មេដឹកនាំកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំឲ្យមានការភ័យខ្លាច ចំពោះជំងឺផ្លូវដង្ហើមចម្លងដោយមេរោគវីរូសកូរ៉ូណាប្រភេទថ្មី និងឈប់រើសអើងលើជនជាតិចិនតទៅទៀត។ អ្នកវិភាគហៅការលើកឡើងរបស់មេដឹកនាំរូបនេះថា ជាការយកចិត្តយកថ្លើមមេដឹកនាំចិនកុម្មុយនិស្ត ដើម្បីរក្សាតែអំណាចរបស់ខ្លួន និងមើលស្រាលស្ថានការណ៍នៃការឆ្លងជំងឺ ដែលគ្មានថ្នាំព្យាបាលនេះ។
លោក ហ៊ុន សែន ថ្លែងថា បញ្ហាពីរធំៗ ដែលពិភពលោកត្រូវដោះស្រាយចម្បងចំពោះការរីករាលដានជំងឺឆ្លងវីរុសកូរ៉ូណា គឺការរកថ្នាំវ៉ាក់សាំងប្រឆាំងនឹងមេរោគថ្មីនេះ និងការព្យាបាលជំងឺភ័យខ្លាច និងរើសអើងចំពោះជនជាតិចិន។
ថ្លែងទៅកាន់ពលរដ្ឋរាប់រយនាក់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ២ និង ២២ នៅថ្ងៃទី១១ កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់ថា ជំងឺភ័យខ្លាច និងរើសអើងនេះ ហាក់ដូចជាសភាពធ្ងន់ធ្ងរជាងជំងឺឆ្លងវីរុសកូរ៉ូណាទៅទៀត។ លោក អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំឲ្យមានការភ័យខ្លាចចំពោះជំងឺឆ្លងផ្លូវដង្ហើមថ្មីនេះ និងឈប់រើសអើងលើជនជាតិចិនតទៅទៀត ព្រោះកម្ពុជាបានព្យាបាលជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ ដែលឆ្លងជំងឺនេះ បានជាសះស្បើយ ហើយបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញហើយ៖ «ប្រភេទថ្នាំទី២ ដែលវាងាយរកទេ គឺប្រភេទថ្នាំព្យាបាលជំងឺភ័យខ្លាច និងជំងឺរើសអើង។ អាជំងឺនេះ គ្រោះថ្នាក់ជាងអាកូរ៉ូណា។ អ៊ីចឹងទ ! ខ្ញុំពិតជាសប្បាយចិត្តចំពោះប្រជាពលរដ្ឋខ្មែរយើង ដែលមានការរើសអើងចំពោះទេសចរចិន ចំពោះអ្នកវិនិយោគចិននៅកម្ពុជា សណ្ឋាគារមួយចំនួននៅសៀមរាប គេស្វាគមន៍ទេសចរចិន ហើយគេចុះថ្លៃឲ្យទៀត។ អរគុណ ! បើធ្វើកាយវិការបែបនេះ»។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តាមដានឲ្យបានដិតដល់ករណីថ្មីមួយកើតលើភ្ញៀវទេសចរជនជាតិហុឡង់ដ៍ម្នាក់ ដែលមកលេងខេត្តព្រះសីហនុតាមកប៉ាល់ទេសចរណ៍មួយ ក្រោយពីសង្ស័យថា បុរសរូបនោះមានអាការៈខុសប្លែកធម្មតា។
លោក ម៉ម ប៊ុនហេង ឆ្លើយប្រាប់លោក ហ៊ុន សែន វិញថា បច្ចុប្បន្នជនបរទេសរូបនោះ កំពុងសម្រាកនៅមន្ទីរបង្អែកខេត្តព្រះសីហនុ និងរង់ចាំលទ្ធផលពិនិត្យមើលសំណាកចេញពីវិទ្យាស្ថានប៉ាសស្ព័រ ថាតើមានផ្ទុកមេរោគកូរ៉ូណា ឬអត់។
ស្របគ្នា លោក ហ៊ុន សែន ក៏ចង់ឲ្យមានកិច្ចប្រជុំមួយរាងមេដឹកនាំអាស៊ាន និងមេដឹកនាំចិន ក្នុងរឿងនេះ ក្រោយពីមានប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ប្រកាសជំហរបិទជើងហោះហើរពីចិន ដោយហាមជនជាតិចិន និងជនបរទេសដទៃទៀតដែលធ្លាប់ទៅប្រទេសចិន មិនឲ្យចូលប្រទេសគេជាដាច់ខាត ។ លោក ហ៊ុន សែន ក៏បានលែបខាយដាក់ប្រទេសទាំងនោះ ប្រសិនបើពួកគេចង់បើកជើងហោះហើរជាមួយប្រទេសចិនឡើងវិញ៖ «មានអ្នកខ្លះដាក់ផ្លែផ្កាឲ្យខ្ញុំ សុទ្ធតែឌឺថា រួមសុខទុក្ខជាមួយចិន ក៏ប៉ុន្តែអ្នកត្រូវយល់ឲ្យបានចំណងមិត្តភាពមួយនេះ វាជាផ្នែកមួយនៃដំណើរការនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ អ្នកឯងត្រូវយល់ បើមិនយល់ទេ សូមទៅរៀនថែម។ ហើយអ្នកដែលរើសអើងជាមួយចិន អ្នកចាំមើលលទ្ធផលថ្ងៃក្រោយ ថាតើចិននិយាយថាម៉េច។ ជួនម្ចាស់ម្ចាស់ការបិទជាឯកតោភាគីជាមួយការធ្វើដំណើររបស់ចិន។ ដល់ពេលសុំបើកវិញ ឧទាហរណ៍ទេណា៎ ! ស្រាប់តែចិនថាពិចារណាសិន។ ពាក្យពិចារណា គ្រោះថ្នាក់។ ខ្ញុំមិនប្រដៅទៅលើប្រទេសណាទេ»។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលើកឡើងថា ការថ្លែងរបស់លោក ហ៊ុន សែន នៅពេលនេះ ដើម្បីបង្ហាញភក្ដីភាពចំពោះមេដឹកនាំចិន ព្រោះចិន គឺជាជន្ទល់តែមួយគត់ដែលអាចជួយរក្សាអំណាចមេដឹកនាំខ្មែរបាន។
លោក បញ្ជាក់ថា បើលោក ហ៊ុន សែន នៅតែប្រកាន់ជំហរបើកឲ្យជនជាតិចិន ឬជនបរទេសដែលធ្លាប់ទៅប្រទេសចិន អាចធ្វើដំណើរដោយសេរីចូលកម្ពុជាបាន នោះអាចនឹងបង្កហានិភ័យខ្ពស់ដល់ពលរដ្ឋខ្មែរ ព្រោះប្រព័ន្ធសុខាភិបាលកម្ពុជានៅទន់ខ្សោយនៅឡើយ។
អ្នកវិភាគរូបនេះ យល់ថា ប្រសិនបើមានករណីឆ្លងជំងឺនេះដល់ពលរដ្ឋខ្មែរ ដូចនៅទីក្រុងវ៉ូហានប្រទេសចិន នោះលោក ហ៊ុន សែន នឹងក្លាយជាមេដឹកនាំក្បត់ពលរដ្ឋខ្មែរ ដោយមិនគិតគូរពីអាយុជីវិតប្រជារាស្ត្រ ក្រៅពីតែខំរក្សាអំណាចបក្សពួករបស់ខ្លួនកុំឲ្យបាត់បង់៖ «ក្នុងករណីរាលដាលកាន់តែខ្លាំងឡើងទូទាំងប្រទេស ទប់ស្កាត់មិនបាន ដូចនៅប្រទេសចិន នោះការវិនិច្ឆ័យទៅលោក ហ៊ុន សែន មិនមែនតុលាការនៅប្រទេសកម្ពុជាទេ។ គឺប្រជាពលរដ្ឋទូទាំងប្រទេសដែលត្រូវគិតថា ត្រូវរួមសកម្មភាពគ្នាដោយរបៀបណា ទុកមេដឹកនាំហ្នឹងដែរ ឬអត់ ឬត្រូវទម្លាក់ចេញ។ នេះជាលទ្ធផល ដែលលោក ហ៊ុន សែន ត្រូវប្រឈម ហើយនឹងការទទួលខុសត្រូវក្នុងនយោបាយបែបកុម្មុយនិស្តក្បត់ប្រជារាស្ត្រ បោកគេសុទ្ធដូចសព្វថ្ងៃ ដែលយកគំរូតាមប្រទេសចិន ដែលលាក់ព័ត៌មានពិត ដែលជារបៀបកិច្ចការសម្ងាត់របស់ក្រុមអ្នកនយោបាយមួយក្រុម ដើម្បីការពារមុខមាត់របស់ខ្លួនហ្នឹង»។
ថ្មីៗ នេះ បណ្ដាញព័ត៌មានហ្វីលីពីន ហៅកាត់ថា (UNTV) ផ្សព្វផ្សាយថា មន្ត្រីនៃការិយាល័យអន្តោប្រវេសន៍ប្រទេសហ្វីលីពីន បានសម្រេចបណ្ដេញជនបរទេសមួយក្រុមមានគ្នា ៣៦នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះហ្វីលីពីន ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅឈប់នៅអាកាសយានដ្ឋានអន្តរជាតិ នីណយ អាគីណូ (Ninoy Aquino International Airport) ឲ្យធ្វើដំណើរត្រឡប់មកទីក្រុងភ្នំពេញវិញ ក្រោយពីរកឃើញថា ពួកគេទាំងអស់នោះ ធ្លាប់បានទៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីដើមខែកុម្ភៈ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតរឿងពីអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ជា អូន នៅថ្ងៃទី១១ កុម្ភៈ បាននៅឡើយ ដោយលោកប្រាប់ថាជាប់រវល់ចុះខេត្ត។
លោក គឹម សុខ ថ្លែងថា ក្នុងកាលៈទេសៈបែបនេះ មេដឹកនាំខ្មែរគួរគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្មែរជាចម្បង ដោយចាត់វិធានការដូចប្រទេសដទៃទៀត គឺការមិនអនុញ្ញាតឲ្យជនជាតិចិន ធ្វើដំណើរមកកាន់កម្ពុជាបានឡើយ ដើម្បីបង្ការកុំឲ្យមានការឆ្លងពីជនជាតិចិនដល់ប្រជាពលរដ្ឋខ្មែរ ខណៈដែលទំហំនៃការស្លាប់ និងឆ្លងជំងឺថ្មីនេះ កំពុងរីករាលដាលខ្លាំងលើសកលលោក។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាដែលរឹតចំណងមិត្តភាពដែកថែបជាមួយចិន បានប្រកាសជំហរហើយថា នឹងមិនធ្វើការបិទជើងយន្តហោះពីចិននោះទេ ដើម្បីរក្សាទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គម ជាមួយគ្នា។ ចំពោះនិស្សិតខ្មែរជាច្រើននាក់ដែលកំពុងសិក្សានៅប្រទេសចិនវិញ រដ្ឋាភិបាលកម្ពុជា ក៏មិនចាត់វិធានការណ៍ទៅយកពួកគេត្រលប់មកកម្ពុជាវិញដែរ ដោយឈរលើស្មារតីរួមសុខរួមទុក្ខជាមួយចិន។
គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ វីរុសកូរ៉ូណា បានសម្លាប់មនុស្សកើនដល់ជាង១ពាន់នាក់ហើយ (១.០១៨) នៅក្នុងប្រទេសចិន ខណៈអ្នកឆ្លងជំងឺនេះ កើនដល់ ៤៣.១១៩នាក់ ចំណែកអ្នកព្យាបាលជាសះស្បើយ មានចំនួនជាង ៤.១៩១នាក់។ ចំនួនអ្នកស្លាប់ និងអ្នកឆ្លង ត្រូវបានគេកត់សំគាល់ឃើញថា មានការកើនឡើងជានិច្ច ដោយក្នុងមួយថ្ងៃអ្នកស្លាប់អាចមានចាប់ពី ៨០នាក់ ទៅដល់ ៩០នាក់ ហើយអ្នកឆ្លងមានរាប់យនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។