ជនភៀសខ្លួនផ្នែកនយោបាយ និងសហគមន៍ខ្មែរក្រោមព្រមទាំងពលករកំពុងស្នាក់នៅក្នុងប្រទេសថៃកំពុងឆ្លងជំងឺកូវីដ-១៩ (Covid-19) ច្រើនគ្នា នៅរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ។ ទន្ទឹមនឹងនេះ អ្នកឃ្លាំមើលសិទ្ធិពលករ ក្នុងប្រទេសថៃថា ពលករឆ្លងជំងឺកូវីដ-១៩ ស្រាលៗ ច្រើននាក់ មិនទាន់ទទួលបានការព្យាបាលនៅតាមមន្ទីរពេទ្យទេ។
សហគមន៍ខ្មែរក្រោម និងពលករធ្វើការតាមរោងចក្រជាក្រុម កំពុងឆ្លងជំងឺកូវីដ-១៩។ ចំណែកជនភៀសខ្លួននយោបាយក្នុងប្រទេសថៃ មិនទាន់មានករណីឆ្លងជំងឺនេះ ដល់ពួកគាត់នៅឡើយទេ។
សមាជិករបស់សហគមន៍ខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុងបាងកក លោកស្រី យឿង ធីកង ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរកម្ពុជាក្រោម ចំនួន២គ្រួសារ មានគ្នាសរុបចំនួន ៦នាក់ បានឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៧ ខែ ឧសភា។ លោកស្រីថា គ្រូពេទ្យ បានយកពួកគាត់ទាំង ៦នាក់នោះ ទៅព្យាបាលហើយ និងកំពុងបន្តយកសំណាកពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងអស់ ដែលរស់នៅក្នុងសហគមន៍។
លោកស្រី យឿង ធីកង បន្តថា ពួកគាត់ទំនងជាឆ្លងជំងឺនេះ ពេលលួចទៅធ្វើការលើកបន្លែចុះពីលើឡានដឹកទំនិញ ដែលដឹកឆ្លងខេត្តផ្សេងយកមកលក់ក្នុងផ្សារមួយកន្លែង (Simummuang Market) នៅក្បែរសហគមន៍ ដែលពួកគាត់រស់នៅ។ បច្ចុប្បន្នពលរដ្ឋខ្មែរកម្ពុជាក្រោម ជាង ៦០គ្រួសារទៀត កំពុងរស់នៅក្នុងសហគមន៍ ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគនៃជំងឺនេះ៖ « ទៅត្រួតទៅវាមានឆ្លងរោគ។ អ៊ីចឹង គេប្រាប់ឲ្យកូនហ្នឹងមានជំងឺហ្នឹង។ អ៊ីចឹង គេហៅអ្នកផ្ទុកដូចគ្នា ទៅត្រួត។ ដល់ទៅត្រួតវាមានរោគដូចគ្នា។ គេហៅ អ៊ុំឈួន (អតីតប្រធានសមាគម) ទៅត្រួតដែរ។ ដល់ហើយ មានរោគដូចគ្នា។ អ៊ីចឹង មានន័យថា វាអត់មានអាការៈអ្វី ឬដួលងងឹតមុខទេ វាធម្មតា។ គេយកទៅតាឡាត (ផ្សារ)។ មិនដឹងថា គេព្យាបាលមិនគិតថ្លៃ ឬយ៉ាងណា យើងអត់ទាន់ដឹង»។
ចំណែកពលករទាំងធ្វើការស្របច្បាប់ និងខុសច្បាប់នៅក្នុងប្រទេសថៃ ពួកគាត់ក៏ឆ្លងជំងឺកូវីដ-១៩ នេះ ជាច្រើនករណីដែរ។ មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន ឲ្យដឹងថា ពលករខ្មែរធ្វើការក្នុងរោងចក្រ តាមខេត្តនានា ក្នុងប្រទេសថៃកាន់តែច្រើនឆ្លងជំងឺនេះ និងមិនទទួលបានការយកចិត្តទុកដាក់ពីគ្រូពេទ្យទេ ព្រោះអ្នកជំងឺកូវីដ១៩ នៅប្រទេសថៃ កើនឡើងច្រើនពេក។
លោកបន្តថា ពលករដែលឆ្លងជំងឺនេះស្រាលៗ ខាងគ្រូពេទ្យថៃ មិនអនុញ្ញាតឲ្យទៅព្យាបាលនៅមន្ទីរពេទ្យទេ ដោយតម្រូវឲ្យស្នាក់នៅក្នុងបន្ទប់ជួលដដែល។ ចំណែកមន្ត្រីស្ថានទូត និងស្ថានកុងស៊ុលខ្មែរ ក្នុងប្រទេសថៃ ក៏មិនទាន់ទាក់ទងមកសួរសុខទុក្ខ ឬផ្ដល់អំណោយឲ្យពលករឆ្លងជំងឺកូវីដ-១៩ ទាំងនោះនៅឡើយដែរ។ លោក លឹង សុផុន ជំរុញឲ្យមន្ត្រីទូតអន្តរាគមន៍ស្នើសុំទៅភាគីថៃ ដើម្បីឲ្យមានការយកចិត្តទុកដាក់ ចំពោះពលករខ្មែរ ដែលឆ្លងជំងឺនេះ៖ « ក្រសួងពាក់ព័ន្ធហ្នឹងជួយពួកគាត់ផងធ្វើម្ដេចឲ្យពួកគាត់ បានស្នាក់នៅព្យាបាលសមរម្យ។ រាល់ថ្ងៃនេះ គាត់ទៅមន្ទីរពេទ្យ ហើយមន្ទីរពេទ្យខ្លះ គេអត់ទទួលពួកគាត់ទេ។ មិនដឹងជាយ៉ាងម្ដេច ឬក៏មន្ទីរពេទ្យវាចង្អៀត ឬម្ដេចមិនដឹង បានជាពួកគាត់ទៅធ្វើតេស្តរកកូវីដហើយ គេអត់ទទួល»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីស្ថានភាពពលករខ្មែរ រស់នៅប្រទេសថៃ ពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកកបានទេ នៅថ្ងៃទី១៧ ឧសភា។ តែយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក(Royal Embassy of Cambodia in Bangkok) បានបង្ហោះសារ (Facebook) អំពាវនាវពលរដ្ឋខ្មែរកំពុងស្នាក់នៅប្រទេសថៃ ឲ្យចូលរួមអនុវត្តតាមវិធានការណែនាំ និងបទប្បញ្ញត្តិ ដែលអាជ្ញាធរថៃបានដាក់ ដើម្បីបង្ការឆ្លងជំងឺកូវីដ-១៩។
រីឯក្រុមជនភៀសខ្លួនផ្នែកនយោបាយ នៃគណបក្សសង្គ្រោះជាតិ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃវិញ ពួកគាត់មិនទាន់កើតមានករណីឆ្លងជំងឺកូវីដ-១៩ នេះទេ។ ប្រធានគណៈកម្មការរដ្ឋបាលគណបក្សសង្គ្រោះជាតិនៅទីក្រុងបាងកក លោក ឃ្លាំង ប៊ុនឡាយ ប្រាប់ថា ជនភៀសខ្លួនខ្លះ ត្រូវបានយកសំណាកទៅពិនិត្យហើយ និងកំពុងរង់ចាំលទ្ធផល។ ទោះជាយ៉ាងណា លោក ឃ្លាំង ប៊ុនឡាយ អះអាងថា ជនភៀសខ្លួននយោបាយ ក៏កំពុងប្រឈមការឆ្លងដែរ ព្រោះពួកគាត់រស់នៅក្បែរអ្នកឆ្លងជំងឺកូវីដ-១៩៖ « រាល់ថ្ងៃ យើងមានការប្រឈមខ្លាំង។ ពាក់ព័ន្ធនឹងទី១ ដោយសារបញ្ហាកូវីដនៅប្រទេសថៃ វាមានការកើនឡើងអ៊ីចឹងធ្វើឲ្យយើងមិនហ៊ានដើរ ឬក៏មិនហ៊ានចុះឡើងអ្វី រហេតរហូតអ៊ីចឹងណា ព្រោះអាមេរោគហ្នឹង វាកើតឡើងច្រើន នៅក្នុងស្រុកថៃ » ។
ប្រទេសថៃ កំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខ្លាំងដែលមិនធ្លាប់មាន ដោយក្នុងមួយថ្ងៃទី១៧ ខែឧសភា មានអ្នកឆ្លងថ្មីរហូតដល់ ៩.៦៣៥នាក់។ ក្នុងនោះជិត ៧០% ឬ ៦.៨៥៣នាក់ឆ្លងក្នុងពន្ធនាគារ។ អ្នកជំងឺចំនួន ២៥នាក់ ស្លាប់នៅថ្ងៃដដែលនេះ។
អំឡុងដើមខែមករា នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC) របស់ថៃ រាយការណ៍ថា មានពលរដ្ឋខ្មែរចំនួន ១៥៧នាក់ផ្ទុកជំងឺកូវីដ-១៩។ ប៉ុន្តែ ចាប់ពីពេលនោះមកនាយកដ្ឋាននេះ លែងផ្សាយតួលេខពលរដ្ឋខ្មែរ និងជនបរទេសឯទៀត ដែលឆ្លងជំងឺនេះ។ ចំណែកឯក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍ជាប្រចាំអំពីតួលេខពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ និងមានផ្ទុកជំងឺនេះ ដោយគិតត្រឹមដើមខែឧសភា កម្ពុជារកឃើញពលករខ្មែរ ៩៩នាក់ផ្ទុកជំងឺនេះ ក្រោយត្រឡប់ពីថៃ។ ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជា បានប្តូររបៀបជូនដំណឹងរបស់ខ្លួន ចាប់ពីថ្ងៃទី៥ ខែឧសភា ដោយលែងបង្ហាញតួលេខលម្អិតអំពីចំនួនពលករខ្មែរនេះទៀត។ ក្រសួងគ្រាន់តែសរសេរថា ករណីនាំចូលពីក្រៅប្រទេសប៉ុណ្ណោះ។ ចាប់តាំងពីថ្ងៃទី៥ ខែឧសភានោះ កម្ពុជាមានករណីអ្នកជំងឺកូវីដ-១៩ នាំចូលពីក្រៅប្រទេសចំនួន ៧៩នាក់ ដោយជាមធ្យមមាននាំចូលថ្មី ៦ករណី ក្នុងមួយថ្ងៃ។
ក្នុងចំណោមករណីនាំចូលថ្មីទាំងនេះ មិនដឹងប៉ុន្មានករណីជាពលរដ្ឋខ្មែរចំណាកស្រុកនោះទេ។ អាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានទេ ដោយសារអ្នកស្រីមិនលើកទូរស័ព្ទ។
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង ប្រាប់សារព័ត៌មានក្នុងស្រុក (RFI) មានពលករខ្មែរម្នាក់ បានស្លាប់កាលពីថ្ងៃទី៣០ មេសា ដោយសារជំងឺកូវីដ-១៩។
អ្នកឃ្លាំមើលសិទ្ធិពលករ លោក លឹង សុផុន ឲ្យដឹងថា នៅមានពលករខ្មែរមួយចំនួនទៀត មានអាការៈធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។