ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៤នាក់បន្ថែមទៀត នៅថ្ងៃទី៩ ធ្នូ។ ក្រសួងប្រកាសថា ការរកឃើញជំងឺកូវីដ-១៩ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មានប្រភពពីហាងលក់ទំនិញ ប៉េត្រូ (Pedro) និង ហ្សែនដូ (Zendo) ក្នុងរាជធានីភ្នំពេញ។ ក្រសួងស្នើសុំឲ្យពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល នៃហាងលក់ទំនិញទាំងពីរនេះ ចាប់តាំងពីថ្ងៃទី២៧ វិច្ឆិកា មក ត្រូវទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយការចំណាយជាបន្ទុករបស់រដ្ឋ។
ក្រសួងសុខាភិបាល បានរកឃើញ អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀត នៅថ្ងៃទី៩ ធ្នូ ដោយអ្នកជំងឺម្នាក់ រស់នៅសង្កាត់បឹងកេងកងទី៣ ជាភ្ញៀវនៃហាង ហ្សែនដូ។ ចំណែក អ្នកជំងឺ ២នាក់ទៀត រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបុគ្គលហាងប៉េត្រូ និងអ្នកជំងឺម្នាក់ទៀត រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ អ្នកទាំង ៤នាក់ ឆ្លងជំងឺកូវីដ១៩ តាមរយៈព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ពួកគេ ៣នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និងម្នាក់ទៀត ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ អ្នកជំងឺទាំង ៤នាក់ រកឃើញ មានផ្ទុកជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្តសំណាកពីមនុស្ស ៣.៤៦៧នាក់ កាលពីថ្ងៃទី៧ ធ្នូ។
អាជ្ញាធរខេត្តកណ្ដាលបានបិទទីតាំងផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ នៅស្រុកកណ្ដាលស្ទឹង បណ្ដោះអាសន្ន នៅថ្ងៃទី៩ ធ្នូ ដោយសារមានអ្នកជំងឺកូវីដ១៩ ម្នាក់ ធ្លាប់ចេញចូលផ្សារនោះ មុនពេលធ្វើតេស្តរកឃើញជំងឺកូវីដ១៩។
ដោយឡែក នៅថ្ងៃដដែលនេះ អាជ្ញាធរ បានបើកដំណើរការអគារកាណាឌីយ៉ា នៅមហាវិថីព្រះមុនីវង្សឡើងវិញហើយ ក្រោយបិទបានមួយសប្ដាហ៍ ដោយសាររកឃើញបុគ្គលិកធនាគារចិនម្នាក់ ដែលធ្វើការក្នុងអគារនោះ មានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ធ្នូ។ ប៉ុន្តែ ហាងលក់ទំនិញមួយចំនួន (Pedro, Zendo) ក្រសួងមហាផ្ទៃ និងពន្ធនាគារព្រៃសជាដើម នៅបន្តបិទដដែល។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន និងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានទេ នៅថ្ងៃទី៩ ធ្នូ។
ចំណែកក្រុមអ្នកជំនួញ មន្ត្រីនយោបាយ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅតែបន្តចូលរួមផ្ដល់ថវិកាទិញវ៉ាក់សាំងជាបន្តបន្ទាប់។ គិតត្រឹមយប់ថ្ងៃទី៨ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសតាមហ្វេសប៊ុក (facebook) ថា រដ្ឋាភិបាលទទួលបានថវិកាជាង ៣០លានដុល្លារហើយ។
លោក ហ៊ុន សែន បន្តថា លោកមានបំណងទិញវ៉ាក់សាំងចាក់ឲ្យពលរដ្ឋ ១០លាននាក់ ដែលត្រូវការវ៉ាក់សាំង ២០លានដូស (Dose) ហើយចំពោះមុខក្នុងដំណាក់កាលដំបូង លោកនឹងផ្ដល់ជូនចំនួន ១លានដូស សម្រាប់ចាក់ឲ្យពលរដ្ឋ ចំនួន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងមានហានិភ័យជាអាទិភាព ដូចជា គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីប្រជុំជន។
ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿង គាំទ្រវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ របស់រដ្ឋាភិបាល មួយរយៈចុងក្រោយនេះ ដោយពង្រឹងការលាងដៃ ពាក់ម៉ាស់ រក្សាគម្លាត នៅទីសាធារណៈ និងការរៀបចំទីតាំងសណ្ឋាគារ ឲ្យធ្វើចត្តាឡីស័កជាដើម។
ប៉ុន្តែលោក សុខ ឈុនអឿង ព្រួយបារម្ភថា ក្រុមកម្មករ និង អ្នកប្រកបរបរក្រៅប្រព័ន្ធ ប្រឈមការឆ្លងជំងឺ និងប្រឈមទាំងជីវភាព ប្រសិនបើជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយធ្ងន់ធ្ងរទៀត៖ « ខ្ញុំមើលឃើញវិធានការរបស់រដ្ឋាភិបាល គឺជាការល្អ។ ចង់និយាយថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល គឺតាមរកអ្នកដែលពាក់ព័ន្ធ កុំឲ្យដាច់ព័ត៌មាន។ ហ្នឹង ខ្ញុំគិតថា ជាការល្អ ប៉ុន្តែសម្រាប់បងប្អូនកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺពួកគាត់មិនបានដឹងថា ភ្ញៀវ ឬម៉ូយរបស់គាត់ មានការពាក់ព័ន្ធអ្វី គឺគាត់អត់ដឹងទេ»។
ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ ជំរុញរដ្ឋាភិបាល ឱ្យព្យាយាមរកវិធីផ្ដល់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបានគ្រប់គ្នា ដើម្បីធានាថា ពលរដ្ឋទទួលបានសិទ្ធិរស់រានមានជីវិតស្មើភាពគ្នា។ លោកបន្តថា វិធានការរបស់រដ្ឋាភិបាល មួយរយៈចុងក្រោយនេះ មានភាពប្រសើរ ប៉ុន្តែ លោកជំរុញរដ្ឋាភិបាលឱ្យពង្រីកប្រព័ន្ធគាំពារសង្គមបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋជាអ្នកងាយរងគ្រោះ និងអ្នករងផលប៉ះពាល់ ទទួលបានអត្ថប្រយោជន៍សង្គម៖ « អ៊ីចឹង ដល់ពេលបញ្ហានេះ ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋ ទោះបីគាត់ទទួលដំណឹង ព័ត៌មានថា មានការឆ្លងជាលក្ខណៈសហគមន៍ ជាក្ដីបារម្ភរបស់គាត់ហើយ។ តែរឿងក្រពះ គឺគាត់មានការបារម្ភជាងបញ្ហាកូវីដទៀត។ ជាពិសេស យើងមើលកម្មករ និយោជិត អ្វីជាដើម ដែលតាមការដែលយើងសាកសួរព័ត៌មាន ធ្វើការសម្ភាសន៍អ្វី បច្ចុប្បន្នហ្នឹង គាត់បារម្ភហើយ តែគាត់គ្មានជម្រើសអ្វី ដែលមិនអាចអត់ទៅធ្វើការងារ ប្រឈមហានិភ័យទេ»។
រីឯសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) ក៏អំពាវនាវដល់រដ្ឋាភិបាលឱ្យដាក់អ្នកសារព័ត៌មាន ទៅក្នុងកន្សោមអាទិភាព នៃអ្នកគួរទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ មុនគេដែរ ព្រោះអ្នកសារព័ត៌មានកំពុងបំពេញតួនាទីជាភ្នាក់ងារទំនាក់ទំនងយ៉ាងសកម្ម ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទូទៅ។
គិតត្រឹមព្រឹកថ្ងៃទី៩ ធ្នូ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥៤នាក់។ ក្នុងនោះ អ្នកជាសះស្បើយ ៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៤៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។