ក្រសួងសុខាភិបាលកម្ពុជា ស្តីបន្ទោសមន្ទីរពេទ្យឯកជនមួយនៅក្នុងខេត្តសៀមរាប ដែលមិនបានរក្សាទុកបុរសជនជាតិជប៉ុនឲ្យនៅមួយកន្លែងសិន បន្ទាប់ពីមានការសង្ស័យថា គាត់មានជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19)។ ការលើកឡើងនេះ បន្ទាប់ពីមានបុរសជនជាតិជប៉ុនម្នាក់ ត្រូវបានរកឃើញថា ផ្ទុកជំងឺកូវីដ-១៩ ពេលទៅដល់វាលយន្តហោះជប៉ុន ក្រោយចាកចេញពីវាលយន្តហោះនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមីនា។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ស្តីបន្ទោសមន្ទីរពេទ្យឯកជនមួយនៅក្នុងខេត្ត សៀមរាបថា ធ្វេសប្រហែស និងមិនសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត និងក្រសួង សុខាភិបាល។ ការស្ដីបន្ទោសនេះ ដោយសារតែបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានប្រទេសជប៉ុន រកឃើញថា មានផ្ទុកជំងឺឆ្លងកូវីដ-១៩ នោះ គឺធ្លាប់ជិះម៉ូតូកង់បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយនោះ និងបានពិនិត្យឃើញថា បុរសជប៉ុននោះ ក្តៅខ្លួនលើសពី៣៧អង្សាសេ និង ក្អក ពិបាកដកដង្ហើម។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បន្តថា ក្រោយពិនិត្យឃើញសញ្ញាសង្ស័យដូច្នេះ មន្ទីរពេទ្យ ឯកជនមួយនេះ មិនរក្សាអ្នកជំងឺទុកមួយកន្លែងសិន និងមិនបានព្យាយាមទាក់ទងទៅក្រសួងសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះទេ បែរជាអនុញ្ញាតឲ្យអ្នកជំងឺចេញពីមន្ទីរពេទ្យរបស់ខ្លួន។
ទោះជាយ៉ាងណា តាមការចុះផ្សាយរបស់គេហទំព័រថ្មីៗ ឲ្យដឹងថា ម្ចាស់មន្ទីរពេទ្យឯកជននោះ បាន ឆ្លើយតបថា ក្រោយមានសង្ស័យថា បុរសជប៉ុននោះ ឆ្លងជំងឺកូវីដ-១៩ គឺគាត់បានទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែរ ដើម្បីឲ្យយកបុរសជប៉ុននោះ ទៅពិនិត្យ និងព្យាបាលបន្ត ប៉ុន្តែ ខាងមន្ទីរបង្អែកខេត្តសៀមរាប មិនលើកទូរស័ព្ទនោះទេ ទើបសម្រេចអនុញ្ញាតឲ្យបុរសជប៉ុននោះ ចាកចេញពីមន្ទីរពេទ្យរបស់ខ្លួន។
ការស្តីបន្ទោសដាក់គ្នាទៅវិញទៅមកនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយក្រុមគ្រូពេទ្យបង្អែកខេត្ត សៀមរាបនៅថ្ងៃទី៦ ខែមីនា ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ឲ្យដឹងដែរថា ភាគីពាក់ព័ន្ធ កំពុងសហការគ្នា ស្វែងរកអ្នករត់ម៉ូតូកង់បីដែលធ្លាប់ដឹកបុរសជប៉ុននោះ ដើម្បីតាមដានសុខភាពដែរ។ ទន្ទឹមគ្នានេះ អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា សម្រាប់អ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនរូបនោះចំនួន ៤នាក់ ដែលកំពុងដាក់ឲ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប គឺនៅមានសុខភាពល្អធម្មតា មិនទាន់មានចេញរោគសញ្ញាអ្វីឡើយ៖ « ខ្ញុំទើបតែមកពីជួបគាត់មិញនេះ ហើយឃើញថា ពួកគាត់មិន ទាន់មានបញ្ហាសុខភាពអី ដែលគួរឲ្យកត់សម្គាល់នោះទេ គឺថា ពួកគាត់នៅសុខភាពធម្មតា ប៉ុន្តែ តាមនីតិវិធីប្រតិបត្តិស្តង់ដាររបស់យើង គឺត្រូវតេតាមដានសុខភាពរបស់គាត់ក្នុងរយៈ ១៤ថ្ងៃតទៅទៀត »។
បុរសជនជាតិជប៉ុន អាយុជាង៤០ឆ្នាំរូបនោះ បានធ្វើដំណើរចូលកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ហើយក្រោយមកបានចាកចេញពីខេត្តសៀមរាបទៅប្រទេសហ្វីលីពីន ថ្ងៃទី២១ និងបានបន្តដំណើរទៅប្រទេសថៃ មុនត្រឡប់ចូលកម្ពុជាវិញនៅថ្ងៃទី២៨ ខែកុម្ភៈ។ លុះដល់ថ្ងៃទី៣ ខែមីនា បុរសនោះ បានចាកចេញពីវាលយន្តហោះខេត្តសៀមរាប ឆ្ពោះទៅកាន់វាលយន្តហោះប្រទេសវៀតណាម មុននឹងបន្តដំណើរទៅដល់ជប៉ុន។ នៅពេលទៅដល់ជប៉ុន ត្រូវបានជប៉ុនរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ តែម្ដង។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការ ឆ្លើយឆ្លង និងការស្ដីបន្ទោសដាក់គ្នារវាងមន្ទីរពេទ្យ និងក្រសួងសុខាភិបាល គឺបង្ហាញឲ្យឃើញថា វិធានការរបស់ក្រសួងជំនាញមួយនេះ នៅមានភាពធូររលុង មិនទាន់ធ្វើការងារស៊ីសង្វាក់គ្នា និងមា នការឆ្លើយតបយឺតយ៉ាវ។ លោកជំរុញឲ្យក្រសួងសុខាភិបាល ចាត់វិធានការឲ្យបានស៊ីជម្រៅបន្ថែម ទៀត ដូចជា វិធានការបង្ការ និងទប់ស្កាត់នៅតាមវាលយន្តហោះ តាមតំបន់ទេសចរណ៍ តាម សាលារៀន និងតំបន់ប្រជុំជននានា៖ « គួរតែមានការពិនិត្យសុខភាពជាប្រចាំទៅលើកម្មកររោងចក្រ និងសិស្សសាលាឲ្យបានទូលំទូលាយ ហើយក្នុងនោះដែរ ផ្សារទំនើប និងផ្សារដែលមាន មនុស្សចេញចូលច្រើន ហើយក្រុមអ្នកដែលងាយរងគ្រោះមួយក្រុមទៀត គឺប្រកបរបរដឹកជញ្ជូន និងអ្នកលក់ដូរនៅ តាមចិញ្ចើមផ្លូវជាដើម ដោយសារតែពួកគេប្រឈមមុខ និងមានការទំនាក់ទំនងជាមួយអតិថិជនហើយ យើងមិនដឹងថា អតិថិជនមួយណា ដែលគាត់មានបញ្ហាសុខភាពនេះនៅឡើយទេ។ ដូច្នេះ វានៅច្របូកច្របល់គ្នា » ។
នេះជាលើកទីបីហើយ ដែលករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ត្រូវបានគេប្រកាសអះអាងថា កើតឡើងបន្ទាប់អ្នកទាំងនោះឆ្លងកាត់ និងចាកចេញពីប្រទេសកម្ពុជា ទៅដល់ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងករណីមួយនេះ គេពិនិត្យឃើញពេលទៅដល់ប្រទេសជប៉ុន។
គិតត្រឹមថ្ងៃទី៦ ខែមីនា មានអ្នកឆ្លងសរុបឡើងដល់ជាង ៩ម៉ឺន ៨ពាន់នាក់ (៩៨.៤៣០នាក់) នៅលើពិភពលោក ហើយអ្នកស្លាប់ឡើងដល់ជាង ៣ពាន់ ៣រយនាក់ (៣.៣៨៣នាក់) ភាគច្រើននៅប្រទេសចិន។ មេរោគនេះ កំពុងមានសន្ទុះឆ្លង រាលដាលខ្លាំង នៅប្រទេសកូរ៉េខាងត្បូង គឺពេលនេះ មានពលរដ្ឋកូរ៉េមានមេរោគកូរ៉ូណាប្រភេទថ្មីនេះ ជាង ៦ពាន់ ៥រយនាក់ (៦.៥៩៣នាក់) និងស្លាប់ ៤២នាក់។ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង គឺនៅតែប្រទេសអ៊ីតាលី ដែលមានអ្នកឆ្លងឡើងដល់ជាង ៣ពាន់ ៨រយនាក់ (៣.៨៥៨នាក់) ស្លាប់ ១៤៨នាក់ ហើយប្រទេសអ៊ីរ៉ង់ ឡើងដល់ជាង ៣ពាន់ ៥រយនាក់ (៣.៥១៣នាក់) និងមានអ្នកស្លាប់ ១០៧នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។