ពលរដ្ឋផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ខ្វះខាតស្បៀងអាហារ និងស្នើដល់អាជ្ញាធរពាក់ព័ន្ធឱ្យផ្តល់ស្បៀងដល់ពួកគាត់។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋផ្ទុកមេរោគអេដស៍ ធ្លាក់ខ្លួនឈឺ និងគ្មានលទ្ធភាពទៅធ្វើការប្រកបរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរតែ បង្កើនការយកចិត្តទុកដាក់សុខភាពពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះស្បៀងឱ្យទាន់ពេលវេលាជូនដល់អ្នកផ្ទុកមេរោគអេដស៍ទាំងនោះ។
ពលរដ្ឋផ្ទុកមេរោគអេដស៍នៅឃុំរកា លើកឡើងថា កត្តាខ្វះស្បៀងអាហារនេះ ដោយសារពួកគាត់មានវ័យកាន់តែចាស់ និងមានសភាពទ្រុឌទ្រោម ឈឹសន្លាក់ ជាហេតុធ្វើឱ្យពួកគាត់មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។ អ្នកផ្ទុកមេរោគអេដស៍សោកស្តាយ ដែលអង្គការធ្លាប់ជួយឧបត្ថម្ភកន្លងមកផុតអាណត្តិ ហើយក៏អំពាវនាវដល់រដ្ឋាភិបាល និងអង្គការនានាៗ ជួយដល់ពួកគាត់។
អ្នកផ្ទុកមេរោគអេដស៍នៅ ឃុំរកា អាយុ ៦៥ឆ្នាំ បានប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីជួបទុក្ខលំបាកច្រើន ព្រោះបន្ទុកសមាជិកគ្រួសារមានចំនួនច្រើន ហើយវ័យគាត់តែជរាឈឺ។ លោកស្រីអះអាងថា លោកស្រី តាំងពីធ្លាក់ខ្លួនឈឺមកដើរទៅណាមកណាមិនរួចនោះទេ ហើយក្នុងខ្លួនមានអាការៈឈឺចាប់ពេញខ្លួន ដោយពុំអាចធ្វើការងារអ្វីបានឡើយ។ លោកស្រីស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយដល់ពួកគាត់ ព្រោះកំពុងជួបទុក្ខលំបាកគ្មានស្បៀងហូបចុកប្រចាំថ្ងៃនោះទេ៖ « ដូចថា រឿងពេទ្យ រឿងអី រឿងថ្នាំអីអត់មានអីពិបាក ពិបាកខាងជំងឺ ឈឺ ឈឺដូចចាស់ប្រហែលខ្ញុំ ចាស់ជរាអាយុ ៥០ ៦០ ជាងអីអ៊ីចឹងលោកគ្រូ ឈឺហើយខ្ញុំនេះហើយ ដើរលែងរួចហើយខ្ញុំន៎ ចាស់ៗ ៣ ៤នាក់ ប៉ុន្តែ ប្តីខ្ញុំស្លាប់បាត់ហើយ នៅចៅ ២នាក់ ហើយនិងខ្ញុំ។ សព្វថ្ងៃធំៗ អស់ហើយ ក្រមុំកំលោះអស់ហើយ ប៉ុន្តែ គ្នាធ្វើការអ្វីធ្ងន់មិនចង់បានដែរហ្នឹង ឈឺដៃឈឺជើងទៅ ដូចខ្ញុំដើរមិនរួចអីមិនរួចអ៊ីចឹងទៅ ចាស់ៗ និយាយទៅចាស់ទៅទាំងអស់ហ្នឹង ហើយណាមួយទៀតទៅ អ្នកខ្លះទៅ គាត់មានអី ទោះបីថា គាត់គ្មានស្រូវ គ្មានអង្ករ គ្មានអ្វីពិសាអ៊ីចឹងទៅ គាត់យ៉ាប់ទៅ » ។
ទាក់ទងនឹងបញ្ហានេះ មេឃុំរកា លោកស្រី ហ៊ឹម ពៅ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃ ២០ កក្កដាថា រដ្ឋបាលឃុំតែងតែយកចិត្តទុកដាក់ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងផ្តល់ថ្នាំពន្យារជីវិតដល់ពលរដ្ឋ ហើយរដ្ឋាភិបាលគឺផ្គត់ផ្គង់ថ្នាំទាំងស្រុងដោយឥតគិតថ្លៃ ចាប់តាំងពីចុងឆ្នាំ២០១៤។ លោកស្រីបន្តថា ផ្តល់ភាពងាយស្រួលក្នុងការផ្តល់ថ្នាំលេបដល់អ្នកជំងឺ និងចេញសោហ៊ុយ ការធ្វើដំណើរដល់អ្នកជំងឺនៅឆ្ងាយ។ លោកស្រីបន្ថែមថា រដ្ឋាភិបាលឧបត្ថម្ភប្រាក់ដល់អ្នកជំងឺ និងផ្តល់បណ្ណក្រីក្រអោយប្រើប្រាស់ផងដែរ។ លោកស្រីថ្លែងថាកន្លងមក អ្នកស្រីតែងប្រកាសប្រាប់អ្នកជំងឺភូមិរកាថា បើនរណាខ្វះខាតស្បៀងអាហារខ្លាំងត្រូវទៅជួបមន្ត្រីឃុំរបស់លោកស្រី ដើម្បី ចាត់ចែងជូនទៅតាមលទ្ធភាព។ លោកស្រីបញ្ជាក់ថា ខាងឃុំ និងគ្រូពេទ្យក៏តែង អប់រំផ្សព្វផ្សាយជាប្រចាំ ដល់ពលរដ្ឋក្នុងឃុំរកាថា កុំឱ្យព្រួយបារម្ភអំពីជំងឺ និងលេបថ្នាំឱ្យទៀងទាត់៖ « ការពិតទៅខាងឃុំរកាខ្ញុំ ការរើសអើង គឺអន់ជាង ថយជាងមុនចា៎ មិនសូវរើសអើងទេ។ ប៉ុន្តែសំខាន់ ការដែលគាត់វគ្គមុនតាមភូមិខ្ញុំអាចផ្តល់អំណោយឱ្យមួយចំនូនផងដែរចា៎។ ហើយកាលខែមុន ខែមុនបោះឆ្នោត ខ្ញុំបានចែកអំណោយខ្លះ កាកបាទបានចែក ហើយខាងលោក ក៏បានជួយចែកដល់អ្នកអត់ៗ ខ្វះខាតស្បៀងមួយចំនួនផងដែរចា៎ ហើយមួយវិញទៀត បើពួកគាត់ខ្វះខាតស្បៀង អាចមកជួបពួកខ្ញុំនៅសាលាឃុំ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរពេទ្យរកា លោក អេង សំណាង ដើម្បីអត្ថធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២០ កក្កដា ដោយសារលោកថា រវល់។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងការធ្វើឱ្យពលរដ្ឋគ្រប់រូបមានសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋ។ លោកយល់ឃើញថា ពលរដ្ឋ ដែលផ្ទុកមេរោគអេដស៍ គឺងាយរងគ្រោះបំផុត ហើយការយកចិត្តទុកដាក់របស់អាជ្ញាធរជារឿងសំខាន់៖ « ត្រូវតែបង្កើនការយកចិត្តទុកដាក់លើពួកគាត់ ហើយពួកគាត់ ដែលមានផ្ទុកមេរោគអេដស៍ហ្នឹង គឺពួកគាត់ឥឡូវ ក៏កាន់តែវ័យចាស់ៗ ជរាហើយ។ អ៊ីចឹងធ្វើអីក៏លែងកើត សុខភាពក៏កាន់តែទ្រុឌទ្រោម ហើយបើសិនជាខ្វះនូវចំណីអាហារថែមទៀត ធ្វើឱ្យសុខភាពកាន់តែទ្រុឌទ្រោមថែមទៀត។ ត្រង់នេះហើយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែរ ត្រូវបង្កើនយកចិត្តទុកដាក់ ចំពោះពួកគាត់ ឱ្យបានខ្លាំងក្លាជាងប្រជាពលរដ្ឋដទៃទៀត ដែលគេមានសុខភាពល្អ មិនមានជំងឺឈឺស្កាត់អីហើយ ឬក៏ផ្ទុកជំងឺអេដស៍ ដែលមានលក្ខណៈទ្រង់ទ្រាយធំដូចនៅក្នុងឃុំរកានេះ គឺថា រដ្ឋាភិបាល ក៏ដូចអាជ្ញាធរដែរ តាមរយៈកាកបាទក្រហមអាចជួយដែរ ពីព្រោះអាចផ្តល់នូវស្បៀងអាហារ ឬម្ហូបអាហារអ្វីៗ ផ្សេងៗ ទៀតឱ្យពួកគាត់ ដើម្បីជួយបញ្ហាសុខភាពពួកគាត់ឱ្យមានភាពប្រសើរឡើង » ។
មនុស្សក្មេងចាស់ប្រុសស្រីក្នុងឃុំ រកាសរុប ៣២៥នាក់ ក្នុងនោះក្មេងមានចំនួន ៦៨នាក់ បានរកឃើញមានផ្ទុកមេរោគអេដស៍ ដោយបុរសម្នាក់ជាគ្រូពេទ្យប្រចាំភូមិឈ្មោះ ញ៉ែម ជ្រិន បានចម្លងមេរោគអេដស៍តាមរយៈការប្រើម្ជុល ១ ដដែលៗ ចាក់ថ្នាំរួមគ្នា ដល់ប្រជាជនក្នុងភូមិរកាកាលពីចុងឆ្នាំ ២០១៤។ សោកនាដកម្មដ៏សែនឈឺចាប់នេះ បានបន្សល់ទុកអ្នកផ្ទុកមេរោគអេដស៍សម្រាប់អ្នកឃុំរកាទាំងមូល ទោះជាគ្រូពេទ្យ ញ៉ែម ជ្រិន ត្រូវបានតុលាការកំពូលកាត់ទោសឱ្យជាប់គុក ២៥ឆ្នាំ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ។
មេឃុំរការ អ្នកស្រី ស៊ឹម ពៅ ឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ កក្កដា អ្នកស្លាប់ដោយសារមេរោគអេដស៍បានកើនឡើងដល់ ៤៩នាក់ហើយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៥នាក់។ អ្នកស្រីបន្តថា បច្ចុប្បន្ន មានអ្នកមេរោគអេដស៍ចំនួន ២៦២នាក់ ក្នុងនោះស្រី ១៥២នាក់ និងក្មេងដែលផ្ទុកមេរោគអេដស៍មាន ៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។