អ្នកជំនាញវេជ្ជសាស្ត្រទាមទាររដ្ឋាភិបាលពន្យល់ពីការប្រើប្រាស់ឱសថបុរាណចិនឱ្យបានច្បាស់លាស់ ដើម្បីធានានូវសុវត្ថិភាព ប្រសិទ្ធភាពដល់អ្នកមានជំងឺ Covid-19 និងគោរពតាមគោលការណ៍វេជ្ជសាស្ត្រ។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ឱសថបុរាណចិននេះ ដោយមិនបកស្រាយឱ្យបានពេញលេញនូវការប្រើប្រាស់ ដែលមហាជនកំពុងមានមន្ទិលជុំវិញប្រសិទ្ធភាព និងផលប៉ះពាល់របស់ឱសថបុរាណទំនើបនេះ ខណៈចំនួនអ្នកជំងឺកូវីដ១៩ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បន្តកើនឡើងខ្ពស់ឥតថមថយ។
អ្នកជំនាញវេជ្ជសាស្ត្រមិនទាន់ជឿជាក់ជុំវិញប្រសិទ្ធភាពឱសថចិន ហើយទម្រង់ការកំណត់ឱសថព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមិនទាន់ធានានូវប្រសិទ្ធភាពដើម្បីឈានការកាត់បន្ថយអត្រាអ្នកជំងឺនិងអ្នកស្លាប់។
អ្នកជំនាញផ្នែកឱសថនៅប្រទេសអូស្ត្រាលី លោក លឹម សួរ មានប្រសាសន៍ថា លោក មិនយល់ស្របចំពោះការសម្រេចរបស់រដ្ឋាភិបាល ដែលទទួលស្គាល់ និងដាក់ឱ្យប្រើប្រាស់ឱសថបុរាណចិនបញ្ចូលក្នុងទម្រង់ការព្យាបាលជំងឺកូវីដ១៩នោះទេ ដោយសារឱសថចិននេះមិនទាន់បង្ហាញនូវរបាយការណ៍សិក្សាស្រាវជ្រាវតាមបែបវេជ្ជសាស្ត្រ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៅឡើយទេ។ លោកយល់ថាប្រសិនបើដាក់ឱ្យប្រើប្រាស់ឱសថនេះ ហើយភ្លេចគិតគូរពីប្រសិទ្ធភាពនិងផលប៉ះពាល់ដល់ពលរដ្ឋនឹងធ្វើឱ្យរំលោភសិទ្ធិអ្នកប្រើប្រាស់ ដែលផ្ទុយក្រមសីលធម៌វេជ្ជសាស្ត្រសុខាភិបាល៖ «អ៊ីចឹងនិយាយពីហ្គាយឡាញ (Guideline) វិញហាក់ដូចជាខ្ញុំមើលមិនឃើញបានការអីប៉ុន្មានទេ នេះបើចំពោះខ្ញុំ ចំពោះថ្នាំចិនយើងមិនដឹងជាស្អីថា តើថ្នាំនឹងវាមានសិទ្ធភាពយ៉ាងមិចទៅសម្លាប់វីរុសហ្នឹងបាន អាហ្នឹងជាបញ្ហាមួយ ព្រោះវាពុំមានការសិក្សាត្រឹមត្រូវ ការវិភាគត្រឹមត្រូវ និងសាកច្បងត្រឹមត្រូវទៅលើប្រជាជនឬទៅលើសត្វសិន»។
អ្នកវេជ្ជសាស្ត្ររូបនេះ ពន្យល់ថាឱសថដែលធានានូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ត្រូវបង្ហាញពីរបាយការណ៍ស្រាវជ្រាវត្រឹមត្រូវដោយពន្យល់តាមក្បូនវេជ្ជសាស្ត្រសុខាភិបាល ជាពិសេសទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ។ លោកគូសបញ្ជាក់ថារហូតដល់ពេលនេះពុំទាន់មានឱសថណាអាចព្យាបាលជំងឺកូវីដ១៩ នៅឡើយទេ ប៉ុន្តែអ្នកវេជ្ជសាស្ត្របានណែនាំពីវិធីសាស្ត្រព្យាបាលជំងឺនេះដែលបង្ហាញភស្តុតាងត្រឹមត្រូវ។ លោកជំរុញឱ្យរដ្ឋាភិបាល និងក្រសួងសុខាភិបាលគួរពិនិត្យការបញ្ចូលឱសថចិនឡើងវិញ ដើម្បីការពារសុខាភាព និងធានានូវប្រសិទ្ធភាពការព្យាបាលជូនប្រពលរដ្ឋ៖ «ត្រូវតែឱ្យប្រជាជនដឹងឱ្យច្បាស់ថាយ៉ាងដូចម្តេចបានក្រសួងសុខាភិបាល និងរដ្ឋាភិបាលសម្រេចយកថ្នាំចិនមកព្យាបាលប្រជាជនយើងនេះ គឺរដ្ឋាភិបាលត្រូវឱ្យប្រជាជនយើងយល់ច្បាស់តែម្ដងរបៀបនេះមិនមានគុណវិបត្តិអ្វីៗ ឱ្យច្បាស់ ដើម្បីឱ្យប្រជាជនយើងកក់ក្ដៅ ប្រសិនជាថ្នាំចិនហ្នឹងបង្ហាញទៅអង្គការសហប្រជាជាតិថាថ្នាំនេះបានព្យាបាលមានប្រសិទ្ធភាពចេះមួយៗគ្មានគុណវិបត្តិអីមួយឯកទេសខាងវីរុសគេទទួលស្គាល់យើងព្យាបាលចុះ តែគេមិនទាន់ទទួលស្គាល់គឺជាបញ្ហាមួយដែរ»។
ការលើកឡើងរបស់អ្នកជំនាញទាំងនេះ គឺបន្ទាប់ពីស្ថាប័នរដ្ឋមួយចំនួនណែនាំពីរបៀបប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ថ្ងៃ រួមមាន និកស្យូម (Nexium) ឡារ៉ូស្កូប៊ីន (Laroscobine) ប៊ីសល់វ៉ូន (Bisolvon) ដូលីប្រេន (Doliprane) អាហ៊្សីត្រូមីស៊ីន (Azithromycine) អាល់លែតិក ខេ (Allertec-K) ក្នុងចំណោមឱសថទាំងនោះ ក៏មានបញ្ចូលប្រភេទថ្នាំបុរាណរបស់ចិន ប៉ុន្តែមិនបញ្ជាក់ឈ្មោះនោះទេ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃទី១៦ កក្កដា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ប៉ុន្តែកាលពីចុងខែមេសានៅក្នុងសន្និសីទសារព័ត៌មានការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល លោក ហុក គឹមចេង ថ្លែងថាក្រសួងសុខាភិបាលចុះបញ្ជិកាឱសថបុរាណចិនឈ្មោះ លានហ័រ ឈីនវិន (Lianhua Qingwen) ដែលឱសថបុរាណនេះសម្រាប់ព្យាបាលជំងឺផ្ដាសាយ ក្ដៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ តឹងច្រមុះ ក្អកស្ងួតឈឺបំពង់កជាដើម តែលោកបញ្ជាក់ថា ឱសថបុរាណចិននេះពុំមែនជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩ នោះទេ៖ «កន្លែងដែលផលិតឱសថនេះគឺនៅប្រទេសចិន ហើយមានឯកសារដែលពាក់ព័ន្ធជាមួយគោលការណ៍ផលិតកម្មល្អនៃឱសថនេះគឺថា មានការទទួលស្គាល់ដោយរដ្ឋាភិបាលចិន អ្វីដែលខ្ញុំចង់បញ្ជាក់នោះគឺថាឱសថនេះមិនមែនជាឱសថដែលក្រសួងសុខាភិបាលអនុម័តឱ្យព្យាបាលជំងឺកូវីដនៅឡើយទេ ដោយផ្អែកលើភស្តុតាំងវិទ្យាសាស្ត្រអីច្រើនទៀតដើម្បីឱ្យប្រទេសនានា ហ្នឹងទទួលស្គាល់ឬក៏ប្រទេសកម្ពុជាយើងអនុម័តក្នុងការប្រើប្រាស់ ក្នុងការព្យាបាលជំងឺកូវីដ១៩ ឃើញថាក្នុងពេលនេះគឺអត់មានទេ»។
ប៉ុន្តែកាលពីថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យមន្ត្រីរបស់លោកស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ហើយលោកក៏បញ្ជាឱ្យមន្ត្រីប្រញាប់ប្រញាល់ទិញថ្នាំរបស់ចិនស្តុកទុកឱ្យបានច្រើនទៀតផង៖ «ទាក់ទងនឹងប្រភពថ្នាំហ្នឹងគឺយើងបានរកឃើញនូវថ្នាំហ្នឹងហើយមិត្តភក្តិនៅក្រៅប្រទេសបានផ្តល់ ហើយនៅខាងក្នុងប្រទេសរបស់យើង ក៏បានរកឃើញថ្នាំនេះផងដែរ សូម្បីតែនៅឌូប៉ៃ (Dubai) អារ៉ាប់ និងនៅមជ្ឈិមបូព៌ាប្រើថ្នាំរបស់ចិននេះតែម្ដងហើយយើងលេបរាល់ថ្ងៃហ្នឹងខ្ញុំក៏លេបដែរ ហើយខ្ញុំមានចាក់ថ្នាំចិនមុននឹងចេញដំណើរទៅណាត្រូវលេបថ្នាំហ្នឹងមិនឈឺក៏ដោយត្រូវលេបការពារ។ អ៊ីចឹងទិញឱ្យវាច្រើនបន្តិចមក ដូចលើអ្នកជំងឺរបស់យើងរាប់ពាន់នាក់»។
ឱសថបុរាណចិននេះត្រូវបានផលិតលើកដំបូងក្នុងអំឡុងពេលនៃការព្យាបាលជំងឺសា (SARS) កាលពីឆ្នាំ២០០៣។ កាលពីរខែមុនក្រសួងការបរទេសចិន និងទីភ្នាក់សារព័ត៌មានស៊ីនហួ (Xinhua News) បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយជាមួយក្រុមហ៊ុនផលិតនៅទីក្រុងសៀងហៃ (Shanghai) ដើម្បីផ្សព្វផ្សាយពីយីហោឱសថបុរាណនេះ ដែលជាផ្នែកមួយនៃចលនាឃោសនាក្រៅប្រទេសរបស់ពួកគេដោយពួកគេបាននិយាយថា «គោលដៅគឺដើម្បីជួយម៉ាកយីហោចិនទៅកាន់ពិភពលោក»។
ជុំវិញរឿងនេះអ្នកជំនាញវេជ្ជសាស្ត្រនៅប្រទេសបារាំង លោកវេជ្ជបណ្ឌិតសុខ សុផាត មានប្រសាសន៍ថា ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបមុនសម្រេចដាក់ឱ្យប្រើប្រាស់ឱសថត្រូវយល់ព្រមពីគណៈកម្មការវេជ្ជសាស្ត្រ ដោយត្រូវបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវច្បាស់លាស់តាមបែបវិទ្យាសាស្ត្រជាមុនសិន។ វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថាការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ ដែលលោកកំពុងធ្វើការសព្វថ្ងៃពុំមានវត្តមានឱសថបុរាណចិននោះទេ។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ និងមានអ្នកស្លាប់នេះមក ក្រសួងសុខាភិបាលមិនបានផ្តល់ព័ត៌មានពេញលេញ និងគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋនោះទេ ហើយសូម្បីតែអ្នកសារព័ត៌មាន ក៏មិនអាចទាក់ទងសុំព័ត៌មានចាំបាច់ទាំងឡាយ ពីក្រុមអ្នកនាំពាក្យនៃក្រសួងសុខាភិបាលដែរ។ ម្យ៉ាងទៀត ក្រសួងជំនាញមួយនេះហាក់ដូចជាចាំធ្វើតាមតែបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ព័ត៌មានអំពីស្ថានការណ៍កូវីដ-១៩ និងវិធានការជាក់លាក់ទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
អ្នកជំនាញខាងសុខាភិបាលគូសបញ្ជាក់ទៀតថា រដ្ឋាភិបាល និង ក្រសួងសុខាភិបាលគួរសិក្សាឱ្យបានច្បាស់លាស់មុនដាក់ចេញនូវទម្រង់ការឱសថព្យាបាលអ្នកជំងឺកូវី១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ នៅពេលនេះ។ ពួកគេធ្លាប់ជំរុញឱ្យរដ្ឋាភិបាលរៀបចំគោលនយោបាយឆ្លើយតបជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដូចជា កញ្ចប់ថវិកា ធនធានមនុស្ស សម្ភារៈ កន្លែងព្យាបាល និងថែទាំអ្នកជំងឺ ដើម្បីធានានូវប្រសិទ្ធភាពដល់ការព្យាបាលអ្នកជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។