ក្រសួងសុខាភិបាលទើបចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ-១៩ តាមចំណីអាហារក្រោយការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩កើតឡើងជាងមួយឆ្នាំមកហើយ។
ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន កាលពីថ្ងៃទី២៤ ខែកក្កដា ចេញសេចក្តីជូនដំណឹងមួយដោយព្រមានថាមេរោគនៃជំងឺកូវីដ-១៩អាចរស់នៅលើចំណីអាហារឬអាហារវេចខ្ចប់ជាពិសេសអាហារកកៗ។ ក្រសួងសុខាភិបាលបន្ថែមថា បុគ្គលអាចមិនឆ្លងជំងឺកូវីដ-១៩ពីចំណីអាហារទាំងនោះប្រសិនបើអនុវត្តវិធានការអនាម័យចំណីអាហារ ឲ្យបានជាប់ជានិច្ច។
ក្រសួងដដែលអះអាងទៀតថាមេរោគនៃជំងឺកូវីដ-១៩អាចរស់រហូតដល់ ៧២ ម៉ោងនៅលើផ្ទៃប្លាស្ទិក ២៤ម៉ោងនៅលើផ្ទៃក្រដាសកាតុងធ្វើកេស និង ៤ម៉ោងនៅលើផ្ទៃដែកអ៊ីណុក ឬស្ព័ន។
ក្នុងន័យនេះ ក្រសួងណែនាំ ឲ្យអ្នកផលិត និងអ្នកវេចខ្ចប់ចំណីអាហារ និងអតិថិជន ត្រូវលាងសម្អាតបន្លែ ឬផ្លែឈើ ជាមួយទឹកស្អាតឲ្យបានត្រឹមត្រូវមុនទទួលទាន។ជាងនេះទៅទៀតទាំងអតិថិជន និងបុគ្គលិក និងអ្នកលក់ដូរ ត្រូវយកចិត្តទុកដាក់ខ្ពស់លើម្ហូបអាហារកកសាច់កក អាហារស្រស់ និងបន្លែផ្លែឈើជាដើមដោយត្រូវប្រញាប់ និងឧស្សាហ៍លាងសម្អាតដៃជានិច្ច ក្រោយប៉ះពាល់ឬចាប់កាន់អាហារឆៅ អាហារស្រស់ទាំងអស់នោះ។ជាមួយគ្នានេះដែរ ក្រសួងណែនាំពលរដ្ឋឲ្យលាងសម្អាតឲ្យស្អាតជានិច្ច ដោយលាងជាមួយសាប៊ូ និងទឹកស្អាត ឬជូតសម្អាតវត្ថុ និងផ្ទៃនានា ដែលសង្ស័យថាមានប្រឡាក់។
ផ្ទុយពីការអះអាងរបស់ក្រសួងសុខាភិបាលកម្ពុជា អំពីលទ្ធភាពនៃការចម្លងជំងឺកូវីដ-១៩ តាមរយៈចំណីអាហារនេះ អង្គការសុខភាពពិភពលោក ( WHO) ថាគ្មានភ័ស្តុតាងណា ដែលបញ្ជាក់ថាអ្នកជំងឺកូវីដ-១៩ ឆ្លងជំងឺនេះ តាមរយៈចំណីអាហារកកៗ ឬផ្លែឈើ និងបន្លែស្រស់នោះឡើយ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ( CDC) ថាគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ-១៩ តាមរយៈការហូបអាហារ ឬប៉ះពាល់អាហារ ដូចជាអាហារកកៗ ឬប៉ះពាល់កញ្ចប់អាហារ គឺមានកម្រិតតិចតួចខ្លាំងណាស់។
ប៉ុន្តែ ស្ថាប័នសុខាភិបាលពិភពលោក និងសហរដ្ឋអាមេរិកនេះ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់គោលការណ៍អនាម័យចំណីអាហារដើម្បីសុវត្ថិភាពសុខភាពទូទៅ។
ចំណែកឯមន្រ្តីតំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជាឯណោះវិញ គឺអ្នកស្រី លី អៃឡែន ( Li Ailan) អ្នកស្រីថា មានបញ្ហាប្រឈម ៥ យ៉ាងដែលលំបាកខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមិនមានបញ្ចូលបញ្ហាចំណីអាហារនេះទេ។ កត្តាឆ្លច្រើន គឺទី១. បណ្តាលមកពីមេរោគបំប្លែងថ្មី ទី២.ការចម្លងក្នុងសហគមន៍ដែលមើលមិនឃើញ ទី៣. ការនឿយណាយ និងភាពព្រងើយកន្តើយនឹងជំងឺកូវីដ-១៩ ទី៤.ការមិនគោរពឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរដ្ឋបាល និងសុខាភិបាល និងទី ៥. គឺការជឿ និងសង្ឃឹមលើវ៉ាក់សាំងបង្ការជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។