លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ៦ខែម្តង ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ខណៈចិនកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយបើកប្រទេសឲ្យពលរដ្ឋចិនធ្វើដំណើរចេញពីប្រទេស។ ប៉ុន្តែអ្នកជំនាញ និងសង្គមស៊ីវិលយល់ថាការវ៉ាក់សាំងជូនពលរដ្ឋតែមួយមុខមិនអាចទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីក្រៅប្រទេសបានទេ ។ ពួកគេជំរុញដល់រដ្ឋាភិបាលរឹតបណ្តឹងប្រភពចំលងពីចិន និងបង្កើនការផ្សព្វផ្សាយការអប់រំអំពីសុខភាពបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងវិញនៅប្រទេសក្នុងតំបន់ ហើយប្រសិនបើកម្ពុជាមិនមានវិធានការណ៍ទប់ស្កាត់ជាមុននោះទេ ជំងឺកូវីដអាចបង្កគ្រោះថ្នាក់ដោយប្រការណាមួយដល់ពលរដ្ឋ។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ នៅខេត្តកំពត នាថ្ងៃទី៣០ខែធ្នូ លោក ហ៊ុន សែន ចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំង គឺជាជម្រើសតែមួយគត់ជួយកាត់បន្ថយការឆ្លង ការធ្លាក់ខ្លួនឈឺធ្ងន់។ លោកក៏អំពាវនាវដល់ពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា។
លោក ហ៊ុន សែន៖ «រយៈពេល៦ខែត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងបន្តទៅទៀត បើទោះបីប្រទេសនេះប្រទេសធ្វើអ៊ីចេះប្រទេសនោះធ្វើអ៊ីចុះ ក៏ប៉ុន្តែការចាក់វ៉ាក់សាំងដើម្បីការពារខ្លួនរោគរាតត្បាតនេះ។ ជាការចាំបាច់ នោះចាំបាច់ណាស់ត្រូវមានភាពសុំាក្នុងខ្លួនជានិច្ចទើបអាចទប់ជាមួយមេរោគដ៏អាក្រក់ គឺកូវីដ១៩ ដែលវាកំពុងមានវត្តមានក្នុងតំបន់ និងវាក៏មាននៅក្នុងប្រទេសរបស់យើងដែរ»។
អ្នកជំនាញលើកឡើងថា ក្រៅពីយុទ្ធនាការបន្តចាក់វ៉ាក់សាំងនោះ រដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់មានវិធានការត្រួតពិនិត្យលើអ្នកដំណើរដែលចូលមកលេងនៅកម្ពុជានៅឡើយទេ ខណៈប្រទេសធំៗមួយចំនួនព្រួយបារម្ភ និងបង្កើនការប្រុងប្រយ័ត្នដោយចាប់ផ្តើមដាក់ចេញវិធានការត្រួតពិនិត្យតឹងរ៉ឹងលើអ្នកធ្វើដំណើរមកពីប្រទេសចិនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ អ្នកជំនាញ និងសង្គមស៊ីវិលសង្កេតឃើញថា បញ្ហាកូវីដ-១៩ រីករាលដាលជាថ្មីនេះដោយសាររដ្ឋាភិបាលចិនគ្រប់គ្រង់មិនបានល្អ និងគុណភាពវ៉ាក់សាំងមិនមានប្រសិទ្ធភាពខ្ពស់។ ពួកគេយល់ថា ប្រសិនបើរដ្ឋាភិបាល យឺតយ៉ាវចាត់វិធានការទប់ស្កាត់នោះ នឹងហួសពេលដូចករណីលើកដំបូងដែលជំងឺកូវីដ បានចាប់ផ្តើមរីកសាយភាយចេញពីទីក្រុងវូហាន (Wuhan ) ប្រទេសចិន ទៅកាន់ពិភពលោក រួមទាំងកម្ពុជាផង។
ជំនួយការឱសថការីនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Novant Health Forsyth Medical Center នៅរដ្ឋណតខារ៉ូឡាញណា (North Carolina) សហរដ្ឋអាមេរិក អ្នកស្រី ធិត គឹមហ៊ុន មានប្រសាសន៍ថាសព្វថ្ងៃប្រទេសជឿនលឿន និងអង្គការសុខភាពពិភពលោកមានវិធីសាស្ត្រជាច្រើនក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលកម្ពុជាគួរសហការ ឬស្រង់យកបទពិសោធន៍ល្អៗពីពួកគេ។ អ្នកស្រីយល់ថា ការណ៍ដែលរដ្ឋាភិបាលកម្ពុជា ជ្រើសរើសវិធីឱ្យពលរដ្ឋទទួលវ៉ាក់សាំងនោះ គឺមិនអាចទប់ទល់នឹងការរាតត្បាតជំងឺកូវីដពីក្រៅប្រទេស និងក្នុងប្រទេសឱ្យមានប្រសិទ្ធភាពបានទេ។ អ្នកស្រីឧទាហរណ៍បច្ចុប្បន្នប្រទេសចិនកំពុងផ្ទុះជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវកាត់ផ្ដាច់ប្រភពចំលងរោគតាមរយៈការរឹតបណ្តឹងលើអ្នកដំណើរចិននៅតាមច្រកអន្តរជាតិជាពិសេសជើងហោះហើរត្រង់ពីប្រទេសចិន។
អ្នកស្រី ធិត គឹមហ៊ុន៖ «វាអត់ត្រឹមត្រូវទេធ្វើយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំងតែមួយមុខនោះ អ៊ីចឹងត្រូវមើលទាំងអស់ តើប្រជាពលរដ្ឋហ្នឹងគាត់មានផ្នែកសុខាភិបាលនៅភូមិឃុំហ្នឹងគ្រប់គ្រាន់ឬអត់?ដើម្បីការពារក្នុងពេលផ្ទុះខ្លាំងទៅមុខ ហើយទីពីរ គាត់(លោក ហ៊ុន សែន)ត្រូវរឹតត្បិតឱ្យខ្លាំងមែនទែនប្រភពផ្ទុះហ្នឹងចេញពីណា?ពីប្រទេសចិន អ៊ីចឹងនៅប្រលានយន្តហោះត្រូវរឹតត្បិតខ្លាំងក្នុងការពិនិត្យឱ្យមែនទែន តើម្នាក់ៗហ្នឹងមានតេស្ដកូវីដជាវិជ្ជមានឬអត់ ហើយប្រសិនបើគាត់ដឹងថាវិជ្ជមានហើយ ហើយប៉ះមិត្តដែកថែបគាត់នៅតែឱ្យចូលចំលងប្រជាពលរដ្ឋខ្មែរទៀត អាហ្នឹងទោះបីវ៉ាក់សាំងមកពីប្រភពទេវតាក៏មិនអាចបង្ការបានដែរចា៎»។
ស្រដៀងគ្នានេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ព្រួយបារម្ភបើសិនកម្ពុជាថ្លោះធ្លោយឱ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលចូលដល់សហគមន៍សាជាថ្មីនោះ នោះសេដ្ឋកិច្ច និងជីវភាពពលរដ្ឋនឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ លោក គៀន ពន្លក មើលឃើញថាស្របពេលចិន ផ្ទុះជំងឺកូវីដ-១៩នេះ ហើយរដ្ឋាភិបាលកម្ពុជាមិនទាន់ប្រកាសដាក់វិធានការចំពោះអ្នកធ្វើដំណើរចេញពីប្រទេសចិនទំនងមកពីលោក ហ៊ុន សែន ខ្លាចប៉ះពាល់ដល់ទំនាក់ទំនងនយោបាយស្អិតរមួតជាមួយចិន។
លោក គៀន ពន្លក៖ «ខ្ញុំគិតថាបើសិនរដ្ឋាភិបាលកម្ពុជានៅតែគិតថាទំនាក់ទំនងកម្ពុជាចិនសំខាន់ជាងសេដ្ឋកិច្ច នយោបាយនៅក្នុងប្រទេសកម្ពុជានោះហានិភ័យនឹងកើតឡើង ជំងឺកូវីដកើតឡើងសាជាថ្មីទៀតនៅកម្ពុជានោះ វាជាហានិភ័យផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយនៅពេលហ្នឹងហើយដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់រដ្ឋាភិបាលខ្លួនឯងដែលមិនមានវិធានការទប់ស្កាត់គ្រប់គ្រាន់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបន្ថែមបានទេនៅថ្ងៃទី៣០ ខែធ្នូ។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ១៣ម៉ឺន ៨ពាន់នាក់ (១៣៨.៥៧៨) ក្នុងនោះអ្នកជាសះស្បើយមានជាង ១៣ម៉ឺននាក់ ៤ពាន់នាក់ (១៣៥.៤២៨) និងអ្នកស្លាប់នៅចំនួន ៣ពាន់ ៥៦នាក់ (៣.០៥៦) ដដែល។
ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា រដ្ឋាភិបាល ចាក់វ៉ាក់សាំងគ្រប់ដូសជូនពលរដ្ឋបានជាង ១៤លាន ៦សែននាក់ ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់ប្រមាណ ១៥លាននាក់ ដែលរាប់ពីកុមារអាយុចាប់ពី ៣ឆ្នាំ រហូតដល់មនុស្សពេញវ័យ។ រីឯដូសជំរុញទី៣ ទី៤ និងទី៥ វិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានសរុបជាង ១៨លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។