មន្ត្រីសង្គមស៊ីវិលស្នើសុំដល់អាជ្ញាធរថា គួរតែរកកន្លែងណាមួយសមរម្យសម្រាប់បូជាសពជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩។ ការស្នើឡើងនេះបានកើតមានឡើងក្រោយពីមន្ត្រីសុខាភិបាលស្រុកកំពង់ត្រាច ខេត្តកំពត បានដឹកសពជនរងគ្រោះ ២ នាក់ស្លាប់ដោយសារជំងឺកូវីដយកទៅបូជានៅក្បែរជើងភ្នំ កាលពីថ្ងៃអង្គារកន្លងទៅ បណ្ដាលឱ្យមានការរិះគន់ថា មន្ត្រីសុខាភិបាល មិនបានឱ្យតម្លៃដល់សពជនរងគ្រោះ។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកំពតលោក អ៊ុក សុវណ្ណចាន់ថន ប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃទី៨ ខែមិថុនាថា អាជ្ញាធរជាពិសេសមន្ទីរសុខាភិបាលខេត្ត គួរតែកំណត់ទីតាំងណាមួយឱ្យប្រាកដ សម្រាប់បូជាសពជនរងគ្រោះ ដែលបានស្លាប់ដោយសារជំងឺកូវីដ ដើម្បីឱ្យព្រលឹងជនរងគ្រោះស្លាប់ទៅស្ងប់ចិត្ត។
លោកបញ្ជាក់ថា កន្លងមកអាជ្ញាធរមិនទាន់កំណត់ទីតាំងណាមួយសម្រាប់បូជាសពទេ ហើយករណីជនរងគ្រោះ ២ នាក់ស្លាប់ ដោយសារជំងឺកូវីដ១៩ គឺជាករណីដំបូងគេដែលបានកើតមានឡើងនៅក្នុងខេត្តកំពត ហេតុដូច្នេះបណ្ដាលឱ្យមានការរិះគន់ពីបណ្ដាញសង្គមថា ធ្វើឡើងមិនត្រឹមត្រូវ៖ «យើងឃើញថា ការបូជាសពនេះ គឺបានកើតមានឡើងតាំងពីរបៀបពីមុនមក។ ប៉ុន្តែគ្រាន់តែថា ការរៀបចំរកកន្លែងបូជាសពហ្នឹង សូមឱ្យរដ្ឋបាលខេត្តរៀបចំកន្លែងណាមួយឱ្យសមរម្យ ហើយរៀបចំធ្វើបច្ឆាឱ្យបានសមរម្យផង»។
រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៨ ខែមិថុនាថា មានជនរងគ្រោះពីរនាក់គឺ លោកស្រី តូច យូ អាយុ ៧៧ ឆ្នាំ និងលោក ម៉ៅ រ៉េត រស់នៅស្រុកកំពង់ត្រាច បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្រោយពីបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច កាលពីថ្ងៃទី៣០ ខែឧសភា។
សពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបូជានៅក្បែរជើងភ្នំប្រាសាទ ហើយត្រូវបានអ្នករិះគន់តាមបណ្ដាញសង្គមថា ជាការធ្វើឡើងមិនត្រឹមត្រូវ ដោយយកសំបកកង់ឡានចាស់ៗ មកបូជាសព។
មន្ត្រីសុខាភិបាលនៃការិយាល័យប្រតិបត្តិស្រុកកំពង់ត្រាច ប្រាប់អាស៊ីសេរីក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះថា តាមការពិតទៅ ពិធីបូជានេះបានធ្វើឡើងត្រឹមត្រូវ ដោយបាននិមន្តព្រះសង្ឃ មកសូត្រធម៌ដើម្បីឱ្យព្រលឹងអ្នកស្លាប់បានស្ងប់ចិត្ត។ លោកថា ការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក គឺជារឿងមិនត្រឹមត្រូវ៖ «មានកន្លែងបូជាត្រឹមត្រូវតើបង។ មិនដូចព័ត៌មានដែលបានចុះផ្សាយ មិនបានយកគាត់ទៅប្លុងចោល ដូចបានចែកចាយមិនសមហេតុផលនោះទេ»។
ទោះជាយ៉ាងណា សង្គមស៊ីវិលស្នើដល់អាជ្ញាធរខេត្តកំពត ឱ្យគិតគូរសង់ទីកន្លែងបូជាសពដែលស្លាប់ដោយសារកូវីដឱ្យបានសមរម្យ និងអាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។