សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន ២ នាក់​បន្ទាប់​ពី​លក់​វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិន

សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន ២ នាក់​បន្ទាប់​ពី​ពួកគេ​បាន​នាំ​យក​វ៉ាក់សាំង ស៊ីណូវ៉ាក់ ( Sinovac) ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ចំនួន ៦៥​ដូស ទៅ​លក់​ឱ្យ​ជនជាតិ​ចិន​ដូចគ្នា នៅក្នុង​ខេត្ត​កោះកុង។ មន្ត្រី​សិទ្ធិមនុស្ស ស្នើ​ឱ្យ​សមត្ថកិច្ច​ពង្រឹង​វិធានការណ៍​ទប់ស្កាត់​កុំឱ្យ​មានការ​ចរាចរណ៍​វ៉ាក់សាំង ខុស​ច្បាប់​នេះ​តទៅ​ទៀត។

ជនជាតិ​ចិន​ទាំងពីរ​នាក់​កំពុង​ចត្តាឡឺស័ក នៅ​ឡើយ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ជនសង្ស័យ​ទាំងពីរ នាំ​យក​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន យក​មក​លក់។

ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង លោក អេង ចាន់ភារ៉ា ប្រាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃទី ១៧ មិថុនា ថា តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងពីរ ពី​បទ​ចែកចាយ​ឱសថ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត តាម​មាត្រា ១០​ថ្មី នៃ​ច្បាប់​ស្ដីពី​ពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​ឱសថ ហើយ​ជនសង្ស័យ​មិន​មាន​ទោស​ក្នុង​ការ​ជាប់​ពន្ធនាគារ​ទេ គឺ​គ្រាន់តែ​ពិន័យ​ជា​ប្រាក់​ពី ៥ លាន​រៀល ដល់ ១០ លាន​រៀល ចំពោះ​ការចែក​ចាយ និង​លក់​ផលិតផល ឱសថ ដោយ​មិន​មាន​ការ​ចុះបញ្ជី​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល៖ «អីចឹង​ទេ ចំពោះ​ករណី​នេះ​យើង​មាន​ចំណាត់ការ​បី ទី​១ គឺ​យើង​ដកហូត​យក​វ៉ាក់សាំង​ចំនួន ៦៥​ដូស យក​មក​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល​ដោយសារ​វ៉ាក់សាំង ហ្នឹង​វា​អាច​ខូច​គុណភាព​។ ដោយសារ​គាត់​ដឹក​មក​មិន​មាន​ការ​រក្សាទុក​ត្រឹមត្រូវ តាម​បទដ្ឋាន​សុខាភិបាល​។ ទី​២ យើង​ធ្វើ​កិច្ចសន្យា​ជាមួយ​គាត់​មួយ​ថា ហាម​មិន​ឱ្យ​គាត់​ធ្វើអំពើ​បែប​ហ្នឹង​តទៅទៀត​។ ហើយ​ករណី​ទី ៣ យើង​ធ្វើ​ការ​ពិន័យ​ទៅលើ​គាត់ ទៅតាម​ច្បាប់​ឱសថ​ដែល​បាន​ចែង»។

កងរាជអាវុធហត្ថ​ខេត្តកោះកុង កាល​ពី​ថ្ងៃទី ១៦ មិថុនា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់ ក្រោយពី​ពលរដ្ឋ​បាន​រាយការណ៍​ថា ជនសង្ស័យ​បាន​យក វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន យក​ទៅ​លក់ ឱ្យ​ជនជាតិ​ចិន ដូចគ្នា នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ លោក អេង ហ៊ី មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ទេ ដោយសារ​រឿង​នេះ​សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​តំណាង​អយ្យការ​រួចហើយ​។ តែ​ទោះជា​យ៉ាងណា ព្រះរាជអាជ្ញា​រង លោក អេង ចាន់ភារ៉ា បញ្ជាក់​ថា តុលាការ​កំពុង​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ថា តើ​ជន​ជាតិចិន​ទាំងពីរ​នាក់ បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ( Sinovac) ពី​អ្នក​ណា​យក​មក​លក់។

លោក​ថា វ៉ាក់សាំង​នេះ​គឺជា​វ៉ាក់សាំង ពិត​ប្រាកដ ដែល​ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​មក​ដល់​កម្ពុជា ហើយ​ហេតុ​បាន​ជា​ជនជាតិ​ចិន​ទាំងពីរ​នាក់​នេះ អាច​យក​ចេញ​មក​ក្រៅ​ដើម្បី​លក់ដូរ​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ស្របស្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​គួរតែ​ចាប់​ជនជាតិ​ចិន​ទាំងពីរ​នាក់​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ មិន​ត្រូវ​ផាកពិន័យ​តាម​រដ្ឋបាល​នោះ​ទេ​។ លោក​បន្ត​ថា ប្រសិនបើ​មាន​ករណី​លួច​យក​វ៉ាក់សាំង​មក​មក​លក់​មែន នោះ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ បើ​មិន​មាន​វិធានការណ៍​តឹងរ៉ឹង​ទៅលើ​អ្នក​ប្រព្រឹត្ត​នោះ​ទេ៖ «​ប្រសិនបើ​ប្រជាពលរដ្ឋ​មួយចំនួន​មិន​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​អំពី ការ​ចាក់​វ៉ាក់សាំង ក៏ដូចជា​គុណភាព​វ៉ាក់សាំង នឹង​វា​ពិត​ហើយ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​ពួកគាត់​។ មួយវិញទៀត​តើ​វ៉ាក់សាំង​នាំចូល​ត្រូវ​បាន​រក្សា​សុវត្ថិភាព រក្សា​គុណភាព បាន​ដែរ ឬ​អត់​ ? ហើយ​ជនជាតិ​ចិន​ដែល​ចាក់​ហ្នឹង ថា​តើ​ពួកគាត់​មាន​ជំនាញ​ដែរ ឬ​អត់»។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា នេះ​ជា​ករណី​លើក​ទី​១ ហើយ​ដែល​ជនជាតិ​ចិន​បាន​លួច​នាំ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​យក​មក​លក់​ខាងក្រៅ ក្នុង​ខណៈ​របប​ក្រុងភ្នំពេញ​ប្រកាស​ចាក់​វ៉ាក់សាំង ដោយ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​នោះ​ទេ។

ចាប់តាំងពី​ដើម​ខែ​កុម្ភៈ រហូត​មក​ដល់ ដើម​ខែ​មិថុនា ឆ្នាំ ២០២១ កម្ពុជា​ទទួល​វ៉ាក់សាំង​ចំនួន​ជាង ៧​លាន​ដូស​(៧,២៤ លាន​ដុស​) ដែល​នៅ​ក្នុង​នោះ វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិន ស៊ីណូហ្វាម (Sinopharm) ចំនួន ២,២​លាន​ដុស និង​ទិញ​វ៉ាក់សាំង​ចិន ស៊ីណូវ៉ាក់ ចំនួន ៤​លាន ៥ សែន​ដូស ក្រៅពីនោះ​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក​តាម​យន្តការ​កូវ៉ាក់ (Covax) គឺ​វ៉ាក់សាំង អាស្ត្រាហ្សេណេកា​( Astrazeneca) ចំនួន​ជាង​៣ សែន​ដូស (៣២៤.០០០​ដុស)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។