ក្រសួង​ព័ត៌មាន ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​វិសាខ​បូជា និង​មាឃ​បូជា

ដោយ មាន ឫទ្ធិ
2019.05.03
Share on WhatsApp
Share on WhatsApp
ផ្សព្វផ្សាយ​ស្រា​បៀរ ផ្ទាំង​ផ្សព្វផ្សាយ​ស្រា​បៀរ GANZBERG ដ៏​ធំ ត្រូវ​បាន​គេ​ដាក់​ផ្សាយ​នៅ​តាម​បណ្ដោយ​មហាវិថី​មួយ ក្នុង​រាជ​ធានី​ភ្នំពេញ។
រូប៖ RFA

ក្រសួង​ព័ត៌មាន​​​បញ្ជា​​ឲ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ ផ្អាក​​​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​វិសាខ​បូជា និង​មាឃ​បូជា រៀង​រាល់​ឆ្នាំ ចាប់​ពី​ពេល​នេះ​ទៅ។

លិខិត​របស់​ក្រសួង​ព័ត៌មាន ​ចេញ​ផ្សាយ​ថ្ងៃ​ទី៣០ មេសា ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២ ឧសភា រដ្ឋ​មន្ត្រី ខៀវ កាញារីទ្ធ បញ្ជាក់​ថា ការ​ហាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ថ្ងៃ​បុណ្យ​ជាតិ​ទាំង២ នេះ ដើម្បី​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា។ លោក​ថា ចំពោះ​ការ​ហាម​ផ្សាយ​ពាណិជ្ជកម្ម​នៅ​​​​​ថ្ងៃ​វិសាខ​បូជា ដោយសារ​ចង់​រំលឹក​ដល់​ព្រឹត្តិការណ៍ ប្រសូត ត្រាស់​ដឹង និង​ចូល​បរិនិព្វាន​របស់​ព្រះពុទ្ធ។ ចំណែក​ថ្ងៃ​មាឃ​បូជា គឺ​រំលឹក​ដល់​ព្រឹត្តិ​ការណ៍ ព្រះ​ពុទ្ធ​ប្រកាស​បង្កើត​សាសនា ក្រោយ​ពេល​ព្រះ​អង្គ​ត្រាស់​ដឹង។ លោក ខៀវ កាញារីទ្ធ មិន​បាន​កំណត់​ទោស​ទណ្ឌ ឬ​ ពិន័យ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ដោយ​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ អនុវត្ត​​បម្រាម​នេះ ឲ្យ​មាន​ប្រសិទ្ធិភាព។

ព្រះ​តេជគុណ សឺង សេងហុង​ គង់​នៅ​វត្ត​ពិភទ្ទ​រង្សី នៅ​រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា វិធានការ​ក្រសួង ជា​ការ​ល្អ​ទាំង​សម្រាប់​សាសនា និង​សង្គម។ ព្រះ​អង្គ​បន្ត​ថា ក្នុង​បញ្ញត្តិ​ព្រះ​សម្មាសម្ពុទ្ធ ឲ្យ​​វៀរចាក​ គ្រឿង​ស្រវឹង​ ចែង​ក្នុង​សីល​៥ គឺ​ត្រង់​សុរា។ ព្រះអង្គ​ យល់​ថា ​ក្រៅ​ពី​ផ្អាក​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ក្រសួង​ព័ត៌មាន​គួរ​ជំរុញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​បន្ថែម​ការ​ផ្សាយ​ពី​ព្រឹត្តិការណ៍​​​ពិសាខ​បូជា និង​មាឃ​បូជា​ឲ្យ​ទូលំ​ទូលាយ​បន្ថែម​ទៀត។

ចំណែក​ប្រធាន​ស្ដីទី​សហព័ន្ធ​និស្សិត​ បញ្ញវន្ត​កម្ពុជា លោក អែម ប៉ុណ្ណា​រិទ្ធិ យល់​ថា ការ​ហាម​ប្រាម​ចាក់​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង មិន​ទាន់​គ្រប់​គ្រាន់​ទេ។ លោក​ ចង់​ឃើញ​ បម្រាប​លក់​គ្រឿង​ស្រវឹង ​ក្នុង​ថ្ងៃ​បុណ្យ​សាសនា​ទាំង​ពីរ និង​ការ​កាត់​បន្ថយ​ការ ​ផ្សាយ​ពាណិជ្ជកម្ម​ ផលិត​ផល​គ្រឿង​ស្រវឹង ឲ្យ​បាន​ច្រើន​ជាង​នេះ។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ ​សង្កេត​ឃើញ​ថា កន្លង​មក​បម្រាម​ របស់​អាជ្ញាធរ ជុំវិញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ មិន​ទាន់​មាន​ប្រសិទ្ធិ​ភាព​ទេ។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ រឹត​បន្តឹង​វិធាន​ការ​​អនុវត្ត​ច្បាប់​ គ្រឿង​ស្រវឹង និង​ត្រូវ​ដំឡើង​ពន្ធ លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង​ឲ្យ​បាន​មាន​កម្រិត​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។