ពលករ​ខ្មែរ និង​ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ស្នាក់​នៅ​ប្រទេស​ថៃ​កំពុង​ឆ្លង​ជំងឺ​កូវីដ-១៩

ដោយ មួង ណារ៉េត
2021-05-17
Share
ពលករ​ខ្មែរ និង​ជន​ភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ស្នាក់​នៅ​ប្រទេស​ថៃ​កំពុង​ឆ្លង​ជំងឺ​កូវីដ-១៩ (រូបឯកសារ) ពលរដ្ឋ​ខ្មែរក្រោម​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ពេល​ទទួល​ជំនួយ​ស្បៀង​អាហារ​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ និង​សហគមន៍​ខ្មែរ​ក្រោម​ព្រម​ទាំង​ពលករ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ឆ្លង​ជំងឺ​កូវីដ-១៩ (Covid-19) ច្រើន​គ្នា នៅ​រយៈ​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ទន្ទឹម​នឹង​នេះ អ្នក​ឃ្លាំមើល​សិទ្ធិ​ពលករ ក្នុង​ប្រទេស​ថៃ​ថា ពលករ​ឆ្លង​ជំងឺ​កូវីដ-១៩ ស្រាលៗ ច្រើន​នាក់ មិន​ទាន់​ទទួល​បាន​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ទេ។

សហគមន៍​ខ្មែរ​ក្រោម និង​ពលករ​ធ្វើ​ការ​តាម​រោងចក្រ​ជា​ក្រុម កំពុង​ឆ្លង​ជំងឺ​កូវីដ-១៩។ ចំណែក​ជន​ភៀស​ខ្លួន​នយោបាយ​ក្នុង​ប្រទេស​ថៃ មិន​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​នេះ ដល់​ពួក​គាត់​នៅ​ឡើយ​ទេ។

សមាជិក​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​បាងកក លោកស្រី យឿង ធីកង ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន២គ្រួសារ មាន​គ្នា​សរុប​ចំនួន ៦នាក់ បាន​ឆ្លង​ជំងឺ​កូវីដ-១៩ គិត​ត្រឹម​ថ្ងៃ​ទី១៧ ខែ ឧសភា។ លោក​ស្រី​ថា គ្រូពេទ្យ បាន​យក​ពួក​គាត់​ទាំង ៦នាក់​នោះ ទៅ​ព្យាបាល​ហើយ និង​កំពុង​បន្ត​យក​សំណាក​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​សហគមន៍។

លោកស្រី យឿង ធីកង បន្ត​ថា ពួកគាត់​ទំនង​ជា​ឆ្លង​ជំងឺ​នេះ ពេល​លួច​ទៅ​ធ្វើ​ការ​លើក​បន្លែ​ចុះ​ពី​លើ​ឡាន​ដឹក​ទំនិញ ដែល​ដឹក​ឆ្លង​ខេត្ត​ផ្សេង​យក​មក​លក់​ក្នុង​ផ្សារ​មួយ​កន្លែង (Simummuang Market) នៅ​ក្បែរ​សហគមន៍ ដែល​ពួក​គាត់​រស់នៅ។ បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជាង ៦០គ្រួសារ​ទៀត កំពុង​រស់​នៅ​ក្នុង​សហគមន៍ ត្រូវ​បាន​យក​សំណាក ធ្វើតេស្ត​រក​មេរោគ​នៃ​ជំងឺ​នេះ៖ «ទៅ​ត្រួត​ទៅ​វា​មាន​ឆ្លង​រោគ។ អ៊ីចឹង គេ​ប្រាប់​ឲ្យ​កូន​ហ្នឹង​មាន​ជំងឺ​ហ្នឹង។ អ៊ីចឹង គេ​ហៅ​អ្នក​ផ្ទុក​ដូច​គ្នា ទៅ​ត្រួត។ ដល់​ទៅ​ត្រួត​វា​មាន​រោគ​ដូច​គ្នា។ គេ​ហៅ អ៊ុំឈួន (អតីត​ប្រធាន​សមាគម) ទៅ​ត្រួត​ដែរ។ ដល់ហើយ មាន​រោគ​ដូច​គ្នា។ អ៊ីចឹង មានន័យថា វា​អត់​មាន​អាការៈ​អ្វី ឬ​ដួល​ងងឹត​មុខ​ទេ វា​ធម្មតា។ គេ​យក​ទៅ​តាឡាត (ផ្សារ)។ មិន​ដឹង​ថា គេ​ព្យាបាល​មិន​គិត​ថ្លៃ ឬ​យ៉ាង​ណា យើង​អត់​ទាន់​ដឹង»

ចំណែក​ពលករ​ទាំង​ធ្វើ​ការ​ស្រប​ច្បាប់ និង​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ពួកគាត់​ក៏​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ ជា​ច្រើន​ករណី​ដែរ។ មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ តាម​ខេត្ត​នានា ក្នុង​ប្រទេស​ថៃ​កាន់​តែ​ច្រើន​ឆ្លង​ជំងឺ​នេះ និង​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​ទេ ព្រោះ​អ្នក​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ កើន​ឡើង​ច្រើនពេក។

លោក​បន្ត​ថា ពលករ​ដែល​ឆ្លង​ជំងឺ​នេះ​ស្រាលៗ ខាង​គ្រូពេទ្យ​ថៃ មិន​អនុញ្ញាត​ឲ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ដោយ​តម្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ដដែល។ ចំណែក​មន្ត្រី​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ខ្មែរ ក្នុង​ប្រទេស​ថៃ ក៏​មិន​ទាន់​ទាក់ទង​មក​សួរ​សុខ​ទុក្ខ ឬ​ផ្ដល់​អំណោយ​ឲ្យ​ពលករ​ឆ្លង​ជំងឺ​កូវីដ-១៩ ទាំងនោះ​នៅឡើយ​ដែរ។ លោក លឹង សុផុន ជំរុញ​ឲ្យ​មន្ត្រី​ទូត​អន្តរាគមន៍​ស្នើសុំ​ទៅ​ភាគី​ថៃ ដើម្បី​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពលករ​ខ្មែរ ដែល​ឆ្លង​ជំងឺ​នេះ៖ «ក្រសួង​ពាក់ព័ន្ធ​ហ្នឹង​ជួយ​ពួក​គាត់​ផង​ធ្វើ​ម្ដេច​ឲ្យ​ពួក​គាត់ បាន​ស្នាក់​នៅ​ព្យាបាល​សមរម្យ។ រាល់​ថ្ងៃ​នេះ គាត់​ទៅ​មន្ទីរពេទ្យ ហើយ​មន្ទីរពេទ្យ​ខ្លះ គេ​អត់​ទទួល​ពួក​គាត់​ទេ។ មិន​ដឹង​ជា​យ៉ាង​ម្ដេច ឬ​ក៏​មន្ទីរ​ពេទ្យ​វា​ចង្អៀត ឬ​ម្ដេច​មិន​ដឹង បាន​ជា​ពួក​គាត់​ទៅ​ធ្វើ​តេស្ត​រក​កូវីដ​ហើយ គេ​អត់​ទទួល»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្ថានភាព​ពលករ​ខ្មែរ រស់នៅ​ប្រទេស​ថៃ ពី​ឯក​អគ្គរាជ​ទូត និង​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​ទីក្រុង​បាងកក​បាន​ទេ នៅ​ថ្ងៃ​ទី១៧ ឧសភា។ តែ​យ៉ាង​ណា ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក (Royal Embassy of Cambodia in Bangkok) បាន​បង្ហោះ​សារ (Facebook) អំពាវនាវ​ពលរដ្ឋ​ខ្មែរ​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ ឲ្យ​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ និង​បទប្បញ្ញត្តិ ដែល​អាជ្ញាធរ​ថៃ​បាន​ដាក់ ដើម្បី​បង្ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

រីឯ​ក្រុម​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​វិញ ពួក​គាត់​មិន​ទាន់​កើត​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ​ទេ។ ប្រធាន​គណៈកម្មការ​រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​បាងកក លោក ឃ្លាំង ប៊ុនឡាយ ប្រាប់​ថា ជន​ភៀស​ខ្លួន​ខ្លះ ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ​ហើយ និង​កំពុង​រង់ចាំ​លទ្ធផល។ ទោះ​ជា​យ៉ាង​ណា លោក ឃ្លាំង ប៊ុនឡាយ អះអាង​ថា ជន​ភៀស​ខ្លួន​នយោបាយ ក៏​កំពុង​ប្រឈម​ការ​ឆ្លង​ដែរ ព្រោះ​ពួក​គាត់​រស់​នៅ​ក្បែរ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩៖ «រាល់​ថ្ងៃ យើង​មាន​ការ​ប្រឈម​ខ្លាំង។ ពាក់ព័ន្ធនឹងទី១ ដោយសារ​បញ្ហា​កូវីដ​នៅ​ប្រទេស​ថៃ វា​មាន​ការ​កើន​ឡើង​អ៊ីចឹង​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ដើរ ឬ​ក៏​មិន​ហ៊ាន​ចុះ​ឡើង​អ្វី រហេតរហូត​អ៊ីចឹង​ណា ព្រោះ​អា​មេរោគ​ហ្នឹង វា​កើត​ឡើង​ច្រើន នៅ​ក្នុង​ស្រុក​ថៃ»

ប្រទេស​ថៃ កំពុង​ផ្ទុះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ខ្លាំង​ដែល​មិន​ធ្លាប់​មាន ដោយ​ក្នុង​មួយ​ថ្ងៃ​ទី១៧ ខែឧសភា មាន​អ្នក​ឆ្លង​ថ្មី​រហូត​ដល់ ៩.៦៣៥នាក់។ ក្នុង​នោះ​ជិត ៧០% ឬ ៦.៨៥៣នាក់​ឆ្លង​ក្នុង​ពន្ធនាគារ។ អ្នក​ជំងឺ​ចំនួន ២៥នាក់ ស្លាប់​នៅ​ថ្ងៃ​ដដែល​នេះ។

អំឡុង​ដើម​ខែមករា នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង (CDC) របស់​ថៃ រាយ​ការណ៍​ថា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១៥៧នាក់​ផ្ទុក​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ ចាប់​ពី​ពេល​នោះ​មក​នាយកដ្ឋាន​នេះ លែង​ផ្សាយ​តួលេខ​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ឯ​ទៀត ដែល​ឆ្លង​ជំងឺ​នេះ។ ចំណែក​ឯ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​រាយ​ការណ៍​ជា​ប្រចាំ​អំពី​តួលេខ​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ និង​មានផ្ទុកជំងឺនេះ ដោយ​គិត​ត្រឹម​ដើម​ខែឧសភា កម្ពុជា​រក​ឃើញ​ពលករ​ខ្មែរ ៩៩នាក់​ផ្ទុក​ជំងឺ​នេះ ក្រោយ​ត្រឡប់​ពី​ថៃ។ ប៉ុន្តែ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្តូរ​របៀប​ជូន​ដំណឹង​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី៥ ខែឧសភា ដោយ​លែង​បង្ហាញ​តួលេខ​លម្អិត​អំពី​ចំនួន​ពលករ​ខ្មែរ​នេះ​ទៀត។ ក្រសួង​គ្រាន់​តែ​សរសេរ​ថា ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែឧសភា​នោះ កម្ពុជា​មាន​ករណី​អ្នក​ជំងឺ​កូវីដ-១៩ នាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ៧៩នាក់ ដោយ​ជា​មធ្យម​មាន​នាំ​ចូល​ថ្មី ៦ករណី ក្នុង​មួយ​ថ្ងៃ។

ក្នុង​ចំណោម​ករណី​នាំ​ចូល​ថ្មី​ទាំង​នេះ មិន​ដឹង​ប៉ុន្មាន​ករណី​ជា​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​នោះ​ទេ។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន បាន​ទេ ដោយសារ​អ្នក​ស្រី​មិន​លើក​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក កុយ គួង ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក (RFI) មាន​ពលករ​ខ្មែរ​ម្នាក់ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី៣០ មេសា ដោយសារ​ជំងឺ​កូវីដ-១៩។

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលករ លោក លឹង សុផុន ឲ្យ​ដឹង​ថា នៅ​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ទៀត មាន​អាការៈ​ធ្ងន់ធ្ងរ និង​កំពុង​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល