អាជ្ញាធរ​ថា នាវា​ដឹក​ភ្ញៀវ​ទេសចរ​ទាំង ៥គ្រឿង ដែល​វៀតណាម​មិន​ឲ្យ​ចូល​ចត​មក ដល់​កម្ពុជា​វិញ​អស់​ហើយ និង​គ្មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ទេ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា ​​នាវា​ដឹក​​​​ភ្ញៀវ​ទេសចរ កម្សាន្ត​តាម​ទន្លេ​មេគង្គ​ ទាំង​៥គ្រឿង ដែល​អាជ្ញាធរ​ប្រទេស​វៀតណាម​ មិន​ឲ្យ​​ចូល​ចត​​ បាន​ត្រលប់​មក​​ដល់​កម្ពុជា​វិញ​អស់​ហើយ គិត​ត្រឹម​ព្រឹក​ ថ្ងៃ​ទី១៧ មីនា។ ឯ​អ្នក​ជិះ​លើ​នាវា ទាំង​នាវិក និង​ភ្ញៀវ​ទេសចរណ៍​គ្មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ទេ។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សុភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ តាម​ទូរស័ព្ទ​ ក្រោយ​ពេល​លោក បាន​ចុះ​ទៅ​ដល់​ច្រក​ក្អម​សំណ ​ថា កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​ចំនួន​២​គ្រឿង បាន​ត្រលប់​មក​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​ក្អម​សំណ​ កាល​ពី​យប់​ថ្ងៃ​ទី១៦ មីនា ឯ ៣គ្រឿង​ទៀត បាន​ត្រឡប់​មក​ដល់​ព្រមៗ គ្នា នៅ​ព្រឹក ថ្ងៃ​ទី​១៧ មីនា។

លោក​ ឲ្យ​ដឹង​ថា កាណូត​ទាំង ៥គ្រឿង​នោះ មិន​បាន​ចូល​អែប​ខាង​ឡើង​គោក​ទេ គឺ​មន្ត្រី​ចត្តាឡឺស័ក នៃ​ក្រសួង​សុខាភិបាល​ បាន​ទៅ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​នៅ​លើ​នាវា​ទាំង​៥​គ្រឿង​ លើ​ផ្ទៃ​ទន្លេ។ ​លោក​អភិបាល​ខេត្ត​ បន្ត​​ថា ក្រោយ​ការ​ត្រួត​ពិនិត្យ​សុខភាព​រួច មនុស្ស​ទាំង​អស់ នៅ​លើ​នាវា​ទាំង​៥​គ្រឿង ( ២គ្រឿង​ចូល​ពេល​យប់ គ្មាន​ទេសចរណ៍​ទេ មាន​តែ​នាវិក ១គ្រឿង ៣១នាក់ មួយ​គ្រឿង​ទៀត ២២នាក់។ ៣គ្រឿង​ចូល​ពេល​ព្រឹក ថ្ងៃ​ទី១៧ មីនា មាន​នាវិក​សរុប​៧០​នាក់ ទេសចរណ៍​ជាតិ និង​អន្តរជាតិ ៦៩នាក់ )សរុប ១៩២នាក់ គ្មាន​ផ្ទុក​ជំងឺ​កូវីដ១៩ (Covid-19) ទាំង​អស់​គ្នា។

លោក អះអាង​ថា អាជ្ញាធរ​វៀតណាម បាន​ជូន​ដំណឹង​ថា គ្រូ​ពេទ្យ​នៅ​ប្រទេស​វៀតណាម ក៏​បាន​ត្រួត​ពិនិត្យ​សុខភាព​អ្នក​នៅ​លើ​នាវា​ម្ដង​រួច​ហើយ​ដែរ ហើយ​បញ្ជាក់​ថា គ្មាន​ជំងឺ​កូវីដ១៩ ទេ តែ​ដោយសារ​បម្រាប​របស់​រដ្ឋាភិបាល​វៀតណាម ទើប​មិន​អាច​ឲ្យ​ចូល​អែប​ខាង​បាន។

លោក​ ថា គិត​ត្រឹម​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី១៧ មីនា នាវា​ទាំង​អស់ បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កំពង់​ផែ​ក្រុង​ភ្នំពេញ ហើយ​មន្ត្រី​សុខាភិបាល នឹង​បន្ត​ត្រួត​ពិនិត្យ​សុខភាព​អ្នក​​លើ​នាវា​ទាំង​អស់​ម្ដង​ទៀត មុន​នឹង​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​តាម​គោលដៅ​រៀងៗ ខ្លួន ដោយ​លែង​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​ទៀត​ហើយ៖ « បើ​តាម​ការ​ប៉ាន់ស្មាន​មក ​ប្រហាក់​ប្រហែល​​ជិត​ដល់​ទីក្រុង​ភ្នំពេញ​ហើយ ហើយ​យើង​សួរ​ទៀត​​ថា ដល់​ទីក្រុង​ភ្នំពេញ យើង​មាន​វិធាន​ការ​អ្វី​ទៀត ទៅ​ដល់​ភ្នំពេញ​នោះ គឺ​យើង​នឹង​មាន​គ្រូ​ពេទ្យ​ចត្តាឡឺស័ក នៅ​ភ្នំពេញ​ គឺ​​​ពិនិត្យ​សុខភាព​គាត់​ម្ដង​ទៀត។ បើ​អត់​មាន​បញ្ហា​អ្វី​ទេ ទាំង​នាវិក ទាំង​អ្នក​ទេសចរណ៍​នោះ​ ទាំង​៥​នាវា​ យើង​នឹង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ដំណើរ​ទៅ​តាម​គោល​ដៅ​របស់​គាត់ ដូច​ជា​ផ្ទះ​សម្បែង គ្រួសារ​របស់​គាត់។ ជន​បរទេស​ ក៏​យើង​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់។ និយាយ​រួម​គឺ​សុខភាព​របស់​គាត់ គឺ​ល្អ​ធម្មតា អត់​មាន​បញ្ហា​អ្វី​ទេ គឺ​ល្អ​ធម្មតា»

ចំណែក​ជន​បរទេស​នៅ​លើ​នាវា​ទេសចរណ៍​ទាំងអស់​វិញ​ លោក​ គង់ សុភ័ណ្ឌ ​ឲ្យ​ដឹង​​ថា តាម​ការ​លើក​ឡើង​របស់​​​មន្ត្រី​ក្រសួង​សាធារណការ​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ច្រក​ក្អម​សំណ គឺ​​​​ម្ចាស់​នាវា​ ឲ្យ​កក់​សំបុត្រ​យន្តហោះ​ឲ្យ​ជន​បរទេស​​ទាំង​អស់​ត្រលប់​ ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ​រៀងៗ ខ្លួន បន្ទាប់​ពី​ចុះ​ពី​លើ​នាវា​ទេសចរណ៍​ភ្លាម។

អភិបាល​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា អស់​មាន​កាណូត​​ទេសចរណ៍​កម្ពុជា ជាប់​នៅ​ក្នុង​ប្រទេស​វៀតណាម​ទៀត​ហើយ។ មូលហេតុ​ ដែល​កាណូត​ទេសចរណ៍​ទាំង​៥ ជាប់​នៅ​កណ្ដាល​ទន្លេ​ប្រទេស​វៀតណាម រក​ទី​ចត​ពុំ​បាន​ គឺ​ដោយសារ​តែ​កាណូត​ទេសចរណ៍​ទាំង​នោះ បាន​ដឹក​អ្នក​ដំណើរ​ចេញ​ក្រៅ​ប្រទេស ​មុន​​ថ្ងៃ​ទី​១៣ មីនា ដែល​មាន​​​សេចក្ដី​ណែនាំ​ឲ្យ​​ផ្អាក​ការ​ដឹក​អ្នក​ដំណើរ​ទេសចរណ៍​តាម​​ច្រក​ក្អម​សំណ ខណៈ​ដែល​​អាជ្ញាធរ​វៀតណាម ក៏​បាន​ដាក់​បម្រាម​​ឲ្យ​ផ្អាក​ការ​ដឹក​ភ្ញៀវ​ទេសចរណ៍​ចេញ​ចូល​តាម​ព្រំដែន​ទឹក​នេះ​ដូច​គ្នា។

ទោះ​យ៉ាង​ណា លោក អភិបាល​ខេត្ត​កណ្ដាល​ ប្រាប់​ថា ​ច្រក​ព្រំដែន​​​អន្តរជាតិ​ក្អម​សំណ នឹង​ត្រូវ​បិទ​​ចរាចរណ៍​​កាណូត​ដឹក​មនុស្ស​ចេញ​ចូល​​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​ដដែល​ លើក​លែង​តែ​ការ​ចរាចរណ៍​ទំនិញ​ ដែល​នៅ​តែ​បន្ត ​ជា​ធម្មតា ព្រោះ​មិន​មាន​សេចក្ដី​ណែនាំ​ឲ្យ​បិទ​ឡើយ។

អនុ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន លោក រស់ វណ្ណា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ច្រក​ព្រំដែន​ក្អម​សំណ​ ថា កាណូត​ទេសចរណ៍ ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​​​វៀតណាម ចំនួន​៥គ្រឿង​ កំពុង​​​​​នៅ​លើ​ទឹកដី​កម្ពុជា​។ ប៉ុន្តែ​នាវា​ទាំង​៥​នោះ មាន​តែ​នាវិក​ទេ គ្មាន​អ្នក​ដំណើរ​ទេ ហើយ​ម្ចាស់​នាវា​ ​កំពុង​​​ស្នើសុំ​ ទៅ​អាជ្ញាធរ​វៀតណាម ដើម្បី​​​​សុំ​ចូល​ចត​នៅ​ប្រទេស​វៀតណាម​វិញ៖ « អ៊ីចឹង ជា​បឋម​ក្រុម​ការងារ​បាន​ណែនាំ​ឲ្យ​គាត់ ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​ខាង​ច្រក​ទ្វារ​​វៀតណាម ថា​ តើ​អនុញ្ញាត​ឲ្យ​នាវា​គាត់​ត្រលប់​ទៅ​វិញ​ឬ​អត់​ទេ។ អ៊ីចឹង យើង​ត្រូវ​ការ​ជា​លាយ​លក្ខណ​អក្សរ​ឆ្លើយ​តប ពី​ខាង​អាជ្ញាធរ​វៀតណាម ឲ្យ​បាន​ច្បាស់​លាស់ ថា ពេល​ដែល​នាវា​ហ្នឹង ត្រលប់​ទៅ​វិញ នាវា​របស់​ប្រទេស​វៀតណាម​ត្រលប់​ទៅ​វិញ ថា​ គាត់​ឲ្យ​ចូល​ទឹកដី​របស់​ប្រទេស​វៀតណាម​ដែរ​ឬ​ទេ ? ហេតុ​អ្វី​យើង​តម្រូវ​ការ​នៃ​នីតិវិធី​នេះ ដោយសារ​បទ​ពិសោធន៍​ដែល​យើង​ទទួល​បាន​កន្លង​មក គឺ​មាន​ប្រទេស​ជា​ច្រើន សូម្បី​តែ​ជនជាតិ​របស់​គាត់​ផ្ទាល់ ក៏​គាត់​មិន​ឲ្យ​ចូល​ប្រទេស​របស់​គាត់​ផង ហើយ​នាវា​ក៏​អ៊ីចឹង​ដែរ។ កន្លង​មក​មាន​នាវា​​របស់​សញ្ញាតិ​​គាត់​ចុះ​​បញ្ជី​នៅ​ប្រទេស​របស់​គាត់ ប៉ុន្តែ​គាត់​អត់​ឲ្យ​ចូល​ដែរ។ អ៊ីចឹង ដើម្បី​ជៀសវាង​នាវា​ទាំង​៥​គ្រឿង​នេះ ចុះ​មក​ដល់​ច្រក​ទ្វារ​ព្រំដែន​ក្អម​សំណ​ ហើយ​បែរ​ជា​អាជ្ញាធរ​​វៀតណាម គាត់​មិន​អនុញ្ញាត​នោះ អ៊ីចឹង​​យើង​សំណូមពរ​ឲ្យ​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ។ អ៊ីចឹង​នីតិវិធី​នេះ យើង​កំពុង​តែ​ធ្វើ គ្រាន់​តែ​មិន​ទាន់​បាន​លទ្ធផល»

អគ្គ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ជូន​ដំណឹង​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ច្រក​ព្រំដែន​ទឹក​ក្អម​សំណ​​ តាម​នាវា​ទេសចរណ៍​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ទី​១៣ មីនា​ទៅ។ បម្រាប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​សុខាភិបាល បាន​ប្រកាស​ពី​ការ​រក​ឃើញ​ អ្នក​​ដំណើរ​ជន​ជាតិ​អង់គ្លេស​ ចំនួន​៣នាក់ ​ក្នុង​ចំណោម​អ្នក​ដំណើរ​ជាង​​៦០នាក់ ​​តាម​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey) ដែល​ចាក​ចេញ​ពី​ប្រទេស​វៀតណាម ហើយ​បាន​ចូល​ចត​ នៅ​ទី​រួម​ខេត្ត​កំពង់ចាម មាន​ផ្ទុក​ជំងឺ​កូវីដ​១៩។

លោក រស់ វណ្ណា ប្រាប់​​​ក្រុម​អ្នក​សារព័ត៌មាន​ថា បម្រាប​ផ្អាក​នាវា​ទេសចរណ៍ ​តាម​ច្រក​ក្អម​សំណ​នេះ ដោយសារ​ក្រសួង​សាធារណការ​ ទទួល​បាន​ដំណឹង​ថា អាជ្ញាធរ​វៀតណាម បាន​ចេញ​បម្រាប​ឲ្យ​ហាម​ឃាត់​នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់ មិន​ឲ្យ​ចូល​ចត​អែប​ខាង​​ចូល​គោក​ឡើង ដោយសារ​ខ្លាច​មាន​ជំងឺ​កូវីដ១៩។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី ស្វាគមន៍​ ការ​សម្រប​សម្រួល និង​វិធានការ​សុខាភិបាល​​លើ​អ្នក​ដំណើរ​លើ​នាវា​ទេសចរណ៍​ទាំង​៥​គ្រឿង​ ដែល​វិល​ត្រលប់​នេះ។ ទោះ​យ៉ាង​ណា លោក ម៉ម រិទ្ធិ ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល ត្រូវ​បង្កើន​សមត្ថភាព​សុខាភិបាល​ឲ្យ​ពលរដ្ឋ​ជឿជាក់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ ត្រួត​ពិនិត្យ​សុខភាព​ ពលរដ្ឋ​ខ្មែរ ដែល​ទើប​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស​ចូល​មក​កម្ពុជា៖ « ស្នើ​យ៉ាង​ណា​ ក៏​ដោយ​ឲ្យ​មាន​ការ​ព្រឹកព្រាង ព្រោះ​កាល​ណា​ យើង​ឲ្យ​គាត់​ចេញ​ទៅ​ក្រៅ​ស្រុក គាត់​ចេញ​ ក៏​ចេញ​ចុះ ប៉ុន្តែ​មក​វិញ ​ទុក​គាត់​ឲ្យ​នៅ​កន្លែង​មួយ​ដុំ​ទៅ ទុក​គាត់​នៅ​កន្លែង​ណា មួយ​ខែ ពីរ​ខែ បី​ខែ យើង​អាច​ដាក់​កម្រិត​ជាមួយ​គាត់ ដូច​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង​។ ដូច​ឥឡូវ​នេះ ដូច​អ្នក​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ មិន​ដឹង​គាត់​ដើរ​ទៅ​ណា​ខ្លះ យើង​មិន​ដឹង​គាត់​ដើរ​ទៅ​ណា​ខ្លះ ជួប​នរណា​គេ​ខ្លះ ឆ្លង​មនុស្ស​ប៉ុន្មាន​នាក់​ទៀត»

មក​ដល់​ពេល​នេះ បើ​ទោះ​រដ្ឋាភិបាល​ បាន​បង្ហាញ​វិធានការ​ច្រើន ក្នុង​ការ​​ទប់​ទល់​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក៏​ដោយ​ចុះ​ ក៏​នៅ​តែ​មាន​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ ​សង្ស័យ​​ថា ការ​រីក​រាល​ដាល​ជំងឺ​កូវីត១៩ មាន​សភាព​ច្រើន​នៅ​លើ​ពលរដ្ឋ​ខ្មែរ​ដែរ។

តែ​យ៉ាង​ណា រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ប្រុង​ប្រយ័ត្ន​ខ្លួន ដោយ​រក្សា​អនាម័យ​ជា​និច្ច​ និង​ត្រូវ​រាយការណ៍​ ទៅ​ក្រសួង​សុខាភិបាល​ភ្លាមៗ ប្រសិន​បើ​សង្ស័យ​ថា ខ្លួន​ឯង ឬ​អ្នក​ដទៃ ឆ្លង​ជំងឺ​កូវីដ​១៩។

ក្រសួង​សុខាភិបាល ស្នើសុំ​ឲ្យ​ពលរដ្ឋ​ ជឿ​ជាក់​ ​តែ​លើ​ព័ត៌មាន​ផ្លូវ​ការ​​ នៃ​ការ​វិវត្ត​របស់​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​ តាម​ដំណឹង​ផ្លូវការ​​របស់​ក្រសួង​សុខាភិបាល​តែ​មួយ​គត់​បាន​ហើយ ដើម្បី​បង្ការ​​ហានិភ័យ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។