សាច់ញាតិអ្នកជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាប បារម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈអាជ្ញាធររកឃើញជាបន្តបន្ទាប់ចំនួនអ្នកឆ្លងជំងឺនេះក្នុងពន្ធនាគារខេត្តនេះ។ មន្ត្រីសង្គមស៊ីវិលយល់ថា មន្ត្រីពន្ធនាគារគួរយកចិត្តទុកដាក់ពីសុខភាពអ្នកជាប់អំឡុងពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ ចំណែកតុលាការ និងស្ថាប័នពាក់ព័ន្ធគួរពន្លឿននីតិវិធីដោះលែងអ្នកជាជាប់ឃុំទោសស្រាលៗ និងអ្នកជាប់ឃុំជាបណ្ដោះអាសន្ន។
បញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារកំពុងគំរាមកំហែងដល់សុខភាពអ្នកជាប់ឃុំអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្តសៀមរាប។ គ្រួសារអ្នកជាប់ឃុំទទូចឱ្យមន្ត្រីពន្ធនាគារអនុញ្ញាតអ្នកជាប់ឃុំអាចហៅទូរស័ព្ទ មកគ្រួសារបាន ព្រោះពេលនេះពួកគាត់កំពុងខ្វាយខ្វល់ពីសុខទុក្ខគ្នាជាខ្លាំង។
ឪពុករបស់អ្នកចម្រៀងរែបរិះគន់បញ្ហាសង្គម យុវជន គា សុគន្ធ គឺលោក ផល គា ប្រាប់ថា រយៈពេល៥ខែមកហើយដែលលោកពុំបានជួបមុខនិងសួរទុក្ខកូនប្រុសដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តសៀមរាប។ លោកបន្តថា មន្ត្រីពន្ធនាគារបានប្រាប់ថា កូនរបស់លោកមិនមានបញ្ហាសុខភាពនោះទេ ប៉ុន្តែលោកនៅតែព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពកូនបន្ទាប់ពីបានដឹងព័ត៌មានថា អ្នកជាប់ឃុំមួយចំនួននៅក្នុងពន្ធនាគារខេត្តផ្នែកបុរសបានឆ្លងជំងឺកូវីដ-១៩។ លោកស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងកូនរបស់លោកដែលបានអនុវត្តទោសជិតចប់ ដើម្បីកាត់បន្ថយភាពចង្អៀតណែននិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកាចសាហាវនេះ៖ «នឹកកូនសឹងអីហើយតែមិនដឹងធ្វើយ៉ាងមិចចេះតែនឹង ចេះតែសំណូមពរជារឿយៗរហូតមកសូមឱ្យអាជ្ញាធរជួយដោះលែងឱ្យបានឆាប់កាន់តែអរព្រោះវាចូលតិចខែទៅហើយបើអាចដោះលែងមុនខ្ញុំក៏សប្បាយចិត្តដែរ»។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាបផ្នែកស្ត្រី២៦នាក់បានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ កក្កដា ដោយក្នុងនោះមានជនជាតិខ្មែរ ២៣នាក់ និងជនបរទេស ៣នាក់ ។ ចំណែកផ្នែកបុរសវិញ មានអ្នកជាប់ឃុំ៥នាក់ទៀតក៏បានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ កក្កដា ដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបកស្រាយជុំវិញរឿងនេះពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា និងលោក ភាន ឆវ័ន្ន ប្រធានពន្ធនាគារខេត្តសៀមរាប បានទេ នៅថ្ងៃទី១៧ កក្កដា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សាវនា លើកឡើងថា មូលហេតុដែលអ្នកជាប់ឃុំឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្តសៀមរាប គឺដោយសារមន្ត្រីសុខាភិបាលមានទំនាក់ទំនងជាមួយអ្នកជាប់ឃុំអំឡុងពេលពិនិត្យ និងពិគ្រោះជំងឺ។ លោកថា ខាងពន្ធនាគារក៏បានតេស្តរកមេរោគកូវីដ-១៩ និងញែកអ្នកជាប់ឃុំដាក់តាមអគារដែលបានត្រៀមទុកភ្លាមៗ។ លោកបញ្ជាក់ថា ខាងពន្ធនាគារបានរៀបចំអ្នកជំងឺកូវីដ១៩ស្រាលៗដោយដាក់ឱ្យសម្រាកព្យាបាលនៅក្នុងពន្ធនាគារ និងអ្នកជំងឺធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យ៖ «បញ្ហាប្រឈមគឺទីមួយកត្តាសុខភាពទីពីរកត្តាសន្តិសុខ ទោះបីយ៉ាងណាគឺប្រមូលកម្លាំងមន្ត្រីយើងជុំគ្នានិងមានការអន្តរាគមន៍ពីគណៈបញ្ជាការឯកភាពខេត្ត បច្ចុប្បន្ននេះវាអត់មានបញ្ហាអីទេ ហើយសូម្បីតែអ្នកជំងឺដែលកើតហើយក៏គាត់ព្យាយាមធ្វើការព្យាបាលពីយើងដែរ យើងខិតខំ ថែទាំពួកគាត់ឱ្យបានឆាប់ជាអ៊ីចឹងមានការធ្វើតេស្តជាប្រចាំខាងសុខាភិបាលខេត្តគេរៀបចំកាលវិភាគតាមហ្នឹង»។
ទោះជាយ៉ាងណាសាច់ញាតិអ្នកជាប់ឃុំបារម្ភជាខ្លាំងពីស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារនេះ ហើយពួកគេទទូចឱ្យមន្ត្រីពន្ធនាគារជួយយកចិត្តទុកថែទាំសុខភាពអ្នកជាប់ឃុំ និងជួយពន្លឿនរកវិធីអនុញ្ញាតឱ្យពួកគាត់អាចទំនាក់ទំនងសួរសុខទុក្ខគ្នាអំឡុងពេលនេះ។
ទាក់ទិនរឿងនេះ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សង្គមស៊ីវិលព្រួយបារម្ភអំពីការឆ្លងរាលជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារជាបន្តបន្ទាប់នេះ។ លោកមើលឃើញថា ស្ថានភាពពន្ធនាគារទាំងនោះមិនទាន់ស្របតាមបទដ្ឋាននោះទេ ដែលធ្វើឱ្យអ្នកជាប់ឃុំប្រឈមឆ្លងជំងឺជាពិសេសអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តទទូចឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងអ្នកជាប់ឃុំកម្រិតទោសស្រាលៗ និងអ្នកជាប់ឃុំបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយបញ្ហាចង្អៀតណែន និងប្រឈមការឆ្លងចូលក្នុងពន្ធនាគារ៖ «យើងដឹងហើយថា នៅពន្ធនាគារភាពចង្អៀតណែនខ្លាំងនេះវាជាហានិភ័យខ្ពស់ណាស់ដល់អ្នកដែលជាប់ឃុំ វាប៉ះពាល់អីខ្លះទីមួយអនាម័យ បរិស្ថាន របបហូបចុកពិសេសងាយក្នុងការទទួលឆ្លងជំងឺផ្សេងៗ ទំរាំដល់បញ្ហាជំងឺកូវីដ១៩នេះ គឺប្រសិនបើជ្រៀតចូលហើយរីករាលដាលវាមានហានិភ័យខ្ពស់ណាស់នៅក្នុងពន្ធនាគារ អ៊ីចឹងហើយបានយើងជាអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សតែទាមទារឱ្យដោះស្រាយភាពចង្អៀតណែន នៃពន្ធនាគារនេះដើម្បីជាប្រយោជន៍ក្នុងការជួយទប់ស្កាត់ការរីករាលដាលកូវីដ»។
កាលពីថ្ងៃទី៧ កក្កដា កន្លងទៅ មានមន្ត្រី និងអ្នកជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាបនេះចំនួន១៩នាក់ បានឆ្លងកូវីដ១៩ ក្នុងនោះរួមទាំងប្រធានពន្ធនាគារខេត្ត លោក ភាន ឆវ័ន្ត ផង ដែរ។ ក្រៅពីពន្ធនាគារខេត្តសៀមរាប ជំងឺកូវីដ១៩បានឆ្លងចូលដល់ពន្ធនាគារប្រមាណ១០កន្លែង ដែលមានអ្នកជាប់ឃុំ និងមន្ត្រីអនុរក្សពន្ធនាគារឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ ក្នុងនោះរួមមានពន្ធនាគារនៅភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងពន្ធនាគារមួយចំនួនទៀត។ មន្ត្រីគ្រប់គ្រងពន្ធនាគារបញ្ជាក់ថា មានអ្នកជាប់ឃុំ ៣នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែខាងពន្ធនាគារមិនដែលបានបញ្ជាក់ប្រាប់តួលេខជាក់លាក់ពីចំនួនអ្នកជាប់ឃុំដែលឆ្លងជំងឺនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។