មន្ត្រីសាលាខេត្ត និងមន្ត្រីស្ថាប័នកាំកុងត្រូល ខេត្តព្រះសីហនុ បើកយុទ្ធនាការចុះពិនិត្យការលក់ដូរនំចំណី ឬចំណីអាហារនៅតាមសាលារៀននានា ក្នុងខេត្តទេសចរណ៍មួយនេះ ប្រយោជន៍ដើម្បីទប់ស្កាត់ការលក់ដូរម្ហូបអាហារគ្មានគុណភាព ឬផុតកំណត់ប្រើប្រាស់។ យុទ្ធនាការនេះ ទទួលបានការគាំទ្រពីអ្នកគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលមានរបរលក់ចំណីអាហារជូនកុមារនៅក្នុងបរិវេណសាលានីមួយៗ។
បន្ទាប់ពីទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ ឬបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាដើម បានបង្ហាញថា មានកុមារតូចៗ នៅតាមសាលាមួយចំនួនក្នុងប្រទេសកម្ពុជា បានពុលចំណីអាហារដែលត្រូវគេដាក់លក់ដូរនៅក្នុងបរិវេណសាលារួចមក ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញសាខាកាំកុងត្រូល ខេត្តនេះ បានបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យរាល់ការលក់នំចំណីនៅតាមសាលានានា ដើម្បីទប់ស្កាត់ការលក់ចំណីអាហារគ្មានគុណភាព ឬហួសពេលវេលាប្រើប្រាស់។
ប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា ការចុះពិនិត្យ និងការណែនាំការលក់នំចំណីដល់លោកគ្រូ អ្នកគ្រូ នៅតាមសាលាទូទាំងខេត្តព្រះសីហនុ ពេលនេះ ក៏នឹងបន្តចុះអប់រំដល់កុមារដោយបោះជាខិត្តប័ណ្ណផ្សព្វផ្សាយ ឬចាក់វីដេអូ អប់រំដល់កុមារនៅតាមសាលានានា អំពីផលប៉ះពាល់នៃការទទួលទាននំចំណីគ្មានគុណភាព ឬហួសកំណត់ប្រើប្រាស់នៅថ្ងៃអនាគត។
ទោះយ៉ាងណា លោកថា ជាជំហានដំបូងនេះ មន្ត្រីជំនាញកាំកុងត្រូលខេត្តនេះ បានបើកយុទ្ធនាការចុះពិនិត្យនិងរឹបអូស ឬណែនាំជាជំហានដំបូងដល់អ្នកលក់ដូរ ឬលោកគ្រូ អ្នកគ្រូ ដែលលក់នំចំណីដែលគ្មានអនាម័យ និងខូចគុណភាពជាមុនសិន មុននឹងឈានដល់មានវិធានការតាមផ្លូវច្បាប់នៅពេលខាងមុខ។

បញ្ហានេះដែរ លោក គឹម លីដា អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដែលបានបញ្ជាដឹកនាំកម្លាំងជំនាញចុះតាមសាលាមួយចំនួនក្នុងក្រុងទេសចរណ៍មួយនេះ មានសាលាបឋមសិក្សា ហ៊ុន សែន ក្រុង អនុ និងវិទ្យាល័យ ហ៊ុន សែន មិត្តភាពជាដើម។ លោកបានឲ្យដឹងពីគោលបំណងចុះពិនិត្យការលក់នំចំណីក្នុងបរិវេណសាលា គឺមានបំណងអប់រំអំពីផលអវិជ្ជមាន ដោយសារការលក់ដូរនំចំណីគ្មានគុណភាព ឬគ្មានស្លាកសញ្ញាប្រើប្រាស់ត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សុខភាពកុមារ។
លោក គឹម លីដា៖ «ខ្ញុំឲ្យគ្រូបង្រៀន ឬអ្នកលក់នំចំណីទាំងអស់ចេះមើលទំនិញទាំងអស់ហ្នឹង ឲ្យគាត់ចេះមើលកាលបរិច្ឆេទនៃការប្រើប្រាស់នៅលើកញ្ចប់នំចំណី ឬទំនិញនីមួយៗ ឲ្យបានត្រឹមត្រូវ និងជួយផ្សព្វផ្សាយបន្ត»។
ផ្ដើមពីបញ្ហានេះ លោក គឹម លីដា អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានស្នើដល់អាណាព្យាបាល ពិសេសលោកគ្រូ អ្នកគ្រូ នៅតាមសាលានានា ត្រូវចូលរួមគិតពីសុខភាពកុមារឲ្យបានទាំងអស់គ្នា និងមិនត្រូវលក់ដូរនំចំណី៖ «យុទ្ធនាការនេះ ក៏ចង់ឲ្យលោកគ្រូ អ្នកគ្រូ ឬអ្នកលក់ អាណាព្យាបាល ត្រូវធ្វើជាមន្ត្រីកាំកុងត្រូលម្នាក់ នៅក្នុងគ្រួសារនីមួយ ឬដើរតួនាទីជាមន្ត្រីកាំកុងត្រូលម្នាក់ ដើម្បីរាយការណ៍ទាក់ទងនឹងព័ត៌មានការលក់ទំនិញហួសពេលវេលាប្រើប្រាស់ និងខូចគុណភាពជាដើម ដើម្បីឈានដល់មានវិធានការទប់ស្កាត់»។
ឆ្លើយតបការអំពាវនាវរបស់មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារ ឬសាខាកាំកុងត្រូល ខេត្តព្រះសីហនុ លោក ហង់ អន នាយកសាលាបឋមសិក្សា ហ៊ុន សែន ក្រុង បានចាត់ទុកការចុះពិនិត្យ ឬផ្ដល់ការអប់រំពីសារសំខាន់នៃការលក់នំចំណីរបស់មន្ត្រីជំនាញកាំកុងត្រូល ពេលនេះថា មានសារសំខាន់ដល់អ្នកលក់ និងកុមារតូចៗក្នុងការជ្រើសយកប្រភេទចំណីអាហារដែលមានគុណភាពដើម្បីទទួលទាន។
អ្នកគ្រប់គ្រងសាលារូបនេះបានស្នើដល់អាណាព្យាបាល ឬអ្នកលក់ដូរនំចំណីគ្រប់ប្រភេទ ត្រូវពិនិត្យមើលទៅលើកាលបរិច្ឆេទនៃមុខទំនិញនីមួយៗឲ្យបានត្រឹមត្រូវ៖ «សុខភាពកុមារសំខាន់ណាស់ ព្រោះកុមារជាទំពាំងស្នងឫស្សី ហើយបើសិនជាទំនិញលក់ដូរហួសកំណត់ប្រើប្រាស់ ឬខូចគុណភាពជាដើម ត្រូវបានគេដាក់លក់ជូនកុមារទទួលទានជាប្រចាំ នឹងនាំឲ្យប៉ះពាល់ដល់សុខភាពកុមារធ្ងន់ធ្ងរនៅថ្ងៃអនាគត។ ខ្ញុំគាំទ្រយុទ្ធនាការរបស់មន្ត្រីកាំកុងត្រូលក្នុងយុទ្ធនាការចុះពិនិត្យគុណភាពទំនិញនៅតាមសាលាពេលនេះ»។
ស្រដៀងគ្នាដែរ អ្នកស្រី ទុយ បូរ បង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ក៏បានគាំទ្រយុទ្ធនាការរបស់មន្ត្រីជំនាញកាំកុងត្រូល ដែលបានចុះអប់រំ ឬណែនាំអ្នកលក់នៅតាមសាលារៀន ឲ្យយកចិត្តទុកដាក់អំពីគុណភាពចំណីអាហារ ដើម្បីចូលរួមថែរក្សាសុខភាពកុមារឲ្យបានទាំងអស់គ្នា៖ «យុទ្ធនាការនេះ របស់មន្ត្រីកាំកុងត្រូល នាំឲ្យខ្ញុំមានការយល់ដឹងអំពីការស្វែងរកទិញនំចំណីដែលមានគុណភាព និងចេះពិនិត្យមើលកាលបរិច្ឆេទ ឬស្លាកសញ្ញាចំណីអាហារមុននឹងទិញយកមកលក់បន្តនៅថ្ងៃអនាគត ដើម្បីឲ្យមានគុណភាព និងមិនប៉ះពាល់ដល់សុខភាពកុមារជាដើម»។
ចំណែកអាណាព្យាបាល និងជាគ្រូបង្រៀនម្នាក់ លោក ហែម ហុម ក៏បានសំណូមពរឲ្យមន្ត្រីជំនាញកាំកុងត្រូល ត្រូវអនុវត្តសកម្មភាព យុទ្ធនាការចុះពិនិត្យគុណភាពចំណីអាហាររបស់ខ្លួនតាមសាលា ឬទីផ្សារនានា ឲ្យបានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ។ លោកចាត់ទុកយុទ្ធនាការនេះថា បានផ្តល់សារសំខាន់ដល់សុខភាពពលរដ្ឋ ពិសេសកុមារតូចៗ។
លោកបញ្ជាក់ថា កន្លងមករូបលោកហាក់មិនសូវចាប់អារម្មណ៍ទៅនឹងស្លាកសញ្ញា ឬកាលបរិច្ឆេទទៅលើមុខទំនិញដែលដាក់លក់នៅលើទីផ្សារនោះទេ ប៉ុន្តែពេលនេះលោកបានយល់ និងយកទៅផ្សព្វផ្សាយបន្តដល់អាណាព្យាបាលផ្សេងទៀត៖ «សកម្មភាពរបស់មន្ត្រីកាំកុងត្រូល នៅតាមសាលានានា ក្នុងខេត្តព្រះសីហនុ ចុះអប់រំ និងណែនាំអំពីការពិនិត្យទៅលើស្លាកសញ្ញាចំណីអាហារ ឬកាលបរិច្ឆេទនៃការលក់ដូរនំចំណីនេះ គឺមានសារសំខាន់ដល់លោកគ្រូ អ្នកគ្រូ ដើម្បីបានជាចំណេះដឹងយកទៅផ្សព្វផ្សាយបន្តឲ្យកុមារ ក៏ដូចជាពលរដ្ឋដទៃទៀតបានដឹងពីផលប៉ះពាល់នៃការទទួលទានអាហារ ឬនំចំណីគ្មានអនាម័យ ឬខូចគុណភាព ឈានដល់រក្សាសុខភាពកុមារឲ្យមានសុខភាពរឹងមាំ»។

ដោយឡែក លោក កាំង វិចិត្រ នាយករងវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានប្រសាសន៍ថា នឹងបំផុសឲ្យគ្រូបង្រៀនក្នុងសាលានេះយកចិត្តទុកដាក់មុននឹងទិញប្រភេទមុខម្ហូប នំចំណី ឬទិញចំណីអាហារលក់បន្តធ្វើយ៉ាងឲ្យប្រាកដថា ចំណីអាហារទាំងនោះមានគុណភាព និងមានស្លាកសញ្ញា ឬមានកាលបរិច្ឆេទប្រើប្រាស់បានត្រឹមត្រូវ៖ «ខ្ញុំគាំទ្រមន្ត្រីកាំកុងត្រូលចុះពិនិត្យចំណីអាហារ និងការចុះអប់រំកាលបរិច្ឆេទប្រើប្រាស់ទៅលើចំណីអាហារ ដើម្បីរក្សាសុខភាពទាំងអស់គ្នា ពិសេសកុមារ»។
ត្រង់ចំណុច លោក គឹម លីដា អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ក៏បានអំពាវនាវទៅដល់អាណាព្យាបាល ឬគ្រូបង្រៀននៅតាមសាលា ឬតាមក្រុមគ្រួសារនីមួយៗ ត្រូវចូលរួមពិនិត្យអំពីគុណភាពចំណីអាហារ ដើម្បីសុខភាពកុមារមានសុខភាពល្អទាំងអស់គ្នា។ ជាងនេះ ក៏ស្នើដល់មនុស្សគ្រប់រូប បើសិនមានទំនិញ ឬចំណីអាហារហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវផ្ដល់ព័ត៌មានមកកាន់ស្ថាប័នកាំកុងត្រូល ខេត្តព្រះសីហនុ ដើម្បីមានវិធានការតាមផ្លូវច្បាប់៖ «បំណងសំខាន់របស់មន្ត្រីកាំកុងត្រូល ដែលចុះយុទ្ធនាការត្រួតពិនិត្យការលក់ទំនិញ ឬចំណីអាហារនៅតាមសាលា គឺក៏មានបំណងអប់រំ ដល់អ្នកលក់ដូរនៅក្នុងបរិវេណសាលា ឲ្យចេះពីការជ្រើសរើសប្រភេទមុខទំនិញ ឬអាហារហូបចុក មានដាក់កាលបរិច្ឆេទប្រើប្រាស់ប្រាស់ និងមានស្លាកយីហោ ឬសញ្ញាឲ្យបានត្រឹមត្រូវមុននឹងត្រូវទិញយកមកលក់បន្ត»។
ទាក់ទិនយុទ្ធនាការនេះ លោក ឃុន សាវឿន មន្ត្រីអង្កេតអង្គការលីកាដូ ខេត្តព្រះសីហនុ បានស្នើដល់មន្ត្រីជំនាញកាំកុងត្រូល ត្រូវបើកឲ្យបានជាប្រចាំ និងមានវិធានការផាកពិន័យឲ្យបានធ្ងន់ធ្ងរទៅលើអ្នកនាំចូល ឬលក់ដូរចំណីអាហារហួសពេលវេលាប្រើប្រាស់ ឬខូចគុណភាពជាដើម៖ «នៅតាមទីផ្សារខ្លះនាខេត្តព្រះសីហនុ បន្លែ ត្រី សាច់ មានដូចជាស្ពៃក្ដោប ម្រះ ត្រសក់ បាននាំចូលមកពីវៀតណាម ហើយបន្លែទាំងនេះ បើទុកចោល ១សប្ដាហ៍ ក៏មិនក្រៀមស្វិតដែរ។ ជាងនេះត្រី សាច់ ដែលនាំចូលពីប្រទេសជិតខាងនៅតាមទីផ្សារ ខេត្តព្រះសីហនុ សព្វថ្ងៃនេះ គួរមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យ ឲ្យបានដិតដល់ ហើយបើរកឃើញដាក់សារធាតុគីមី ឬបន្លែត្រីសាច់ទាំងនោះ ហួសពេលវេលាប្រើប្រាស់ និងខូចគុណភាពជាដើម ត្រូវតែផាកពិន័យម្ចាស់ទីតាំងទាំងនោះឲ្យបានធ្ងន់ធ្ងរ»។
មន្ត្រីសិទ្ធិមនុស្សដែលតែងដើរចេញចូលក្នុងទីផ្សារដើម្បីទិញបន្លែត្រីសាច់ យកមកចម្អិនជាអាហារប្រចាំថ្ងៃនៅតាមផ្សារមួយចំនួន នាខេត្តព្រះសីហនុ បានអះអាងថា មានបន្លែត្រីសាច់មួយចំនួនអាចទិញយកទៅរក្សាទុកមានរយៈពេលយូរ ហើយមិនស្វិតក្រៀម ឬរុយមិនហ៊ានរោមជាដើម។
ទោះយ៉ាងណា លោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានឲ្យដឹងថា មន្ត្រីជំនាញខេត្តនេះ បានធ្វើសកម្មភាពចុះឆែក ឬពិនិត្យតាមផ្សានានាអំពីគុណភាព ឬកាលបរិច្ឆេទប្រើប្រាស់មុខទំនិញផ្សេងៗជាប្រចាំ និងមាន ៤ដងក្នុង១ខែ។ លោកថា សកម្មភាពត្រួតពិនិត្យទំនិញខូចគុណភាព នៅតាមទីផ្សារនានា គឺមិនទាន់ឈានដល់ផាកពិន័យដល់ម្ចាស់ទីតាំង ឬផ្សារទាំងនោះទេ ដោយបានណែនាំ ឬអប់រំជាជំហានដំបូងទៅលើម្ចាស់ទីតាំងមានកំហុសឆ្គង ប៉ុន្តែបើម្ចាស់ទីតាំងនីមួយៗ នៅបន្តលក់ដូរចំណីអាហារហួសកាលបរិច្ឆេទប្រើប្រាស់ ឬខូចគុណភាពមិនស្ដាប់ តាមការណែនាំទេ នឹងឈានដល់មានវិធានការតាមផ្លូវច្បាប់នៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។