ការ​បង្កើន​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូពេទ្យ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

វិស័យ​សុខាភិបាល បាន​រង​ការ​រិះគន់​ជាច្រើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ជុំវិញ​គ្រូពេទ្យ​មិន​បាន​គោរព​ក្រម​សីលធម៌​គ្រូពេទ្យ និង​បាត់បង់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ជំងឺ ជាពិសេស​ករណី​ដែល​ធ្វើ​ឲ្យ​ស្ត្រី​លក់​លៀស​ហាល​ម្នាក់ សម្រាល​កូន​នៅ​លើ​ផ្លូវ​រថភ្លើង​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង​មក។

រឿង​អាស្រូវ​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល ព្យាយាម​កែខៃ​ឡើង​វិញ តាម​រយៈ​ចាត់​វិធាន​ការ​ហ្មត់ចត់​ដាក់​ទោស​ទណ្ឌ​ចំពោះ​គ្រូពេទ្យ​ដែល​ប្រព្រឹត្ត​ខុស អប់រំ​ពង្រឹង​ពី​ក្រម​សីលធម៌​គ្រូពេទ្យ និង​ដាស់​តឿន​ឲ្យ​គ្រូពេទ្យ​ទាំងអស់ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ មើល​ថែ​អ្នក​ជំងឺ​ឲ្យ​បាន​ល្អ ជាពិសេស​ចំ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ភាគ​ច្រើន​គ្រូពេទ្យ​ត្រូវ​ឈប់​សម្រាក។

មន្ត្រី​សុខាភិបាល បាន​ប្រកាស​ថា គ្រូពេទ្យ​គ្រប់​ជំនាញ​ទទួល​ខុស​ត្រូវ​ការងារ​យាម ឬ​ប្រចាំ​ការ ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ ដើម្បី​កុំ​ឲ្យ​មាន​ថ្លោះធ្លោយ​កើត​មាន​ចំពោះ​អ្នក​ជម្ងឺ​ដែល​មក​ពិនិត្យ​ព្យាបាល។

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​គ្រូពេទ្យ​ខ្លះ​ត្រូវ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ប៉ុន្តែ​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ចំនួន ៣៤ នៅ​រាជធានី​ភ្នំពេញ បាន​បែង​ចែក និង​ដាក់​វេន​គ្នា​ប្រចាំ​ការ​តាម​ថ្ងៃ​នីមួយៗ។ លោក​ពន្យល់​ថា កាតព្វកិច្ច​របស់​គ្រូពេទ្យ មាន​ភារៈ​សំខាន់​សម្រាប់​សង្គ្រោះ​អ្នក​ជំងឺ ដូច្នេះ​គ្រប់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ទាំងអស់ បាន​បើក​ទ្វារ ២៤​ម៉ោង លើ ២៤​ម៉ោង ដោយ​មិន​បិទ​ទ្វារ​ឈប់​សម្រាក​ដូច​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ឯ​ទៀត​នោះ​ទេ៖ «ថ្វី​ត្បិត​តែ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាន​មែន ប៉ុន្តែ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​យើង​មិន​ឲ្យ​សម្រាក​ទេ គឺ​ពេទ្យ​ប្រចាំ​ការ គឺ​ផ្លាស់​ប្ដូរ​វេន​គ្នា​រហូត»

លោក សុខ សុគន្ធ បន្ថែម​ថា ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ក្រសួង​សុខាភិបាល​ក៏​បាន​ត្រៀម​ឡាន​សាម៉ុយ​ជាច្រើន​គ្រឿង ឲ្យ​ប្រចាំ​ការ​នៅ​តាម​មន្ទីរពេទ្យ និង​នៅ​តាម​គោលដៅ​សំខាន់ៗ សម្រាប់​សង្គ្រោះ​បន្ទាន់ ជាពិសេស​នៅ​ជិត​រមណីយដ្ឋាន​វត្តភ្នំ ដែល​មាន​ការ​ប្រគំ​តន្ត្រី មាន​លេង​ល្បែង​របាំ​ប្រជាប្រិយ ដែល​មាន​មនុស្ស​ម្នា​ជាច្រើន​ចូលរួម​កុះករ។ បញ្ហា​មួយ​ទៀត​ដែល​គ្រូពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដែរ​ចំពោះ​ការ​ជួយ​សង្គ្រោះ​បន្ទាន់ គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍៖ «គ្រោះថ្នាក់​ចរាចរណ៍ ក៏​យើង​មាន​ឡាន​សាម៉ុយ ប្រចាំ​ការ​នៅ​តាម​មន្ទីរពេទ្យ​ដែរ យើង​ត្រៀម​រហូត​មិន​ថា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​មែន​តែ​យើង​ត្រៀម​អ៊ីចឹង​ចំពោះ​ពេទ្យ​ត្រៀម​ប្រចាំ​ការ និង​ទទួល​ជួយ​សង្គ្រោះ​គ្រប់​ពេល»

ការ​បែង​ចែក​មន្ត្រី​ពេទ្យ​ឲ្យ​ប្រចាំ​ការ​មាន​ជា​ទៀងទាត់​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព មិន​ថា​ក្នុង​ថ្ងៃ​បុណ្យ​ទាន ឬ​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្ដាហ៍​ទេ។ ប៉ុន្តែ បញ្ហា​ធ្វេសប្រហែស ឬ​ការ​មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​បុគ្គល​ពេទ្យ​ផ្ទាល់​ជា​រឿង​ចាំបាច់។

កន្លង​មក មាន​រឿង​អាស្រូវ​ជាច្រើន​ជុំវិញ​ការ​ធ្វេសប្រហែស ការ​មិន​គោរព​ក្រម​សីលធម៌ និង​ការ​រើសអើង​អ្នក​ជំងឺ សុទ្ធ​សឹង​ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ការ​ថ្លោះធ្លោយ​អាយុ​ជីវិត​មនុស្ស និង​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​សម្រាល​កូន​នៅ​តាម​ផ្លូវ​ជាដើម។

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ កុមារា​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ស្លាប់​ដោយសារ​ពស់​ចឹក ក្រោយ​ពី​វេជ្ជបណ្ឌិត​បាន​បដិសេធ​មិន​ផ្តល់​ឱសថ​ព្យាបាល​ចំពោះ​កុមារ​នោះ ដោយ​សម្អាង​ថា ឱសថ​នេះ​គឺ​រក្សា​ទុក​ព្យាបាល​ចំពោះ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់​ដីធ្លី​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល លោក ហ៊ុន សែន។

ហើយ​ចំ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន កាល​ពី​ដើម​ខែ​កុម្ភៈ មាន​ស្ត្រី​លក់​លៀស​ហាល​ម្នាក់ ឈ្មោះ ជា ចែត បាន​ឈឺ​ពោះ​សម្រាល​កូន​ស្រី​នៅ​លើ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក្រោយ​ពី​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​បង្អែក​សម្ដេចឪ ក្នុង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ទទួល​ព្យាបាល។

បញ្ហា​សម្រាល​កូន​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ការ​បារម្ភ​របស់​គ្រូពេទ្យ។ អនុប្រធាន​មណ្ឌល​សុខភាព​ទឹក​ថ្លា លោក ឃួន សាវ៉ន ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទាំង ៣​ថ្ងៃ ខាង​មណ្ឌល​សុខភាព​ពង្រឹង​សំខាន់​ទៅ​លើ​ជំនាញ​ពេទ្យ​ឆ្មប និង​បាន​ចាត់​ចែង​ឲ្យ​ពេទ្យ​ឆ្មប ៣ ទៅ ៤​នាក់ ត្រូវ​ប្រចាំ​ការ​ពេញ ២៤​ម៉ោង ទៅ​តាម​វេន​របស់​ខ្លួន ហើយ​គ្រូពេទ្យ​ជំងឺ​ទូទៅ ១ ឬ ២​នាក់ ក៏​ត្រូវ​ប្រចាំ​ការ​ដែរ៖ «ការ​ពិត​ទៅ យើង​ពង្រឹង​ឆ្មប​ខ្លាំង ឆ្មប​ខ្ញុំ​មួយ​យប់ ៤​នាក់ ព្រោះ​អ៊ីចេះ យើង​ដឹង​ហើយ​ពាក្យ​ខ្មែរ​យើង​ថា​ឆ្លង​ទន្លេ អ៊ីចឹង​មាន​ការ​លំបាក ហើយ​ប្រជាជន​គាត់​ភ័យ​ខ្លាច​ពេល​ណា​គាត់​មក​ទៅ​ឃើញ​ឆ្មប​យើង​តិច បច្ចេកទេស​យើង​អត់ ហើយ​ដល់​អ៊ីចឹង កន្លែង​ខ្ញុំ​ទទួល​បាន​ជោគជ័យ​មិន​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​ដល់​អ្នក​សម្រាល​កូន ព្រោះ​យើង​មាន​ឡាន​ពេទ្យ​ក៏​ជិត ហើយ​យើង​ក៏​មាន​ពេទ្យ​ធំ​របស់​យើង​ក៏​នៅ​ជិត​ដែរ»

បើ​ទោះ​បី​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​មាន​គ្រូពេទ្យ​ជាង​ពាក់​កណ្ដាល ត្រូវ​ឈប់​សម្រាក​ក៏​ពិត​មែន ប៉ុន្តែ​លោក ឃួន សាវ៉ន បញ្ជាក់​ថា គ្រូពេទ្យ​ប្រចាំ​ការ​តាម​វេន​នីមួយៗ​នោះ អាច​នឹង​បម្រើ​សេវា​ទាន់​ពេល​ដល់​អតិថិជន​បាន។ ភាគ​ច្រើន អតិថិជន​ដែល​មក​រក​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព ក៏​មាន​ថយ​ចុះ​ដូច​គ្នា​ដែរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ដោយ​អ្នក​ខ្លះ​ត្រូវ​ទៅ​ស្រុក​កំណើត ហើយ​ភាគ​ច្រើន​មាន​តែ​សេវា​សម្រាល​កូន​ប៉ុណ្ណោះ​ដែល​មមាញឹក​ជាង​គេ។

ស្ត្រី​ពរ​ពោះ​ម្នាក់ អ្នកស្រី ឆេង ស្រីម៉ៅ ដែល​ត្រូវ​សម្រាល​កូន​ទី២ ក្នុង​ចន្លោះ​ថ្ងៃ​ចូល​ឆ្នាំ មាន​គម្រោង​ទៅ​សម្រាល​កូន​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ឬ​ស្គាល់​ជា​ទូទៅ​ថា មន្ទីរពេទ្យ​ជប៉ុន។ អ្នកស្រី​បារម្ភ​ថា ពេទ្យ​ឆ្មប​តិចតួច​ពេក​ប្រចាំ​ការ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ អាច​បង្ក​ការ​លំបាក​ដល់​អ្នក​ជំងឺ និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ខ្វះ​ទំនុក​ចិត្ត៖ «ពេល​គេ​នៅ​ជុំ​គ្នា ពេទ្យ​ច្រើន​អ៊ីចឹង​ទៅ ដល់​ពេល​គេ​ទៅ​អស់ យើង​ចេះ​តែ​បារម្ភ​មិន​ដឹង​ថា​គេ​នៅ​ប៉ុន្មាន ទៅ​ប៉ុន្មាន​អ៊ីចឹង»

អ្នកស្រី​ធ្លាប់​ឮ​ពី​ព័ត៌មាន​ដែល​មាន​ស្ត្រី​ម្នាក់​សម្រាល​កូន​នៅ​តាម​ផ្លូវ​រថភ្លើង កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន កាល​ពី​ខែ​កុម្ភៈ ដូច្នេះ​អ្នកស្រី​មិន​ចង់​ឲ្យ​មាន​ប្រវត្តិ​នេះ​ច្រំ​ដែល​ទៅ​លើ​ស្ត្រី​ពរ​ពោះ​ឯ​ទៀត​នោះ​ទេ បើ​ទោះ​បី​ជា​តាម​រូបភាព​ណា​ក៏ដោយ រួម​មាន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ជំងឺ ការ​មិន​ទទួល​ខុស​ត្រូវ​លើ​វិជ្ជាជីវៈ​គ្រូពេទ្យ និង​ការ​រើសអើង​អ្នក​ជំងឺ​មាន ឬ​ក្រ ជាដើម៖ «មិន​ចង់​ឲ្យ​មាន​អ៊ីចឹង​ទេ ព្រោះ​អី​យើង​ក៏​ពោះ​ធំ គ្នា​ក៏​ពោះ​ធំ ព្រោះ​អី​ឈឺ​ពោះ​មិន​ធម្មតា​ទេ មែន​ចេះ​តែ​យើង​ឈឺ​ពោះ​ដូច​យើង​ឈឺ​ចុក​ពោះ​ធម្មតា​ណា អា​នេះ​សុទ្ធ​តែ​ប្ដូរ​ចិត្ត​ប្ដូរ​ជីវិត​យើង»

ជុំវិញ​បញ្ហា​នេះ ពេទ្យ​ឆ្មប​ម្នាក់​នៅ​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ អ្នកស្រី ប្រាក់ ផល្លា ទទួល​ស្គាល់​ថា ក្រោយ​ពី​មាន​រឿង​អាស្រូវ​ភ្លាមៗ​ជុំវិញ​កំហុស​ឆ្គង​ឆ្មប នៅ​មន្ទីរពេទ្យ​សម្ដេចឪ ដែល​បណ្តោយ​ឲ្យ​ស្ត្រី​ម្នាក់​សម្រាល​កូន​នៅ​តាម​ផ្លូវ​រថភ្លើង​រួច​មក ខាង​ក្រសួង​សុខាភិបាល និង​ប្រធាន​មណ្ឌល​សុខភាព​របស់​គាត់ បាន​ប្រជុំ​រាល់​ខែ ដើម្បី​ពង្រឹង​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គលិក​ពេទ្យ​ឡើង​វិញ៖ «ពង្រឹង​រឿង​ឆ្លង​ទន្លេ មិន​ឲ្យ​ពេទ្យ​ដើរ​ទៅ​ណា​ទៅ​ណី ប៉ុន្តែ​ដោយ​ឡែក​កន្លែង​ខ្ញុំ មិន​ហ៊ាន​ដើរ​ទេ ទោះ​បី​ថា​ភ្ជុំ​ចូល​ឆ្នាំ​អី គឺ​ថា ២៤​ម៉ោង មក​ពេទ្យ​ស្ទឹងមានជ័យ គឺ​ថា ២៤​ម៉ោង ត្រូវ​តែ​ជួប​បុគ្គលិក​ពេទ្យ​ហើយ»

ក្រៅ​តែ​ពី​បញ្ហា​សម្រាល​កូន លោក ឡឹក សារិន វ័យ ៦០​ឆ្នាំ ដែល​អង្គុយ​ចាំ​បើក​ថ្នាំ​នៅ​មណ្ឌល​សុខភាព​ទឹក​ថ្លា យល់​ឃើញ​ថា ការ​បង្កើន​ចំនួន​គ្រូពេទ្យ​ប្រចាំ​ការ​ឲ្យ​បាន​ច្រើន​នៅ​តាម​ប៉ុស្តិ៍​សុខភាព ក្នុង​ពិធី​បុណ្យ​ទាន ជា​ការ​ប្រសើរ​ចំពោះ​ពលរដ្ឋ​ដែល​មក​រក​សេវា​ព្យាបាល និង​ម្យ៉ាង​ទៀត ដើម្បី​បង្ការ​ការ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​យថាហេតុ ក្នុង​ពិធី​បុណ្យ​នោះ៖ «បុណ្យ​ទាន​អ៊ីចឹង​ទៅ គ្រោះថ្នាក់​ចរាចរណ៍​វា​ចេះ​តែ​មាន​ហើយ ជួន​កាល​នៅ​ជិត​អ៊ីចឹង​វា​ល្អ​ដែរ មាន​ពេទ្យ​ប្រចាំ​ការ ដែល​អ្នក​របួស​មក​បាន​អី​ជួយ​មួយ​គ្រា​ក្នុង​ការ​រុំ​របួស​លាង​របួស​អី​អ៊ីចឹង​ទៅ ទម្រាំ​ទៅ​ដល់​ពេទ្យ​យើង​ធំ​អី​អ៊ីចឹង»

របាយការណ៍​គម្រោង​ទ្រទ្រង់​វិស័យ​សុខាភិបាល​ទី២ របស់​ក្រសួង​សុខាភិបាល បង្ហាញ​ថា ត្បិត​តែ​មាន​ភាព​ជឿនលឿន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​វិស័យ​សុខាភិបាល​ក៏ដោយ ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​លេច​ឡើង។ ស្ថានភាព​សុខភាព​នៃ​ប្រជាពលរដ្ឋ​នៅ​តែ​អន់​ជាង​ប្រទេស​ថៃ ភូមា និង​ឥណ្ឌូនេស៊ី។ បញ្ហា​ប្រឈម​នៅ​មាន ជាពិសេស​ទាក់ទង​នឹង​អត្រា​មរណភាព​មាតា មិន​សូវ​មាន​ភាព​ជឿនលឿន​ក្នុង​ការ​កាត់​បន្ថយ​កង្វះ​អាហារូបត្ថម្ភ គុណភាព និង​តម្លៃ​នៃ​ការ​ថែទាំ និង​ទាក់ទង​វិសមធម៌ ឬ​ភាព​ទទួល​បាន​មិន​ស្មើ​គ្នា​នៃ​លទ្ធភាព​ទទួល​យក​សេវា​សុខភាព។ ចំពោះ​លទ្ធភាព​ទទួល​សេវា​នៅ​មាន​កម្រិត និង​គុណភាព​នៅ​អន់ នាំ​ឲ្យ​សមាមាត្រ​នៃ​អ្នក​ដែល​ប្រើប្រាស់​សេវា​សុខភាព ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល នៅ​មាន​កម្រិត​ទាប គឺ​មាន​តែ ១៧​ភាគ​នៃ​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ប៉ុណ្ណោះ ដែល​ប្រើ​សេវា​សុខភាព​ដែល​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។