ពលករខ្មែរមួយចំនួនដែលឆ្លងជំងឺកូវីដ១៩ នៅទីក្រុងបាងកកថ្លែងថា ពួកគេបានឆ្លងជំងឺកាចសាហាវនេះជិត ២០ ថ្ងៃហើយ ពុំមានស្ថាប័នណាបញ្ជូនទៅព្យាបាលជំងឺនៅឡើយទេ។
ពលករធ្វើការនៅសំណង់នៅកណ្ដាលទីក្រុងបាងកកលោក រាប សារឹន ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី៤ កក្កដាថា ចាប់តាំងពីឆ្លងជំងឺកូវីដ១៩មកពួកលោករស់នៅទាំងលំបាក ហើយហូបចុកក៏មិនគ្រប់គ្រាន់ឡើយ។ ពលករខ្មែរវ័យ ៣២ ឆ្នាំរូបនេះបន្តថា ពលករខ្មែរជាច្រើននាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយនាំគ្នាដេកនៅក្នុងតង់សំពត់កៅស៊ូ តាមយថាកម្ម ដោយគ្មានថ្នាំព្យាបាលឡើយ។ លើសពីនេះលោកថា នៅពេលមានភ្លៀងធ្លាក់ម្ដងៗ ខ្យល់បោកតង់សំពត់កៅស៊ូប៉ើងដួលធ្វើឱ្យពួកលោកដេកនៅហាលភ្លៀងទាំងយប់ក៏មានដែរ៖ «វានៅតែឈឺរ៉ាំរ៉ៃអីចឹង មានអ្នកខ្លះទ្រុឌទ្រោមប៉ុន្តែគ្មានអ្នកណាយកទៅព្យាយាមទេ។ វាវេទនាណាស់ ណាមួយ ប្រពន្ធក៏គ្មានលុយចាយ ហើយរស់នៅជាមួយមីង ហើយខ្ញុំវាកើតកូវីដមានបានរកលុយទេ មិនមែនតែខ្ញុំទេមានអ្នកខ្លះកើតកូវីដមួយគ្រួសារ ៥នាក់ក៏មានដែរ»។
ដូចគ្នានេះដែរ ពលការិនីធ្វើការសំណង់នៅទីក្រុងបាងកកម្នាក់ទៀតលោកស្រី កឺ សុភាព ថ្លែងថា លោកស្រីនិងប្ដីរបស់គាត់ឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ជាង១០ ថ្ងៃមកហើយ ពុំមានអាជ្ញាធរណាផ្ដល់ស្បៀងអាហារនិងថវិកាជូនដល់ពួកគាត់នោះទេ។ ស្ត្រីវ័យ ៣៨ ឆ្នាំរូបនេះ បន្ថែមទៀតថា ពលករខ្មែរធ្វើការជាមួយគាត់ជាង ៣០ នាក់ដែលបានឆ្លងជំងឺកាចសាហាវនេះ ត្រូវបានថៅកែថៃបង្ខាំងនៅក្នុងតង់សំពត់កៅស៊ូរួមគ្នាយ៉ាងណែនតាន់តាប់៖ «ពេទ្យគេថា នៅកន្លែងពេទ្យមិនមានគ្រែទំនេរទេ គេយកតែអ្នកធ្ងន់ៗទៅ។ ខ្ញុំព្រួយបារម្ភត្រង់ថា មិនបានពេទ្យមកមើលដូចថា ខ្លួនយើងមានជំងឺកូវីដទៀតអត់វាមិនទាន់ច្បាស់ មិនដឹងថាខ្លួនយើងជាឬនៅ ? ។ យើងមើលតែពីក្រៅមិនបានមើលពីក្នុង យើងចេះតែសំងំៗវាស៊ីខាងអីចឹង ខ្លាចកូវីដហ្នឹងវាស៊ីសួតអីចឹង » ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញពីក្ដីកង្វល់របស់ពលករខ្មែរនេះបានទេនៅថ្ងៃទី៤ ខែកក្កដា។
ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរទទួលបន្ទុកផ្នែកពលករប្រចាំទីក្រុងបាងកកលោក គឹម ចំរើន បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ ខែកក្កដាថា ស្ថានភាពបច្ចុប្បន្ននេះប្រព័ន្ធសុខាភិបាលប្រទេសណាក៏ដូចគ្នាដែរ គឺមិនអាចទប់ទល់នឹងអ្នកជំងឺបាននោះទេ។ លោកបញ្ជាក់ថា បច្ចុប្បន្នមានជនជាតិថៃខ្លះបានចងមុងដេកនៅប៉ុស្តិ៍ប៉ូលិស និងខ្លះទៀតដេកលើឡានតាមចិញ្ចើមផ្លូវ រង់ចាំគ្រូពេទ្យ ដើម្បីបញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។ បន្ថែមពីនេះលោកថា មានជនជាតិថៃខ្លះ បានដេកស្លាប់នៅក្នុងបន្ទប់ក៏មានដែរ ដូច្នេះលោកអំពាវនាវឱ្យពលករខ្មែរទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលថៃ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យរួចផុតពីការឆ្លងជំងឺកាចសាហាវនេះ។
កាលពីថ្ងៃទី១ ខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ កុំឱ្យព្រួយបារម្ភចំពោះរឿងនេះ ពីព្រោះលោកថា រដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលថៃជួយដោះស្រាយទុក្ខលំបាករបស់ពលករខ្មែរទាំងនោះហើយ៖ «ព្រោះអ្នកដែលមានការងារធ្វើស្របច្បាប់អត់មានភ័យខ្លាចទេ ប៉ុន្តែអ្នកដែលទៅមិនស្របច្បាប់ ធ្វើមិនស្របច្បាប់ ទាំងថៅកែទាំងកម្មករសុទ្ធតែភ័យ។ ប៉ុន្តែខាងភាគីថៃ គេបានបញ្ជាក់ហើយថា នៅពេលដែលគេរកឃើញគេមិនដាក់ទោសទេ។ ផ្ទុយទៅវិញគេចុះឈ្មោះឱ្យធ្វើការស្របច្បាប់ នេះគឺជាទឹកចិត្តដែលយើង សូមអបអរ អរគុណ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃ ដែលបានជួយដោះស្រាយបញ្ហា » ។
ទោះជាយ៉ាងណា ក្រុមពលករអះអាងថា រហូតមកដល់ពេលនេះរដ្ឋាភិបាលថៃនៅពុំបានឧបត្ថម្ភប្រាក់ ៥០ ភាគរយដែលសន្យាផ្ដល់ជូនពលករម្នាក់រយៈពេល ១ខែ ក្នុងពេលបិទខ្ទប់ការដ្ឋានសំណង់ នៅទីក្រុងបាងកក និងខេត្តចំនួន ៥ ទៀតជាប់រាជធានីនៅឡើយទេ។
ជុំវិញរឿងនេះមន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករលោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរនៅប្រទេសថៃដល់កម្រិតអាសន្នខ្លាំងដែលរដ្ឋាភិបាលកម្ពុជាគួរតែជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ជាបន្ទាន់។ មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ពលករខ្លះបានដាច់ស្បៀងអាហារ និងមួយចំនួនទៀតឆ្លងជំងឺកូវីដ១៩ ដោយគ្មានគ្រូពេទ្យព្យាបាលនោះទេ។ បន្ថែមពីនេះលោកថា អាជ្ញាធរថៃមិនបានដោះស្រាយទុក្ខរបស់ពលករខ្មែរតាមការសន្យានៅឡើយទេ៖ «អីចឹងយ៉ាងម៉េចឱ្យរដ្ឋាភិបាលរៀបចំផែនការធ្វើយ៉ាងម៉េចដោះស្រាយបញ្ហាប្រឈមឱ្យបានកាន់តែឆាប់កាន់តែល្អ ហើយឱ្យមានប្រសិទ្ធភាពកុំឱ្យរបាយការណ៍ពីកូនចៅពេក ហើយក៏កុំជឿតាមការនិយាយធានារបស់រដ្ឋាភិបាលថៃពេក។ ក៏ត្រូវតែដឹងច្បាស់ពីមូលដ្ឋាន ដឹងការពិត ពីទុក្ខវេទនា ពីសំឡេងរបស់ពលករផ្ទាល់តែម្ដង ទើបយើងរៀបចំគោលនយោបាយឆ្លើយតបចំពោះបញ្ហា »។
ពលករខ្មែរជួបការលំបាកខ្លាំងចាប់តាំងពីថ្ងៃទី២៨ ខែមិថុនារហូតមក ដែលអាជ្ញាធរថៃបានបិទខ្ទប់ការដ្ឋានសំណង់និងពង្រឹងវិធានការតឹងរ៉ឹងមួយចំនួននៅទីក្រុងបាងកក និងខេត្តចំនួន ៥ នៅជុំវិញនោះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ កាលពីថ្ងៃទី៣០ ខែមិថុនា តំណាងពលករប្រមាណ ២០ នាក់ បាននាំគ្នាតវ៉ានិងដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលថៃនិងរដ្ឋសភាថៃជួយផ្គត់ផ្គង់អាហារនិងផ្ដល់សេវាព្យាបាលដល់ពួកគេឲ្យបានសមរម្យ។ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរថៃមិនទាន់ដោះស្រាយជូនពួកគេនៅឡើយទេ។
របាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់មានជិត២លាន (២.០០០.០០០) នាក់ធ្វើការនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។