ពលករ​​ខ្មែរ​​​ជា​ច្រើន​​នាក់​​ដែល​​ឆ្លង​​ជំងឺ​​កូវីដ​​១៩​​​នៅ​​ប្រទេស​ថៃ​​បន្ត​​រស់​​នៅ​​​​វេទនា​​ដោយ​​គ្មាន​​គ្រូពេទ្យ​ព្យាបាល​​

ដោយ មួង ណារ៉េត
2021-07-05
Share
ពលករ​​ខ្មែរ​​​ជា​ច្រើន​​នាក់​​ដែល​​ឆ្លង​​ជំងឺ​​កូវីដ​​១៩​​​នៅ​​ប្រទេស​ថៃ​​បន្ត​​រស់​​នៅ​​​​វេទនា​​ដោយ​​គ្មាន​​គ្រូពេទ្យ​ព្យាបាល​​ ពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ ត្រូវបានថៅកែថៃដាក់ឱ្យដេក​នៅ​ក្នុង​តង់​​សំពត់​កៅស៊ូ ​តាម​យថាកម្ម​ ដោយ​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ។
រូប៖ គេ​ផ្ដល់​ឱ្យ

ពលករ​ខ្មែរ​​មួយ​ចំនួន​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​​ទីក្រុង​បាងកក​​ថ្លែង​ថា ​ពួកគេ​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ​​ជិត ​២០ ​ថ្ងៃ​ហើយ ពុំ​មាន​ស្ថាប័ន​ណា​​បញ្ជូន​​ទៅ​ព្យាបាល​​ជំងឺ​នៅ​ឡើយ​ទេ។

​ពលករ​ធ្វើ​ការ​នៅ​សំណង់​នៅ​​កណ្ដាល​ទីក្រុង​​បាងកកលោក រាប សារឹន ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​កក្កដា​ថា ​ចាប់​តាំង​ពី​ឆ្លង​ជំងឺ​កូវីដ​១៩​មក​ពួក​លោក​រស់​នៅ​ទាំង​លំបាក​​​ ហើយ​​ហូប​ចុក​ក៏មិន​គ្រប់គ្រាន់​ឡើយ​។​ ពលករ​ខ្មែរ​វ័យ​ ៣២ ​ឆ្នាំ​រូប​នេះ​បន្ត​ថា ​ ពលករ​ខ្មែរ​ជា​ច្រើន​នាក់​​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ហើយ​នាំ​គ្នា​ដេក​នៅ​ក្នុង​តង់​​សំពត់​កៅស៊ូ ​តាម​យថាកម្ម​ ដោយ​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ។ ​លើស​ពី​នេះ​លោក​ថា ​​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង​ៗ ​ខ្យល់​​បោក​តង់​សំពត់​កៅស៊ូ​​ប៉ើង​ដួល​ធ្វើ​ឱ្យ​ពួក​លោក​ដេក​នៅ​ហាលភ្លៀង​​ទាំង​យប់​ក៏​មាន​ដែរ៖ «វា​នៅ​តែ​ឈឺ​រ៉ាំរ៉ៃ​​អីចឹង​ មាន​អ្នក​ខ្លះ​ទ្រុឌទ្រោម​​ប៉ុន្តែ​គ្មាន​អ្នក​ណា​យក​​ទៅ​ព្យាយាម​ទេ​។ ​វា​វេទនា​ណាស់​ ណា​មួយ ប្រពន្ធ​ក៏​គ្មាន​លុយ​ចាយ ហើយ​រស់​នៅ​ជា​មួយ​មីង​ ហើយ​ខ្ញុំ​វា​កើត​កូវីដ​​មាន​បាន​រក​លុយ​ទេ មិន​មែន​តែ​ខ្ញុំ​ទេ​មាន​អ្នក​ខ្លះ​កើត​កូវីដ​មួយ​គ្រួសារ​ ៥​នាក់​ក៏​មាន​ដែរ​»។

​ដូចគ្នា​នេះ​ដែរ ​ពលការិនី​​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​បាងកក​​ម្នាក់​ទៀតលោក​ស្រី កឺ សុភាព ថ្លែង​ថា ​លោក​ស្រី​និង​ប្ដី​របស់​គាត់​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ ជាង​១០ ​ថ្ងៃ​មក​ហើយ​ ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀងអាហារ​និង​ថវិកា​​ជូន​ដល់​ពួកគាត់​នោះ​ទេ។ ស្ត្រី​វ័យ ​៣៨ ​ឆ្នាំ​រូប​នេះ បន្ថែម​ទៀត​ថា ​​​ពលករ​ខ្មែរ​ធ្វើ​ការ​ជា​មួយ​គាត់​​ជាង​​ ៣០ ​នាក់​​ដែល​បាន​​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ​​ ត្រូវ​បាន​ថៅកែ​ថៃ​បង្ខាំង​នៅ​ក្នុង​តង់​សំពត់​កៅស៊ូ​​​​រួម​គ្នា​យ៉ាង​ណែន​តាន់តាប់​៖ «ពេទ្យ​គេ​ថា ​នៅ​កន្លែង​ពេទ្យ​មិន​​មាន​​គ្រែ​ទំនេរ​ទេ​ គេ​យក​តែ​អ្នក​ធ្ងន់ៗ​ទៅ​។ ​ខ្ញុំ​ព្រួយបារម្ភ​ត្រង់​ថា​ មិន​បាន​​ពេទ្យ​មក​មើល​ដូច​ថា​ ​ខ្លួន​យើង​មាន​ជំងឺ​កូវីដ​ទៀត​អត់​វា​មិន​ទាន់​ច្បាស់​ ​មិន​ដឹង​ថា​​ខ្លួន​យើង​ជា​ឬ​នៅ​?។ យើង​មើល​តែ​ពីក្រៅ​មិន​បាន​មើល​ពី​ក្នុង​ យើង​ចេះ​តែ​សំងំ​ៗ​​វា​ស៊ី​ខាង​អីចឹង​ ខ្លាច​កូវីដ​ហ្នឹង​វា​ស៊ី​សួត​អីចឹង​»

​​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថាន​ទត​ខ្មែរ​ប្រចាំ​​នៅ​ប្រទេស​ថៃ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​ពី​ក្ដី​កង្វល់​របស់​ពលករ​ខ្មែរ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤​ ខែកក្កដា។

​ប៉ុន្តែ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​​ទទួល​បន្ទុក​ផ្នែក​ពលករ​ប្រចាំទី​ក្រុង​បាងកក​លោក គឹម ចំរើន បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា​ថា ​ស្ថានភាព​បច្ចុប្បន្ន​នេះ​​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​ណា​ក៏​ដូច​គ្នា​ដែរ​ ​គឺ​មិន​អាច​ទប់ទល់​នឹង​​អ្នក​ជំងឺ​បាន​នោះ​ទេ​។ លោក​បញ្ជាក់​ថា ​បច្ចុប្បន្ន​មាន​ជន​ជាតិ​​ថៃ​​ខ្លះ​បាន​ចង​មុង​ដេក​នៅ​ប៉ុស្តិ៍​ប៉ូលិស ​និង​ខ្លះ​ទៀត​ដេក​លើ​ឡាន​តាម​ចិញ្ចើម​ផ្លូវ ​​រង់ចាំ​គ្រូ​ពេទ្យ ​ដើម្បី​បញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​។ ​បន្ថែម​​ពី​នេះ​​លោក​ថា មាន​ជនជាតិ​ថៃ​ខ្លះ​ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​​ក៏​មាន​ដែរ​ ដូច្នេះ​លោក​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ទាំង​អស់ ត្រូវ​បង្កើន​ការ​​ប្រុង​ប្រយ័ត្ន​ ​ហើយ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ថៃ ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​​ឱ្យ​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ​។

កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​​បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ កុំ​ឱ្យ​​ព្រួយបារម្ភ​ចំពោះ​រឿង​នេះ ពី​ព្រោះ​លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សហការ​ជាមួយ​​​រដ្ឋាភិបាល​ថៃ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពលករ​ខ្មែរ​ទាំង​នោះ​ហើយ​៖ «ព្រោះ​អ្នក​ដែល​មាន​ការងារ​ធ្វើ​ស្រប​ច្បាប់​អត់​មាន​ភ័យ​ខ្លាច​ទេ​ ប៉ុន្តែ​អ្នក​ដែល​ទៅ​មិន​ស្រប​ច្បាប់​ ​ធ្វើ​មិន​ស្រប​ច្បាប់​ ទាំង​ថៅកែ​ទាំង​កម្មករ​សុទ្ធតែ​ភ័យ​។ ប៉ុន្តែ​ខាង​ភាគី​ថៃ​ គេ​បាន​បញ្ជាក់​ហើយ​ថា នៅ​ពេល​ដែល​គេ​រក​ឃើញ​គេ​មិន​ដាក់ទោស​ទេ​​។ ផ្ទុយ​ទៅ​វិញ​គេ​ចុះ​ឈ្មោះ​ឱ្យ​ធ្វើ​ការ​ស្រប​ច្បាប់​ នេះ​គឺ​ជា​ទឹក​ចិត្ត​ដែល​យើង​ ​សូម​អបអរ​ អរគុណ​ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ថៃ​ ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​»

ទោះ​ជា​យ៉ាង​ណា​ ក្រុម​ពលករ​​អះអាង​ថា ​​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ថៃ​នៅ​ពុំ​បាន​ឧបត្ថម្ភ​​​ប្រាក់ ​៥០ ​ភាគរយ​ដែល​សន្យា​ផ្ដល់​ជូន​​ពលករ​ម្នាក់​​រយៈ​ពេល ​​១ខែ​ ក្នុង​​ពេល​បិទ​ខ្ទប់​ការដ្ឋាន​សំណង់​​ នៅ​ទី​ក្រុង​បាងកក​ និង​ខេត្ត​ចំនួន ​៥ ​ទៀត​​ជាប់​រាជធានី​នៅ​ឡើយ​ទេ។

​ជុំ​វិញ​រឿង​នេះ​​មន្ត្រី​​អង្គការ​សង់ត្រាល់​ (Central) ​ទទួល​បន្ទុក​ផ្នែក​ពលករ​លោក ឌី ថេហូយ៉ា ​មាន​ប្រសាសន៍​ថា ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​​ដល់​កម្រិត​អាសន្ន​ខ្លាំង​​ដែល​រដ្ឋាភិបាល​កម្ពុជា​គួរតែ​​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ពួកគាត់​ជា​បន្ទាន់​​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះបញ្ជាក់​ថា ​ ពលករ​ខ្លះ​បាន​ដាច់​ស្បៀងអាហារ​ និង​​មួយ​ចំនួន​​ទៀត​​​ឆ្លង​ជំងឺ​កូវីដ​១៩ ​ដោយ​គ្មាន​គ្រូពេទ្យ​ព្យាបាល​​នោះ​ទេ​។ បន្ថែម​ពី​នេះ​លោក​ថា ​អាជ្ញាធរ​ថៃ​មិន​បាន​ដោះស្រាយ​ទុក្ខ​របស់​ពលករ​ខ្មែរ​តាម​ការ​សន្យា​​​នៅ​ឡើយ​ទេ​៖ «អីចឹង​យ៉ាងម៉េច​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ផែន​ការធ្វើ​យ៉ាង​ម៉េច​ដោះស្រាយ​បញ្ហា​ប្រឈម​ឱ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ហើយ​ឱ្យ​មាន​ប្រសិទ្ធភាព​កុំ​ឱ្យ​របាយ​ការណ៍​​​ពី​កូន​ចៅ​ពេក​ ហើយ​ក៏​កុំ​ជឿ​តាម​ការ​និយាយ​ធានា​របស់​រដ្ឋាភិបាល​ថៃ​​ពេក​។ ក៏​ត្រូវ​តែ​ដឹងច្បាស់​ពី​មូលដ្ឋាន​ ដឹង​ការ​ពិត​ ពី​ទុក្ខវេទនា​ ពី​សំឡេង​របស់​ពលករ​​ផ្ទាល់​តែ​ម្ដង​ ទើបយើង​រៀប​ចំ​គោលនយោបាយ​ឆ្លើយ​តប​ចំពោះ​បញ្ហា​​»។

​ពលករ​ខ្មែរ​ជួប​ការ​លំបាក​ខ្លាំង​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​រហូត​មក​​ ដែល​អាជ្ញាធរ​ថៃ​​​បាន​បិទ​ខ្ទប់​ការដ្ឋាន​សំណង់​និង​​ពង្រឹង​វិធានការ​តឹងរ៉ឹង​​​មួយ​ចំនួន​នៅ​ទី​​ក្រុង​បាងកក ​និង​ខេត្ត​ចំនួន ​​៥ ​​នៅ​ជុំវិញ​នោះ ​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​តំណាង​ពលករ​ប្រមាណ​ ២០ ​នាក់​​ បាន​នាំ​គ្នា​​តវ៉ា​និង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​​និង​រដ្ឋ​សភា​ថៃ​​ជួយ​ផ្គត់ផ្គង់​អាហារ​និង​ផ្ដល់​សេវា​ព្យាបាល​​ដល់​ពួកគេ​ឲ្យ​បាន​សមរម្យ។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ថៃ​មិន​ទាន់​ដោះស្រាយ​ជូន​ពួកគេ​នៅ​ឡើយ​ទេ។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញ​ថា ​​​បច្ចុប្បន្ន​មានពលករ​ខ្មែរ​ធ្វើការស្របច្បាប់​និង​មិន​ស្រប​ច្បាប់មានជិត​២​លាន ​(២.០០០.០០០) ​នាក់ធ្វើ​ការនៅ​​ប្រទេស​ថៃ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល