ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ផ្លាស់ប្ដូរចិត្តអនុញ្ញាតឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចវិលចូលកម្ពុជាបាន ដោយមិនចាំបាច់មានលិខិតបញ្ជាក់សុខភាពនោះទេ។ ពលរដ្ឋខ្មែរដែលជាប់គាំង នៅម៉ាឡេស៊ី រំពឹងថា រដ្ឋាភិបាល នឹងជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាឲ្យបានឆាប់ៗ ក្រោយមានដំណោះស្រាយថ្មីនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលើហ្វេសប៊ុកថា ចាប់ពីថ្ងៃទី២៧ ខែឧសភា តទៅ ពលរដ្ឋខ្មែរដែលកាន់ លិខិតឆ្លងដែនកម្ពុជា ហើយមានបំណងវិលត្រឡប់ចូលកម្ពុជាវិញ គឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ដូចមុនឡើយ។ លោក ថា ការផ្លាស់ប្តូរចិត្តរបស់លោកនេះ គឺដើម្បីជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឲ្យឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសរបស់ខ្លួនវិញ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា ពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ពលរដ្ឋទាំងនោះត្រូវចូលពិនិត្យ សុខភាព ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ទើបអនុញ្ញាតឲ្យទៅលំនៅឋានរៀងៗ ខ្លួនវិញ។
ការផ្លាស់ប្តូរចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ គឺបន្ទាប់ពីពលរដ្ឋខ្មែរដែល ជាប់គាំងនៅក្រៅប្រទេស ជាពិសេសនៅប្រទេសម៉ាឡេស៊ី រិះគន់ផង និងទទូចស្នើសុំម្ដងហើយ ម្ដងទៀតផង ឲ្យរដ្ឋាភិបាលរបស់លោកជួយសម្របសម្រួលបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់ ព្រោះពួកគេជួបការលំបាកផ្នែកជីវភាព និងពុំមានថវិកាសម្រាប់ចំណាយថ្លៃ ធ្វើតេស្តសុខភាព។
ពលករធ្វើការសំណង់នៅប្រទេសម៉ាឡេស៊ីមួយរូប គឺលោក ហាំ សាលី ត្រេកអរចំពោះការប្រកាស របស់ប្រមុខរដ្ឋាភិបាល ហើយលោករំពឹងថា រដ្ឋាភិបាល នឹងជួយរៀបចំជើងហោះដឹកពួកលោក ទៅស្រុកខ្មែរឲ្យបានឆាប់បំផុត។ លោក ត្អូញត្អែរថា ការទ្រាំរស់នៅក្នុងប្រទេសម៉ាឡេស៊ីក្នុងអំឡុងពេលជំងឺកូវីដ១៩ នេះ លោក និងពលករដទៃទៀត ជួបការលំបាកខ្លាំងដោយសារគ្មានការងារធ្វើ ហើយគ្មានចំណូលសម្រាប់ជួលបន្ទប់ស្នាក់នៅ និងទិញអាហារហូបចុកជាដើម៖ « កន្លងមកដែលគាត់ ( លោក ហ៊ុន សែន ) មិនឲ្យទៅស្រុកខ្មែរនោះ ខ្ញុំពិបាកក្នុងចិត្តខ្លាំង ហើយឥឡូវនេះរឿងពិបាកនៅតែពិបាកដដែល ប៉ុន្តែធ្វើម៉េច យើងមិនអាចទៅបាន ដូច្នេះចេះតែខំរកការងារធ្វើ ដើម្បីបានលុយបន្តិចបន្តួច។ ឥឡូវឮថា សម្តេចនាយករដ្ឋមន្ត្រី ថា អាចឲ្យទៅបានអ៊ីចឹង ខ្ញុំត្រូវទៅដែរ ព្រោះខ្ញុំនៅតែចង់ទៅជួបប្រពន្ធ និងកូនរបស់ខ្ញុំ » ។
ស្រដៀងគ្នានេះ ពលករធ្វើការជាអ្នករត់តុក្នុងភោជនីយដ្ឋាននៅប្រទេសម៉ាឡេស៊ី លោកស្រី ស៊ាង សំអូន រៀបរាប់ថា ការប្រកាសមិនតម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពនេះ គឺធ្វើឲ្យពលករសប្បាយ ចិត្តមួយផ្នែក ប៉ុន្តែលោកស្រី ចង់ឃើញរដ្ឋាភិបាល ចាត់វិធានការច្បាស់លាស់ក្នុងការបញ្ជូនអ្នកជាប់ គាំងនៅម៉ាឡេស៊ីត្រឡប់ទៅកម្ពុជាឲ្យបានឆាប់។ លោកស្រីបន្តថា រហូតមកដល់ពេលនេះ ស្ថានទូត ខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី មិនទាន់ជូនដំណឹងជាក់លាក់ថា ពួកគាត់ត្រូវឡើងយន្តហោះថ្ងៃណា នោះទេ៖ « ខ្ញុំសំណូមពរថា បើគាត់ចង់ឲ្យពួកខ្ញុំទៅអ៊ីចឹង គឺចង់ឲ្យបានទៅលឿនៗ ព្រោះមិនចង់ថា គាត់ឲ្យទៅហើយ ត្រូវផ្អាកដំណើរវិញ វាយូរថ្ងៃទៀត ខ្ញុំអត់ចង់អ៊ីចឹងទេ។ ខ្ញុំ នៅទីនេះពិបាកណាស់ វាអត់មានអីធ្វើបានលុយ ហើយលុយជួលផ្ទះក៏គ្មាន លុយទិញអីហូបក៏គ្មាន ហើយបានតែគេឲ្យហូប ហើយបើគេមិនឲ្យយើងអត់ » ។
ប្រជាពលរដ្ឋខ្មែរ ១៥០នាក់ បានជាប់គាំងនៅប្រទេសម៉ាឡេស៊ី ជិតពីរខែហើយដោយសារតែការ ផ្លាស់ប្តូរចិត្តមិនប្រាកដប្រជារបស់លោក ហ៊ុន សែន។ កាលពីថ្ងៃទី៧ ខែមេសា លោកបានសម្រេចចិត្តភ្លាមៗ ហាមមិនឲ្យយន្តហោះដឹកពលរដ្ឋទាំង ១៥០នាក់ចូលកម្ពុជា ក្រោម ហេតុផលទប់ស្កាត់ជំងឺកូវីដ។ បន្ទាប់មកនៅថ្ងៃទី២៧ ខែមេសា លោកបានប្តូរចិត្តបើកផ្លូវ ឲ្យពលរដ្ឋទាំង ១៥០នាក់ ចូលកម្ពុជាវិញ តែតម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ-១៩។ លើសពីនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសថា ការពិនិត្យសុខភាពនោះមិនអស់លុយទេ ប៉ុន្តែក្រោយមកតម្រូវពលរដ្ឋចំណាយលុយខ្លួនឯងវិញ។
មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែងថា ដំណោះស្រាយថ្មីរបស់រដ្ឋាភិបាលនេះ ជារឿងល្អ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកស្នើសុំឲ្យរដ្ឋាភិបាល ដោះស្រាយចំណុចសំខាន់ៗ ជាច្រើនទៀត ដូចជា ជួយចំណាយថ្លៃធ្វើដំណើរ និងអាហារហូបចុកសម្រាប់អ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរទាំងក្នុងអំឡុងពេលពួកគេនៅក្រៅប្រទេស និងទៅដល់ក្នុងប្រទេសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។