ក្រោយពីដើររកកូនស្រីអស់រយៈពេលពេញមួយខែ លោក ភិន ទិត្យ ដែលជាឳពុកកញ្ញា ភិន សុដាលីន បានទទួលកញ្ចប់ធាតុរបស់កូន ពីបុគ្គលិកសុខាភិបាលហើយ កាលពីថ្ងៃទី២៦ ខែឧសភា។ ពេលបានទទួលធាតុនោះភ្លាម លោកបានធ្វើដំណើរវិលត្រឡប់ទៅលំនៅដ្ឋាននៅស្រុកអូរយ៉ាដាវខេត្តរតនគិរី ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែលោកថា លោក និងក្រុមគ្រួសារនៅតែមិនអស់ចិត្តនឹងការស្លាប់របស់កូនស្រីរបស់លោកនៅឡើយទេ៖ «ខ្ញុំអត់ទាន់អស់ចិត្ត។ ខ្ញុំចង់និយាយថាព័ត៌មានអត់ច្បាស់ ឈ្មោះមែនឬអត់ ពិតឬអត់?»។
កញ្ញា ភិន សុដាលីន ជាកូនច្បងក្នុងចំណោមកូនពីរនាក់ ប្រុសមួយស្រីមួយក្នុងគ្រួសារលោក ភិន ទិត្យ ដែលមានទីលំនៅ នៅភូមិកាទែ ឃុំលំជ័រ។ កញ្ញាជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យមួយនៅក្នុងខេត្តនេះ។ កញ្ញាឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែមេសា ពេលកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា (ឬពេទ្យយោធា)។
ពេលធ្លងជំងឺនេះ មន្រ្តីសុខាភិបាលបានដឹកកញ្ញាទៅព្យាបាលនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ព្រីមៀរ (Premier) ស្របពេលដែលលោក ភិន ទិត្យ និងភរិយាត្រូវធ្វើចត្តាឡីស័កនៅកន្លែងផ្សេង គឺព្រែកព្នៅ។ តាំងពីពេលនោះមក លោកបាត់ដំណឹងកូនឈឹង។
បើតាមអ្វីដែលជាការអះអាងរបស់មន្រ្តីសុខាភិបាល កញ្ញា ភិន សុដាលីន ស្លាប់ភ្លាមៗ តាំងថ្ងៃទី២៦ ខែមេសានោះ ប៉ុន្តែលោក ភិន ទិត្យ មិនដែលបានទទួលដំណឹងនេះសោះ ទោះលោកខំដើរសួរដំណឹងនេះគ្រប់ច្រកល្ហក។
ទើបតែកាលពីថ្ងៃទី២២ ខែឧសភា ក្រោយលោកសម្រេចចិត្តឲ្យគេជួយផ្សាយរកកូន តាមបណ្តាញសង្គមហ្វេសប៊ុក ទើបមានមន្រ្តីសុខាភិបាល ដែលលោកមិនចាំឈ្មោះបានទូរស័ព្ទប្រាប់លោកថា កូនស្រីរបស់លោកស្លាប់ដោយសារជំងឺកូវីដ-១៩ ជិតមួយខែទៅហើយ។ ដំណឹងសោកសៅ និងយឺតពេលនេះលោក ភិន ទិត្យ ថាលោកមិនអាចទទួលយកបាន ព្រោះលោកឆ្ងល់ថា ហេតុអ្វីបានជាកូនស្រីរបស់លោកស្លាប់ជិតមួយខែទៅហើយ គ្មាននរណាទាក់ទង ឬផ្តល់ដំណឹងឲ្យលោក និងក្រុមគ្រួសារបានដឹងដូច្នេះ។
មន្រ្តីសិទ្ធិមនុស្សយល់ថា រឿងនេះ ជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យពាក់ព័ន្ធទៅនឹងការរៀបចំអត្តសញ្ញាណរបស់អ្នកជំងឺនិងការជូនដំណឹងដំណឹងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់។
ឥឡូវគ្រួសារសពបានទទួលត្រឹមធាតុមួយកញ្ចប់ ដែលមានបិទឈ្មោះរបស់កញ្ញា ភិន សុដាលីន។ ប៉ុន្តែក្រុមគ្រួសារសព នៅតែមិនអស់ចិត្ត ព្រោះគ្មានមធ្យោបាយអ្វី ដើម្បីបញ្ជាក់ថា ធាតុនោះ ជាធាតុរបស់សពកូនរបស់ពួកគាត់នោះដែរ។
វិទ្យុអាស៊ីសេរី នៅតែមិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក ងី ម៉េង និងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បាននៅឡើយទេ កាលពីថ្ងៃទី២៦ ខែឧសភា។
ប៉ុន្តែប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី ថា ដើម្បីតម្លាភាព ភាពជឿជាក់លើប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងសុខាភិបាល និងដើម្បីឲ្យក្រុមគ្រួសារសពអស់ចិត្ត លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាផង ជួយបង្កើតគណៈកម្មការស្រាវជ្រាវពិសេស ពិនិត្យមើលករណីនេះ៖ «ភាគច្រើនគេឲ្យបងប្អូន និងឳពុកម្ដាយដឹងឈ្មោះ និងអត្តសញ្ញាណមុននឹងគេយកទៅបូជា។ កាលដែលមិនឲ្យបងប្អូនដឹង អាហ្នឹងជារឿងមួយវាអាថ៌កំបាំង។ ដូច្នេះ គួរតែសមត្ថកិច្ចឯករាជ្យទាំងអស់គ្នាហ្នឹង ជួយដល់ឳពុកម្ដាយជនរងគ្រោះ។ អាហ្នឹងបើយើងមានឆន្ទៈថា ចង់ឲ្យដឹងអត្តសញ្ញាណ ដើម្បីឲ្យឳពុកម្ដាយ និងបងប្អូនអស់ចិត្ត។ កូនយើងខំចិញ្ចឹម បំបៅតាំងពីក្មេងបាតជើងក្រហមរងាល ចុងក្រោយស្លាប់អត់ដឹងមុខមាត់។ កន្លែងហ្នឹងហើយ ទាំងគេទាំងខ្ញុំក៏សោកស្ដាយដែរ។ សម័យនេះទៅហើយ !»។
មន្រ្តីសុខាភិបាលសាធារណៈនៃអង្គការសង្គមស៊ីវិលរូបនេះបន្តថា ក្រុមគ្រួសារសពមានសិទ្ធិទទួលបានព័ត៌មានលម្អិត អំពីការស្លាប់របស់កូនស្រីរបស់ខ្លួន ហើយអាជ្ញាធរពាក់ព័ន្ធគួរធ្វើយ៉ាងណា ធានាឲ្យបាននូវតម្លាភាព និងភាពសុក្រិតនៃប្រព័ន្ធគ្រប់គ្រង ទំនាក់ទំនង និងផ្តល់ព័ត៌មានអំពីអ្នកស្លាប់។
កញ្ញា ភិន សុដាលីន ជាអ្នកជំងឺកូវីដ-១៩ ដែលស្លាប់ក្នុងវ័យក្មេងជាងគេ ក្នុងចំណោមអ្នកជំងឺជិត ២០០នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
ប្រព័ន្ធសុខាភិបាលកម្ពុជា បានពិន្ទុ ៣៩.២ លើ ១០០ និងជាប់ចំណាត់ថ្នាក់លេខ ៨៩ ក្នុងចំណោមប្រទេស ១៩៥ ក្នុង សន្ទស្សន៍សន្តិសុខសុខភាពពិភពលោកឆ្នាំ ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។