ពលរដ្ឋ​ចោទ​មន្ត្រី​ពេទ្យ​នៃ​មណ្ឌល​សុខភាព​ពន្លៃ​ថា​លួច​លក់​ថ្នាំ​របេង​ដោយ​ខុស​ច្បាប់​ឲ្យ​អ្នក​ជំងឺ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​មេរោគ​របេង​ប្រចាំ​កាយ​នៅ​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា មន្ត្រី​ពេទ្យ​នៅ​មណ្ឌល​សុខភាព​មួយ​ក្នុង​ស្រុក​ភ្នំស្រុក លក់​ថ្នាំ​របេង​ឲ្យ​អ្នក​ជំងឺ​យក​ទៅ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់។ ប្រធាន​មណ្ឌល​សុខភាព​បញ្ជាក់​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ការ​លក់​ថ្នាំ​របេង​នោះ​ឡើយ។

អ្នក​កើត​ជំងឺ​របេង​នៅ​ស្រុក​ភ្នំស្រុក លើក​ឡើង​ថា ពួក​គាត់​មាន​ជីវភាព​ខ្វះខាត គឺ​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​ទិញ​ថ្នាំ​របេង​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​របស់​ខ្លួន​បាន​ឡើយ។

ពលរដ្ឋ​ដែល​មាន​ជំងឺ​របេង​ប្រចាំ​កាយ​រស់នៅ​ភូមិ​ស្វាយស ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ គឺ​លោកស្រី ម៉ូ ឡា ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោកស្រី​កើត​ជំងឺ​របេង​សួត​ប្រមាណ ១០​ឆ្នាំ​ហើយ នៅ​ពុំ​ទាន់​ព្យាបាល​ជាសះស្បើយ​នៅ​ឡើយ​ទេ។ លោកស្រី​អះអាង​ថា ព្យាបាល​មិន​ទាន់​ជា ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ ហើយ​ម្យ៉ាង​ទៀត លោកស្រី​ថា​ជាប់​រវល់​មើល​ចៅៗ​នៅ​ផ្ទះ​ដែល​ម្ដាយ​របស់​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​លោកស្រី​មិន​អាច​រក​ប្រាក់​ចំណូល​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​ជាសះស្បើយ​បាន។

លោកស្រី​បន្ថែម​ថា កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​ទៅ ជំងឺ​របេង​បាន​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន​លោកស្រី​ខ្លាំង គឺ​មាន​អាការៈ​ក្អក និង​ឈឺ​ដើមទ្រូង​ពិបាក​ទ្រាំ ហើយ​រាង​កាយ​កាន់​តែ​ស្គមស្គាំង និង​គ្មាន​កម្លាំង ទើប​លោកស្រី​សម្រេច​ចិត្ត​ទៅ​ជួប​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ពន្លៃ ស្រុក​ភ្នំស្រុក ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ។ លោកស្រី​បញ្ជាក់​ថា កាលណោះ​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា លោកស្រី​កើត​ជំងឺ​របេង​សួត ហើយ​ជំរុញ​ឲ្យ​លោកស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ប៉ុន្តែ​លោកស្រី​ថា គ្មាន​លទ្ធភាព​ទៅ​ព្យាបាល​ជំងឺ​នោះ​ទេ ហើយ​ក៏​ទិញ​ថ្នាំ​របេង​ពី​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ពន្លៃ ក្នុង​ទឹកប្រាក់ ២​ពាន់​បាត ឬ​ស្មើ​ប្រមាណ ២៣​ម៉ឺន​រៀល យក​មក​លេប​រយៈពេល​ប្រហែល ៣​ខែ។ លោកស្រី​អះអាង​ថា បាន​លេប​ថ្នាំ​អស់​ហើយ ប៉ុន្តែ​ជំងឺ​នៅ​ក្នុង​ខ្លួន​ពុំ​ទាន់​ជាសះស្បើយ​នៅ​ឡើយ៖ « ពិបាក​ណាស់​លោកគ្រូ ! ខ្ញុំ​ឈឺ​ធ្វើ​ការ​ធ្ងន់​អត់​បាន​ទេ ហើយ​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ពន្លៃ គាត់​ថា​ជំងឺ​របស់​ខ្ញុំ​មិន​ទាន់​ជា​នៅ​ឡើយ​ទេ ហើយ​គាត់​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​នៅ​ស្រុក​ព្រះនេត្រព្រះ បន្ត​ទៀត »

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​មណ្ឌល​សុខភាព​ពន្លៃ លោក ធីប សឿន មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​លក់​ថ្នាំ​របេង​ឲ្យ​ទៅ​អ្នក​ជំងឺ​នោះ​ឡើយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​ក៏​មិន​ជឿ​ថា មាន​មន្ត្រី​ពេទ្យ​ណា​ម្នាក់​អាច​យក​ថ្នាំ​របេង​ទៅ​លក់​ឲ្យ​អ្នក​ជំងឺ​បាន​នោះ​ទេ៖ « យើង​មិន​អាច​ដក​ថ្នាំ​យក​ទៅ​លក់​បាន បើ​ថ្នាំ​ក្រៅ​ខ្ញុំ​មិន​ដឹង​ទេ តែ​បើ​ថ្នាំ​ក្នុង​ការងារ​រដ្ឋ ដាច់ខាត​មិន​បាន ព្រោះ​ខ្ញុំ​បាន​សួរ​ខាង​បុគ្គលិក​ផ្នែក​រោគ​របេង​របស់​ខ្ញុំ​ហើយ គាត់​ថា​អត់​មាន »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី បុគ្គលិក​អង្គការ​ផ្នែក​ខាង​អភិវឌ្ឍន៍​ប្រចាំ​នៅ​ស្រុក​ភ្នំស្រុក ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ស្ថាប័ន និង​សំឡេង​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​មាន​ជំងឺ​របេង​ប្រចាំ​កាយ​នៅ​ឃុំ​ពន្លៃ ភាគច្រើន​សុទ្ធតែ​បាន​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​របេង​ពី​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ពន្លៃ ដូច​គ្នា។ បុគ្គលិក​អង្គការ​រូប​នោះ​បញ្ជាក់​ទៀត​ថា ការ​លក់​ថ្នាំ​នេះ​ហាក់​ធ្វើ​ឡើង​ដោយ​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​កើត​ជំងឺ​របេង​នៅ​ភូមិ​ស្វាយស ម្នាក់​ទៀត គឺ​លោក ពុធ ពេក ថ្លែង​ថា លោក​បាន​ទិញ​ថ្នាំ​របេង​ក្នុង​តម្លៃ ៣​ពាន់​បាត ឬ​ស្មើ​ប្រមាណ ៣៥​ម៉ឺន​រៀល​ពី​គ្លីនិក​ឯកជន​មួយ​កន្លែង​នៅ​ក្នុង​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​លោក​ថា​មិន​ចាំ​ឈ្មោះ​គ្លីនិក​នោះ​ទេ ហើយ​យក​មក​លេប​បាន​ជិត ៦​ខែ​ហើយ៖ « បាទ ! នៅ​ពេល​ខ្ញុំ​លេប​ថ្នាំ​ទៅ គឺ​បាន​ធូរស្រាល តែ​ដោយសារ​អត់​មាន​លុយ ក៏​មិន​បាន​ទៅ​ទិញ​ថ្នាំ​យក​មក​លេប​ទៀត​ទេ »

របាយការណ៍​មណ្ឌល​សុខភាព​ពន្លៃ ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ​មាន​ជំងឺ​របេង​ប្រចាំ​កាយ​សរុប ២៩​នាក់ ក្នុង​នោះ​អ្នក​ខ្លះ​ទៅ​ប្រឹក្សា​ជំងឺ​នៅ​មណ្ឌល​សុខភាព​ពន្លៃ និង​ខ្លះ​ទៀត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ។

នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ថា ថ្នាំ​ព្យាបាល​ជំងឺ​របេង​ជា​ប្រភេទ​ថ្នាំ​ហាម​មិន​ឲ្យ​បុគ្គល​ណា​យក​ទៅ​ដាក់​លក់​ឲ្យ​អ្នក​ជំងឺ​នៅ​តាម​គ្លីនិក ឬ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក​ពុំ​បាន​បញ្ជាក់​ថា អ្នក​ដែល​លួច​ថ្នាំ​របេង​យក​លក់​ឲ្យ​អ្នក​ជំងឺ មាន​ទោស​កម្រិត​ណា​នោះ​ទេ៖ « កន្លង​ទៅ​យើង​មាន​គោល​នយោបាយ​ណែនាំ​បង្ហាញ​កុំ​ឲ្យ​មាន​ការ​យក​ថ្នាំ​លក់​បាទ ! ហើយ​ជំងឺ​របេង​នៅ​ប្រទេស​យើង​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ហើយ ព្រោះ​ថា​យើង​បាន​ពង្រីក​សេវា​ព្យាបាល​បាន​ច្រើន​កន្លែង »

លោក​បន្ថែម​ថា អ្នក​កើត​ជំងឺ​របេង​ធម្មតា​ត្រូវ​លេប​ថ្នាំ​របេង​រយៈពេល ៦​ខែ និង​ឲ្យ​បាន​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​បាន​ជាសះស្បើយ។ ចំណែក​អ្នក​ជំងឺ​របេង​ស៊ាំ​ថ្នាំ អ្នក​ជំងឺ​ត្រូវ​លេប​ថ្នាំ​ព្យាបាល​ពី ១៨​ខែ​ទៅ ២៤​ខែ​ទើប​ជាសះស្បើយ។

របាយការណ៍​នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន​នៃ​ក្រសួង​សុខាភិបាល បង្ហាញ​ថា អ្នក​កើត​ជំងឺ​របេង​ដែល​បាន​ទទួល​ថ្នាំ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទូទាំង​ប្រទេស សរុប​ប្រមាណ ៤​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​អ្នក​ដែល​ព្យាបាល​ជាសះស្បើយ​ប្រមាណ ៩០​ភាគរយ។ មជ្ឈមណ្ឌល​កម្ចាត់​ជំងឺ​របេង និង​ហង់សិន បាន​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ​ជាង ១១​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ព្យាបាល​អ្នក​កើត​ជំងឺ​របេង​ដោយ​មិន​គិត​ថ្លៃ។ ជំនួយ​នោះ បាន​ជួយ​ដោយ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​ពី​បរទេស គឺ​មាន​អង្គការ​មូលនិធិ​សកល (Global Fund) និង​អង្គការ យូ.អេស.អេ.អាយ.ឌី (USAID) របស់​សហរដ្ឋ​អាមេរិក អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។