មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ពីប្រទេសចិននៅក្នុងអំឡុងខែកុម្ភៈខាងមុខ។ អ្នកជំនាញ និងអ្នកវិភាគរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងយកអាយុជីវិតពលរដ្ឋទៅលេងសើច ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនជាមួយចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រកាសថា ដំណាក់កាលទី១ ប្រទេសចិន នឹងផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣០ម៉ឺនដូសមកកម្ពុជា នៅក្នុងខែកុម្ភៈខាងមុខ ហើយចិននឹងបន្តផ្តល់ឲ្យកម្ពុជាជាបន្តបន្ទាប់ទៀត រហូតគ្រប់ចំនួន ១លានដូស សម្រាប់ចាក់ការពារប្រជាពលរដ្ឋកម្ពុជា។ លោកចាត់ទុកជំនួយវ៉ាក់សាំងរបស់ចិននេះថា គឺកើតចេញពីទំនាក់ទំនងល្អរវាងមេដឹកនាំប្រទេសទាំងពីរ។ លោកបន្តថា រដ្ឋាភិបាលក៏កំពុងស្នើសុំវ៉ាក់សាំងពីប្រទេសឥណ្ឌា និងប្រទេសរុស្ស៊ីដែរ ប៉ុន្តែប្រទេសទាំងពីរនេះ មិនទាន់ឆ្លើយតបបែបណានៅឡើយទេ។ លោក ទៀ បាញ់ អះអាងបែបនេះ នៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំការកីឡាអាស៊ី អាគ្នេយ៍ កាលពីថ្ងៃទី១៨ ខែមករា នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្រុងភ្នំពេញ៖ «ខែក្រោយហ្នឹងគឺបានមក ៣សែនដូស បានន័យថា ៣០ម៉ឺនដូសនេះ គឺក៏វាគួរសមដែរ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បីបញ្ជាក់រឿងនេះបន្ថែមបានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួលនៅថ្ងៃទី១៩ មករា។ ទោះជាយ៉ាងណាក្ដី អ្នកស្រី ឱ វណ្ណឌីន ប្រាប់សារព័ត៌មានក្នុងស្រុកថា វ៉ាក់សាំងកូវីដ ដែលផលិតដោយក្រុមហ៊ុនរបស់ចិន ឈ្មោះស៊ីណូហ្វាម (Sinopharm) ពិតជានឹងមកដល់កម្ពុជា ក្នុងអំឡុងខែកុម្ភៈ។ អ្នកស្រី អះអាងថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពកម្រិត ៧៩,៣៤ភាគរយ ហើយក្រុមហ៊ុនមួយនេះ ក៏បានដាក់ជូនទៅអង្គការសុខភាពពិភពលោក (WHO) ដើម្បីពិនិត្យវាយតម្លៃរួចហើយ ប៉ុន្តែមកទល់ពេលនេះ អង្គការសុខភាពពិភពលោកនៅមិនទាន់ប្រកាសទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅឡើយទេ។
ទាក់ទងករណីនេះ ឱសថការី លីម សួរ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី មានប្រសាសន៍ថា ការផលិតវ៉ាក់សាំងរបស់ចិននេះ ហាក់មិនបានបង្ហាញព័ត៌មានលម្អិតដល់ពិភពលោកអំពីដំណើរការផលិត ដូចជា រូបមន្ត និងការធ្វើតេស្តសាកល្បងបែបណាខ្លះនោះទេ។ លោកយល់ថា រដ្ឋាភិបាលកម្ពុជា គួរតែបង្កើតគណៈកម្មការជំនាញ ត្រួតពិនិត្យគុណភាពវ៉ាក់សាំងឲ្យបានច្បាស់លាស់ ឬគួរតែរង់ចាំឲ្យមានការទទួលស្គាល់ពីអង្គការសុខភាពលោកជាមុនសិន ដោយមិនគួរឆាប់ជឿទៅលើការអះអាងរបស់ចិនទាំងស្រុងនោះទេ៖ «ដូចជា ហ្វៃហ្ស៊ើរ (Pfizer) វា ដេវ៉ែលឡូប (develop) វាស្ដាត (start) ពីឆ្នាំពីពេលណា ហើយចាប់ផ្ដើមសាកទៅលើអ្វីមកទល់សព្វថ្ងៃនេះយ៉ាងម៉េច ត្រូវការទុកក្នុងកំដៅយ៉ាងម៉េចច្បាស់លាស់ ហើយពួកអាស្រ្តាហ្សេនេកា (AstraZeneca) ក៏អ៊ីចឹង ម៉ូដឺណា (Moderna) ក៏អ៊ីចឹងដែរ ខ្ញុំដឹងច្បាស់លាស់។ ប៉ុន្តែចិនអត់ដែលឃើញជាលាយលក្ខណ៍អក្សរ។ ចំពោះខ្ញុំអត់ដែលបានឃើញសោះ។ ចំពោះទស្សនៈខ្ញុំផ្ទាល់ បើឲ្យខ្ញុំចាក់វិញ ខ្ញុំក៏មិនហ៊ានដែរ ព្រោះខ្ញុំអត់បានដឹងអំពីការស្រាវជ្រាវរបៀបម៉េច ការផ្សំវ៉ាក់សាំងហ្នឹងរបៀបម៉េច និងការសាកល្បងរបៀបម៉េចរហូតមកដល់ពេលនេះ »។
កន្លងមក អង្គការសុខភាពពិភពលោក បានទទួលស្គាល់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនហ្វាយហ្សឺ និងបាយអូអេនថិក (Pfizer/BioNTech) របស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។
អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា មូលហេតុដែលលោក ហ៊ុន សែន ពន្លឿនទទួលយកវ៉ាក់សាំងពីចិននេះ មិនមែនដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ នោះទេ ព្រោះស្ថានភាពកូវីដនៅកម្ពុជា មិនទាន់ដល់ដំណាក់កាលអាសន្ន រហូតមិនអាចរង់ចាំវ៉ាក់សាំងដែលមានការទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោកនោះទេ។ លោកជឿថា ពលរដ្ឋភាគច្រើន ក៏មិនហ៊ានចាក់វ៉ាក់សាំងរបស់ចិនដែរ៖ «ទីមួយ លោក ហ៊ុន សែន សាកល្បងស្ទង់មតិរបស់ប្រជាពលរដ្ឋ។ បើពលរដ្ឋព្រមទទួលវ៉ាក់សាំងហ្នឹងច្រើន គាត់អាចយកទៅឃោសនាថា ពលរដ្ឋទុកចិត្តលើទំនាក់ទំនង ហ៊ុន សែន ចិន។ ទីពីរ គឺជាការប្រឹងប្រែងផ្សាយអំពីសមត្ថភាពវេជ្ជសាស្រ្តរបស់ចិន ទល់នឹងសហរដ្ឋអាមេរិក និងអឺរ៉ុប នៅពេលដែលអាមេរិក និងអឺរ៉ុបរកឃើញវ៉ាក់សាំងដែលពិភពលោកអាចទុកចិត្តបាន។ ទីបី គឺលោក ហ៊ុន សែន ប្រុងបំប៉ោងព័ត៌មានកាន់តែធំឡើង ក្នុងការណ៍ដែលគាត់អាចបិទបាំងនូវរឿងមួយចំនួន ដែលគាត់កំពុងតែជួយយួន និងល្បែងការពារអំណាចរបស់គាត់ ក្នុងនយោបាយសេដ្ឋកិច្ចលាងលុយកខ្វក់ជុំវិញគ្រួសារគាត់ជាដើម»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោកតែងប្រកាសក្តែងៗថា កម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយយកប្រជាពលរដ្ឋខ្លួនធ្វើជាធុងសំរាមពិសោធន៍ ឬជាសត្វកណ្ដុរសម្រាប់ពិសោធន៍ប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩ នេះឡើយ ហើយថា កម្ពុជាសុខចិត្តរង់ចាំទទួលយក ឬទិញវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ក៏ប៉ុន្តែមេដឹកនាំដែលមានរហស្សនាមថា បុរសសង្ហារដើរបញ្ច្រាសទិសរូបនេះ បានផ្លាស់ប្ដូរចិត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលមិនដល់ ១ខែផង ដោយលោកបានដើរសុំជំនួយវ៉ាក់សាំងពីប្រទេសមួយចំនួន ដែលមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកទៅវិញ។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន នៅមិនទាន់បញ្ជាក់ថា នឹងប្រើថវិកាដែលប្រមូលបានពីសប្បុរសជនកន្លងទៅនោះ ទៅទិញវ៉ាក់សាំងពីប្រទេសណានៅឡើយនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។