ក្រសួង​ទេសចរណ៍​ណែនាំ​ម្ចាស់​អាជីវកម្ម​ពី​ការ​ពង្រឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍

ក្រសួងទេសចរណ៍ ចេញ​សារាចរ​ណែនាំ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត និង​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ពង្រឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការទប់ស្កាត់​ជំងឺ​កូវីដ​-១៩ ដែល​កំពុង​ឆ្លង​រាតត្បាត​ឡើង​វិញ។

រដ្ឋមន្ត្រី​ទេសចរណ៍​លោក ថោង ខុន លើកឡើង​ក្នុង​សារាចរ​ណែនាំ​ចុះ​ថ្ងៃទី​១ កក្កដា ដោយ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ធានា​ថា គ្រប់​បុគ្គលិក​បម្រើការ​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ និង​រាយការណ៍​បន្ទាន់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងករណី​មានការ​សង្ស័យ​ចំពោះ​ភ្ញៀវ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជម្ងឺ​កូវីដ​១៩។ លើស​ពី​នេះ លោក ថោង ខុន ណែនាំ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ហើយ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ត្រូវ​បន្ត​ពង្រឹងគុណភាព​នៃ​ការ​ផ្តល់​សេវាកម្ម ថែរក្សា​បរិស្ថាន​អនាម័យ និង​រក្សា​តម្លៃ ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន ពៅ ថ្លែង​ថា សារាចរ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍​នេះ​គឺជា​រឿង​ល្អ ហើយ​លោក​សង្កេត​ឃើញ​ថា ប្រជាជន​ហាក់​ចេះ​បន្សាំ​ខ្លួន​រស់នៅ​ជាមួយ​ជំងឺ​កូវីដ​១៩ និង​ម្យ៉ាងទៀត​ប្រជាជន​ភាគច្រើន​បាន់​ចាក់​វ៉ាក់សាំង​កូវីដ​១៩​រួច​ហើយ ។ ទោះជា​យ៉ាងណា​លោក​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដល់​ក្រុម​អ្នក​​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​កន្លង​មក ពួកគេ​មិន​ទទួល​បាន​ការ​ដោះស្រាយ​ចំពោះ​ផល​ប៉ះពាល់​ជីវភាព​របស់​ពួកគេ ពី​សំណាក់​រដ្ឋាភិបាល​ឡើយ។

ការ​ចេញ​សារាចរ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍​នេះ​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​សុខាភិបាល បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩ ចាប់ផ្តើម​ផ្ទុះ​ឡើងវិញ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃទី​២ ខែ​កក្កដា រក​ឃើញ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន​៨​នាក់​បន្ថែម​ទៀត ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ហើយ​ជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង​(Omicron) ទាំងអស់។

គិត​ត្រឹម​ថ្ងៃទី​២ កក្កដា កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន ១៣​ម៉ឺន ៦​ពាន់ (១៣៦,២៩០)​ករណី ក្នុង​នោះ​ជាសះស្បើយ​ចំនួន​ជាសះស្បើយ​ជាង ១៣​ម៉ឺន ៣​ពាន់​នាក់​(១៣៣.២០៦) និង​មាន​ស្លាប់​ចំនួន​៣​ពាន់ ៥៦ (៣,០៥៦)​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។