អ្នក​ភូមិ​នៅ​ក្រចេះ​ចង់​បាន​សាលារៀន​និង​មណ្ឌល​សុខភាព

ដោយ ប្រាជ្ញ ចេវ
2014-12-21
Share
សាលារៀន ក្រចេះ ៦២០ សាលា​បឋមសិក្សា​នៅ​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​១៧ ធ្នូ ២០១៤
RFA/Brach Chev

ពលរដ្ឋ​ជាង ២០០​គ្រួសារ រស់​នៅ​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ទទូច​ចង់បាន​សាលារៀន និង​មណ្ឌល​សុខភាព នៅ​ក្រោយ​ពេល​ដែល​ពួកគេ​ទទួល​បាន​ដីធ្លី​ស្រប​ច្បាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នក​ភូមិ​ថា នៅ​ពេល​នេះ​ក្មេងៗ​ជា​ច្រើន​រៀន​ត្រឹម​ថ្នាក់​ទី​៤​ហើយ​គឺ​បោះបង់​ចោល​ការសិក្សា។ ចំណែក​អ្នក​មាន​ជំងឺ​ត្រូវ​ការ​ជួយ​សង្គ្រោះ គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន និង​ធ្វើដំណើរ​ចម្ងាយ​ផ្លូវ​ជាង ២០​គីឡូម៉ែត្រ ដើម្បី​ទទួល​បាន​សេវា​សុខភាព។

នៅ​ពេល​ដែល​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា កំពុង​មាន​ការ​អភិវឌ្ឍ មាន​ផ្លូវ មាន​សាលា និង​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ស្ទើរ​នៅ​គ្រប់​ទីកន្លែង​ក្តី ពលរដ្ឋ​ចំនួន ២៣០​គ្រួសារ​នៅ​ខេត្ត​ក្រចេះ កំពុង​រស់​នៅ​ដោយ​ខ្វះខាត​សេវា​ទាំង​នេះ​នៅ​ឡើយ។ ពួកគេ​ត្រូវ​ការ​ជា​ចាំបាច់​សាលារៀន និង​មណ្ឌល​សុខភាព។ នៅ​ពេល​នេះ ដី​មិន​មែន​ជា​តម្រូវការ​ជា​ចាំបាច់​របស់​ពួកគេ​ទៀត​ទេ។

ភូមិ​ថ្មី​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង មាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​មណ្ឌល​សុខភាព ហើយ​ហ៊ុមព័ទ្ធ​ដោយ​ភ្នំ​ខ្ពស់ៗ ចម្ការ​កៅស៊ូ និង​ចម្ការ​ម្រេច​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក។ ពលរដ្ឋ​អះអាង​ថា តំបន់​ដែល​ពួកគេ​រស់​នៅ​មិន​សូវ​មាន​មន្ត្រី​ជាន់​ខ្ពស់​ណា​ទៅ​ដល់ ឬ​ទៅ​សួ​នាំ​ឡើយ។  យូៗ​ម្ដង​ឃើញ​មាន​ម៉ូតូ​មួយ ឬ​ពីរ ធ្វើ​ដំណើរ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ដែល​រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង​ដោយ​ទឹកជំនន់ និង​រថយន្ត​ដឹក​ឈើ។

អង្គុយ​ក្រោម​ផ្ទះ​ធ្វើ​ពី​ឈើ​ដំបូល​ប្រក់​ស្បូវ ជញ្ជាំង​ចង​បិទ​ដោយ​ធាង​ត្នោត​មើល​ពី​មុខ​ធ្លុះ​ដល់​ក្រោយ លោកស្រី អ៊ុត សៀងហៃ ដែល​ទទួល​បាន​ដី ៣​ហិកតារ​កន្លះ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៤ ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​លោកស្រី​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការងារ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​លោកស្រី។

សាលា​បឋមសិក្សា​​​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​១៧ ធ្នូ ២០១៤
សាលា​បឋមសិក្សា​​​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​១៧ ធ្នូ ២០១៤
RFA/Brach Chev

លោកស្រី អ៊ុត សៀងហៃ ដែល​មាន​កូន​ចំនួន ១១​នាក់ និយាយ​ថា នៅ​ពេល​នេះ​លោកស្រី​ចង់​បាន​មណ្ឌល​សុខភាព​ដើម្បី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អាច​ទទួល​បាន​ការ​ពិនិត្យ​ព្យាបាល ព្រោះ​នៅ​ពេល​លោកស្រី​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ម្តងៗ គឺ​ត្រូវ​ទៅ​មន្ទីរពេទ្យ​នៅ​ទី​រួម​ស្រុក​ឯណោះ៖ «ពិបាក​ខ្វះខាត​ទាំង​សព្វ​ទាំង​គ្រប់ ចង់​បាន​សាលារៀន ចង់​បាន​មន្ទីរពេទ្យ»

​សាលារៀន​នៅ​ភូមិ​នេះ មាន​ពីរ​បន្ទប់ ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៤ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​បិទ​ដោយ​ឈើ​ធ្លុះធ្លាយ មាន​ទំហំ​ទទឹង ៨​ម៉ែត្រ បណ្ដោយ ១២​ម៉ែត្រ មាន​តែ​គ្រូ​ពីរ​នាក់​ប៉ុណ្ណោះ​សម្រាប់​បង្រៀន​សិស្ស។ ពលរដ្ឋ​អះអាង​ថា សាលារៀន​នេះ​កសាង​ឡើង​ដោយ​ការ​រៃ​អង្គាស​ប្រាក់​ពលរដ្ឋ​ក្នុង​ភូមិ​បញ្ចូល​គ្នា​កាល​ពី​ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត លោក សួន វិច្ឆិកា រៀបរាប់​ថា ពលរដ្ឋ​ធ្លាប់​បាន​ស្នើ​ទៅ​ថ្នាក់​ភូមិ​ឃុំ តាំង​ពី​ឆ្នាំ​២០១២ សុំ​ឲ្យ​បង្កើត​ប​សាលា​បន្ថែម ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។ ពលរដ្ឋ​រូប​នេះ​ព្រួយ​បារម្ភ​ពី​អនាគត​ក្មេងៗ​នៅ​ក្នុង​ភូមិ​ទាំង​អស់​ដែល​មិន​អាច​រៀន​សូត្រ​ចប់​សព្វគ្រប់​ដូច​ក្មេង​អស់​នឹង​គេ៖ «សាលា​ខ្វះខាត​ទាំង​តុ កៅអី ក្ដារខៀន ជញ្ជាំង ទ្វារ បង្អួច យើង​ស្នើ​សុំ​ឲ្យ​សាលារៀន​មួយ​ដែល​សមគួរ ឬ​សាលា​ថ្មី​ជា​ដើម»

​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​រដ្ឋ​ត្រូវ​គាំទ្រ​ក្នុង​វិស័យ​សិក្សា​យ៉ាង​ហោច​ណាស់​ឲ្យ​កុមារ​បាន​រៀន​ដល់​ថ្នាក់​ទី​៩ ឬ​បញ្ចប់​កម្រិត​អនុវិទ្យាល័យ។ ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង​ជា​ញឹកញយ​ថា ទីណា​មាន​ប្រជាជន​ទី​នោះ​មាន​សាលារៀន។

ចំណែក​បញ្ហា​មណ្ឌល​សុខភាព​ឯ​ណោះ​វិញ ប្រជាពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី គឹម ឡាត រៀបរាប់​ថា នៅ​ពេល​លោកស្រី​ឈឺ​ម្តងៗ គឺ​ត្រូវ​ចេញ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ដែល​មាន​ចម្ងាយ​ផ្លូវ​ជាង ២០​គីឡូម៉ែត្រ ឬ​ក៏​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន។ ដូច​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែរ ស្ត្រី​រូប​នេះ​ចង់​ឃើញ​មណ្ឌល​សុខភាព​មួយ​នៅ​ក្បែរ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រ​លំបាក​នេះ៖ «ចង់​បាន​មន្ទីរពេទ្យ មិន​ចង់​បាន​ម៉េច? ពេល​ឈឺ​រត់​រក​ពេទ្យ​នៅ​ស្រុក​ស្នួល ឯ​ណោះ ចំណាយ​អស់​មិន​តិច​ទេ បើ​មិន​ឲ្យ​លុយ​គេ​មិន​ចាក់​ថ្នាំ​ឲ្យ​ទេ»

ពលរដ្ឋ​ក្រីក្រ​រស់​នៅ​​ក្នុង​​ភូមិ​ក្រសាំង ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​១៧ ធ្នូ ២០១៤
ពលរដ្ឋ​ក្រីក្រ​រស់​នៅ​​ក្នុង​​ភូមិ​ក្រសាំង ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​១៧ ធ្នូ ២០១៤
RFA/Brach Chev

ភូមិ​ក្រសាំង ស្ថិត​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​ភូមិ​ទើប​បង្កើត​ថ្មី​កាលពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​នេះ ទើប​តែ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កាន់កាប់ និង​អាស្រ័យ​ផល​លើ​ដី​ខ្លួន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ទៅ​ទាមទារ​តវ៉ា​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​ភ្នំពេញ ដល់​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​ឆ្លើយ​នឹង​ចម្ងល់​ពលរដ្ឋ មេ​ឃុំ​ស្នួល ស្រុក​ស្នួល លោក វ៉ាន ឌឿន ឲ្យ​ដឹង​ថា អាជ្ញាធរ​ថ្នាក់​ស្រុក នឹង​ផ្ដល់​សាលារៀន​បី​ខ្នង​ឲ្យ​អ្នក​ភូមិ​តាម​រយៈ​ការ​ស្នើ​សុំ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា នឹង​ទទួល​បាន​នៅ​ពេល​ណា​នោះ​ទេ។  ជាង​នេះ​ទៅ​ទៀត ឃុំ​មាន​គម្រោង​ស្នើ​ឲ្យ​មាន​បង្កើត​មណ្ឌល​សុខភាព​ជូន​ពលរដ្ឋ​ទៀត​ផង។

លោក​មេឃុំ​សុំ​ចិត្ត​ឲ្យ​ប្រពល​រដ្ឋ​រង់ចាំ​សិន​ត្បិត​អី​ភូមិ​នេះ​ទើប​ករ​កើត​ថ្មី ដូច្នេះ​កង្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជៀស​មិន​រួច​ឡើយ៖ «សាលារៀន​ខ្ញុំ​បាន​ស្នើ​សុំ​ទៅ​ក្រសួង​រួច​ហើយ  ប៉ុន្តែ​មិន​ទាន់​ដឹង​សាងសង់​ជួន​គាត់​ពេល​ណា»

​អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី ឲ្យ​ដឹង​ថា ស្រុក​មាន​គម្រោង​បង្កើត​សាលា​បន្ថែម និង​មណ្ឌល​សុខភាព​ជួន​ពលរដ្ឋ ប៉ុន្តែ​ក្រុម​ជំនាញ​ត្រូវ​ចុះ​សិក្សា​ជា​មុន​សិន។ លោក​អភិបាល​ស្រុក​ទាមទារ​ឲ្យ​ពលរដ្ឋ​ដាក់​សំណើ​នេះ មក​អាជ្ញាធរ​ឃុំ​ជា​មុន ទើប​ថ្នាក់​ឃុំ​ស្នើ​មក​ថ្នាក់​ស្រុក ហើយ​ថ្នាក់​ស្រុក​ស្នើ​មក​ថ្នាក់​ខេត្ត៖ «វិស័យ​ទឹក​ភ្លើង​ផ្លូវ ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ប៉ុន្តែ​យើង​ធ្វើ​អី​ត្រូវ​មាន​គម្រោង​គោលការណ៍​ច្បាស់»

​បន្ថែម​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​អភិបាលរង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន ថ្លែង​បញ្ជាក់​ថា នៅ​ចុង​ឆ្នាំ​២០១៤ នេះ អាជ្ញាធរ​ខេត្ត​ក្រចេះ នឹង​ប្រជុំ​ដើម្បី​បញ្ចូល​គម្រោង​វិនិយោគ​របស់​ឃុំ ហើយ​អាជ្ញាធរ​ខេត្ត​នឹង​ពិនិត្យ​មើល​គម្រោង​ថវិកា​មូលនិធិ​ឃុំ ស្រុក និង​ខេត្ត ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍៖ «ជា​បឋម​ត្រូវ​បញ្ចូល​រាល់​គម្រោង​អភិវឌ្ឍន៍​ហ្នឹង ចូល​ទៅ​ក្នុង​កម្មវិធី​វិនិយោគ​របស់​ឃុំ អ៊ីចឹង​ហើយ​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​លើក​គម្រោង​លើ​តម្រូវការ​របស់​គាត់»

​អ្នកភូមិ​អះអាង​ថា កុមារ​នៅ​ភូមិ​នេះ​សព្វថ្ងៃ​ស្ទើរ​តែ​ទាំង​អស់​នៅ​ពេល​រៀន​ចប់​ថ្នាក់​ទី​៤ ដែល​សាលា​មាន​ត្រឹមតែ​ថ្នាក់​ទី​៤ គ្មាន​លទ្ធភាព​រៀន​បន្ត​ឡើយ ចំណែក​កូន​អ្នក​ផ្សេង​ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​រៀន​បាន​តែ​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ត្រូវ​បោះបង់​ចោល​ការ​សិក្សា​ដោយ​បញ្ហា​ផ្លូវ និង​រឿង​អសន្តិសុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល