ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ឲ្យដឹងថា ករណីព្រះសង្ឃ និងពលរដ្ឋដែលគង់នៅវត្តបារាយណ៍ព្រះជីវ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ពុលចំណីអាហារនោះ គឺអាជ្ញាធរមិនទាន់កំណត់មូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែប្រធានមន្ទីរសុខាភិបាលខេត្តសន្និដ្ឋានថា អាចបណ្ដាលមកពីការបរិភោគជ្រក់ស្ពៃច្រើនជាង។
ទោះបីជាយ៉ាងណា អាជ្ញាធរនៅរង់ចាំលទ្ធផលការធ្វើកោសល្យវិច័យអាហារ និងភស្តុតាងជាផ្លូវការសិន។ ចំណែកព្រះចៅអធិការវត្តបារាយណ៍ព្រះជីវ៍ ហៅវត្តបារាយណ៍ បារម្ភចំពោះសុវត្ថិភាពចំណីអាហារ ក្រោយពេលមានហេតុការណ៍ពុលអាហារកើតឡើងក្នុងវត្តរបស់ព្រះអង្គ។
ក្រោយពេលមានព្រះសង្ឃនៅវត្តបារាយណ៍ព្រះជីវ៍ធំ ពុលអាហារកាលពីពេលថ្មីៗនេះ មន្ត្រីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត បានធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់។ ការងារទាំងនោះរួមមាន ជួយសង្គ្រោះព្រះសង្ឃ និងកូនសិស្សលោក ព្រមទាំងប្រមូលយកសំណាក ឬសំណល់ចំណីអាហារ និងគ្រឿងផ្សំ ដែលព្រះសង្ឃបានឆាន់ យកទៅធ្វើកោសល្យវិច័យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ (Pasteur) រាជធានីភ្នំពេញ ដើម្បីឲ្យប្រាកដថា តើបណ្ដាលមកពីមូលហេតុអ្វី?
ករណីពុលអាហារនេះ កើតឡើងកាលពីថ្ងៃទី២៩ សីហា គឺមានព្រះសង្ឃ និងពលរដ្ឋចំនួនជាង ៦០អង្គ និងនាក់ បានពុល ប៉ុន្តែមិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គីម សួរភារុណ មានប្រសាសន៍នៅថ្ងៃទី៣១ សីហា ថា ករណីព្រះសង្ឃពុលអាហារនេះ គឺខាងលោកមិនទាន់ទទួលបានលទ្ធផលធ្វើកោសល្យវិច័យនៅឡើយ។ លោកបន្តថា មូលហេតុបណ្ដាលឲ្យពុលនៅមិនទាន់ដឹងប្រាកដ ប៉ុន្តែលោកសន្និដ្ឋានថា អាចបណ្ដាលមកពីជ្រក់ស្ពៃ ព្រោះអាហារប្រភេទផ្សេងមិនអាចបណ្ដាលឲ្យព្រះសង្ឃមានគ្រោះថ្នាក់បានទេ៖ « ជាបឋមអាចមកពីស្ពៃជ្រក់ហ្នឹងហើយ ព្រោះយើងមើលអាហារផ្សេងៗទៀត ដូចមិនទំនងឲ្យពួកគាត់ក្អួតចង្អោរ។ អ៊ីចឹងទេ អាហារស្ពៃជ្រក់ហ្នឹងអាចមកពីគាត់ធ្វើទុកយូរថ្ងៃ ឬមិនត្រឹមត្រូវម៉េច គឺមានតែបញ្ហាហ្នឹង »។
ប្រធានមន្ទីរសុខាភិបាលដដែលបញ្ជាក់ថា អ្នកដែលពុលនោះមានអាការៈវិលមុខ ក្អួតចង្អោរ រាករូស ជាដើម។ លោកថា កន្លងមក អាជ្ញាធរធ្លាប់អប់រំពលរដ្ឋអ្នកប្រើប្រាស់ផលិតផល និងអ្នកលក់ដូរទាំងឡាយឲ្យប្រុងប្រយ័ត្ន និងត្រូវលក់ផលិតផលណាដែលមានគុណភាពល្អ ព្រមទាំងទទួលស្គាល់ពីក្រសួងសុខាភិបាល។
ចៅអធិការវត្តបារាយណ៍ព្រះជីវ៍ធំ ហៅវត្តបារាយណ៍ ព្រះតេជព្រះគុណ ហាក់ សំណាង មានថេរដីកាថា ព្រះសង្ឃជាង ៤០អង្គដែលគង់នៅវត្តបារាយណ៍ និងកូនសិស្សលោកពីរនាក់ដែលពុលអាហារ គឺបានធូរស្បើយ ហើយព្រះសង្ឃទាំងនោះបាននិមន្តទៅគង់នៅវត្តជាធម្មតាវិញហើយ។ ព្រះអង្គមានថេរដីកាបន្តថា ថ្ងៃកើតហេតុ គឺមានពុទ្ធបរិស័ទបានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ប៉ុន្តែព្រះអង្គនៅមិនទាន់ដឹងពីមូលហេតុប្រាកដទេ។ ព្រះចៅអធិការវត្តបារាយណ៍ ជំនាន់ទី១២ អង្គនេះ បារម្ភចំពោះសុវត្ថិភាពចំណីអាហារនៅពេលបច្ចុប្បន្ន ពីព្រោះការពុលអាហារនេះ គឺកើតឡើងជាលើកទី១ នៅវត្តបារាយណ៍៖ « អ៊ីចឹងសូមបិណ្ឌបាតថា ជាពិសេសដល់ញាតិញោមអ្នកធ្វើខាងបន្លែហ្នឹង ដូចថាយើងកុំប្រើជាតិគីមីហ្នឹងច្រើនពេក ក៏ដូចជាញាតិញោមខាងអាជីវករក៏អ៊ីចឹងដែរ ប្រសិនបើរបស់ណាដែលហួសឌឺឡេ ( ផុតកាលកំណត់ប្រើប្រាស់ ) ហើយ យើងគួរណាទុកដាក់វាចោលទៅ យើងកុំយកវាមកធ្វើការលក់ដូរបន្តទៀត »។
ព្រះអង្គបន្ថែមថា ក្រោយពេលកើតហេតុភ្លាម មន្ត្រីសុខាភិបាលថ្នាក់ឃុំ និងថ្នាក់ស្រុក បានយកចិត្តទុកដាក់ចំពោះអ្នកជំងឺទាំងការដឹកជញ្ជូនទៅមន្ទីរពេទ្យ ហើយមើលថែទាំអ្នកជំងឺជាប្រចាំ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកពុលអាហារទាំងនោះ។
ទាក់ទងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា សុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា បច្ចុប្បន្ន គឺប្រឈមនឹងហានិភ័យខ្ពស់។ លោកបន្តថា ដោយសារប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារមានភាពធូររលុង និងមិនច្បាស់លាស់ ព្រមទាំងមានអំពើពុករលួយថែមទៀតនោះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅតែក្លាយជាជនរងគ្រោះជាបន្តបន្ទាប់៖ « អ៊ីចឹងនេះជាបញ្ហាមួយដែលរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកមានកាតព្វកិច្ចត្រួតពិនិត្យខាងចំណីអាហារ គប្បីធ្វើការងារនេះឲ្យបានហ្មត់ចត់ ឲ្យបានទូលំទូលាយ »។
កាលពីពេលកន្លងមក ពលរដ្ឋខ្មែរមួយចំនួនធ្លាប់រងគ្រោះដោយសារពុលចំណីអាហារ រួមមានពុលនំបញ្ចុក ពុលស្រាស ពុលត្រីកំពត ពុលនំកញ្ចប់នាំចូលពីវៀតណាម ពុលត្រសក់ជ្រក់ ឬត្រសក់ត្រាំ ពុលនំបុ័ងសាច់ ដែលជនជាតិវៀតណាម យកមកលក់ ហើយមានពលរដ្ឋខ្លះពុលរហូតដល់ស្លាប់ក៏មាន។
លោក យង់ គិមអេង ថាប្រសិនបើគ្រោះថ្នាក់បែបនេះនៅតែកើតឡើងទៀត ផលប៉ះពាល់គឺមិនត្រឹមតែកើតមានចំពោះពលរដ្ឋខ្មែរទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្សាន្ត ម្យ៉ាងធ្វើឲ្យបាត់បង់ប្រាក់ចំណូលតាមរយៈលក់ចំណីម្ចាស់ស្រុកជូនភ្ញៀវទេសចរ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។