មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (CENTRAL) ឲ្យដឹងថា មានពលករខ្មែរប្រមាណ ១ពាន់នាក់ ដែលជាប់គាំងនៅប្រទេសថៃ បានចូលមកខ្មែរវិញ នៅថ្ងៃទី១៤ ខែសីហា។
ហ្វ៊េសប៊ុកផេក របស់អង្គការសង់ត្រាល់ឲ្យដឹងថា មានពលករជាង ១ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ នៅរយៈពេល ២ថ្ងៃកន្លងមកនេះ គឺថ្ងៃទី១៣ និងថ្ងៃទី១៤ ខែសីហា។
អង្គការនេះឲ្យដឹងទៀតថា មានច្រកតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៥ ប៉ុណ្ណោះ ដែលមានការរៀបចំទទួល និងដឹកជញ្ជូនពលករទៅកាន់មណ្ឌលចតា្តឡីស័កក្រោមការរៀបចំដោយអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមគ្រូពេទ្យ។ ច្រកទាំងនោះរួមមាន ច្រកអូរស្មាច់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយប្រើប្រាស់រថយន្តទាហានដឹកជញ្ជូនពលករចេញពីច្រកនីមួយៗ ទៅដាក់តាមមណ្ឌលចត្តាឡីស័ក និងបណ្ដាខេត្តផ្សេងៗ។
ទាក់ទងនិងការរីករាលដាលជំងឺកូវីដ-១៩ វិញ អាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែសីហា បានសម្រេចបិទផ្សារសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាបណ្ដោះអាសន្ន បន្ទាប់ពីអាជ្ញាធររកឃើញអាជីវករនិងកុមារ សរុប ២៤នាក់ ឆ្លងជំងឺកូវីដ-១៩។
ដោយឡែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជាង ១ពាន់ ៦រយនាក់ហើយ បន្ទាប់ពីអ្នកជំងឺ ១២នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មាន ៥៩៨នាក់កាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ក្នុងនោះ ១៨៧នាក់ជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលឱ្យដឹងថា ចាប់ពីចុងខែមីនា រហូតដល់ថ្ងៃទី១៣ ខែសីហា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) ជិត ៥រយនាក់ ដោយក្នុងនោះ មួយចំនួនជាពលករត្រឡប់ពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមយន្តហោះ មន្ត្រីរាជការ និងពលរដ្ឋក្នុងសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៨ម៉ឺននាក់ (៨៤.៨៦០) ក្នុងនោះ អ្នកជាសះស្បើយមានជិត ៨ម៉ឺននាក់ (៧៩.៦៥៤)។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៣ ខែសីហា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៨លាននាក់ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងសរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំវិញ ក្រសួងបញ្ជាក់ថា មន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងបានជិត ៥សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។