សង្គមស៊ីវិលស្នើឱ្យក្រសួងសុខាភិបាលគួរពង្រឹងសមត្ថភាពបុគ្គលិកពេទ្យ ឬដាក់ពង្រាយមន្ត្រីពេទ្យមានជំនាញត្រឹមត្រូវនៅតាមទីជនបទ ជាពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីជួយផ្ដល់សេវាព្យាបាល កាន់តែមានប្រសិទ្ធភាពសម្រាប់ពលរដ្ឋក្រីក្រ។ ការស្នើនេះដោយសារតែមានការផ្ទុះឆ្លងជាថ្មីនៃជំងឺផ្ដាសាយបក្សី អេច្ឆ.ហ្វាយ.អិន.វ័ន(H5N1) នៅខេត្តព្រៃវែង។
ស្របពេលមានករណីផ្ទុះជំងឺផ្ដាសាយបក្សី H5N1 ដែលឆ្លងពីកូនទៅឪពុកនៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល និងធ្វើឱ្យភូមិជាច្រើននាក់ផ្សេងទៀតជាប់សង្ស័យឆ្លងជំងឺនេះ អ្នកជំនាញយល់ឃើញថា ក្រសួងសុខាភិបាលគួរតែចាត់មន្ត្រីចុះអនុវត្តវិធានការអប់រំសុខភាពពលរដ្ឋឱ្យបានខ្ជាប់ខ្ជួននៅតាមទីជនបទគ្រប់ទីកន្លែង ដើម្បីជួយឱ្យពួកគាត់គេចផុតពីជំងឺប្រភេទផ្ដាសាយបក្សីនេះ និងជំងឺឆ្លងផ្សេងៗទៀត។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ួច វុទ្ធី ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៥ កុម្ភៈថា ក្រសួងសុខាភិបាលត្រូវតែពង្រឹងសមត្ថភាពគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងគ្រូពេទ្យនៅតាមមណ្ឌលសុខភាពភូមិឃុំឱ្យបានជាប់លាប់ ជាពិសេសត្រូវដាក់បុគ្គលិកពេទ្យដែលមានជំនាញខ្ពស់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពទាំងនោះ ដើម្បីផ្ដល់សេវាព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនពលរដ្ឋ។
លោក អ៊ួច វុទ្ធី ថា៖ «ប្រសិនបើយើងមិនដាក់ពេទ្យនៅតាមទីជនបទទេ ហើយនៅតែប្រមូលផ្ដុំនៅតែកន្លែងប្រជាពលរដ្ឋមានសេដ្ឋកិច្ចធូរធារ អាហ្នឹង!បងប្អូនយើងនៅតែមានហានិភ័យអ៊ីចឹង។ ថ្ងៃក្រោយ ចំពោះអ្នកមានរស់ អ្នកក្រស្លាប់។ បើខ្ញុំអត់ទេ អ្នកក្រក៏អាចរស់ មានសិទ្ធិរស់ដូចអ្នកមានដែរ ដើម្បីដាក់ពេទ្យជួយមើលគាត់»។
លោកបន្តថា ការអនុវត្តបែបនេះ អាចជួយពលរដ្ឋក្រីក្រគ្មានលទ្ធភាព ជាពិសេសកុមារតូចៗ ចៀសផុតពីការធ្លាក់ខ្លួនឈឺក្នុងរយៈពេលខ្លីហើយស្លាប់ ដោយសារជំងឺមួយចំនួន ដូចជាការក្ដៅខ្លួនខ្លាំងដោយសារជំងឺរលាកស្រោមខួរក្បាល ឬជំងឺផ្ដាសាយបក្សីនេះជាដើម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា មានមណ្ឌលសុខភាព បានចូលទៅដល់តាមទីជនបទ ប៉ុន្តែមណ្ឌលសុខភាពទាំងនោះ នៅខ្វះគ្រូពេទ្យជំនាញ សម្ភារៈ និងថ្នាំសង្កូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ហើយបន្ថែមពីនេះ ក្រសួងសុខាភិបាលគួរបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលទាំងនោះ អំពីជំងឺប្រឈមនឹងអាយុជីវិត ឬជំងឺឆ្លងដែលការឆ្លងរីករាលដាល។
លោក អំ សំអាត ថ្លែងថា៖ «ទី២ គឺការបង្កើននៃកម្រិតជំនាញផ្នែកសុខាភិបាល ជាពិសេសត្រូវមានវេជ្ជបណ្ឌិតនៅតាមមណ្ឌលសុខភាពតាមជនបទហ្នឹងឱ្យបានច្រើនដែរ ហើយមានជំនាញ ហើយនិងឧបករណ៍ចាំបាច់មួយចំនួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
ការលើកឡើងពីសង្គមស៊ីវិលទាំងនេះធ្វើឡើង បន្ទាប់ពីកុមារីអាយុជាង ១១ឆ្នាំ បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី បន្ទាប់ពីធ្លាក់ឈឺត្រឹមតែ៧ថ្ងៃ។ ជុំវិញការលើកឡើងរបស់សង្គមស៊ីវិលទាំងនោះ អាស៊ីសេរី មិនបានសុំការឆ្លើយតបពីលោកស្រី យក់ សម្បត្តិ មន្ត្រីនាំពាក្យក្រសួងសុខាភិបាលបានទេ ដោយសារទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល។
ក្រសួងសុខាភិបាលបានប្រកាសជាថ្មីនៅថ្ងៃទី២៤ កុម្ភៈ ថា ក្រោយពីបានយកសំណាកមនុស្ស១២នាក់ ដែលបានប៉ះពាល់ផ្ទាល់នឹងកុមារីរងគ្រោះ ទៅវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ កាលពីថ្ងៃទី២៣ កុម្ភៈ គេបានរកឃើញបុរសអាយុ ៤១ឆ្នាំ និងត្រូវជាឪពុករបស់កុមារីដែលស្លាប់នោះ កើតជំងឺនេះដែរ។
ជុំវិញរឿងនេះ ប្រធានមណ្ឌលសុខភាពឃុំរំលេច លោក ប៊ុន ឃីម បានលើកឡើងថា ឪពុកកុមារីដែលស្លាប់នៅមិនទាន់ចេញអាការៈគ្រុនក្ដៅ និងហត់នៅឡើយ ប៉ុន្តែបច្ចុប្បន្នត្រូវបានគេបញ្ជូនទៅតាមដានសុខភាព និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ លោកបន្តថា ក្រុមគ្រូពេទ្យក៏បានយកសំណាកអ្នកភូមិផ្សេងទៀត ទៅធ្វើតេស្ដបន្ថែម និងមិនទាន់ចេញលទ្ធផលនៅឡើយ ខណៈមន្ត្រីពេទ្យជាច្រើននាក់ ត្រូវបានគេដាក់ពង្រាយប្រចាំការនៅក្នុងភូមិ ដើម្បីតានដានសុខភាពពលរដ្ឋបន្ត។
លោក ប៊ុន ឃីម ថា៖ «ការចុះបាញ់ថ្នាំ អប់រំសុខភាព និងការតាមដានផ្នែកសុខភាព ប្រសិនបើគាត់មានសញ្ញាក្ដៅខ្លួនខ្លាំង គឺគេនឹងយកសំណាក និងបូមឈាមមើលផ្ទាល់តែម្ដង ដើម្បីបញ្ជូនទៅភ្នំពេញ»។
មន្ត្រីបន្តទៀតថា កុមារីដែលស្លាប់នោះ មិនបានស្វែងរកសេវាព្យាបាលនៅមណ្ឌលសុខភាពឃុំ ឬមន្ទីរពេទ្យបង្អែកស្រុកឡើយ ប៉ុន្តែបានទៅព្យាបាលពីពេទ្យឯកជនភូមិ និងគ្លីនិកនៅស្រុក ហើយត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកុមារជាតិ។ ភូមិរលាំងដែលកំពុងកើតមានជំងឺឆ្លងផ្ដាសាយបក្សី មានសត្វមាន់ងាប់ជាច្រើនក្បាលនៅក្បែរព្រែក ដែលមានចម្ងាយ ៦០ ទៅ ៧០ម៉ែត្រពីផ្ទះរបស់កុមារីបានស្លាប់នោះ។ នៅក្នុងភូមិនេះ មិនមានអ្នកផ្សេងធ្វើដំណើរ ឆ្លងកាត់ឡើយ ព្រោះវាជាភូមិនៅចុងឃុំ និងមានផ្លូវទាល់។
ចាប់តាំងពីឆ្នាំ២០០៥ មក កម្ពុជាមានករណីជំងឺផ្ដាសាយបក្សីកើតលើមនុស្សចំនួន ៥៨នាក់ ក្នុងនោះស្លាប់ ៣៩នាក់ និងរស់រានមានជីវិតតែ ១៩ករណីទេ។
អង្គការសុខភាពពិភពលោកឲ្យដឹងថា ករណីឆ្លងជំងឺផ្ដាសាយបក្សីលើមនុស្សចាប់ពីឆ្នាំ២០២១មក រួមមាននៅប្រទេសចិន (China) ឥណ្ឌា (India) អេស្បាញ (Spain) អង់គ្លេស (UK) និងសហរដ្ឋអាមេរិក (USA)។ ករណីឆ្លងថ្មីលើ សត្វបក្សាបក្សីក្នុងស្រុក និងសត្វរស់នៅក្នុងព្រៃ មានប្រមាណជិត ៤២លានសត្វ នៅជុំវិញពិភពលោក ចាប់ពីឆ្នាំ២០២១មក ក្នុងនោះក៏សត្វ១៥លាន បានងាប់ រួមទាំងសត្វមាន់ផងដែរ។ ថ្មីៗនេះ អង្គការសុខភាពពិភពលោកអំពាវនាវ ឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងអស់ យកចិត្តទុកដាក់ពិនិត្យឲ្យបានល្អិតល្អន់ ក្រែងមេរោគផ្ដាសាយបក្សី H5N1 នេះបំបែកខ្លួនឆ្លងរាលដាលទៅមនុស្ស។
ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី នេះ ក្រសួងសុខាភិបាលបានក្រើនរំឭកអាណាព្យាបាលត្រូវដាក់កុមារលេងឱ្យនៅឆ្ងាយពីសត្វបក្សីរស់ ឈឺ ឬងាប់ និងត្រូវលាងសម្អាតដៃនឹងសាប៊ូជាមួយទឹកស្អាត មុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់បក្សី ហើយក្នុងករណីកុមារដកដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវបញ្ជូនទៅព្យាបាលបន្ទាន់ នៅតាមគ្រឹះស្ថានសុខាភិបាល ឬមន្ទីរពេទ្យនៅជិតផ្ទះ និងត្រូវរាយការណ៍ទៅមន្ត្រីសុខាភិបាលអំពីប្រវត្តិប៉ះពាល់សត្វបសុបក្សីរស់ ឈឺ ឬងាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។