មនុស្ស​ជាង ៤០​នាក់ ត្រូវ​បាន​រក​ឃើញ​ថា ធ្លាប់​ប៉ះពាល់​បុរស​​ជប៉ុន​ដែល​ផ្ទុក​ជំងឺ​កូវីដ​-១៩ ពេល​​នៅ​​កម្ពុជា

0:00 / 0:00

ក្រសួងសុខាភិបាល​កម្ពុ​ជា កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​មាន​ប្រវត្តិ​ធ្លាប់​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​គេ​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺឆ្លង​កូវីដ​-១៩ ក្រោយ​ពេល​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ដល់​ប្រទេស​ជប៉ុន​វិញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា។

ក្រុម​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​រូប​នោះ​ចំនួន ៤​នាក់ និង​ប្រមាណ​៤០​នាក់​ផ្សេងទៀត ជា​អ្នក​ប៉ះពាល់​ដោយ​ប្រយោល ដែល​តម្រូវ​ឱ្យ​ពួកគាត់​នៅ​ដាច់ដោយឡែក​ពី​គេ​ចំនួន ១៤​ថ្ងៃ និង​តាមដាន​សុខភាព​។ ក្នុង​ករណី​មាន​លេចចេញ​រោគសញ្ញា​ណាមួយ គឺ​នឹង​ត្រូវ​យក​វត្ថុ​វិភាគ​ជាបន្ទាន់ ប៉ុន្តែ​រហូត​មក​ដល់ ពេល​នេះ ពួកគាត់​ពុំ​ទាន់​មាន​រោគសញ្ញា​នៅ​ឡើយ​ទេ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ឱ្យ​​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក​ថា ក្រុម​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ធ្វើ​ការ​លើ​ករណី​នេះ យ៉ាង​យកចិត្តទុកដាក់​ប្រកបដោយ​តម្លាភាព និង​ភាព​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​របស់​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ។

នាយកដ្ឋាន​នេះ បញ្ជាក់​ថា ជនជាតិ​ជប៉ុន​នោះ គឺ​ជា​អ្នក​ធុរកិច្ច ហើយ​បាន​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ខ្លី​ពី​ប្រទេស​វៀតណាម ប្រទេស​ថៃ ប្រទេស​ហ្វីលីពីន ប្រទេស​កម្ពុជា​បន្ទាប់​មក​ទៅ​វៀតណាម និង​ត្រឡប់​ចូល​ប្រទេស​ជប៉ុន​វិញ ហើយក៏​ត្រូវ​បាន​គេ​រក​ឃើញ​វិជ្ជមាន COVID-19 នៅ​ទីនោះ។

នេះ​ជា​លើក​ទី​បី​ហើយ ដែល​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី ត្រូវបាន​គេ​ប្រកាស​អះអាងថា កើតឡើង​បន្ទាប់​អ្នក​ទាំងនោះ​ឆ្លងកាត់ និង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅដល់​ប្រទេស​ចិន ប្រទេស​​ម៉ាឡេស៊ី និង​ករណី​មួយ​នេះ គេ​ពិនិត្យ​ឃើញ​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍ ថា វិធានការ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​រក​ឃើញ​អ្នក​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ ជប៉ុន​នោះ និង​ដាក់​ឱ្យ​​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ គឺជា​រឿង​ល្អ​មួយ។ លោក​ជំរុញ​ឱ្យ​​មន្ត្រីក្រសួងសុខាភិបាល ធ្វើតេស្ត​សុខភាព​អ្នក​ទាំងនោះ​ឱ្យ​​ហ្មត់ចត់ ដើម្បី​ឱ្យ​​ប្រាកដ​ថា ពួកគេ​គ្មាន​រោគសញ្ញា​ជំងឺ​កូវីដ​-១៩ និង​បំបាត់​មតិ​សង្ស័យ​នានា​។ ទន្ទឹម​គ្នា​នេះ លោក​ក៏​ជំរុញ​ឱ្យ​​ក្រសួងសុខាភិបាល​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ឱ្យ​​បាន​ទូលំទូលាយ​ផង​ដែរ៖ «ទន្ទឹម​នឹង​ខ្ញុំ​យល់ថា ទាល់តែ​ក្រសួងសុខាភិបាល​ចាត់វិធានការ​បន្ថែម​ទៀត ក្នុង​ការ​ការពារ​នេះ ដូចជា​ចុះ ទៅ​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ​ផ្ទាល់ និង​ត្រួតពិនិត្យ សុខភាព​ពលរដ្ឋ​នៅ​តាម​ភូមិ​មួយ​ចំនួន ក្រែងលោ​មាន​អ្នក​ដែល​ក្តៅ​ខ្លួន​អី ឆែក​អី​ខ្លះៗ ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់​គ្នា​ថា កម្ពុជា​នេះ មិន​ទាន់​មាន​ករណី​ឆ្លង​អី​បន្ត​ទៀត»។

ក្នុង​លិខិត​របស់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន លោក អ៊ឹង រចនា ដែល​ផ្ញើ​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា ឱ្យ​​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន អាយុ​ជាង​៤០​ឆ្នាំ​រូប​នោះ បាន​ធ្វើ​ដំណើរ​ចូល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​ក្រោយមក​បាន​ចាក​ចេញពី​ខេត្ត​សៀមរាប​ទៅ​ប្រទេស​ហ្វីលីពីន​ថ្ងៃ​ទី​២១ និង​បាន​បន្ត​ដំណើរ​ទៅ​ប្រទេស​ថៃ មុន​ត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​។ ក្នុង​លិខិត​នោះ បញ្ជាក់​ថា លុះដល់​ងៃ​ទី​៣ ខែ​មីនា បុរស​នោះ បាន​ចាក​ចេញពី​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះ​ប្រទេស​វៀតណាម មុននឹង​បន្ត​ដំណើរ​ទៅ​ដល់​ជប៉ុន​។ នៅ​ពេល​ទៅដល់​ជប៉ុន ត្រូវ​បាន​ជប៉ុន​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ១៩ តែម្ដង។

អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​គេហទំព័រ​ថ្មីៗ​ ថា មុន​ចាក​ចេញពី​ខេត្ត​សៀមរាប បុរស​ជនជាតិ​ជប៉ុន​នោះ ក៏​ត្រូវ​បាន​ពិនិត្យ​សុខភាព​ដែរ តែ​រក​មិន​ឃើញ​ជំងឺ​អ្វី​ឡើយ។ លោក​អះអាង​ថា មិនមែន​តែ​កម្ពុជា​ទេ ពោល​គឺ​បណ្ដា​ប្រទេស​ផ្សេង ដែល​ជនជាតិ​ជប៉ុន​រូប​នោះ​ឆ្លងកាត់ ក៏​គេ​រក​មិន​ឃើញ​ជំងឺ​កូវីដ​-១៩​នេះ​ដែរ។

តួលេខ​នៅ​លើ​ពិភពលោក​គិត​មកដល់​ម៉ោង ៧​ល្ងាច ថ្ងៃ​ទី​៥ មីនា មាន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ជាង ៩​ម៉ឺន ៥​ពាន់​នាក់ (៩៥.៧៤៨​នាក់​) នៅ​លើ​ពិភពលោក ហើយ​អ្នក​ស្លាប់​ឡើង​ដល់​ជិត ៣​ពាន់ ៣​រយ​នាក់ (៣.២៨៦​នាក់​) ភាគច្រើន​នៅ​ប្រទេស​ចិន។ មេរោគ​នេះ កំពុង​មាន​សន្ទុះ​ឆ្លង រាលដាល​ខ្លាំង នៅ​ប្រទេស​កូរ៉េខាងត្បូង គឺ​ពេលនេះ មាន​ពលរដ្ឋ​កូរ៉េ​មាន​មេរោគ​កូរ៉ូណា ប្រភេទ​ថ្មី​នេះ ជាង ៦​ពាន់​នាក់ (៦.០៨៨​នាក់​)​។ បន្ទាប់​ពី​ប្រទេស​កូរ៉េខាងត្បូង គឺ​នៅតែ​ប្រទេស​អ៊ីតាលី ដែល​មាន​អ្នក​ឆ្លង​ឡើង​ដល់​ជាង ៣​ពាន់​នាក់ (៣.០៨៩​នាក់​) ហើយ​ប្រទេស​អ៊ីរ៉ង់ ឡើង​ដល់​ជិត ៣​ពាន់​នាក់ (២.៩២២​នាក់​)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។