទោសផ្សេងៗ ទៀតដែលរស់នៅជាមួយគាត់ខ្លាចក្រែងឆ្លងដល់គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងដោះលែងគាត់វិញទៅ ព្រោះវាគ្រោះថ្នាក់ណាស់អាចបាត់បង់អាយុជីវិត ដោយសារកូវីដនេះ ដូចយើងដឹងស្រាប់ហើយថា មិនមែនអ្នកទោសនយោបាយ ឬមិននយោបាយទេ គឺថា អ្នកទោសដេកជាប់ៗគ្នាដូចត្រីឆ្អើរអ៊ីចឹង»។
ជុំវិញករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ទទួលស្គាល់ថា សកម្មជននយោបាយនិងសកម្មជនសង្គមដែលជាប់ចោទក្នុងបទ ល្មើសញុះញង់មួយចំនួន ពិតជាបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែលោកមិនទាន់បានកំណត់អត្តសញ្ញាណអ្នកទាំងនោះឡើយ។ លោកអះអាងថា មកទល់ពេលនេះ ស្ថានភាពរបស់ពួកគាត់នៅធម្មតា មិនមានបញ្ហាធ្ងន់ធ្ងរឡើយ ទោះបីជាពួកគាត់ឆ្លងមេរោគកូវីដយ៉ាងណាក្តី។ លោកអះអាងទៀតថា អ្នកខ្លះកំពុងជាសះស្បើយជាបណ្តើរហើយ ក្រោមការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យ។ ចំពោះការទាមទារឲ្យដោះលែងអ្នកជាប់ឃុំវិញ លោក នុត សវនា បញ្ជាក់ថា គឺជាសមត្ថកិច្ចរបស់តុលាការ ដូច្នេះសាច់ញាតិរបស់ជនជាប់ឃុំ អាចទាមទារទៅខាងតុលាការ ហើយខាងលោករង់ចាំតែអនុវត្តបទបញ្ជាប៉ុណ្ណោះ៖ «ក្នុងនាមអាជ្ញាធរ យើងធ្វើការទទួលខុសត្រូវ ។ និយាយទៅយើងធ្វើការ ដោយមានគណនេយ្យភាពរបស់យើងដែរ ដូច្នេះចាំហេតុការណ៍កើតឡើងចាំយើងពិនិត្យជាក់ស្តែងទៅ ព្រោះថា យើងយកអ្វីដែលមិនទាន់កើតឡើងផង ហើយជាក់ស្តែងខ្ញុំបានជម្រាបរួចហើយថា ស្ថានភាពពេលនេះវាប្រសើរច្រើន ហើយពួកគាត់អត់មានអាការៈអីធ្ងន់ធ្ងរទេ ហើយមួយទៀត អ្នកជា ក៏ជាច្រើនមែនទែនដែរ»។
ទោះជាយ៉ាងណា ក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំង មិនជឿទៅលើអះអាងរបស់លោក នុត សវនា អំពីស្ថានភាពល្អប្រសើរនៅក្នុងពន្ធនាគារនោះទេ ព្រោះពួកគាត់ កត់សម្គាល់ថា អាជ្ញាធរពន្ធនាគារ បានព្យាយាមបិទបាំងព័ត៌មាន និងតែងតែមានលេសដោះសាជាបន្តបន្ទាប់។
ទាក់ទងករណីនេះ អាស៊ីសេរី មិនអាចទាក់ទងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា ការព្យាបាលជំងឺកូវីដនៅក្នុងពន្ធនាគារ មិនអាចមានស្ថាន ភាពល្អប្រសើរជាងនៅខាងក្រៅនោះទេ ដែលធ្វើឲ្យជាប់ឃុំដែលមានជំងឺរ៉ាំរ៉ៃងាយប្រឈមគ្រោះថ្នាក់។ លោកទទូចឲ្យរដ្ឋាភិបាល ពន្លឿនការដោះលែងអ្នកជាប់ឃុំទៅតាមលក្ខខណ្ឌនានាដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារដូចនៅប្រទេសមួយចំនួនរួមមាន ប្រទេសហ្វីលីពីន (Philippines) និងប្រទេសថៃ(Thailand) ជាដើម៖ «កម្ពុជាយើងគួរតែពិនិត្យពិចារណារកវិធីក្នុងការកាត់បន្ថយ ភាពចង្អៀតណែនក្នុងពន្ធនាគារ ដូច្នេះអ្វីដែលយើងអាចធ្វើបាន យើងគួរតែធ្វើយើងគួរតែស្វះស្វែងក្នុងការធ្វើទាក់ទងនឹងការដោះលែងមនុស្សមួយចំនួនទៅតាមលក្ខខណ្ឌនៃច្បាប់ឬនីតិវិធីដែលមាន ហើយអាចដោះលែងគាត់បានគួរតែធ្វើ កុំទុកឲ្យហួស ពេលគឺបង្កហានិភ័យខ្ពស់ ព្រោះអាហ្នឹងគឺជារឿងមួយសោកស្តាយ ហើយក៏ជាការទទួលខុសត្រូវមួយដែរ ដែលលទ្ធភាពយើងអាចធ្វើបាន តែយើងមិនធ្វើនោះ»។
ក្រុមអង្គការជាតិ និងអន្តរជាតិ បានអំពាវនាវជារឿយៗឲ្យរដ្ឋាភិបាល ដោះលែងអ្នកជាប់ឃុំទាក់ទងនឹងបទល្មើសស្រាលៗ ជាពិសេសអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចនៅជាមួយ អ្នកដែលអាជ្ញាធរចាប់យកមកឃុំខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ដូចជាអ្នកនយោបាយ និងអ្នកត្រូវបានចាប់ខ្លួនដោយបង្ខំ ដើម្បីបន្សាបគ្រឿងញៀនជាដើម។ ប៉ុន្តែសំឡេងអំពាវនាវទាំងនេះ មិនត្រូវបានរបបលោក ហ៊ុន សែន យកចិត្តទុកដាក់នោះទេ។ ដោយសារតែបែបនេះ ទើបក្រុមគ្រួសាររបស់អ្នកជាប់ឃុំនយោបាយមួយចំនួននាំគ្នា ចេញតវ៉ាជាថ្មី ព្រមទាំងដាក់ញត្តិជូនការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតប្រទេសសេរីធំៗ ដើម្បីឲ្យជួយជំរុញទៅរបបលោក ហ៊ុន សែន ដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គមឡើងវិញ ដើម្បីឲ្យពួកគាត់មានឱកាសថែទាំសុខភាព និងព្យាបាលជំងឺកូវីដដោយត្រឹមត្រូវនៅមន្ទីរពេទ្យក្រៅពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។