លោក ហ៊ុន សែន ចេញវិធានការពង្រឹងការរឹតត្បិតការធ្វើដំណើរ និងជួបជុំចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អំឡុងពេលបុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ។
ក្នុងសារាចរចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី៣ ខែតុលា ម្សិលម៉ិញ លោក ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល និងច្បាប់ ជាពិសេសពាក់ព័ន្ធនឹងការធ្វើដំណើរដោយមធ្យោបាយធ្វើដំណើររួម ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាដើម។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏ណែនាំឱ្យអាជ្ញាធររឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងបន្តដាក់ចេញវិធានការបន្ថែមទៅតាមស្ថានភាពជាក់ស្តែង។
ក្រោយពីមានកើនឡើងខ្ពស់នៃករណីឆ្លងជំងឺកូវីដ-១៩ នៅតាមវត្តអារ៉ាមនៅទូទាំងប្រទេស រដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលនៅតែរក្សាការឈប់សម្រាករយៈពេល ៣ថ្ងៃដដែលសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។
ទំនងជាដោយសារព្រួយបារម្ភពីការហក់កើនឡើងខ្ពស់នៃតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ លោក ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បញ្ឈប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩។
ក៏ប៉ុន្តែ ក្នុងសារាចរផ្សាយកាលពីថ្ងៃទី០៣ ខែតុលា លោក ហ៊ុន សែន បែរជាណែនាំថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌនេះរួច លោកលើកទឹកចិត្តឱ្យមន្ត្រីរាជការ កម្មករនិយោជិតនិងបុគ្គលិកអប់រំនាំគ្នាធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩នេះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។