រដ្ឋាភិបាលទិញមន្ទីរពេទ្យឈ្មោះ «ស្ត្រីនគរទេព» សំរាប់ផ្តល់សេវាព្យាបាលដល់អ្នកជំងឺកូវីដ-១៩ ដែលស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែមីនា នេះ ស្របពេលចំនួនអ្នកឆ្លងនិងអ្នកស្លាប់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៧ ខែមីនា រកឃើញករណីឆ្លងថ្មីចំនួន ១៧៩នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ក្នុងនោះម្នាក់ជាករណីនាំចូល។ ចំណែកករណីអ្នកស្លាប់វិញ គឺមាន២នាក់ជាស្ត្រី ក្នុងនោះម្នាក់ អាយុ ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ ដែលបានស្លាប់កាលពីរសៀលថ្ងៃទី២៦ ខែមីនា និងម្នាក់ទៀតជាស្ត្រីដែរ មានអាយុ ៧២ឆ្នាំ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ករណីស្លាប់ដោយសារកូវីដ-១៩ បានកើនដល់ ៩នាក់ ហើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យដឹងថា មន្ទីរពេទ្យស្ត្រីនគរទេពនេះ បានប្តូរឈ្មោះជា «មន្ទីរពេទ្យហ្លួងម៉ែ» វិញ ហើយបានរៀបចំរួចរាល់អស់ហើយនិងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមន្ទីរសុខាភិបាល រាជធានីភ្នំពេញបញ្ជូនទៅ។

លោកហ៊ុន សែន មិនបានបញ្ជាក់ថា មន្ទីរពេទ្យនេះមានតម្លៃប៉ុន្មានទេ ប៉ុន្តែរហូតមកដល់ការផ្សាយនេះ មានឩកញ៉ា ២នាក់ហើយ បានឧត្ថម្ភជាប្រាក់ចំនួន ៥លាន ៥សែន ដុល្លារអាមេរិក។
មន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងកាលពីឆ្នាំ២០១១ ដែលអ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។ មន្ទីរពេទ្យស្រ្ដីមួយនេះ ផ្តល់សេវាព្យាបាលដល់ស្ដ្រីដែលមានជីវភាពខ្វះខាតដើម្បីអាចទទួលសេវាបង្ការនិងព្យាបាលជំងឺមហារីកដោះ និងស្បូន។
មន្ទីរពេទ្យនគរទេព គឺជាមន្ទីរពេទ្យទីពីរហើយបន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។