តើ​មូលហេតុ​អ្វី ដែល​នាំ​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា (A)?

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី រួម​មាន​ពលរដ្ឋ​ខ្មែរ​ផង ភាគ​ច្រើន​កើត​ជំងឺ​រលាក​ថ្លើម ប្រភេទ អា បេ និង សេ (A, B, C)។ ជំងឺ​រលាក​ថ្លើម មាន៥ប្រភេទ គឺ​ប្រភេទ អា (A), បេ (B), សេ (C), ដេ (D) និង អឺ (E)។

អង្គការ​សុខភាព​ពិភពលោក (World Health Organization-WHO) ឲ្យ​ដឹង​ថា ជំងឺ​រលាក​ថ្លើម ឬ​ភាសា​អង់គ្លេស​ហៅ​ថា Hepatitis គឺ​បង្ក​ឡើង​ដោយ​មេរោគ ឬ​វីរុស (Virus) ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ថ្លើម​រលាក ហើម និង​ក្រិន។​ ជំងឺ​រលាក​ថ្លើម​ប្រភេទ អា (A) ឆ្លង​តាម​រយៈ​ម្ហូប​អាហារ និង​ទឹក​មិន​ស្អាត គ្មាន​អនាម័យ និង​ឆ្លង​ពី​មនុស្ស​កើត​ជំងឺ​ប្រភេទ​នេះ។ អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ថា អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា (Hepatitis A) គឺ​ស្ទើរ​តែ​ទាំង​អស់​អាច​ជា​សះ​ស្បើយ​ឡើង​វិញ ហើយ​មួយ​ជីវិត​របស់​ពួក​គេ គឺ​មិន​អាច​ឆ្លង និង​កើត​ជំងឺ​នេះ​ម្ដង​ទៀត​នោះ​ឡើយ។ មនុស្ស​ភាគ​ច្រើន​ដែល​កើត និង​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទA គឺ​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ រហូត​ដល់​ពីរ ឬ​បី​សប្ដាហ៍ ក្រោយ ដែល​មាន​ផ្ទុក​វីរុស​ក្នុង​ខ្លួន​ហើយ ទើប​បង្ហាញ​រោគសញ្ញា​ខ្លះៗ ដូចជា អស់​កម្លាំង​ ក្ដៅ​ខ្លួន​​ ក្អួត ឈឺ​​ពោះ​ជា​ពិសេស​ឈឺ​នៅ​ម្ដុំ​ថ្លើម​ ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​លើ​ពោះ ហើយ​ស្បែក និង​ភ្នែក​ឡើង​លឿង​ជា​ដើម។

អនុបណ្ឌិត​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ទូទៅ លោក ឆាន់ ទូច ដែល​បច្ចុប្បន្ន​រស់​នៅ​ក្រុង ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា ពលរដ្ឋ​នៅ​ទ្វីប​អាស៊ី រាប់​ទាំង​នៅ​កម្ពុជា​ផង ច្រើន​កើត​ជំងឺ​ថ្លើម​ប្រភេទ A, B និង C។ លោក​បន្ត​ថា ជំងឺ​រលាក​ថ្លើម ទាំង ៣ប្រភេទ​នេះ គឺ​មាន​លក្ខណៈ​ខុសៗ គ្នា ហើយ​ការ​ឆ្លង និង​ការ​ព្យាបាល​ក៏​ខុស​គ្នា​ដែរ។ លោក​ថា មាន​អ្នក​ខ្លះ​យល់​ច្រឡំ​ថា អ្នក​ដែល​កើត​ជំងឺ​ប្រភេទ អា (A) រួច​មក​នឹង​ក្លាយ​ទៅ​ជា​ប្រភេទ បេ (B) ហើយ​បន្ទាប់​មក​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​ថ្លើម​ប្រភេទ សេ (C)។ ក៏​ប៉ុន្តែ លោក​អនុបណ្ឌិត ឆាន់ ទូច បញ្ជាក់​ថា តាម​ពិត គឺ​អត់​អ៊ីចឹង​ទេ ហើយ​ជំងឺ​ប្រភេទ​នីមួយៗ នេះ​ គឺ​ខុស​គ្នា​ដាច់​ស្រឡះ៖ « និយាយ​ឲ្យ​ចំ​ទៅ Hepatitis A មិន​បាច់​ព្យាបាល​ទេ ឲ្យ​តែ​សុខភាព​ល្អ​ទៅ ហើយ​នៅ​ពេល​យើង​ដឹង​អ៊ីចឹង​ហើយ យើង​កុំ​ពិសា​ស្រា ហ្នឹង​អាច​ជា​ដោយ​ខ្លួន​ឯង ។ ប៉ុន្តែ​បើ​ចង់​ដឹង​ច្បាស់ យើង​ទៅ​ពិនិត្យ​ឈាម​បាន​គេ​ដឹង »តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​កើត​ជំងឺ​រលាក​ថ្លើម ប្រភេទ អា ?

អនុបណ្ឌិត​វេជ្ជសាស្ត្រ ឆាន់ ទូច បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​ប្រភេទ អា គឺ​បណ្ដាល​មក​ពី​ការ​រស់​នៅ​គ្មាន​អនាម័យ ដូចជា បរិភោគ​ម្ហូប​អាហារ និង​ទឹក​មិនស្អាត ដែល​នាំ​ឲ្យ​ឆ្លង​វីរុស។ លោក​ថា នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ជីរ​លាមក ឬ​ការ​បន្ទោបង់​គ្មាន​បង្គន់​អនាម័យ​ត្រឹម​ត្រូវ និង​ការ​ទទួល​ទាន​ទឹក ឬ​បន្លែ​មិន​ស្អាត​មាន​មេរោគ​នោះ​ហើយ គឺ​ជា​មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​ឆ្លង និង​កើត​ជំងឺ​ប្រភេទ អា (A) នេះ៖ « ការ​ឆ្លង​របស់​វា គឺ​តាម​លា​មក និង​តាម​មាត់។ បាន​សេចក្ដី​ថា នៅ​ស្រុក​ខ្មែរ​យើង យើង​ដឹង​ហើយ​យើង​ប្រើ​ជីរ​លេខ១ ហើយ​ខ្លះ​បត់​ជើង​ធំ​នៅ​ក្នុង​ទឹក​ទន្លេ ហើយ​ញ៉ាំ​មិន​ស្អាត ដូច្នេះ​ការ​រស់​នៅ​ស្រុក​ខ្មែរ​ជីវភាព​ខ្វះ​ខាត ដូច​នៅ​ជនបទ ដែល​គ្មាន​ទឹក​ស្អាត ច្រើន​តែ​កើត​ជំងឺ Hepatitis A ព្រោះ​វា​ឆ្លង »
អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​លោក វេជ្ជបណ្ឌិត សុខទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ទេ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ដោយ​លោក​ពុំ​លើក​ទូរស័ព្ទ។

ចំណែក​ក្នុង​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល​វិញ ក៏​មិន​មាន​ការ​បញ្ជាក់​ថា តើ​នៅ​កម្ពុជា មាន​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​ជំងឺ​ថ្លើម​ប្រភេទ អា នេះ?។ ក៏​ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក​នេះ​វិញ គេ​មាន​វ៉ាក់សាំង​ចាក់ ២ដង (២ Doses) សម្រាប់​បង្កើន​អង្គ​បដិបក្ខ ដើម្បី​ប្រឆាំង និង​ការពារ​ជំងឺ​ឆ្លង​ប្រភេទ អា នេះ។ បន្ថែម​ពី​នេះ​នៅ​ពេល​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ទៅ​លេង​ប្រទេស​កម្ពុជា​ម្តងៗ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង ផ្ដល់​ដំបូន្មាន​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ ដូច​ជា ចាក់​ថ្នាំ​ការពារ មេរោគ​រលាក​ថ្លើម​ប្រភេទ អា ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ពោះវៀន​ជា​ដើម។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ឲ្យ​ដឹង​ថា ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ដែល​គ្មាន​អនាម័យ​ក្នុង​ការ​រស់នៅ និង​ការ​ទទួល​ទាន​ទឹក និង​ម្ហូប​អាហារ​មិន​ស្អាត បណ្ដាល​ឲ្យ​កើត​ជំងឺ​ថ្លើម​ប្រភេទ អា នេះ​ច្រើន​ណាស់ ជា​ពិសេស កុមារ​ក្រោម ១០ឆ្នាំ​ ប្រមាណជា៩០% កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា ឬ Hepatitis A នេះ។ ហើយ​ជំងឺ​នេះ​អាច​ផ្ទុះ​រីក​រាលដាល​ខ្លាំង ប្រសិន​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេល​វេលា។ ម្ល៉ោះ​ហើយ​បាន​ជា អង្គការ​សុខភាព​ពិភពលោក ទាមទារ​ឱ្យ​ប្រទេស​នីមួយៗ មាន​ផែនការ​ច្បាស់លាស់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា នេះ។

តើ​ជំងឺ​ថ្លើម​ប្រភេទ អា នេះ មាន​រោគសញ្ញា​អ្វី​ខ្លះ ?

គេហទំព័រ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​ជំងឺ​រលាក​ថ្លើម បង្ហាញ​ដូច​គ្នា​ថា ជំងឺ​ថ្លើម​ប្រភេទ អា (A) គេ​អាច​កត់​សំគាល់​រោគ​សញ្ញា​របស់​វា​មួយ​ចំនួន ដូច​ជា អស់​កម្លាំង មិន​សូវ​ឃ្លាន ចង់​ក្អួត ឈឺ​ពោះ​អត់​ឈប់ ជាពិសេស ឈឺ​នៅ​ម្ដុំ​កន្លែង​ថ្លើម លាមក​ដូរ​ពណ៌ និង​ឈឺ​សន្លាក់​ដៃ​ជើង​ជាដើម។

លោក​អនុបណ្ឌិត​វេជ្ជសាស្ត្រ ឆាន់ ទូច អះអាង​ថា គេ​អាច​ដឹង​ច្បាស់​ថា អ្នក​មាន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា គឺ​តាម​ការ​ធ្វើ​តេស្ត​ឈាម​រក​វីរុស។ លោក​ថា​ជំងឺ​នេះ គឺ​កើត​ឡើង​បណ្ដោះអាសន្ន ហើយ​បើ​សិន​ជា​បុគ្គល​នោះ​មាន​សុខភាព​ល្អ មិន​ចាំ​បាច់​ប្រើ​ថ្នាំ​ព្យាបាល​ទេ គឺ​វា​អាច​ជា​សះ​ស្បើយ​វិញ​ដោយ​ខ្លួន​ឯង៖ « រោគ​សញ្ញា​វា​អាច​មាន​បញ្ហា​ច្រើន។ ចាប់​ផ្ដើម​ដូច​ជា​គ្រុន​ក្ដៅ អត់​កម្លាំង​ល្ហិតល្ហៃ ជួន​កាល​ស្បែក​ឡើង​លឿង។ ជួន​កាល​បត់​ជើង​តូច​មក​ទឹក​ថ្លា​ឆ្វង់​តែ​ម្ដង​អត់​ពណ៌​ទេ។ ប៉ុន្តែ​បើ​យើង​មាន​សុខភាព​ល្អ អត់​មាន​ជំងឺ​ឆ្លង អេច្ឆ.អាយ.វី (HIV) ឬ​អត់​មាន​ជំងឺ​មហារីក នោះ​វា​គ្រាន់​តែ​បណ្ដោះអាសន្ន​ទេ វា​កើត​ហើយ​បាត់​ទៅ​វិញ ហើយ​ពេល​ជា​បាត់​ទៅ​ហើយ នឹង​បង្កើត​ជា​អង្គ​បដិបក្ខ​សម្រាប់​សរីរាង្គ​យើង ដោយ​មិន​អាច​កើត​ឡើង​វិញ​នោះ​បាន​ទេ »

អង្គការ​សុខភាព​ពិភព​លោក​ឲ្យ​ដឹង​ថា ភាគច្រើន អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា មិន​ទាំង​ដឹង​ថា ខ្លួន​មាន​មេរោគ​នេះ​ផង បើ​ទោះ​បី​ជា​មាន​រោគសញ្ញា​ខ្លះ ដូច​ជា គ្រុនក្ដៅ ឬ​អស់​កម្លាំង​ក៏​ដោយ ដោយសារ​ភាគ​ច្រើន​គិត​ថា ខ្លួន​ឈឺ​ថ្កាត់​ធម្មតា​ ដូច​ជា គ្រុន​ផ្ដាសាយ​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ។

តើ​មាន​វិធី​ណា​ខ្លះ ដើម្បី​ការពារ​មិន​ឲ្យ​ឆ្លង និង​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា នេះ ?

ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​រលាក​ថ្លើម និង​របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក បង្ហាញ​លទ្ធផល​ដូច​គ្នា​ថា ដើម្បី​ការពារ​កុំ​ឲ្យ​កើត និង​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា (A) ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​ ត្រូវ​បង្កើន​ការ​រស់នៅ​ប្រកប​ដោយ​អនាម័យ​ស្អាត​ល្អ ពង្រឹង​សុវត្ថិភាព​នៃ​ម្ហូប​អាហារ និង​ទឹក ជា​ពិសេស គឺ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ។

ចំណែក​លោក​អនុបណ្ឌិត​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ទូទៅ ឆាន់ ទូច ក៏​បាន​ផ្ដល់​ដំបូន្មាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថា ត្រូវ​បញ្ឈប់​ការ​ប្រើ​ជីរ​លាមក​លើ​ដំណាំ​បន្លែ ដាំ​ទឹក​បរិភោគ​រាល់​ថ្ងៃ និង​ត្រូវ​មាន​អនាម័យ​ខ្ពស់​ទាំង​រូបរាង​កាយ និង​កន្លែង​រស់​នៅ៖ « បើ​អ្នក​ដាំ​បន្លែ សូមកុំប្រើជីរលេខ១ ( ជីរ​លាមក ) ព្រោះ​វា​ធ្វើ​ឲ្យ​បន្លែ​ល្អ​មែន តែ​វា​ផ្ទុក​ដោយ​មេរោគ​ច្រើន ហើយ​ញ៉ាំ​ទៅ គឺ​វា​អាច​ឆ្លង​វីរុស អេ ហ្នឹង​បញ្ហា​ទី១។ បញ្ហាទី២ បើ​សិន​អត់​មាន​ទឹក​ល្អ​ស្អាត គឺ​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ​បាន ១៥នាទី ទើប​ទទួល​ទាន ហ្នឹង​អាច​សម្លាប់​មេរោគ​បាន ហើយ​ពិសេស​ទៅ​ទៀត ខ្ញុំ​មិន​ដឹង​ថា នៅ​ស្រុក​ខ្មែរ​មាន​វ៉ាក់សាំង​ការពារ​បង្ការ នោះ ឬ​អត់​ទេ ប៉ុន្តែ​បើ​យើង​ចាក់​វ៉ាក់សាំង​ការពារ នោះ​នឹង​អាច​កាត់​បន្ថយ​នៃ​ជំងឺ​នេះ​បាន »

អង្គការសុខភាព​ពិភពលោក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ បង្កើន​វិធានការ​ចាំបាច់​មួយ​ចំនួន ដូចជា ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ទូទៅ​ ឲ្យ​យល់​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព ផ្ដល់​សេវា​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ ជាពិសេស​ដល់​កុមារ ព្រម​ទាំង​បង្កើន​ការ​រស់​នៅ​ឲ្យ​បាន​ស្អាត និង​មាន​អនាម័យ​ខ្ពស់​ជា​ដើម។ បន្ថែម​ពី​នេះ អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ប្រកាស​យក​ថ្ងៃ២៨ ខែ​កក្កដា រៀងរាល់​ឆ្នាំ ជា«ទិវា​ជំងឺ​រលាក​ថ្លើម​ពិភពលោក» ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​វិធានការ​សមស្រប​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់ និង​បង្ការ​ជំងឺ​ឆ្លង​ប្រភេទ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។