ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍កីឡាមិនត្រឹមតែលើកកម្ពស់ផ្នែកសុខភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំង ជួយលើកទឹកចិត្តដល់កិច្ចការពារបរិស្ថានក្នុងទីក្រុង ព្រមទាំងជាអំពើមនុស្សធម៌សម្រាប់ជួយ លើកទឹកចិត្តដល់ជនពិការផង។
ជនជាតិខ្មែរនិងបរទេសចម្រុះជាតិសាសន៍ប្រមាណជាង ៧.០០០នាក់ បាននាំគ្នារត់ប្រណាំងកីឡា ពាក់កណ្ដាលម៉ារ៉ាតុង (Marathon) អន្តរជាតិ នៅជុំវិញបរិវេណនៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែធ្នូ។
មន្ត្រីកីឡាអូឡាំពិកជាតិកម្ពុជា បានឱ្យដឹងថា ក្រៅពីជនជាតិខ្មែរដែលចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ ក៏មានជនជាតិបរទេសរាប់ពាន់នាក់មកពីប្រទេសចំនួន ៧៥ នៅលើពិភពលោក បានមកចូលរួមរត់ប្រណាំង និងអបអរសាទរព្រឹត្តិការណ៍នោះដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានកីឡាអូឡាំពិកជាតិកម្ពុជា គឺលោក ថោង ខុន។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែធ្នូ ថា ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ក៏ប៉ុន្តែវាបានផ្សារភ្ជាប់ទៅនឹងគោលបំណងសំខាន់ៗមួយចំនួនទៀត ដូចជាអបអរសាទរចំពោះចំណងមិត្តភាព ៦០ឆ្នាំ រវាងកម្ពុជា-ជប៉ុន និងការបំផុសឱ្យមានការចាប់អារម្មណ៍ទៅលើបរិស្ថាននៃទីក្រុងពណ៌បៃតងជាដើម។
លោក ថោង ខុ៖ «គោលបំណងសំខាន់ដើម្បីការងារមនុស្សធម៌ ជួយជនពិការដោយសារសង្គ្រាម ដើម្បីមិត្តភាព ដើម្បីសាមគ្គីភាព ហើយពិសេស គឺយើងបន្ថែមនូវស្មារតីថ្មី គឺរត់ដើម្បីទីក្រុងបៃតង រត់ដើម្បីសុខភាព។ លើកនេះ គឺមានការចូលរួមច្រើនជាងឆ្នាំមុន ហើយដែលមកច្រើនជាងគេ គឺអង់គ្លេសជាង ៧០០នាក់ មកពីអាមេរិកជាង ៦០០នាក់ ហើយមកពីបារាំង មកពីជប៉ុន និងប្រទេសដទៃទៀត សុទ្ធតែជាង ១០០ ខ្លះ ៦០ -៧០នាក់»។
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅជុំវិញបរិវេណប្រាសាទអង្គរវត្តកាលពីព្រឹកថ្ងៃអាទិត្យ មានភាពអធិកអធម ដោយក្រុមបរទេសដែលមកចូលរួមខ្លះបានយកស្គរធំៗ ជាច្រើន មកប្រគំជាតន្ត្រីនៅកន្លែងទីលាននៃពិធីដែលធ្វើឱ្យអ្នករត់ប្រណាំង និងអ្នកចូលរួមទស្សនា មានការសប្បាយរីករាយ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា លោក ស៊ុន ចាន់ថុល គឺជាអ្នកចូលរួមរត់ប្រណាំងម្នាក់ក្នុងចំណោមអ្នករត់ប្រណាំងចម្រុះជាតិសាសន៍ច្រើនពាន់នាក់ទៀត បានមានប្រសាសន៍ថា ការរត់ប្រណាំងនេះ ក្រៅតែពីធ្វើឱ្យលោកសប្បាយចិត្ត វាក៏ជាកត្តាមួយដែលជំរុញឱ្យពលរដ្ឋកម្ពុជា ចាប់អារម្មណ៍ទៅលើកីឡាដើម្បីសុខភាពដែរ។
លោក ស៊ុន ចាន់ថុល៖ «គ្មានអ្វីសំខាន់ជាងសុខភាពទេ មានសុខភាព គឺមានអ្វីៗទាំងអស់។ ពីសុខភាពនេះ គឺធ្វើឱ្យយើងមានការរួបរួមគ្នា សាមគ្គីភាពគ្នា យើងស្គាល់គ្នាទៅវិញទៅមក ធ្វើឱ្យយើងមានកម្លាំង ខួរក្បាលយើងភ្លឺថ្លា។ យើងអាចធ្វើការបម្រើប្រទេសជាតិ បានបម្រើក្រុមគ្រួសារក៏ល្អដែរ សំខាន់ណាស់។ យើងខ្ញុំសំណូមពរថា បើបងប្អូនឆ្លៀតឱកាសហាត់ប្រាណបាន មិនបាច់រត់ ២១គីឡូទេ គឺ ៣គីឡូក៏បាន ៥គីឡូក៏បាន ដើម្បីឱ្យបែកញើស ឱ្យខួរក្បាលយើងវាទូលាយ វាធូរស្រាល»។
លោក សៅ ឈុន ជាអ្នករត់ប្រណាំងម៉ារ៉ាតុង ម្នាក់ទៀត ក៏បានមានប្រសាសន៍ថា លោកមកចូលរួមរត់ប្រណាំងលើកនេះ មិនមែនដើម្បីចង់បានឈ្នះចាញ់ទេ គឺគោលបំណងតែមួយគត់ ដើម្បីសុខភាពទាំងអស់គ្នា។
នេះគឺជាឆ្នាំទី១៨ហើយ ដែលប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍កីឡានៅតំបន់អង្គរវត្ត ដើម្បី ទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមកទស្សនាកាន់តែច្រើនឡើងៗថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។