ចំនួន​អ្នក​កើត​និង​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ថយ​ចុះ

នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត​នៃ​ក្រសួង​សុខាភិបាល លោក ច ម៉េងចូ ឲ្យ​ដឹង​ថា រយៈពេល ៦​ខែ ឆ្នាំ​២០១៤ នេះ ចំនួន​ករណី​គ្រុន​ចាញ់​ដែល​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​មណ្ឌល​សុខភាព​រដ្ឋ ឬ​ភ្នាក់ងារ​ស្ម័គ្រ​ចិត្ត​ភូមិ​មាន​ចំនួន​ជាង ១៥.៩៨២​ករណី គឺ​ថយ​ចុះ ១៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​ជិត ២​ម៉ឺន​ករណី (១៩.៥៦២)។

ក្នុង​របាយការណ៍​របស់​លោក ច ម៉េងចូ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា បង្ហាញ​ថា ក្នុង​រយៈពេល ៦​ខែ​នេះ មាន​មនុស្ស ៥​នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់។ ចំនួន​អ្នក​ស្លាប់​ក៏​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៣ ក្នុង​រយៈពេល​ដូច​គ្នា​ដែរ គឺ​មាន ៦​នាក់​ស្លាប់ ហើយ​កាល​ពី ៦​ខែ ឆ្នាំ​២០១២ មាន​អ្នក​ស្លាប់​រហូត ៣០​នាក់។

លោក​បញ្ជាក់​ថា ចំនួន​នៃ​ការ​ថយ​ចុះ​ជា​បន្តបន្ទាប់​នៃ​ករណី​គ្រុនចាញ់​នៅ​កម្ពុជា​នេះ គឺ​មាន​ន័យ​ថា ជំងឺ​គ្រុនចាញ់​លែង​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ទូទៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៀត​ហើយ។ តាម​គម្រោង​កម្ពុជា គ្រោង​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ឲ្យ​អស់​ទាំង​ស្រុង​នៅ​ឆ្នាំ​២០២៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។