ពលរដ្ឋ​ថា អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19)

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន លើកឡើង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ១៩ (Covid-19) ឱ្យ​មាន​ប្រសិទ្ធភាព​តាម​សំណើ​របស់​ក្រសួង​សុខាភិបាល​នោះ​ទេ​។ ពួកគេ​បន្ត​ថា ការ​ព្រងើយ​កន្តើយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន ខ្វះ​ការ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ និង​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការពារ​និង​ថែទាំ​សុខភាព​ផង​ដែរ។

ប្រជាពលរដ្ឋ​មួយ​ចំនួន អះអាង​ថា ពួកគេ បាន​ដឹង​ព័ត៌មាន​អំពី​របៀប​ការពារ និង​គ្រោះថ្នាក់​នៃ​ជំងឺ​រលាក​ផ្លូវ​​ដង្ហើម​កូវីដ​១៩ តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ខណៈ​ពលរដ្ឋ​ដែល​មិន​មាន​ទូរស័ព្ទ​ទំនើប​សម្រាប់​ប្រើប្រាស់​ហ្វេសប៊ុក នៅតែ​មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ការ​រីក​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​ទេ។

បុគ្គលិក​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​២​សែន​សុខ លោក ឡុង សុគីម ប្រាប់​អាស៊ីសេរី​ថា បើ​ទោះ​បី​ជា​ជំងឺ​កូវីដ ១៩ បាន​សម្លាប់​មនុស្ស​អស់​ជិត​៣​ពាន់​នាក់ នៅ​ទូទាំង​ពិភពលោក និង​មនុស្ស​ជាង ៨​ម៉ឺន​នាក់​បាន​ឆ្លង​មេរោគ​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ហាក់​មិន​បាន​ដឹង​អំពី​គ្រោះថ្នាក់​និង​របៀប​ការពារ មេរោគ​នេះ​ឡើយ​។ លោក​សង្កេត​ឃើញ​ថា នៅ​ក្នុង​ផ្សារ​ទំនើប​នីមួយៗ មិន​មាន​ដាក់​ម៉ាស៊ីន​ស្កែន កម្លៅ​នោះ​ទេ ហើយ​ទាំង​បុគ្គលិក និង​ភ្ញៀវ​ភាគច្រើន ក៏​មិន​ពាក់​ម៉ាស់​ការពារ​ដែរ ប៉ុន្តែ​ក្នុង​ផ្សារ​ទំនើប មាន​ដាក់​ទឹក​អាល់កុល​សម្រាប់​លាងដៃ​សម្លាប់​មេរោគ​។ លោក​បន្ត​ថា ការដែល​ពលរដ្ឋ​ធ្វេស​ប្រហែស​បែបនេះ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល មិន​បាន​យកចិត្តទុកដាក់​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​ដូច​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​នោះ​ទេ៖ «យើង​មិនបាច់​និយាយ​ដល់​ស្រុកស្រែ​ទេ យើង​និយាយ​ត្រឹម​ភ្នំពេញ​គឺថា ៨០ ទៅ​៩០​ភាគរយ គឺ​ពួកគេ​មាន​អារម្មណ៍​ថា​ធម្មតា​វិញ ដោយ​គាត់​គិត​ថា​ជំងឺ​នេះ​ស្ងប់ស្ងាត់​ទៅវិញ ខណៈ​ដែល​នៅ​ស្រុក​គេ​មានការ​បារម្ភ​ភ័យ​ខ្លាំង​ណាស់ ព្រោះ​អត្រា​មនុស្ស​ស្លាប់​និង​ឆ្លង​វា​នៅ​តែ​មាន​។ ខ្មែរ​យើង​មាន​អារម្មណ៍​ធម្មតា​នេះ​ដោយសារតែ​គាត់ ទទួល​បាន​ព័ត៌មាន​តាម​ទូរទស្សន៍ និង​តាម​ប្រមុខ​រដ្ឋាភិបាល ប្រកាស​ថា មិន​អីៗ​អ៊ីចឹង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​គិត​អ៊ីចឹង​ដែរ»។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ក្នុង​ក្រុងភ្នំពេញ​ម្នាក់ទៀត គឺ​លោក គីម ឈិត រៀបរាប់​ថា លោក​មិន​ដែល​ឃើញ​អាជ្ញាធរ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ និង​មាន​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​របស់​លោក គឺ​បាន​អប់រំ​បុគ្គលិក​អំពី​អនាម័យ ត្រូវ​ពាក់ ម៉ាស់​ការពារ និង​មាន​ការចែក​ទឹក​លាងដៃ​សម្លាប់​មេរោគ​ជាដើម៖ «ខ្ញុំ​ចេះតែ​ព្រួយបារម្ភ​ដែរ មិនសូវ​ទុកចិត្ត​ទេ​ព្រោះ​ខ្ញុំ​ចេះតែ​គិត​ថា ប្រព័ន្ធ​សុខាភិបាល​យើង​នៅ​ខ្សោយ ដូច្នេះ​ការពារ​ខ្លួនឯង​ល្អ​ជាង»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​ដែល​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​សំបូរ​ភ្ញៀវ ទេសចរណ៍​បរទេស និង​ជនជាតិ​ចិន​រស់នៅ​ច្រើន​នោះ រៀបរាប់​ថា លោក​ក៏​មិនទាន់​ឃើញ​ក្រសួង សុខាភិបាល និង​មន្ត្រី​រដ្ឋាភិបាល ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ឱ្យ​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ដែរ​។ លោក បន្ត​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​មើលស្រាល​ស្ថានការណ៍​នោះ​ទេ ទោះ បី​ជា​រដ្ឋាភិបាល អះអាង​ថា នៅ​កម្ពុជា មិនទាន់​រក​ឃើញ​មាន​អ្នកជំងឺ​កូវីដ​១៩​ទៀត​ក្ដី៖ «​ក្នុង​ក្រុងព្រះសីហនុ​បច្ចុប្បន្ន​នេះ គឺ​ស្ទើរ​តែ​គ្រប់កន្លែង​ភាគច្រើន គឺ​គាត់​មិនបាន​ពាក់​ម៉ាស់​ទេ ដោយសារតែ​ទី​មួយ​គាត់​មិនបាន​ខ្វាយខ្វល់​ជំងឺឆ្លង​កូរ៉ូណា​នេះ និង​ដោយសារ​គាត់​មិន​បាន​ទទួល​ព័ត៌មាន​ទូលំទូលាយ។ ចាស់ៗ​ជាច្រើន​គឺ​មិន​ចេះ​អង់គ្លេស ហើយ​គ្មាន​ទូរស័ព្ទ​ទំនើប​ទេ គឺ​មានតែ​យុវជន​ទេ ដែល​គាត់​ទទួល​បាន​ព័ត៌មាន​ច្រើន។ ខ្ញុំ​ចង់​ឃើញ អាជ្ញាធរ​ឃុំ​សង្កាត់​ចូលរួម​ជាមួយ​មន្ទីរ​សុខាភិបាល សហការ​គ្នា​ចុះ​តាម​ភូមិ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ព្រោះ​អី​រឿង​នេះ​ផ្អើល​ពេញ​ពិភពលោក។

ការ​លើក​ឡើង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត យកចិត្តទុកដាក់ ផ្សព្វផ្សាយ​ព័ត៌មាន និង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​តាម​ភូមិ​ឃុំ​ដោយ​ស្មារតី ទទួល​ខុសត្រូវ​ខ្ពស់។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ទាន់​បាន​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ។

អ្នកស្រី ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ គួរតែ​ចាប់ផ្ដើម​ផ្សព្វផ្សាយ​អំពី​របៀប​ការពារ និង​គ្រោះថ្នាក់ នៃ​ជំងឺ​នេះ​ដល់​ពលរដ្ឋ​គ្រប់​ទីកន្លែង ព្រោះ​ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ដែល​មាន​ជើង​ហោះហើរ​ត្រង់ ហើយ​មាន​ជនជាតិ​ចិន​ចេញចូល​រាល់ថ្ងៃ៖ «ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​អំពី​ជំងឺ​កូវីដ​១៩​នេះ ព្រោះ​អី​ទោះបីជា​កម្ពុជា​មាន​សីតុណ្ហភាព​ក្តៅ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការ​ឆ្លង​នេះ ដូច​ថា វា​នៅ​ក្នុង​ខ្លួន យើង​បាន​យូរ។ មួយទៀត ការ​យល់ដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត​ពាក់ព័ន្ធ​នឹង​អនាម័យ​និង​ការ​ការពារ​កុំ​ឱ្យ​ឆ្លង​មេរោគ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លី សូវ៉ាន់ និង​អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​ដោយសារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​១៩ (Covid-19) បាន​កើន​ឡើង​ដល់​ជាង ២​ពាន់ ៨​រយ​(២.៨០៥) នាក់​ហើយ ខណៈ​អ្នក​ឆ្លង​កើន​ដល់ ជាង ៨ ម៉ឺន​២​ពាន់ (៨២.៣២០)​នាក់​។ ចំណែក​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​ជាង ៣​ម៉ឺន ២​ពាន់​( ៣២.៧៥៦)​នាក់​។ អ្នក​ស្លាប់ និង​អ្នក​ឆ្លង​ភាគ​ច្រើន​បំផុត​នៅ​ប្រទេស​ចិន​។ ផ្អែក​តាម​ល្បឿន​នៃ​ការ​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​១៩ (Covid-19)​នេះ អង្គការ​សុខភាព​ពិភពលោក WHO ព្យាករណ៍​ថា មនុស្ស​រាប់​លាន​នាក់​អាច​នឹង​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។