រដ្ឋបាលខេត្តក្រចេះប្រកាសបិទខ្ទប់ទីតាំងទីប្រជុំជនផ្សារកាបី (K3) ជាបណ្ដោះអាសន្នក្រោយពីមានករណីវិជ្ជមានកូវីដ១៩ជាច្រើននាក់ ចាប់ពីថ្ងៃទី១៣ ខែកក្កដា រហូតដល់មានសេចក្ដីសម្រេចជាថ្មី។
ទន្ទឹមនឹងការបិទខ្ទប់នេះរដ្ឋបាលខេត្តក្រចេះក៏នឹងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលដើម្បីធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩។
បន្ថែមពីនេះចំពោះប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងមានការពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើត្រូវមកតាមដានសុខភាពរបស់ខ្លួនជាប្រចាំករណីមានរោគសញ្ញាផ្ដាសាយ ក្អក ហៀសំបោរ ឈឺបំពងក និងថប់ដង្ហើម និងមានរោគសញ្ញាផ្សេងៗ ត្រូវមកជួបក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព។
ចំណែករដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានសម្រេចបិទជាបណ្តោះអាសន្នផ្សារលើក្នុងភូមិសាស្រ្តភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។ អភិបាលខេត្តឲ្យដឹងថាការបិទខ្ទប់នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បន្ទាប់ពីបានរកឃើញអ្នកឆ្លងវិជ្ជមានកូវីដ១៩ធ្លាប់បានចេញចូលទីតាំងខាងលើ។
ដោយឡែកនៅក្រុងភ្នំពេញឯណេះវិញរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩និងការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
ទីកន្លែងដែលត្រូវបិទទាំងនោះ រួមមាន សាលារៀន សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជនអាជីវកម្មក្លឹបកម្សាន្ដ គ្រប់ប្រភេទ ដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌីន កាស៊ីណូ អាជីវកម្មម៉ាស្សា រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា។ ចំណែករោងភាពយន្ដរោងសម្ដែងសិល្បៈក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាវិញ ក៏ត្រូវបិទបណ្តោះអាសន្ន១៤ថ្ងៃផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។