តំណាងសមាគមខ្មែរកម្ពុជាក្រោម ដើម្បី សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នឹងចែក ទឹកអាល់កុល និងម៉ាស់ការពារដល់ខ្មែរកម្ពុជាក្រោមនៅខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីបង្ការកុំឲ្យឆ្លងជំងឺ covid-19។ ក្រៅតែពីសម្ភារៈ មន្ត្រីសមាគមក៏នឹងពន្យល់អប់រំខ្មែរក្រោម អំពីរបៀបការពារកុំឲ្យឆ្លងជំងឺនេះដែរ។
អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បី សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់អាស៊ីសេរីថា សមាគមលោកជ្រើសរើសយកខេត្ត ខេត្តសៀមរាប និងខេត្តបាត់ដំបង ធ្វើយុទ្ធនាការជាជំហានដំបូង ដោយសារតែខ្មែរក្រោមដែល រស់នៅខេត្តទាំងពីរនោះ កំពុងប្រឈមនឹងបញ្ហាខ្វះខាតផ្នែកជីវភាព បណ្ដាលមកពីការរាតត្បាតនៃជំងឺ covid-19។ លោកថា សមាគមលោកនឹងប្រើប្រាស់ថវិកាតិចជាងមួយពាន់ដុល្លារសម្រាប់ទិញសម្ភារៈ និងម៉ាស់ សម្រាប់ចែករាយដល់ពលរដ្ឋខ្មែរក្រោមទាំងនោះ៖ «បាទយើងមានត្រូវអាកុល និងម៉ាស់ជាដើម ប៉ុន្តែមិនច្រើនទេ ក្នុងមួយម្នាក់បានមួយដបពីរដប និងម៉ាស់ មិនច្រើនទេ»។
ពលរដ្ឋខ្មែរក្រោម ជាច្រើនរយនាក់នៅខេត្តសៀមរាប និងខេត្តបាត់ដំបង កំពុងជួបប្រទះបញ្ហាជីវភាព ដោយសារតែពួកគេមិនអាចធ្វើការងារ និងមុខរបរប្រចាំថ្ងៃ ដើម្បីរកប្រាក់ចំណូលសម្រាប់គ្រួសារ។ កន្លងមកពួកគេក៏រងគ្រោះថ្នាក់ដោយសារតែ ការរើសអើងពីសំណាក់ អាជ្ញាធរមូលដ្ឋាន បណ្ដាលឲ្យពួកគេ មិនអាចមានសិទ្ធិទទួលបានប័ណ្ណសំគាល់ខ្លួន និងប្លង់កម្មសិទ្ធិដីធ្លីជាដើម។
លោក សឺន ជុំជួន បន្តទៀតថា ទោះបីខ្មែរក្រោមខ្លះបានផ្អាកការងារ និងមុខរបរក៏ដោយ ប៉ុន្តែខ្មែរក្រោមខ្លះទៀតបន្តធ្វើការងារ និងប្រកបមុខរបរបន្តិចបន្តួចដដែល ដោយសារតែពួកគេត្រូវការថវិកាចិញ្ចឹមជីវិត បណ្ដាលឲ្យពួកគេប្រឈមមុខនឹងឆ្លងជំងឺ covid-19នេះ។ លោកស្នើឲ្យខ្មែរក្រោម ត្រូវចេះប្រុងប្រយ័ត្នការពារខ្លួន កុំឲ្យឆ្លងជំងឺដ៏សាហាវនេះ៖ «បើតាមព័ត៌មានយើងទទួលបានហ្នឹងមិនទាន់មានម្ចាស់ផ្ទះ។ គេអនុគ្រោះនៅឡើយទេ។ អ៊ីចឹងទៅបង្ខំចិត្ត គាត់ទៅលក់ដូរជាធម្មតា»។
លោក សឺន ជុំជួន មានប្រសាសន៍ថា សមាគមរបស់លោក គ្មានតួលេខខ្មែរក្រោម កំពុងរស់នៅកម្ពុជាពិតប្រាកដនោះទេ ប៉ុន្តែលោកគិតថា ខ្មែរក្រោមរាប់ម៉ឺននាក់ បានមករស់នៅកម្ពុជាសព្វថ្ងៃនេះ។ លោកបន្ថែមទៀតថា ក្រោយបញ្ចប់ការចែកចាយសម្ភារៈការពារជំងឺ covid-19 នៅខេត្តបាត់ដំបង និងសៀមរាបមក សមាគមលោកនឹងបន្តចែកជូនសម្ភារៈ ការពារជំងឺ covid-19នេះ ទៅខេត្តផ្សេងទៀត។
លោក សឺន ជុំជួន ក៏ដោយដឹងដែរថា ជនភៀសខ្លួនខ្មែរក្រោមនៅប្រទេសថៃ ប្រមាណជាងពីររយនាក់ ក៏កំពុងជួបប្រទះបញ្ហាជីវភាពដែរ ដោយសារតែពួកគេមិនអាចស្វែងរកការងារធ្វើ ហើយពួកគេក៏កំពុងរស់នៅដោយខុសច្បាប់។ ពលរដ្ឋខ្មែរក្រោមជាច្រើនគ្រួសារ បានរត់មកសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសថៃ ដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម។
លោក សឺន ជុំជួន អំពាវនាវឲ្យ សប្បុរសជន អាចទាក់ទងលោក ដើម្បីចូលរួមបរិច្ចាគជួយដល់ខ្មែរក្រោម ដែលកំពុងខ្វះខាតថវិកាដើម្បីអាចទិញសម្ភារៈសំខាន់ៗ មួយចំនួន ដើម្បីបង្ការកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។