លោក ហ៊ុន សែន ប្រកាសឈប់ចាក់វ៉ាក់សាំងតាមការស្នើសុំទៀតហើយដោយដាក់ផែនការថ្មី គឺចាក់ស្រោចនៅកន្លែងមានមនុស្សកកកុញ។ មន្ត្រីបក្សប្រឆាំងស្នើឱ្យការចាក់វ៉ាក់សាំងនេះកុំប្រកាន់និន្នាការនយោបាយ និងត្រូវផ្ដល់អាទិភាពដល់អ្នកជាប់ឃុំនៅពន្ធនាគារដែលមិនត្រឹមគិតតែកន្លែងកកកុញប៉ុណ្ណោះទេ គឺថែមទាំងចង្អៀតណែននិងកំពុងផ្ទុះជំងឺកូវីដ១៩ថែមទៀតផង។
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រាប់អភិបាលរាជធានី-ខេត្តបញ្ចប់ការស្នើសុំចាក់វ៉ាក់សាំងកន្លែងនេះបន្តិចកន្លែងនោះបន្តិចដោយយល់ថា ការធ្វើរបៀបនេះមិនជោគជ័យនោះទេ។ លោក ហ៊ុន សែន អះអាងថា ផែនការថ្មី គឺចាក់ស្រោចនៅកន្លែងមានមនុស្សកកកុញ ដូចជា៖ រាជធានីភ្នំពេញ ទីប្រជុំជននៅខេត្តកណ្ដាល និងគោលដៅសំខាន់នៅទីរួមខេត្តនានានិងតំបន់មានកម្មកររោងចក្ររស់នៅកកកុញរាប់សែននាក់។ លោក ហ៊ុន សែន ថ្លែងបែបនេះតាមរយៈសារសំឡេងបង្ហោះតាមហ្វេសប៊ុករបស់លោកថ្ងៃទី២៩ ខែឧសភា៖ «នៅពេលដែលយើងចុះទៅយើងចុះស្រោចយកតាំងស្រុងតែម្ដងបើមិនបានទូទាំងទៅតាមជនបទទេ ក៏យើងប្រមូលផ្ដុំនៅតាមទីក្រុងទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញធ្វើបែបនេះទើបមានភាពស៊ាំក្នុងក្នុងសហគមន៍ » ។
លោក ហ៊ុន សែន ឱ្យដឹងថា ពេលនេះកម្ពុជាជួបការខ្វះខាងវ៉ាក់សាំងទើបមិនទាន់អាចចាក់ឱ្យពលរដ្ឋតាមការចង់បាននៅឡើយ និងស្នើឱ្យពលរដ្ឋរង់ចាំបន្តិច។ លោកថា វ៉ាក់សាំងចំនួន ៤លាន ៥សែននឹងបញ្ជូនមកដល់កម្ពុជានៅខែមិថុនាខាងមុខ ប៉ុន្តែលោកមិនទាន់ឱ្យដឹងថា ជាវ៉ាក់សាំងឈ្មោះអីនិងជារបស់ប្រទេសណានោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការចាក់វ៉ាក់សាំងនៅកន្លែងមានមនុស្សកកកុញជារឿងប្រសើរ ព្រោះកន្លែងមានមនុស្សរស់នៅច្រើនប្រឈមហានិភ័យខ្ពស់។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ការចាក់វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ លោកស្នើទៅអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តវិធានការការពារ បង្ការ និងអប់រំពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នការរក្សាគម្លាត អនាម័យ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងជាដើម៖ «គួរតែមានវិធានការបើមិនចឹងទេគឺអាចនឹងធ្វើឱ្យហានិភ័យដែលកើតឡើងជាឧបសគ្គក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចការវិនិយោគរបស់កម្ពុជាទៅអនាគត » ។
ការប្រកាសផែនការចាក់វ៉ាក់សាំងថ្មីរបស់លោក ហ៊ុន សែន ពេលនេះ ខណៈសន្ទុះនៃការឆ្លងជំងឺកូវីដ១៩នៅតែកើនឡើងដោយមួយៗ ថ្ងៃមានមនុស្សរាប់រយនាក់ឆ្លងជំងឺនេះ ហើយពន្ធនាគារដែលជាកន្លែងផ្ទុកអ្នកជាប់ឃុំក៏រកឃើញអ្នកជាប់ឃុំជាង ៣០០នាក់បានឆ្លងផងដែរ។ ទោះយ៉ាងណា លោក ហ៊ុន សែន មិនទាន់ប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមពន្ធនាគារនៅឡើយទេ។
ទាក់ទងរឿងនេះ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃយល់ថា រដ្ឋាភិបាលគួរផ្ដល់អាទិភាពចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំតាមពន្ធនាគារទូទាំងប្រទេស ជាពិសេសពន្ធនាគារដែលមានការឆ្លងជំងឺកូវីដ១៩ នេះ។ មន្ត្រីបក្សប្រឆាំងរូបនេះ ស្នើការចាក់វ៉ាក់សាំងនេះកុំមានប្រកាន់និន្នាការនយោបាយ។ លោករិះគន់ថា ការចាក់វ៉ាក់សាំងកន្លងមកមានការផ្ដល់អាទិភាពដល់ពលរដ្ឋនិងយុវជនដែលគាំទ្រគណបក្សកាន់អំណាច៖ « បើកាលណាបើមានការឆ្លងចូលពន្ធនាគារ ហើយពិបាកក្នុងការទប់ស្កាត់ ព្រោះការប្រមូលផ្ដុំយើងដឹងហើយថា ពន្ធនាគារបន្ទប់មួយបួនម៉ែត្របួនជ្រុងផ្ទុកមនុស្សដល់ទៅ ៣០ ឬ ៤០នាក់ឯណោះ មិនអាចជៀសផុតការឆ្លងបានទេអញ្ចឹងសុំឱ្យប្រើប្រាស់ថ្នាំនេះឱ្យទិសដៅអ្វីដែលការចង់បានរបស់ពលរដ្ឋ » ។
កាលពីដើមខែមីនាក្រសួងសុខាភិបាលប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងចិនទូទាំងប្រទេសដោយផ្ដោតលើក្រុមមន្ត្រីរាជការមុខសញ្ញាសំខាន់ៗ ជិត ៧៥ម៉ឺននាក់។ កន្លងមកកម្ពុជាទើបមានវ៉ាក់សាំងរបស់ចិន ស៊ីណូហ្វាម(Sinopharm) ស៊ីណូវ៉ាក់ (Sinovac) និងវ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ហើយកាលពីថ្មីនេះ លោក ហ៊ុន សែន ក៏បានស្នើសុំវ៉ាក់សាំងពីសហរដ្ឋអាមេរិកចំនួន ៤លានដូសផងដែរ។
លោក ហ៊ុន សែន ឱ្យដឹងថា មនុស្សដែលអាចចាក់វ៉ាក់សាំងបានអាយុលើស ១៨ឆ្នាំមានជាង ១០លាននាក់ហើយពេលនេះមនុស្សប្រមាណ ២លាន ៥សែនបានចាក់សាំងរួចហើយ ជាពិសេសនៅភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។