ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ទទួលបន្ទុកផ្នែកសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី អំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកកញ្ចប់ថវិកាផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
អ្នកតំណាងរាស្ត្រថ្លែងបែបនេះ គឺនៅពេលផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ខណៈចុះជួបសំណេះសំណាលផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋនៅវត្តរកា ឃុំរកា កាលពីរសៀលថ្ងៃទី២០ ធ្នូ កន្លងទៅ។
ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា អ្នកស្រី កែសុវណ្ណរតន៍ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា កុំឲ្យព្រួយបារម្ភនិងបាត់ស្មារតីចំពោះមេរោគដែលកើតឡើងក្នុងភូមិរកានោះ។ទោះជាយ៉ាងនេះអ្នកស្រីអំពាវនាវឲ្យរដ្ឋាភិបាលគួរស្វែងរកកញ្ចប់ថវិកាផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋដែលរកឃើញមានផ្ទុកមេរោគអេដស៍នៅមណ្ឌលសុខភាពរកានោះ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៖ «ត្រូវតែគិតគូរចំពោះរឿងនេះ ពីព្រោះប្រជាពលរដ្ឋដែលឆ្លងមេរោគអេដស៍នេះមានចំនួនច្រើនណាស់ ហើយមានគ្រួសារខ្លះកើតដល់ទៅ ៣នាក់អីអ៊ីចឹង ហើយមានទាំងក្មេងទាំងមនុស្ស។ដូច្នេះពួកគាត់ច្បាស់ជាជួបនៅការលំបាកជាមិនខាន»។
អ្នកស្រីបន្តទៀតថា ហេតុដែលឆ្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋដ៏ច្រើនបែបនេះ គឺកើតឡើងដោយសារការធ្វេសប្រហែសរបស់មន្ត្រីសុខាភិបាលដែលពុំមានវិធានការទៅលើគ្រូពេទ្យឲ្យបានត្រឹមត្រូវ៖ «អ៊ីចឹងដើម្បីធានានូវអាយុជីវិតរបស់មនុស្សក្រសួងសុខាភិបាលត្រូវរឹតបន្តឹងទៅលើគ្រូពេទ្យដែលគ្មានសញ្ញាប័ត្រត្រឹមត្រូវមិនឲ្យព្យាបាលប្រជាពលរដ្ឋ និងឲ្យគ្រូពេទ្យទទួលខុសត្រូវខ្ពស់ដល់ការព្យាបាលអ្នកជំងឺ»។
ទាក់ទងនឹងបញ្ហានេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ខណៈចុះសំណេះសំណាលផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋនៅភូមិរកា កាលពីថ្ងៃទី១៨ ធ្នូ ថា ឲ្យពួកគាត់យកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ ហើយថា លោកនឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញបន្ថែមទៀតចុះមកស្រាវជ្រាវ និងតាមដានមេរោគនេះដល់ប្រជាពលរដ្ឋនៅមណ្ឌលសុខភាពរកា៖ «សូមជម្រាបជូនថា យើងមានក្រុមពេទ្យរបស់យើងហ្នឹងចុះធ្វើការការងារនេះជាមួយអាជ្ញាធរមូលដ្ឋានបន្ថែមទៀត ដូចនេះសុំឲ្យបងប្អូនដែលបានមកពិនិត្យជំងឺជួយសហការឲ្យបានល្អជាមួយនឹងគ្រូពេទ្យរបស់យើង»។
ទោះជាយ៉ាងនេះក្ដី ក្រុមប្រជាពលរដ្ឋនៅតំបន់ឃុំរកា កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះមេរោគអេដស៍ដែលកើតនៅក្នុងភូមិស្រុករបស់ពួកគាត់នេះ។ អ្នកភូមិថ្លែងបន្តថា រហូតមកទប់ពេលនេះ ពុំមានអាជ្ញាធរណាផ្ដល់ជំនួយដល់ក្រុមអ្នកដែលផ្ទុកមេរោគអេដស៍ ដើម្បីយកទៅដោះស្រាយជីវភាពគ្រួសារនៅឡើយទេ៖ «សុំឲ្យរដ្ឋាភិបាលជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ផង ព្រោះភាគច្រើនសុទ្ធតែអ្នកក្រីក្រ ជួបការខ្វះខាត មិនអាចជួយខ្លួនឯងបាននោះទេ។ ខ្ញុំព្រួយបារម្ភណាស់បានជាពួកនាំគ្នាមកពិនិត្យឈាមនេះ ហើយមិនទាន់បានទទួលថ្នាំពីគ្រូពេទ្យនៅឡើយទេ»។
ទាក់ទងនឹងបញ្ហានេះដែរ ទីប្រឹក្សាបច្ចេកទេសអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថា អង្គការខាណា (Khana) លោកវេជ្ជបណ្ឌិត នី សុជាតិ មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ត្រូវថែរក្សាសុខភាពឲ្យបានល្អ ហើយត្រូវទៅរកសេវាព្យាបាលពីគ្រូពេទ្យឲ្យបានឆាប់ជាការប្រសើរ។
លោកបន្តទៀតថា នៅពេលដែលអ្នកឆ្លងមេរោគបានទទួលសេវាហើយ ពួកគាត់ត្រូវទៅជួបគ្រូពេទ្យតាមការកំណត់ឲ្យបានទៀងទាត់៖ «បាទ! ចំពោះជំងឺអេដស៍នេះយើងដឹងហើយពុំមានថ្នាំណាព្យាបាលជានោះទេ។ ប៉ុន្តែមានថ្នាំអាចជួយកាត់បន្ថយឲ្យអ្នកដែលផ្ទុកមេរោគអេដស៍ឲ្យរស់បានដូចមនុស្សធម្មតាដែរ»។
នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកវេជ្ជបណ្ឌិត ដេលីយ៉េ ហ្វង់តេនីល (Didier Fontenille) ប្រាប់អ្នកកាសែតក្នុងស្រុកថា អ្នកផ្ទុកមេរោគអេដស៍ឃុំរកា ស្រុកសង្កែ នៅខេត្តបាត់ដំបង កើនឡើងរហូតដល់ ១៤០នាក់ហើយ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ។ ចំនួននេះអាចនឹងកើនឡើងបន្តទៀត នៅពេលពលរដ្ឋកាន់តែច្រើនសម្រុកធ្វើតេស្តឈាមរកមេរោគអេដស៍នោះ។
ទាក់ទងនឹងបញ្ហានេះដែរ នៅរសៀលថ្ងៃទី២១ ធ្នូ សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជូនខ្លួនគ្រូពេទ្យ ឈ្មោះ លោក យ៉ែម ជ្រិន អាយុ ៥៥ឆ្នាំ ដែលអ្នកភូមិសង្ស័យថា ជាដើមចងចម្លងមេរោគអេដស៍ដល់ប្រជាពលរដ្ឋនៅឃុំរកានោះ ទៅតុលាការខេត្តបាត់ដំបងហើយ ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។