រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ចាប់ពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរម៉ាឡេស៊ី ក៏បានប្រកាសដាក់រដ្ឋ និងទីក្រុងចំនួន៨ ឲ្យស្ថិតក្រោមវិធានការនៃការរឹតបន្តឹងការធ្វើដំណើរចេញចូល ដោយសារអត្រាឆ្លងនៃជំងឺកូវីដ១៩ កំពុងស្ថិតក្នុងអត្រាខ្ពស់គួរឲ្យព្រួយបារម្ភ។ រដ្ឋនិងក្រុងទាំងនោះ រួមមានរដ្ឋ ប៉េណាង (Penang) រដ្ឋ (Melaka) ទីក្រុងកូឡាឡាំពួរ (Kuala Lumpur) និងទីក្រុងពូត្រាយ៉ាចា (Putrajaya) ជាដើម គឺត្រូវចាប់ផ្ដើមអនុវត្តជាបន្ទាន់ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៣ ខែមករា រហូតដល់ថ្ងៃ២៦ ខែមករា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារម្សិលមិញ អំពាវនាវដល់ពលរដ្ឋខ្មែរ សិស្សនិស្សិត និងពលករទាំងអស់ ត្រូវអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាលម៉ាឡេស៊ី ឲ្យបានខ្ជាប់ខ្ជួន និងមិនត្រូវធ្វើដំណើរទៅតំបន់ហាមឃាត់ទាំងនោះឡើយ។
ចាប់ពីថ្ងៃពុធ ទី១៣ ខែមករានេះ សមត្ថកិច្ចម៉ាឡេស៊ី នឹងបិទការធ្វើដំណើរចេញចូលពីតំបន់ មួយទៅតំបន់មួយ លើកលែងតែមានលិខិតអនុញ្ញាត។ ក្នុងគ្រួសារនីមួយៗគឺអនុញ្ញាតឲ្យសមាជិក២នាក់ប៉ុណ្ណោះ អាចចេញទៅទិញម្ហូបនិងសម្ភារៈចាំបាច់ មិនឲ្យធ្វើដំណើរលើសពី ១០គីឡូម៉ែត្រ នៅជុំវិញកន្លែងស្នាក់នៅ។
ចំណែកផ្សារ កន្លែងផ្ដល់សេវាកម្មសុខភាព ឱសថស្ថាន និងធនាគារ អនុញ្ញាតឲ្យបើកដំណើរការ តែត្រូវអនុវត្តតាមស្តង់ដារសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ។ ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន និងហាងបាយនានា គឺអនុញ្ញាតឲ្យលក់អាហារខ្ចប់និងដឹកចេញជូនភ្ញៀវប៉ុណ្ណោះ។ ក្រុមហ៊ុន ឬស្ថាប័ននីមួយៗ អនុញ្ញាតឲ្យបុគ្គលិកត្រឹម៣០% មកកន្លែងធ្វើការ ហើយ៧០% ផ្សេងទៀត ធ្វើការពីផ្ទះ។
សមត្ថកិច្ចម៉ាឡេស៊ី ក៏បានប្រកាសផងដែរថា ប្រសិនបើមានជនណាម្នាក់ប្រព្រឹត្តល្មើសនឹងបទបញ្ជាទាំងនេះ គឺត្រូវបង់ផាកពិន័យជាប្រាក់ចំនួន ១ពាន់ រីងហ្គីត ប្រមាណជាទឹកប្រាក់ ២៥០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។