សាច់ញាតិសពអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញ(Online)ដឺសេនជូរី ខេត្តព្រះសីហនុរំពឹងថា ក្រុមហ៊ុននេះនឹងទូទាត់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ស្ដីពីការងារដល់គ្រួសារសព។ ក្ដីសង្ឃឹមនេះ បន្ទាប់ពីគ្រួសារជនរងគ្រោះ និងតំណាងក្រុមហ៊ុនបានជួបគ្នាកាលពីថ្ងៃទី៤ ខែតុលា ដោយមានមន្ត្រីមន្ទីរការងារជាអ្នកសម្របសម្រួល។ សហជីព និងអ្នកច្បាប់ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេត បនល្បែងអនឡាញនេះ បន្ទាប់ពីបុគ្គលិកលាតត្រដាងព័ត៌មានថា មានករណីរំលោភច្បាប់ លួងលោមឱ្យបុគ្គលិកធ្វើការទាំងមានជំងឺកូវីដ-១៩ និងរហូតដល់បុគ្គលិកម្នាក់បានស្លាប់ថែមទៀត។
សាច់ញាតិសពអ្នកជំងឺកូវីដ-១៩ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូអនឡាញ(Online)ដឺសេនជូរី(The Century)ខេត្តព្រះសីហនុ កំពុងរង់ចាំការឆ្លើយតបផ្ដល់សំណងពីភាគីក្រុមហ៊ុន បន្ទាប់ពីបានដាក់ពាក្យប្ដឹងទៅមន្ទីរការងារឲ្យអន្តរាគមន៍ករណីនេះ។
ក្មួយប្រុសរបស់សពកញ្ញា ហៀន ស្រីនិច បុគ្គលិកកាស៊ីណូអនឡាញ ដឺសេនជូរីលោក រស់ ឡេង ឲ្យដឹងថា មន្ត្រីមន្ទីរការងារបានទទួលពាក្យបណ្ដឹងរបស់គ្រួសារសព កាលពីថ្ងៃចន្ទ ទី៤ ខែតុលា ដែលពួកគាត់បានប្ដឹងទាមទារឲ្យក្រុមហ៊ុនកាស៊ីណូនេះផ្ដល់សំណងដល់គ្រួសារសព ដែលបានឈឺស្លាប់ក្នុងកន្លែងបំពេញការងារ។ លោកថា លោកនឹងម្ដាយសពនៅថ្ងៃដដែលនោះ ក៏បានជួបជាមួយតំណាងខាងរដ្ឋបាលក្រុមហ៊ុនតាមវីដេអូខល (video call) ដែលមានការសម្របសម្រួលពីប្រធានមន្ទីរការងារជជែកគ្នាអំពីការទាមទារនេះ។ ប៉ុន្តែលោកថា មិនទាន់មានការសន្យា ឬ ដំណោះស្រាយណាមួយជាក់លាក់ ពីខាងក្រុមហ៊ុនថា យ៉ាងណានៅឡើយទេ៖ «ខ្ញុំរំពឹងលើមន្ទីរការងារដែរ ព្រោះគេបានអះអាងច្បាស់លាស់ថា នឹងផ្ដល់មតិយោបល់ឲ្យយើងវិញ នៅពេលគេបានព័ត៌មានពីខាងកាស៊ីណូ ពីព្រោះអីសង្ឃឹមថា មានដំណោះស្រាយពីខាងកាស៊ីណូដែរ។ បើសម្រាប់ខ្ញុំៗគិតថា វាជារឿងមិនអាចទទួលយកបាន ប៉ុន្តែបើសិនជាគេឲ្យសំណងខ្លះ ហើយខ្ញុំក៏សួរទៅខាងយាយជាម្ដាយរបស់ ហៀន ស្រីនិច ហ្នឹងដែរ បើសិនជាគាត់អាចទទួលយកបានខ្ញុំក៏អាចទទួលយកបានដែរ ប៉ុន្តែបើមិនអាចទទួលយកបានខ្ញុំក៏មិនអាចទទួលយកបានដូចគ្នា។ គាត់ធ្វើការនៅទីតាំងហ្នឹង ហើយរដ្ឋបាលនិងមន្ទីរការងារក៏បានយកកន្លែងហ្នឹងជាអន្តរកាលនៃការធ្វើចត្តាឡឺស័កដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកគ្រប់គ្រងធនធានមនុស្សនៅកាស៊ីណូ ដឺសេនជូរី លោក សំណាង និងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុលោក យ៉ូវ ខេមារា ដើម្បីឆ្លើយតបសំណើរបស់គ្រួសារសពបាននៅឡើយទេ កាលពីថ្ងៃទី៥ ខែតុលា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
ប៉ុន្តែលោក យ៉ូវ ខេមារា ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២ ខែតុលា ថា ករណីស្លាប់ដោយជំងឺកូវីដ-១៩នេះ ពុំត្រូវបានរ៉ាប់រងដោយបេឡាជាតិរបបសន្តិសុខសង្គមនោះឡើយ ប៉ុន្តែអាចមានជាជំនួយសង្គមខ្លះ តាមរយៈការចរចាជាមួយភាគីក្រុមហ៊ុននិងសុំគោលការណ៍ពីស្ថាប័នពាក់ព័ន្ធ ពីរដ្ឋាភិបាល ដូចជា ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចជាដើម។
ប៉ុន្តែប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ពុំយល់ដូច្នេះទេ។ លោកថា បើសិនជាក្រុមហ៊ុនព្រមផ្ដល់សំណងដល់គ្រួសារសព តាមច្បាប់ដែលបានកំណត់ទើបក្រុមហ៊ុនអាចចប់កាតព្វកិច្ចរបស់ខ្លួន ពុំនោះទេសាមីខ្លួនឬគ្រួសារជនរងគ្រោះ អាចប្ដឹងទៅមន្ត្រីអធិការកិច្ចការងារទៀត។ ប៉ុន្តែប្រសិននៅតែគ្មានដំណោះស្រាយទៀតនោះ សាមីខ្លួនឬគ្រួសារជនរងគ្រោះអាចប្ដឹងតតាំងបន្តទៅតុលាការ៖ «មួយទៀតបើសិនជាជាប់ពាក់ព័ន្ធការប្រើរហូតដល់ស្លាប់នៅក្នុងពេលដែលគាត់ធ្វើការមានន័យថា កូនត្រូវបានគេផ្ដល់ឲ្យបើសិនមានគ្រួសារ ឬចាស់ជរានៅក្នុងបន្ទុក គឺជាកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបង់ ពុំដូច្នោះទេក្រុមហ៊ុនហ្នឹងខុសច្បាប់ អ៊ីចឹងគាត់នៅតែបន្តការប្ដឹងទៅរដ្ឋាភិបាលឬមន្ត្រីអធិការកិច្ចដើម្បីចុះអង្កេត ឬប្ដឹងទៅតុលាការ»។
កញ្ញា ហៀន ស្រីនិច អាយុ ២៨ឆ្នាំ គឺជាបុគ្គលិកបម្រើការងារជិត ២ឆ្នាំ ផ្នែកចែកបៀរអនឡាន (Dealer Online) ឲ្យកាស៊ីណូអនឡាញចិន ដឺសេនជូរី (The Century) ស្ថិតនៅភូមិ ៥ សង្កាត់លេខ ៤ ខេត្តព្រះសីហនុ ត្រូវបានរកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែកញ្ញា។ នាងបានស្លាប់កាលពីថ្ងៃទី៣០ ខែកញ្ញា។ អាជ្ញាធរអះអាងថា នាងបានស្លាប់ដោយសារពុលចំណី ក្អួតចង្អោរ ខ្វះជាតិទឹក ខណៈនាងកំពុងឈឺជំងឺកូវីដ-១៩។ ប៉ុន្តែមិនបាននិយាយចំថា ជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។ ក្រោយករណីស្លាប់របស់កញ្ញា ហៀន ស្រីនិច នេះ ទើបបែករឿងធំថា ក្រុមហ៊ុនកាស៊ីណូចិនដែលមានបុគ្គលិកជាង ៤រយនាក់នេះ អាចជាបនល្បែងអនឡាញខុសច្បាប់ និងមានករណីសង្ស័យពីការបង្ខាំងបុគ្គលិករាប់ឆ្នាំ រហូតឆ្លងជំងឺកូវីដ-១៩ ពេញកាស៊ីណូ ថែមទាំងប្រើវិធីលួងលោម ឬបង្ខំបុគ្គលិកឲ្យបន្តធ្វើការទាំងឈឺ ក្រោមហេតុផលជួយស្រោចស្រង់ការខាតបង់របស់ក្រុមហ៊ុន។
អ្នកសិក្សាផ្នែកច្បាប់លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា ស៊ីវាយអេន (CYN) យល់ថា បើសិនជាអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធចង់ដោះស្រាយករណីនេះ ដើម្បីលាតត្រដាងការពិត និងវិនិច្ឆ័យរកយុត្តិធម៌ជូនបុគ្គលិកកម្មករ គឺអាចទៅរួច ប៉ុន្តែអាស្រ័យទៅលើឆន្ទៈរបស់អ្នកពាក់ព័ន្ធ៖ «ទី១បញ្ជូនមន្ត្រីសុខាភិបាលដើម្បីព្យាបាលពួកគាត់ ទី២ មន្ត្រីទាំងអស់ចាប់ផ្ដើមប្រមែប្រមូលភស្តុតាងដែលមានស្រាប់ ទី៣ ចាប់ផ្ដើមធ្វើការសម្ភាសន៍ឬក៏សាកសួរតាមរយៈConferenceតាមអនឡាញក្ដី ឬខលតាមទូរស័ព្ទអី ទៅជជែកទាំងភាគីជនរងគ្រោះ ទាំងភាគីកម្មករដែលត្រូវបានគេបង្ខាំង និងភាគីផ្សេងទៀតទាំងថៅកែ ទាំងអីជាដើម។ ខ្ញុំគិតថា រឿងនេះអាចអូសបន្លាយរហូតដល់ពួកគាត់ជាជំងឺកូវីដ-១៩ ហើយបន្តនីតិវិធីទៀតក៏មិនទាន់ហួសពេលដែរ សំខាន់តើគោលបំណង តើយើងមានឆន្ទៈពិតប្រាកដសម្រាប់ស្វែងរកយុត្តិធម៌មួយពិតប្រាកដសម្រាប់ពួកគាត់ដែរឬទេបាទ»។
សហជីព និងអ្នកច្បាប់ទទូចឲ្យមន្ទីរការងារនិងអាជ្ញាធរខេត្ត ធ្វើការងារនេះឲ្យបានល្អ កុំប្រញាប់សន្និដ្ឋានឆ្លើយតបការពារជំនួសក្រុមហ៊ុន ខណៈស្ថាប័នរដ្ឋាភិបាល គឺជាភាគីកណ្ដាលជួយសម្របសម្រួលរឿងនេះ។ ពួកគេស្នើឲ្យធ្វើការស៊ើបអង្កេតថ្នាក់ជាតិជាបន្ទាន់មួយ ជាជាងការពារក្រុមហ៊ុន ឬការពារមន្ត្រីពុករលួយដែលឃុបឃិតអនុញ្ញាតឱ្យអំពើខុសច្បាប់ កើតមាននៅក្នុងបនល្បែង ដឺសេនជូរី (The Century) ក្នុងកណ្ដាលក្រុងព្រះសីហនុនេះ ដើម្បីរកយុត្តិធម៌ជូនបុគ្គលិកដែលរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។