កសិករ​នៅ​ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម

0:00 / 0:00

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម ដើម្បី​ការពារ​សុខមាលភាព និង​បង្ការ​ការ​ធ្លាក់​ចូលក្នុង​ភាព​ក្រីក្រ ពេល​មាន​បញ្ហា​សុខភាព។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ពលរដ្ឋ​ពិតជា​មានការ​លំបាក នៅពេល​ពួកគេ​ជួប​បញ្ហា​សុខភាព និង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​នៅពេល​មាន​ជំងឺ។

សំណើ​របស់​ប្រជាកសិករ​នេះ គឺជា​តម្រូវការ​ជា​ចាំបាច់ ខាន​ពុំបាន ព្រោះ​នៅពេល​កសិករ ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ពួកគេ​តែងតែ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច។ កសិករ​មួយចំនួន ក្រោយពី​ធ្លាក់ខ្លួន​ឈឺ បាន​លក់​របស់របរ​មាន​តម្លៃ និង​ទ្រព្យសម្បត្តិ ដែល​សន្សំទុក​ជាច្រើន​ឆ្នាំ​ដើម្បី​ព្យាបាល​ជំងឺ។ មួយវិញទៀត ពួកគេ​ប្រឈម​នឹង​បញ្ហា​សុខភាព​រយៈពេល​វែង ដោយសារ​កសិករ​ភាគច្រើន ពុំ​សូវ​ទទួល​បាន​ការ​ប្រឹក្សា​បញ្ហា​សុខភាព ជាប្រចាំ​នៅ​មន្ទីរពេទ្យ​នោះ​ទេ។

កសិករ​នៅ​ស្រុក​សំឡូត កញ្ញា ជៀវ ស្រីមុំ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ សីហា ថា កញ្ញា​តែង​សង្កេតឃើញ​អ្នកភូមិ​ជាច្រើន នៅពេល​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ពួកគាត់ តែងតែ​លក់​ទ្រព្យសម្បត្តិ​មានតម្លៃ​ដើម្បី​ព្យាបាល​ជំងឺ ដូចជា​មាសប្រាក់ និង​ដីស្រែ​ចំការ​ជាដើម។ កញ្ញា​ស្នើ​ដល់​រដ្ឋាភិបាល ដាក់បញ្ចូល​កសិករ​ទៅ​ក្នុង​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម ដើម្បី​ធានា​សុខមាលភាព​កសិករ។

កញ្ញា ជៀវ ស្រីមុំ៖ «ចា៎​ល្អ​លោកគ្រូ ចា៎​ខ្ញុំ​ចង់បាន​អ៊ីចឹង​ដែរ(សេវា​សុខភាព​ឥតគិតថ្លៃ​)ព្រោះ​អី​នៅ​ខាង​ខ្ញុំ​ឯនេះ ខាង​ពេទ្យ​យើង ពេទ្យ​រដ្ឋ​ហ្នឹង ពេទ្យ​មណ្ឌល​ហ្នឹង​ក៏​យើង​បង់ថ្លៃ​សេវា​ដែរ​លោកគ្រូ»។

ស្រដៀង​គ្នា​នេះ កសិករ​ដាំ​មៀន នៅ​ស្រុក​កំរៀង សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ្រួសារ​របស់​លោក​ពិត​ជា​ជួប​បញ្ហា​លំបាក​នៅពេល​សមាជិក​គ្រួសារ​ឈឺ​ថ្កាត់​ម្ដងៗ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ជាពិសេស​លោក​មាន​ឪពុក​ពិការ​នៅ​ផ្ទះ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ដាក់​កសិករ​ទៅ​ក្នុង​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម។

«កន្លែង​ហ្នឹង​(​ពលរដ្ឋ​លក់​ដី​ព្យាបាល​ជំងឺ​)វា​ចង់​និយាយ​ថា មាន​បង​មាន ឬក៏​យើង​ដោះដូរ​យក​លុយ យក​កម្រៃ​ហ្នឹង​ទៅ​ព្យាបាល​ជំងឺ អ៊ីចឹង​ជូន​កាល​គាត់​ចាំបាច់​អត់​មាន​លុយ​ហ្នឹង​ដើម្បី​ព្យាបាល​ជំងឺ​ពេល​ហ្នឹង​ទេ គាត់​ត្រូវ​ដោះដូរ​បញ្ចាំ​របស់របរ ឬ​ខ្ចី​គេ​អ៊ីចឹង»។

បេឡាជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ភារកិច្ច​ផ្ដល់​នូវ​សន្តិសុខ​សង្គម ជូន​កម្មករ​និយោជិក​ទាំងអស់​ក្នុង​វិស័យ​ឯកជន។ មួយវិញ​ទៀត​បេឡាជាតិ របប​សន្តិសុខ​សង្គម ឬ​ប.ស.ស តម្រូវ​ឲ្យ​សមាជិក​ទាំងអស់​ចុះបញ្ជី ដើម្បី​ទទួល​វិភាគទាន​ពី​សមាជិក។ ប.ស.ស មាន​បេសកកម្ម​បម្រើសេវា​កម្ម​ផ្នែក​ហានិភ័យ​ការងារ​ដល់​សមាជិក​ទាំងអស់ ដែល​បាន​ចុះ​បញ្ជី ដើម្បី​បន្ធូរបន្ថយ​បន្ទុក​សង្គម និង​លើកកម្ពស់​ស្ថិរភាព​សង្គម។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លើក ហេង សួរ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​សំណើ​របស់​កសិករ​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៣ សីហា។

ទោះជា​យ៉ាងនេះ​ក្ដី ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC លោក ថេង សាវឿន សង្កេត​ឃើញ​ថា ប្រជាកសិករ តែងតែ​ចំណាយ​ថវិកា​ច្រើន​នៅពេល​ពួកគាត់ ជួប​បញ្ហា​សុខភាព ដែល​បញ្ហា​នេះ អាច​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ដាក់​បញ្ចូល​កសិករ​ចូលក្នុង​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម និង​ឲ្យ​កសិករ​បង់​វិភាគទាន​តាម​លទ្ធភាព។

លោក ថេង សាវឿន៖ «យើង​ដឹង​ហើយ​ថា គាត់​កំពុងតែ​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម គាត់​ប្រើប្រាស់​សារធាតុ​គីមី ជាតិគីមី ថ្នាំពុល​អី​ផ្សេងៗ ធ្វើ​ឲ្យ​គាត់​ប៉ះពាល់​សុខភាព ក្រិន​ដៃ​ក្រិន​ជើង​អ៊ីចឹង​ទៅ។ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ គាត់​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​ព្យាបាល​ជំងឺ​របស់​គាត់ ហើយ​និង​ថែទាំ​សុខភាព។ ហើយ​មួយវិញទៀត​ការ​ចំណាយ​នេះ ធ្វើ​ឲ្យ​គាត់​បាត់បង់​នូវ​ប្រាក់​ចំណូល បាត់បង់​សេដ្ឋកិច្ច​គ្រួសារ ត្រូវ​លក់​ដីចំការ ឬ​ទ្រព្យសម្បត្តិ​គាត់​ដើម្បី​ព្យាបាល​ជំងឺ។ ប៉ុន្តែ​បើសិន​កាលណា​គាត់​ទទួល​បាន​ប្រព័ន្ធ​ការពារ​សង្គម​នេះ គឺ​ខ្ញុំ​គិតថា វា​ជា​ចំណុច​សំខាន់​មួយ ដែល​អាច​កាត់បន្ថយ​នូវ​ហានិភ័យ និង​ទទួល​បាន​ផល​ចំណេញ​ជាច្រើន​សម្រាប់​បងប្អូន​កសិករ»។

ក្នុង​ទិវា​យុវជន​អន្តរជាតិ កាលពី​ថ្ងៃទី​១២ សីហា សហគមន៍​សាមគ្គី​មានជ័យ និង​សហគមន៍​សាមគ្គី​រមាសហែក ខេត្តស្វាយរៀង ចំនួន​៥០​នាក់ ចូលរួម​ទិវា​យុវជន​អន្តរជាតិ ដើម្បី​ស្នើ​ដល់​រដ្ឋាភិបាល​ផ្ដល់​តម្រូវការ​របស់​កសិករ ចំនួន​៣​ចំណុច​រួមមាន​តម្រូវការ​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម តម្រូវការ​កម្មវិធី​គាំពារ​មុខរបរ សុវត្ថិភាព​ការងារ និង​ការថែទាំ​សុខភាព និង​តម្រូវការ​កិច្ច​គាំពារ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​កសិកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។