ក្រសួងសុខាភិបាលបន្តអំពាវនាវឲ្យជឿទុកចិត្តលើវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអះអាងថា ក្រសួងបានត្រៀមរួចជាស្រេចនូវឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ ធនធាន និងមធ្យោបាយនានា ដើម្បីឆ្លើយតបជំងឺ។ រីឯសង្គមស៊ីវិល ពិនិត្យឃើញថា វិធានការរដ្ឋាភិបាលនៅមានភាពយឺតយ៉ាវ និងស្នើសុំឲ្យបង្កើនការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋឲ្យកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនដែលមានហានិភ័យក្នុងការឆ្លងរោគពីគ្នាទៅវិញទៅមក។
ក្រសួងសុខាភិបាលសម្រេចប្រើប្រាស់សណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ (THE GREAT DUKE ) ធ្វើជាមន្ទីរពេទ្យសម្រាប់ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។ បន្ថែមពីនេះក្រសួង សម្រេចបន្ថែមអាគារថែទាំព្យាបាលដែល មានចំណុះ១០០គ្រែបន្ថែមទៀត នៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ លើសពីនេះ ក្រសួង ក៏បានអំពាវនាវសុំជំនួយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ចូលរួមប្រយុទ្ធនឹងជំងឺឆ្លងនេះដែរ ហើយក្រសួង នឹងបណ្ដុះបណ្ដាលបន្ថែមដល់គ្រូពេទ្យណាដែលចុះឈ្មោះស្ម័គ្រចិត្តចូលរួមជាមួយមន្ត្រី និងបុគ្គលិកសុខាភិបាល។
កន្លងមក ក្រសួងសុខាភិបាល បានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ រុស្ស៊ី មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងនៅសៀមរាប ព្រមទាំងមន្ទីរពេទ្យបង្អែក ចំនួន២៤ខេត្ត។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងអ្នកស្រី ឱ វណ្ណឌីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
បច្ចុប្បន្ននេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៣ករណីហើយ។ ក្នុងនោះមានចំនួន ១២នាក់ កំពុងដាក់ថែទាំ និងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ហើយ ៤នាក់ទៀតនៅមន្ទីរពេទ្យខេត្តបាត់ដំបង រីឯមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ មាន ២នាក់ ព្រះវិហារ ២នាក់ កំពង់ឆ្នាំង ៣នាក់ សៀមរាប ២នាក់ ត្បូងឃ្មុំ ២នាក់ ខេត្តកំពត ១នាក់ ហើយជនជាតិចិនម្នាក់ទៀតនៅខេត្តព្រះសីហនុ ដែលបានជាសះស្បើយហើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា មានប្រសាសន៍ថា ក្នុងចំណោមអ្នកជំងឺទាំង ២នាក់នោះ មានម្នាក់ជាជនជាតិខ្មែរទើបមកពីប្រទេសថៃ គឺមានស្ថានភាពធ្ងន់ធ្ងរបន្តិច ដូចជា ក្អក ឈឺក និងពិបាកដកដង្ហើម ចំណែកអ្នកជំងឺជាពលរដ្ឋខ្មែរឥស្លាមដែល មកពីម៉ាឡេស៊ី គឺមានស្ថានភាពធម្មតានៅឡើយ។ អ្នកជំងឺទាំងពីរកំពុងដាក់ក្នុងបន្ទប់ដាច់ដោយឡែក និងព្យាបាលដោយចិត្តទុកដាក់បំផុត។ លោក ឲ្យដឹងដែរថា នៅថ្ងៃទី១៧ ខែមីនា ក្រុមគ្រូពេទ្យ ក៏បានយកសំណាករបស់ សមាជិកគ្រួសារអ្នកជំងឺទាំងពីរ ចំនួន ១២នាក់ បូករួមទាំងជនជាតិឥណ្ឌាពីរនាក់ប្ដីប្រពន្ធ ដែលទើបមកពីឥណ្ឌាទៀត សរុបទាំងអស់ ១៤នាក់បន្ថែមទៀត។ មនុស្សទាំង១៤ នាក់នេះ តម្រូវឲ្យនៅដាច់ដោយឡែកក្នុងផ្ទះរបស់ពួកគេរយៈពេល ១៤ថ្ងៃ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ត។ ប្រធានមន្ទីរពេទ្យរូបនេះ បញ្ជាក់ទៀតថា សម្រាប់មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដូចជាមានឧបករណ៍ និងសម្ភារៈ រួមទាំង ឱសថព្យាបាលចាំបាច់គ្រប់គ្រាន់៖ « គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យនេះ ត្រូវបានបណ្ដុះបណ្ដាលឲ្យចេះទាំងអស់គ្នា ព្រោះពេលនេះ អត់មានអ្នកណារុញដាក់អ្នកណាទេ។យើងបណ្ដុះបណ្ដាលទាំងអស់ ទាំងការស្លៀកពាក់ខោអាវការពារ និងការយកសំណាកទៅពិនិត្យ គឺថាផ្លាស់ប្ដូរវេនគ្នា ត្រូវចេះទាំងអស់គ្នា លើកលែងតែខាងស្ត្រីទេ ដែលយើងមិនបង្រៀនគាត់។ ក្រៅពីនោះ គ្រូពេទ្យ ខាងថ្នាំ ខាងវះកាត់ ខាងឈាម ត្រូវតែចេះទាំងអស់គ្នា និងសម្រុកទាំងអស់គ្នា។ នៅមន្ទីរពេទ្យខេត្តនេះ យើងមានបីបន្ទប់ ហើយមួយបន្ទប់មានគ្រែ២។ ដូច្នេះ មានគ្រែ៦ និងមានមន្ទីរពេទ្យធំៗ ៣ ទៀត សម្រាប់ត្រៀម ដូច្នេះសរុបទៅមានបន្ទប់ទាំងអស់៨ សម្រាប់ជួយ » ។
រីឯប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា មានប្រសាសន៍ថា ថ្វីដ្បិតតែខេត្តស្វាយរៀង មិនទាន់រកឃើញករណីឆ្លងជំងឺកូវីដ-១៩ក្តី ប៉ុន្តែលោកអះអាងថា គ្រប់មន្ទីរពេទ្យបង្អែកក្នុងខេត្តមួយនេះ ត្រូវបានបណ្ដុះបណ្ដាល និងបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងករណីកើតឡើងជាយថាហេតុ។ លោកបន្ថែមថា មន្ទីរសុខាភិបាលខេត្ត ក៏បានចុះផ្សព្វផ្សាយអប់រំនៅតាមសហគមន៍ និងតាមសាលារៀនដែរ អំពីរបៀបធ្វើអនាម័យខ្លួនប្រាណនិងវិធីការពារជំងឺ។ លោកថាក្រៅពីនេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ក៏បានដាក់មន្ត្រី និង ម៉ាស៊ីនស្កែនកម្ដៅប្រចាំនៅច្រកទ្វារអន្តរជាតិបាវិត និងមានរៀបចំបន្ទប់ដាច់ដោយឡែកនៅទីនោះផងដែរ។ ចំពោះសម្ភារៈការពារ និងថ្នាំសង្កូវវិញ គឺប្រធានមន្ទីរពេទ្យរូបនេះ អះអាងថា ក្រសួងសុខាភិបាល បានផ្ដល់ឲ្យគ្រប់គ្រាន់តាមតម្រូវការ៖ « យើងមានរៀបចំបន្ទប់ដាច់ដោយឡែកនៅចត្តាឡឺស័កច្រកទ្វារព្រំដែនបាវិត ហើយបើមានភ្ញៀវទេសចរណា ដែលយើងសង្ស័យ គឺយើងឃាត់គាត់ដាក់ ក្នុងបន្ទប់ដាច់ដោយឡែកនោះសិន ហើយរង់ចាំឲ្យយើងពិនិត្យមើលស្ថានភាពទៀត បើសិនជាគាត់មិនមានអីទេ ឲ្យគាត់ចេញ តែបើមានការសង្ស័យ នឹងបញ្ជូនគាត់ មកបន្ទប់ដាច់ដោយ ឡែកនៅមន្ទីរពេទ្យខេត្តវិញ។ យើងមាន៥បន្ទប់ ហើយបើសិនជាមានករណីកើតឡើងច្រើន យើងនឹងរៀបចំថែមទៀត ប៉ុន្តែយើងគ្រាន់តែរៀបចំត្រៀមលក្ខណៈ៥បន្ទប់ ហើយយើងមាន មន្ទីរពេទ្យបង្អែក ៥ថែមទៀតសម្រាប់ត្រៀមដែរ » ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រចំពោះវិធានការទាំងឡាយរបស់រដ្ឋាភិបាលក្នុងការត្រៀមទប់ទល់ជាមួយជំងឺកូវីដ-១៩ ប៉ុន្តែលោកពិនិត្យឃើញថា វិធានការខ្លះហាក់យឺតយ៉ាវ ដូចជា ការប្រកាសរកក្រុមគ្រូពេទ្យស្ម័គ្រចិត្តបន្ថែមទៀតក្តី។ ចំពោះការត្រៀមកន្លែងសម្រាប់ដាក់អ្នកជំងឺវិញ លោកយល់ថា គឺជារឿងល្អ ប៉ុន្តែកន្លែងទាំងនោះ ត្រូវតែរៀបចំឲ្យមានស្តង់ដារត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកជំងឺ។ ជាមួយគ្នានេះ លោកស្នើសុំឲ្យរដ្ឋាភិបាលកាត់បន្ថយការផ្សព្វផ្សាយ គ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍ ហើយបង្កើនការផ្សព្វផ្សាយព័ត៌មានអំពីការវិវត្តន៍នៃជំងឺកូវីដ និងអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ព្រមទាំងផ្សព្វផ្សាយ សារអប់រំផ្សេងៗ ដើម្បីកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋមួយចំនួន ដែលអាចមានហានិភ័យក្នុងការឆ្លងមេរោគ៖ « ទូរទស្សន៍របស់រដ្ឋ និងឯកជនជាដើម គឺត្រូវធ្វើសកម្មភាពដូចបុណ្យអុំទូកចាក់បន្តគ្នារហូតដល់ម៉ោងណាមួយ ដើម្បីឲ្យពលរដ្ឋស្ដាប់ព័ត៌មាន បច្ចុប្បន្នភាព ហើយនឹងការអប់រំអំពីអនាម័យ ហើយនឹងការកែប្រែទម្លាប់អីផ្សេងៗ ហើយបើអាចបង្ហាញឲ្យឃើញថា តើទម្លាប់បែបណា ដែលងាយនឹងឆ្លង។ ឧទាហរណ៍ដូចជា នៅជនបទ គឺផឹកទឹកមានផ្តិលតែមួយ ហើយញាំទាំងអស់គ្នា ដូច្នេះ គឺងាយនឹងឆ្លងណាស់ » ។
លោក យង់ គិមអេង ក៏អំពាវនាវដល់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋទូទៅ ឱ្យចូលរួមផ្សព្វផ្សាយ សារអប់រំ និងសេចក្ដីណែនាំដែលចេញដោយក្រសួងសុខាភិបាលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។