អ្នកជំនាញសុខាភិបាល និងច្បាប់ជំរុញឱ្យក្រសួងពង្រឹងការត្រួតពិនិត្យគ្លីនិកវះកាត់កែសម្ផស្ស
2023.03.10

ផលប៉ះពាល់ពីការវះកាត់កែសម្ផស្សអាចជារបួសស្រាលៗ ឬធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិត អាស្រ័យទៅតាមប្រភេទនៃការវះកាត់នោះថា ជាការវះកាត់តូចតាច ឬធំដុំ។ ជាមួយគ្នានេះក៏អាស្រ័យលើវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ ដែលវះកាត់នោះថែមទៀត។
អ្នកជំនាញផ្នែកសុខាភិបាល និងអ្នកច្បាប់ជំរុញឱ្យក្រសួងសុខាភិបាលត្រូវបង្កើនការរិតបន្តឹងឱ្យបានជាក់លាក់លើការត្រួតពិនិត្យគ្លីនិកឯកជន ដែលផ្ដល់សេវាកម្មវះកាត់កែសម្ផស្ស ដើម្បីធានាការពារអាយុជីវិតពលរដ្ឋ ដែលទៅរកសេវាវះកាត់កែសម្ផស្ស។
ការលើកឡើងរបស់អ្នកជំនាញនេះកើតឡើងបន្ទាប់ពីក្រសួងសុខាភិបាលណែនាំឱ្យ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន ជាពិសេសសេវាកែសម្ផស្ស នៅក្រោយពេលស្ត្រីម្នាក់បានស្លាប់ភ្លាមៗក្នុងបន្ទប់វះកាត់នៃគ្លីនិកកែសម្ផស្សមួយនៅភ្នំពេញកាលពីពេលថ្មីៗនេះ។
ក្រសួងសុខាភិបាលនៅតែជាស្ថាប័ន ដែលត្រូវធានាពង្រឹងការអនុវត្តច្បាប់នានា ទាក់ទងនឹងដំណើរការមន្ទីរព្យាបាល ឬគ្លីនិកឯកជន ដែលផ្ដល់សេវាវះកាត់កែសម្ផស្ស ដើម្បីឱ្យស្របតាមគោលការណ៍សុខាភិបាល និងវិជ្ជាជីវៈត្រឹមត្រូវ បើទោះជាក្រសួងរុញការងារនេះទៅឱ្យអាជ្ញាធរក្នុងមូលដ្ឋានជាអ្នកទទួលខុសត្រូវយ៉ាងណាក្ដី។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី លើកឡើងថា ក្រសួងសុខាភិបាលចាំបាច់ត្រូវបង្កើនការចុះត្រួតពិនិត្យភា្លមៗទៅតាមបណ្ដាគ្លីនិកកែសម្ផស្សជាច្រើនទៀតទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា នៅក្រោយពេលមានករណីអ្នកទៅរកសេវាវះកាត់កែសម្ផស្សបានស្លាប់ក្នុងពេលវះកាត់។ លោកថា ការពង្រឹងសេវាកែសម្ផស្សនេះសំដៅដល់ការចុះត្រួតពិនិត្យ និងបិទសេវាកែសម្ផស្សជាច្រើនទៀត ដែលកំពុងដំណើរការ ដោយគ្មានច្បាប់អនុញ្ញាត ឬពុំមានជំនាញវិជ្ជាជីវៈពិតប្រាកដ។
លោក អ៊ូច វុទ្ធី៖ «បើគាត់ចង់ចេញជាគ្រូពេទ្យវះកាត់កែសម្ភស្សនេះ ឱ្យគាត់ទៅប្រឡងជាមួយក្រសួង ដែលអាចឱ្យគាត់មានលទ្ធភាព បើកកែសម្ផស្សហ្នឹងបាន ហើយគ្មានហានិភ័យទៅថ្ងៃក្រោយ ប្រសិនបើបណ្ដែតបណ្ដោយតែបែបហ្នឹង រឿងវានៅតែអ៊ីចឹង ព្រោះអ្នកអស់ហ្នឹងអត់បានរៀនសូត្រទេ ហើយចេះត តាមគ្នា ឱ្យគេមកបង្រៀន ៦ខែ ឬក៏ ៣ខែ ចេះហើយក៏តាំងខ្លួនថាជាអ្នកឯកទេសខាងវះច្រមុះ វះភ្នែក វះមាត់ហ្នឹង គឺអាហ្នឹងហើយ ដែលធ្វើឱ្យមានហានិភ័យទៅថ្ងៃក្រោយដល់អ្នកជំងឺ»។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី៨ ខែមីនា បានចេញសេចក្ដីណែនាំមួយទៅដល់អាជ្ញាធរមូលដ្ឋានគឺក្រុមអភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យតាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាលនៅមូលដ្ឋានទាំងសាធារណៈ និងឯកជនជាពិសេសសេវាកែសម្ផស្ស ឬមជ្ឈមណ្ឌលកែសម្ផស្ស។ ជាមួយគ្នានេះក្រសួងបានក្រើនរំឭកឱ្យមន្ទីរសុខាភិបាលប្រចាំនៅមូលដ្ឋានចុះត្រួតពិនិត្យជាប្រចាំទៅលើមន្ត្រីកំពុងបម្រើការតាមមូលដ្ឋានសុខាភិបាលត្រូវអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមាន។ ប្រភពដដែលឱ្យដឹងទៀតថា ករណីនេះក្រសួងនឹងជួយបណ្ដុះបណ្ដាលតាមការចាំបាច់ដល់មន្ត្រីមូលដ្ឋានពីការងារត្រួតពិនិត្យ និងតាមដានការគ្រប់គ្រងផ្នែកគ្លីនិកនៅគ្រប់មូលដ្ឋាន។

ក្រសួងសុខាភិបាលដដែលនេះកាលពីថ្ងៃ៤ ខែមីនា បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលមានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលសំអាងថា បុគ្គលិករបស់មជ្ឈមណ្ឌលកែសម្ផស្សឯកជនមួយនេះគ្មានគុណវុឌ្ឍិ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាល ដែលបណ្ដាលឱ្យមនុស្សស្លាប់។ បើទោះជាយ៉ាងណាសេចក្ដីសម្រេចរបស់ក្រសួងដដែលបញ្ជាក់ថា មជ្ឈមណ្ឌលនេះជាមន្ទីរកែសម្ផស្ស ដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ ដោយមានឈ្មោះវេជ្ជបណ្ឌិត ភោគ គន្ធី ជាអ្នកទទួលខុសត្រូវ។ ជាមួយគ្នានេះក្រសួងអះអាងថា នឹងបន្តចំណាត់ការផ្លូវច្បាប់ ដែលនៅជាធរមានចំពោះបុគ្គល ដែលបានប្រព្រឹត្ត រួមនិងអ្នកទទួលខុសត្រូវ ព្រមទាំងម្ចាស់គ្លីនិកផង។
វិធានការរបស់ក្រសួងសុខាភិបាលនេះធ្វើឡើងបន្ទាប់ពីស្ត្រីវ័យ ៤១ ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅក្នុងអំឡុងពេលវះកាត់កែដើមទ្រូង នៅមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ អឹម ២៥ ប៊ីយូធី កាលពីយប់ថ្ងៃទី៣ ខែមីនា ។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចបញ្ជាក់ថា នាងបានគាំងបេះដូងភ្លាមៗក្នុងពេលវះកាត់។ សារព័ត៌មានក្នុងស្រុកជាច្រើនបានរាយការណ៍ប្រហាក់ប្រហែលគ្នាថា ស្រ្តីរូបនេះបានធ្វើដំណើរមកពីភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ស្រ្តីរូបនេះបានសម្រេចប្រើប្រាស់សេវាវះកាត់កែបង្រួមដើមទ្រូង ដែលធំឱ្យតូចជាងមុន នៅពេលនាងមកដល់គ្លីនិក ដោយដំបូងឡើយនាងបានប្រាប់គ្រួសារថា មករកសេវាកែសម្ផស្ស ដើម្បីកែច្រមុះ។
ទាក់ទងនឹងរឿងនេះអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា ការចាត់វិធានការទៅលើករណី ដែលកើតឡើងហើយដូចករណីគ្លីនិកកែសម្ផស្ស អឹម២៥ ប៊ីយូធី នេះជាករណីបន្ទាន់ភា្លមៗ ឆ្លើយតបនឹងហេតុការណ៍គ្រោះថ្នាក់ ប៉ុន្តែលោកថា ករណីចាំបាច់ដែលក្រសួងសុខាភិបាលត្រូវមានវិធានការបង្ការរឿងហេតុបែបនេះកើតឡើងដដែលៗ។
លោក វ៉ន ចាន់ឡូត៖ «យើងមិនអាចនិយាយតែទៅលើគ្លីនិកហ្នឹងមួយទេ គឺក្រសួងសុខាភិបាល ក្រសួងសាមីហ្នឹងត្រូវទទួលខុសត្រូវដែរ។ ក្នុងចំណុចនេះខ្ញុំគិតថា នៅពេលដែលមិនមាននូវចំណាត់ការណាមួយឱ្យបានជាក់លាក់ ឱ្យបានពិតប្រាកដ ហើយនិងធ្ងន់ធ្ងរចំពោះអ្នកដែលគាត់ខ្ជីខ្ជាចំពោះវិជ្ជាជីវៈរបស់ខ្លួន នោះពិតណាស់វា នឹងបង្កើតឱ្យមាននូវរឿងរ៉ាវអកុសល បែបហ្នឹងនាពេលអនាគតទៅមុខទៀតហ្នឹង»។
បើទោះជាយ៉ាងណាមកដល់ពេលនេះ សំណុំរឿងស្ត្រីស្លាប់នៅក្នុងបន្ទប់កែសម្ផស្សនេះពុំទាន់មានការបញ្ជាក់ថា បានដំណើរការដល់ណានៅឡើយ បើទោះជារឿងនេះមានប្រតិកម្មពី លោក ហ៊ុន សែន ដែលចង់ដឹងពីចំណាត់ការលើរឿងនេះ។
វិទ្យុអាស៊ីសេរីអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានទេកាលពីថ្ងៃទី០៨ ខែមីនា ដោយអ្នកស្រីជាប់ប្រជុំ។
បើទោះជាយ៉ាងណាគ្លីនិកកែសម្ផស្ស អឹម២៥ ប៊ីយូធី នេះជាគំរូ ដែលឆ្លុះបញ្ចាំងពីមណ្ឌលព្យាបាលជំងឺជាច្រើនទៀតនៅកម្ពុជា ដែលមានវេជ្ជបណ្ឌិតជំនាញទៅឈរឈ្មោះឱ្យក្រុមអ្នករកស៊ី ដែលគ្មានចំណេះជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីពួកគេអាចរកស៊ីបានដោយជ្រកក្រោមស្លាកមន្ទីរព្យាបាលស្របច្បាប់។
លោក អ៊ូច វុទ្ធី បញ្ជាក់ថា បញ្ហារបស់មជ្ឈមណ្ឌលកែសម្ផស្សនៅពេលបច្ចុប្បន្ននេះគឺវេជ្ជបណ្ឌិតជំនាញផ្នែកកែសម្ផស្សមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យមណ្ឌលជាច្រើនគ្មានគ្រូពេទ្យជំនាញពិតប្រាកដ ឬមានតែអ្នកដែលបន្លំថា ខ្លួនមានជំនាញក្នុងការផ្ដល់សេវាវះកាត់កែសម្ផស្ស។ លោកថាបន្ថែមពីលើការណែនាំឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងការងារត្រួតពិនិត្យតាមដានសេវាសុខាភិបាល ក្រសួងត្រូវពង្រឹងការងារក្រុមអធិការកិច្ចរបស់ក្រសួង ដែលជាក្រុមមានឥទ្ធិពលក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល។ ជាមួយគ្នានេះលោកថា ក្រសួងក៏ត្រូវពង្រឹងក្រមសីលធម៌ និងការទទួលខុសត្រូវរបស់ក្រុមវេជ្ជបណ្ឌិតឯកទេសទាំងអស់ គឺមិនត្រូវឈរឈ្មោះបិទបាំងអ្នករកស៊ី ដែលគ្មានជំនាញពិតប្រាកដ។
លោក អ៊ូច វុទ្ធី៖ «យើងដឹងស្រាប់ហើយក្រសួងត្រូវមានការពាក់ព័ន្ធខ្លាំង ហើយពង្រឹងច្បាប់ហ្នឹងឡើងវិញ ហើយត្រូវដាក់អធិការកិច្ចចុះតាមគ្លីនិកទាំងអស់ហ្នឹង ដើម្បីមើលតើមន្ត្រី ដែលឈរឈ្មោះឱ្យគេហ្នឹង តើគាត់បានគោរពតាមលក្ខខណ្ឌរបស់ក្រសួងដែរ ឬអត់។ គ្រូពេទ្យអស់ហ្នឹងត្រូវតោងតៀមក្នុងការដែលត្រួតពិនិត្យគ្លីនិកហ្នឹងផ្ទាល់ខ្លួនឯង ព្រោះជាភ្នែកជាច្រមុះរបស់ក្រសួងមួយដែរ ព្រោះក្រសួងមិនបានមើលដិតដល់ទេ ព្រោះបើគាត់ចុះមកមិនដឹងគាត់មើលយ៉ាងម៉េច បើគាត់ចុះមកប្រាប់គេមុនអាហ្នឹងគេរៀបស្អាត គេថា គេធ្វើល្អស្តង់ដា មិនអ៊ីចឹងទេមិនអាចរកឃើញ ឬចាប់បានកំហុសទេ»។
ករណីមានអ្នកជំនាញសុខាភិបាលចេញមុខឈរឈ្មោះ ហើយទុកឱ្យអ្នកគ្មានវិជ្ជាជីវៈបំពេញការងារផ្ដល់សេវាកម្មបែបនេះជាការអនុវត្តផ្ទុយពីច្បាប់តាំងពីដើមទី។ ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល មាត្រា៦ ចែងថា បុគ្គលទាំងឡាយណា ដែលមានបំណងប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវចុះបញ្ជិកាក្នុងបញ្ជីគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល។ ជាមួយគ្នានេះមាត្រា ៨ ចែងបន្តទៀតថា បុគ្គលដែលអាចស្នើសុំចុះបញ្ជិកាត្រូវបំពេញលក្ខខណ្ឌអប្បបរមាដូចជា៖ មានគុណវុឌ្ឍិក្នុងវិជ្ជាជីវៈរបស់ខ្លួន ដោយមានការទទួលស្គាល់ពីក្រសួងសុខាភិបាល មិនធ្លាប់មានទោស មិនមានបញ្ហាផ្លូវចិត្ត ផ្លូវកាយ ដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈរបស់ខ្លួន។
ទាក់ទងនឹងទោសទណ្ឌវិញមាត្រា ២៦ នៃច្បាប់ដដែលនេះបានកំណត់ថា ជនណា ដែលមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល ហើយបានប្រកបវិជ្ជាជីវៈសុខាភិបាលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ១០លានរៀល។
ករណីនេះ លោក វ៉ន ចាន់ឡូត ស្នើឱ្យក្រសួងសុខាភិបាលត្រូវចាត់វិធានការបន្ទាន់បញ្ឈប់ការឈរឈ្មោះរបស់អ្នកជំនាញសុខាភិបាល ដែលមានតែឈ្មោះ ប៉ុន្តែធាតុពិតអ្នកអនុវត្តជាអ្នកគ្មានវិជ្ជាជីវៈ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ដល់អាយុពលរដ្ឋ ពីការផ្ដល់សេវាសុខាភិបាលដោយអ្នកគ្មានជំនាញពិតប្រាកដបាន។
លោក វ៉ន ចាន់ឡូត៖ «បើថាគ្លីនិកហ្នឹងគាត់ទិញឈ្មោះអ្នកដទៃបើកអាជីវកម្ម ហើយខ្លួនឯងគ្មាននូវលក្ខណៈសម្បត្តិ ដើម្បីបើកហ្នឹងទេ អាហ្នឹងវាគឺជារឿងកាន់តែធំ ហើយកាន់តែត្រូវស្វែងរក អ្នកដែលពាក់ព័ន្ធហ្នឹងមកទទួលខុសត្រូវឱ្យខាងតែបានទៅទៀត»។
ករណីស្លាប់ដោយសារទៅរកសេវាវះកាត់កែសម្ផស្សនេះ មិនមែនទើបតែកើតមានទេ គ្រាន់តែកម្រមានករណីគ្រោះថ្នាក់ដល់ស្លាប់នៅក្នុងបន្ទប់វះកាត់បែបនេះ ក្នុងនោះមានករណីគ្រោះថ្នាក់ដល់អាយុជីវិតជាច្រើនកើតឡើងនៅក្រោយពេលវះកាត់។
អ្នកជំនាញសុខាភិបាលណែនាំដល់ពលរដ្ឋពិសេសស្រ្តីថា ជំហានដំបូងសូមឱ្យពួកគេស្រឡាញ់សម្ផស្សធម្មជាតិ ដ្បិតរាល់ការវះកាត់តែងប្រឈមនឹងគ្រោះថ្នាក់។
យ៉ាងនេះក្ដីនៅក្នុងកាលៈទេសៈ ដែលការវះកាត់កែសម្ផស្សកំពុងពេញនិយមក្នុងចំណោមពលរដ្ឋនៅក្នុងយុគសម័យថ្មីនេះ ប៉ុន្តែសេវាសុខាភិបាលនៅមានចំណុចខ្វះខាតបែបនេះ អ្នកជំនាញផ្នែកសុខាភិបាលណែនាំឱ្យអ្នកចង់កែសម្ផស្សប្រើប្រាស់មធ្យោបាយបង្ការគ្រោះថ្នាក់ ដោយការទៅរកសេវាសុខាភិបាល ដែលអាចជឿទុកចិត្តបាន និងត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចវះកាត់ កែសម្ផស្សណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។