គ្រួសារពលការិនីដែលឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាឡេស៊ី ស្នើស្ថានទូតខ្មែរជួយអន្តរាគមន៍ ឬសម្របសម្រួលតម្លៃព្យាបាលជំងឺកូវីដ-១៩ របស់មន្ទីរពេទ្យ ដោយសារពួកគាត់ ពុំមានលទ្ធភាព និងកំពុងជួបការលំបាកក្នុងជីវភាព។ ចំណែកមន្ត្រីកិច្ចការកុងបញ្ជាក់ថា ស្ថានទូតពុំមានលទ្ធភាពឆ្លើយតបតាមសំណើរបស់ពលករទេ។ មន្ត្រីសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតគួរយកបញ្ហារបស់ពលករខ្មែរជជែកជាមួយរដ្ឋាភិបាលម៉ាឡេស៊ី និងរកដំណោះស្រាយនិងឆ្លើយតបបន្ទាន់ជុំវិញរឿងនេះ។
គ្រួសារពលរដ្ឋខ្មែរធ្វើនៅប្រទេសម៉ាឡេស៊ីមួយ បានឆ្លងជំងឺកូវីដ-១៩ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋមួយនៅរដ្ឋយូហូ (Johor) ប៉ុន្តែគ្មានប្រាក់បង់ថ្លៃព្យាបាល។
កម្មករសំណង់មានស្រុកកំណើតត្បូងឃ្មុំ លោក យ៉ាន ណារី រៀបរាប់ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ កញ្ញាថា ដំបូងឡើយប្រពន្ធលោក ឈ្មោះ គ្រីម៉ាស អាយុ ២៥ឆ្នាំ ដែលមានផ្ទៃពោះប្រាំ ៨ខែបានបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី១៦ ខែកញ្ញា ដោយសារមានអាការៈក្ដៅខ្លួន។ លោកបន្តថា គ្រូពេទ្យធ្វើតេស្តរកឃើញថាប្រពន្ធរបស់លោកឆ្លងជំងឺកូវីដ-១៩ ហើយភ្លាមៗ នោះខាងមន្ទីរពេទ្យបានអនុញ្ញាតឱ្យប្រពន្ធលោកសម្រាកព្យាបាល តែមន្ទីរពេទ្យតម្រូវឱ្យលោកកក់ប្រាក់ចំនួន៧.០០០រីងហ្គីត (Ringgit) ឬស្មើប្រមាណ ១.៧៥០ដុល្លារអាមេរិក។
លោក យ៉ាន ណារី ត្អូញត្អែរថា លោកគ្មានប្រាក់សម្រាប់បង់ឱ្យមន្ទីរពេទ្យនោះទេ ព្រោះស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ គ្រួសារលោកបាត់បង់ការងារ និងគ្មានប្រាក់ចំណូលដោយកំពុងរស់នៅទាំងត្រដាបត្រដួស។ បុរសវ័យ៣៧ឆ្នាំរូបនេះ ថាលោកមិនដឹងទៅពាក់ស្ថាប័នខាងណាដើម្បីដោះស្រាយបញ្ហានេះទេ ខណៈប្រពន្ធរបស់លោកកំពុងដាក់អុកស៊ីហ្សែន នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ដោយគ្រូពេទ្យបញ្ជាក់ថាអ្នកជំងឺមានសង្ឃឹមត្រឹម ៥០ភាគ ហើយប្រសិនបើអាការៈមិនថមថយ គ្រូពេទ្យនឹងវះកាត់សង្គ្រោះកូនបន្ទាន់៖ «យើងអត់លុយប្រពន្ធធ្លាក់ខ្លួនឈឺអត់បានធ្វើការអី ពិបាកប្រទេសគេមិនដូចប្រទេសយើងណា ជនជាតិគេអត់គេលុយអត់គិតអីទេថ្លៃពេលឈឺថ្កាត់ពេលចូលសង្គ្រោះបន្ទាន់អី យើងជនជាតិអន្តោប្រវេសន៍គេគិតលុយជាមួយយើង ពលរដ្ឋនៅម៉ាឡេជួយយកចិត្តទុកដាក់ពួកគាត់ផង អ្នកធ្វើការនៅទីនេះមិនមែនអ្នកមានលុយទាំងអស់នោះទេ»។
ឆ្លើយតបជុំវិញរឿងនេះ មន្ត្រីកិច្ចការកុងស៊ុលនៃស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ដែលសុំមិនបញ្ចេញឈ្មោះប្រាប់អាស៊ីសេរីថា ខាងស្ថានទូតពុំមានលទ្ធភាពជួយអន្តរាគមន៍ទៅរដ្ឋាភិបាលម៉ាឡេ ឬបង់ថ្លៃសេវាព្យាបាលជំងឺកូវីដ-១៩ តបតាមសំណើរបស់ពលករនោះទេ។ លោកទទួលស្គាល់ថា ករណីនេះ តែងតែកើតលើពលករខ្មែរដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។ មន្ត្រីរូបនេះមិនបានផ្តល់ដំណោះស្រាយបែបណាទេ ដោយលោករុញឱ្យសួរមន្ត្រីស្ថានទូតទទួលបន្ទុកពលករវិញ៖ «នៅម៉ាឡេខាងពេលខ្លះស្ថានទូតក៏អត់បានដឹងដែរ ទាល់តែខាងមន្ទីរពេទ្យគេទំនាក់ទំនងមកថាពលករមកព្យាបាលជំងឺគ្មានលុយកាក់ទេឱ្យខាងស្ថានទូតជួយចេញ ស្ថានទូតមានលុយឯណាចេញ មានតែរកសប្បុរសជន សប្បុរសធម៌ដែរហ្នឹង ករណីអ៊ីចឹងច្រើនហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង និងមន្ត្រីទទួលបន្ទុកកិច្ចការពលករស្ថានទូត ដើម្បីសុំការឆ្លើយតបបន្ថែមជុំវិញរឿងនេះ បានទេ នៅថ្ងៃទី២០ កញ្ញា ។
ជុំវិញរឿងនេះមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកសិទ្ធិការងារ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ការទប់ស្កាត់ជំងឺកូវីដ-១៩ គឺបញ្ហាសកល ទោះបីពលករខ្មែរធ្វើការស្របច្បាប់ ឬខុសច្បាប់ក៏ដោយពួកគេត្រូវទទួលបានសេវាព្យាបាលជំងឺកូវីដ-១៩ ពីប្រទេសទាំងនោះដោយឥតគិតថ្លៃ និងគ្មានការរើសអើងជាតិសាសន៍។ លោកយល់ថា ប្រសិនមន្ត្រីសុខាភិបាលម៉ាឡេស៊ីតម្រូវឱ្យពលករបង់ថ្លៃសេវាព្យាបាល គឺជាអំពីអមនុស្សធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍អង្គការសុខភាពពិភពលោក។ លោកសង្កេតឃើញថាពលករខ្មែរធ្វើការនៅក្រៅប្រទេសនេះ ពុំសូវទទួលបានកិច្ចអន្តរាគមន៍ពីស្ថានទូតខ្មែរនោះទេ ហើយលោកលើកទឹកចិត្តដល់ពួកគេត្រូវហ៊ានបង្ហាញទុក្ខកង្វល់របស់ខ្លួននៅលើបណ្ដាញសង្គមដើម្បីជំរុញរដ្ឋាភិបាលឱ្យឆ្លើយតបបន្ទាន់អំពីបញ្ហាទាំងអស់នេះ៖ «ខ្ញុំគិតថាស្ថានទូតត្រូវដើរតួនាទីរបស់ខ្លួនឱ្យបានពេញលេញពាក់ព័ន្ធការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ អ៊ីចឹងប្រសិនបើប្រជាពលរដ្ឋមានបញ្ហា កាតព្វកិច្ចរបស់ហើយរដ្ឋតំណាងស្ថានទូត ស្ថានកុងស៊ុលហ្នឹងហើយដែលជាអាណាព្យាបាលជាអ្នកបម្រើសេវាកម្ម អ៊ីចឹងត្រូវតែសម្របសម្រួលគាត់ឱ្យបានការព្យាបាលសមស្របត្រឹមត្រូវឱ្យស្មើមុខស្មើមាត់នឹងគេ»។
ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ កម្មករខ្មែរដែលធ្វើការនៅក្រៅប្រទេសប្រឈមបញ្ហាអស់សុពលភាពឯកសារស្របច្បាប់ ការគំរាមកំហែងផ្លូវច្បាប់ កេងប្រវ័ញ្ចកម្លាំងពលកម្ម បាត់បង់ការងារ និងមិនបានយកចិត្តទុកដាក់ត្រឹមត្រូវផ្នែកសុខាភិបាលនោះទេ អំឡុងពេលអាជ្ញាធរប្រទេសម៉ាឡេស៊ីដែលពួកគេធ្វើការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
អាជ្ញាធរម៉ាឡេស៊ីបន្តបិទខ្ទប់ប្រទេសនេះរយៈពេលជិត ៥ខែមកហើយ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីបញ្ជាក់ថា គិតត្រឹមខែសីហាមានពលរដ្ឋខ្មែរចំនួន៦នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលសាច់ញាតិមកបំពេញឯកសារនៅស្ថានទូត។
របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា គិតត្រឹមឆ្នាំ២០២០ ពលករខ្មែរស្របច្បាប់ និងពលករខុសច្បាប់ មានចំនួនប្រមាណជាង ១០ម៉ឺននាក់ (១០០.០០០) កំពុងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។