ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទីបី បានកើនឡើងដល់ ៥០១នាក់ហើយ បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីចំនួន ២៤នាក់ទៀត នៅថ្ងៃទី៨ មីនា។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានជនជាតិខ្មែរ ៧នាក់ ជនជាតិចិនមានចំនួន ១២នាក់ ជនជាតិវៀតណាមមានចំនួន៥ នាក់ ហើយពួកគេស្នាក់នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល កំពង់ធំ និងកំពង់ចាម។ អ្នកជំងឺទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ និងតាមមន្ទីរពេទ្យបង្អែកខេត្តមួយចំនួនទៀត។ ក្រៅពីនេះ ក្រសួង បញ្ជាក់ថា មានអ្នកជាសះស្បើយចំនួន ៧នាក់បន្ថែមទៀត ដែលមានខ្មែរ៤នាក់ ចិន៣នាក់។
ក្រសួងសុខាភិបាលព្រមានថា កម្ពុជាកំពុងមានហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់ទីតាំងជាច្រើនទៀត។
គិតត្រឹមព្រឹកថ្ងៃទី៨ មីនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុប ១.០១១នាក់ ក្នុងនោះមានអ្នកជាសះស្បើយវិញចំនួន ៥១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៩៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។