កម្ពុជា​រក​ឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​ករណី​ដំបូង នៅ​ខេត្ត​ព្រះសីហនុ

ដោយ អាស៊ីសេរី
2020.01.27
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ៦២០ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
RFA

កម្ពុជា​រក​ឃើញ​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស (Coronavirus) ប្រភេទ​ថ្មី មួយ​ករណី​ដំបូង នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៧ មករា។

សង្គម​ស៊ី​វិល​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ប្រកាស​ផ្សព្វផ្សាយ​លម្អិត​ជា​សាធារណ:​អំពី​ព័ត៌មាន​នៃ​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា។ ការ​ព្រួយ​បារម្ភ​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​​រក​ឃើញ​ជន​ជាតិ​ចិន​ម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ។​

សង្គម​ស៊ី​វិល​បារម្ភ​ថា​​ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ ព្រោះ​មាន​ជន​ជាតិ​ចិន​ច្រើន​បាន​​វិល​ត្រឡប់​​ពី​ប្រទេស​ចិន មក​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ​​បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​លេង​គ្រួសារ​​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ (Adhoc) ខេត្ត​ព្រះ​សី​ហនុ​អ្នក​ស្រី​ ជាប​ សុធារី​ ​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៧​ខែ​មករា​​ថា​ ​ប្រជាពល​រដ្ឋ​ភាគ​ច្រើន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ពាក់​ម៉ាស​ការពារ​ទេ​ ព្រោះ​អាជ្ញាធរ​បាន​​ប្រកាស​ជា​រឿយៗ​​ថា ​​​នៅ​ខេត្ត​នេះ​មិន​មាន​អ្នក​ឆ្លង​ជំ​ងឺ​រលាក​សួត​​ ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​នេះ​ទេ។

អ្នកស្រី​​សង្ស័យ​ថា​ អាជ្ញាធរ​ខេត្ត ​ទំនង​ជា​ចង់​អូស​ទាញ​ភ្ញៀវ​ទេស​ចរ​មក​លេង​ខេត្ត​ព្រះ​សី​ហនុ​ ឲ្យ​បាន​ច្រើន​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​ ប៉ុន្តែ​ឥឡូវ​ប្រជា​ពល​រដ្ឋ​ចាប់​ផ្តើម​បារម្ភ​បន្ទាប់​ពី​ក្រសួង​ប្រកាស​ថា​ មាន​ជន​ជាតិ​ចិន​ម្នាក់​ផ្ទុក​វីរុស​ខូរូ​ណា​នៅ​ខេត្ត​ព្រះ​សីហនុ​មួយ​នេះ៖ «អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​គួរតែ​ផ្សព្វផ្សាយ​ជា​សាធារណ: ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​ហ្នឹង​ ឲ្យ​គាត់​ចាប់​ផ្តើម​ធ្វើ​ការ​ការពារ​ទៅ​ ​ព្រោះ​អី​ចង់​និយាយ​ថា​ពួក​ជន​ជាតិ​ចិន​ឬ​អ្នក​ផ្ទុក​ជំ​ងឺ​ហ្នឹង​ ​យើង​មិន​ដឹង​ថា​គាត់​មាន​ឬ​អត់​ទេ ប៉ុន្តែ​យើង​ធ្វើការ​ការពារ​ វា​ប្រសើរ​ជាង»

ក្រសួង​សុខាភិបាល​ប្រកាស​ថា ​​បាន​រក​ឃើញ​មួយ​ករណី​នៃ​ជំងឺ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ប្រទេស​កម្ពុជា​​ ​បើ​គិត​ត្រឹម​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧​ខែ​មករា។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​វេជ្ជ​បណ្ឌិត​ ម៉ម​ ប៊ុនហេង បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ថា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​​នេះ​នៅ​លើ​ជន​ជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះ​សី​ហនុ ហើយ​បុរស​នេះ​​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​​ចូល​មក​កម្ពុជា​វិញ។

លោក​ថា ​បុរស​ជន​ជាតិ​ចិន​ដែល​ឆ្លង​វីរុសកូរ៉ូណា​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ទី​ក្រុង​វូ​ហាន​ (Wuhan) ប្រទេស​ចិន​ ជា​មួយ​ក្រុម​គ្រួ​សារ​ ៤នាក់ មក​ខេត្ត​ព្រះសីហនុ ហើយ​ក្រោយ​ពី​មាន​ការ​សង្ស័យ​បុគ្គលិក​សុខាភិបាល ​បាន​យក​សំណាក​ទឹក​រំអិល​ពី​ច្រមុះ និង​បំពង់​ក​របស់​ពួក​គេ ​ទៅ​​​​​​​វិភាគ​​ ហើយ​រក​ឃើញ​ម្នាក់ក្នុងចំណោម៤នាក់នោះ ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ។ ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម​ ប៊ុនហេង​ មានប្រសាសន៍ថា អ្នក​ជំងឺ​ជន​ជាតិ​ចិន​រូប​នោះ មាន​សភាព​ថេរ ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ៖ «»

រដ្ឋលេខាធិការ​​ក្រសួង​សុខាភិបាល​លោក​ស្រី​វេជ្ជ​បណ្ឌិត ឱ វណ្ណឌីន​​ ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី២៧ មករា​នោះ​ដែរ​ថា​ វិធានការ​ចម្បង​ក្នុង​ការ​ការពារ មិន​ឱ្យ​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា​នេះ គឺ​ត្រូវ​លាង​ដៃ​នឹង​សាប៊ូ៖ «»

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ ប្រាប់​អាស៊ី​សេរី​ថា ​ក្រសួង​សុខាភិបាល​បាន​ធ្វើ​វិភាគ​ទៅ​លើ​បុគ្គលិក​ម្នាក់​នៃ​សណ្ឋាគារ​ ឃ្វីន​កូ​ (Queenco Hotel) ដែល​អ្នក​ជំងឺ​ចិន​រូប​នោះ​ស្នាក់​នៅ ប៉ុន្តែ​មិន​បាន​រក​ឃើញ​ថា ​បុគ្គលិក​រូប​នោះ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ទេ។

លោក​ថា​ បុគ្គលិក​សណ្ឋាគារ​ម្នាក់​នេះ​ត្រូវ​បាន​រក្សាទុក​ជា​មួ​យ​ជន​ជាតិ​ចិន​ ៦​នាក់​ទៀត​នៅ​សណ្ឋាគារ​នោះ​​ដើម្បី​តាម​ដាន ​បើ​ទោះ​បី​ពួក​គេ​មិន​ទាន់​បង្ហាញ​​រោគ​សញ្ញា​ណា​មួយ​​នៅ​ឡើយ។​

របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​មាន​ជន​ជាតិ​ចិន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​រយ:​ពេល​វែង​​​ចំនួន ​២៥ ​ម៉ឺន​នាក់​ ​ក្នុង​នោះ​មាន​ជាង​​១១​ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះសីហនុ និង​ប្រមាណ ១០ម៉ឺន​នាក់​នៅ​ទី​ក្រុង​ភ្នំពេញ​។

រហូត​មក​ដល់​ពេល​នេះ​វីរុស​កូរ៉ូណា​ថ្មី​នេះ​ បាន​ឆ្លង​ដល់​មនុស្ស​ចំនួន ២ពាន់​៧រយសែ​សិប​បួន​នាក់ ​(.៧៤៤) នៅ​ក្នុង​ប្រទេស​ចិន ហើយ​បាន​សម្លាប់​មនុស្ស ៨០ នាក់ នេះ​បើ​យោង​តាម​តួលេខ​ដែល​ផ្ដល់​ដោយ​គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី២៦៕

 

 


បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។