អ្នកជំនាញវេជ្ជសាស្ត្រព្រួយបារម្ភអំពីកម្ពុជាខ្វះបុគ្គលិក សម្ភារៈវេជ្ជសាស្ត្រ និងកន្លែងសម្រាកព្យាបាល ដែលនឹងនាំឱ្យអ្នកជំងឺកូវីដ១៩ វិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ រហូតបាត់បង់ជីវិតបន្តបន្ទាប់ទៀត។ ការព្រួយបារម្ភនេះកើតឡើងក្រោយ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកដំបូង និងមានអ្នកជំងឺមួយចំនួនទៀតកំពុងសង្គ្រោះបន្ទាន់។
គ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រ សង្កេតឃើញថា សេវាសុខាភិបាលនៅប្រទេសកម្ពុជានៅមិនអាចបំពេញតម្រូវការចាំបាច់សម្រាប់ស្ថានភាពធ្ងន់ធ្ងរនៃអ្នកកើតជំងឺកូវីដ១៩ នៅឡើយទេ។ បញ្ហានេះ អាចនឹងធ្វើឱ្យអ្នកជំងឺកាន់តែច្រើន បាត់បង់ជីវិត។
អ្នកជំនាញផ្នែកឱសថនៅប្រទេសអូស្ត្រាលី លោក លឹម សួរ មានប្រសាសន៍ថា រយៈពេលជាងមួយឆ្នាំមកនេះ ក្រសួងសុខាភិបាលកម្ពុជាហាក់ដូចជាមិនបានត្រៀមខ្លួនឱ្យបានខ្លាំងក្លា និងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅឡើយទេ។ លោកបារម្ភថា កម្ពុជាអាចខ្វះខាតគ្រូពេទ្យជំនាញ ខ្វះខាតសម្ភារៈវេជ្ជសាស្ត្រ និងកន្លែងព្យាបាលអ្នកជំងឺមិនបានត្រឹមត្រូវ ដែលជាហេតុពិបាកសង្គ្រោះអ្នកជំងឺកូវីដ១៩ ដែលមានសភាពធ្ងន់ធ្ងរ ឱ្យបានធូរស្បើយឡើងវិញ។ លោកផ្តល់យោបល់ថា ប្រសិនបើប្រទេសកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយបញ្ហានេះទេ រដ្ឋាភិបាលគួរស្វះស្វែងរកជំនួយបច្ចេកទេស សម្ភារៈ ពីប្រទេសជឿនលឿន៖ «ប្រសិនជាមិនបានរៀបចំឱ្យបានស្រួលបួលទេ ពិបាកតែម្តង ពីព្រោះរៀបចំឱ្យស្រួលមានន័យថាយើងមានគ្រែគ្រប់គ្រាន់ សម្រាប់ទប់ទល់ ហើយយើងត្រូវការមន្ទីរពេទ្យហ្នឹង ត្រូវឃ្លាតឆ្ងាយពីមន្ទីរពេទ្យធម្មតាទៀត គ្រែមួយៗ ត្រូវតែឆ្ងាយៗ គ្នា ហើយបុគ្គលិកផ្នែកក្រសួងសុខាភិបាល វេជ្ជបណ្ឌិតក្ដី គិលានុបដ្ឋាយិកាក្ដី ត្រូវតែប្រុងប្រយ័ត្នខ្លួនតែម្ដង ហើយត្រូវតែមានប្រដាប់ប្រដាពាក់ម៉ាស់ក្ដី សំលៀកបំពាក់ទប់ទល់ការពារក្ដី ត្រូវមានគ្រប់គ្រាន់តែម្ដង»។
ការលើកឡើងពីកង្វល់របស់អ្នកជំនាញនេះ គឺបន្ទាប់ពីកម្ពុជាមានករណីអ្នកជំងឺកូវីដ១៩ ម្នាក់ បានស្លាប់ កាលពីថ្ងៃទី១១ មីនា ហើយអ្នកជំងឺមួយចំនួនទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ករណីចម្លងក្នុងសហគមន៍បានបន្តកើនឡើងខ្ពស់។ ក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីចំនួន ៦២នាក់ទៀត នៅថ្ងៃទី១២ មីនា ធ្វើឱ្យតួលេខអ្នកឆ្លងក្នុងសហគមន៍កើនដល់ ៧១២នាក់។ ការឆ្លងក្នុងសហគមន៍នេះ បានប៉ះពាល់ និងរាលដាលទៅដល់បណ្ដាខេត្តជាច្រើន ដូចជា ខេត្តកណ្ដាល បាត់ដំបង សៀមរាប កំពង់ចាម កំពង់ធំ ព្រៃវែង ព្រះសីហនុ ស្វាយរៀង ខេត្តកោះកុង និងរាជធានីភ្នំពេញជាដើម។
បន្ទាប់ពីមានការឆ្លងទ្រង់ទ្រាយធំជាលើកទីបីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីរបស់លោករៀបចំសណ្ឋាគារពីរកន្លែងទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ បច្ចុប្បន្ន មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ មាន ៤កន្លែង គឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ មជ្ឈមណ្ឌលកម្ចាត់រោគរបេង និងហង់សិន និងមន្ទីរព្យាបាលជំងឺកូវីដ-១៩ ព្រែកព្នៅ។ ចំណែកនៅតាមខេត្តវិញ ក្រសួងបានយកមន្ទីរពេទ្យបង្អែក ធ្វើជាកន្លែងសម្រាកព្យាបាលអ្នកជំងឺ។ ចំពោះសម្ភារៈបរិក្ខារពេទ្យ ដែលត្រូវប្រើប្រាស់បន្ទាន់ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងគំហុកនៃអ្នកជំងឺកូវីដ-១៩ វិញ ក្រសួងសុខាភិបាលមិនបានទម្លាយឱ្យដឹងអំពីរឿងនេះទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងអ្នកស្រី យក់ សម្បត្តិ ដើម្បីសាកសួរព័ត៌មាននេះបានទេ នៅថ្ងៃទី១២ មីនា។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ និងមានអ្នកស្លាប់នេះមក ក្រសួងសុខាភិបាលមិនបានផ្តល់ព័ត៌មានពេញលេញ និងគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋនោះទេ ហើយសូម្បីតែអ្នកសារព័ត៌មានក៏មិនអាចទាក់ទងសុំព័ត៌មានចាំបាច់ទាំងឡាយ ពីក្រុមអ្នកនាំពាក្យនៃក្រសួងសុខាភិបាលដែរ។ ម្យ៉ាងទៀត ក្រសួងជំនាញមួយនេះហាក់ដូចជាចាំធ្វើតាមតែបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ព័ត៌មានអំពីស្ថានការណ៍កូវីដ-១៩ និងវិធានការជាក់លាក់ទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
សាស្ត្រាចារ្យមហាវិទ្យាល័យសហគមន៍ហ្វ័រស៊ីត (Forsyth Community College) នៅរដ្ឋ ណត ខារ៉ូឡាញណា (North Carolina) សហរដ្ឋអាមេរិក អ្នកស្រី ធិត គឹមហ៊ុន អ្នកស្រីមានប្រសាសន៍ថា កម្ពុជាមានបច្ចេកទេសវេជ្ជសាស្ត្រទន់ខ្សោយ អាចនាំឱ្យអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ កាន់តែពិបាកសង្គ្រោះ។ លោកស្រីពន្យល់ថា ការព្យាបាលជំងឺ គឺត្រូវធ្វើយ៉ាងណាឱ្យអ្នកជំងឺប្រព័ន្ធការពាររាងកាយរឹងមាំ ផ្តល់របបអាហារទៅតាមក្បូនវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ និងផ្តល់ហិរញ្ញវត្ថុ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់អ្នកវិជ្ជមានកូវីដ១៩៖ «តែដោយឡែកប្រទេសកម្ពុជាយើង គឺធ្លាក់ចូលដំណាក់កាលដែលដើរថយក្រោយនៃការវិវត្តន៍កូវីដ អ៊ីចឹងចំពោះខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរ ដោយសារយើងដឹងហើយ យើងត្រូវនិយាយការពិត ទទួលស្គាល់ការពិត មិនមែនយើងបង្អាប់នៃក្រសួងសុខាភិបាល នៅប្រទេសកម្ពុជាយើងទេ»។
គិតត្រឹមព្រឹកថ្ងៃទី១២ មីនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុប ១.២២៥នាក់ ក្នុងនោះជាសះស្បើយចំនួន ៦១៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦០៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។